គណបក្សកម្លាំងជាតិ ជំរុញទៅរដ្ឋាភិបាល និងព្រឹទ្ធសភា ឱ្យពិចារណាសើរើឡើងវិញ ចំពោះវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ក្រោមហេតុផលថា ដើម្បីគោរពឆន្ទៈម្ចាស់ឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ ក្រោយពីសភាបានអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ។
គណបក្សកម្លាំងជាតិ និយាយក្នុងលិខិតចំហរមួយចុះថ្ងៃទី២១ខែសីហានេះថា ខ្លួនសម្តែងការសោកស្តាយ និងមិនគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដែលកែប្រែប្រព័ន្ធគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដោយរដ្ឋសភា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ឡើយ។
ប្រភពនោះ សំអាងថា បន្ទាប់ពីបានសិក្សា និងពិនិត្យយ៉ាងល្អិតល្អន់លើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ត្រង់មាត្រា ៣៣, ៣៤,៣៥ និង ៣៨ គណបក្សកម្លាំងជាតិ យល់ឃើញថា ផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ។
ផ្ទុយនៅត្រង់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់អំពីការដឹកនាំប្រទេសតាមបែប “លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។ ការកែប្រែការបែងចែកតំណែងថ្នាក់ដឹកនាំឃុំ/សង្កាត់ ក្នុងមាត្រា ៣៣ ថ្មី និងមាត្រា ៣៤ ថ្មី គឺអនុញ្ញាតឱ្យគណបក្សឈ្នះភាគច្រើនលើសលប់ ទទួលបានតំណែងជាន់ខ្ពស់ទាំងអស់ ឬភាគច្រើន ដែលជាការបង្រួមលំហនយោបាយពហុបក្ស ថយចុះមកត្រឹមទម្រង់ដឹកនាំបែប “ឯកបក្ស” នៅថ្នាក់មូលដ្ឋាន។
លើសពីនេះ នឹងធ្វើឱ្យចុះថយនៃប្រព័ន្ធត្រួតពិនិត្យ និងតាមដាន (តម្លាភាព) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដែលមានស្រាប់ មានគោលបំណងបង្កើតឱ្យមានតម្លាភាព តាមរយៈការបែងចែកអំណាចរវាងមេឃុំ និងជំទប់ (ចៅសង្កាត់ ចៅសង្កាត់រង) មកពីគណបក្សផ្សេងគ្នា។
សម្រាប់គណបក្សកម្លាំងជាតិ ការប្រមូលផ្តុំតំណែងសំខាន់ៗឱ្យទៅគណបក្សតែមួយ ធ្វើឱ្យបាត់បង់យន្តការត្រួតពិនិត្យ និងតុល្យភាពអំណាចក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលងាយប្រឈមនឹងអំពើពុករលួយ និងបក្សពួកនិយម។
ការបាត់បង់តំណាងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងបរិបទនយោបាយបច្ចុប្បន្នដែលគណបក្ស ប្រឆាំង និងគណបក្សតូចៗកំពុងប្រឈមមុខនឹងសម្ពាធជុំទិស ការកាត់បន្ថយតំណែងជំទប់ និងការកែប្រែរូបមន្តបែងចែកនេះ នឹងធ្វើឱ្យសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋរាប់សែននាក់ដែលបានបោះឆ្នោតជូនគណបក្សភាគតិច ត្រូវបាត់បង់តំណាង និងគ្មានឥទ្ធិពលក្នុងការចូលរួមអភិវឌ្ឍន៍ និងការសម្រេចចិត្តនានាក្នុងឃុំ/សង្កាត់របស់ខ្លួន។
លើសពីនេះ ក៏ប៉ះពាល់ផងដែរដល់ដំណើរការវិមជ្ឈការ ដែលជាគោលនយោបាយវិមជ្ឈការនៅកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីផ្ទេរអំណាច និងការសម្រេចចិត្តជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ប៉ុន្តែវិសោធនកម្មនេះ ហាក់បីដូចជាការដើរថយក្រោយ ដែលរុញច្រានឱ្យការគ្រប់គ្រងថ្នាក់ក្រោមជាតិ ក្លាយជាការពង្រីកអំណាច ផ្តាច់មុខជំនួសឱ្យការបម្រើផលប្រយោជន៍រួមរបស់ពលរដ្ឋគ្រប់និន្នាការ។
ក្រោមហេតុផលនេះ គណបក្សកម្លាំងជាតិ សូមអំពាវនាវឱ្យរាជរដ្ឋាភិបាល រដ្ឋសភា ពិចារណារសើរើឡើងវិញចំពោះវិសោធនកម្មនៃច្បាប់នេះ។
ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ ផ្អាកដំណើរការអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ដើម្បីរក្សាទុកនូវបទប្បញ្ញត្តិនៃច្បាប់ចាស់ ឬបើកឱ្យមានការពិគ្រោះយោបល់ជាសាធារណៈឱ្យបានទូលំទូលាយជាមួយគ្រប់ភាគីនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកជំនាញច្បាប់ ដើម្បីគោរពឆន្ទៈម្ចាស់ឆ្នោត។
ក្រៅពីនេះ ប្រភពខាងលើក ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជួយតាមដានដោយយកចិត្តទុកដាក់លើការប្រែប្រួលនៃក្របខ័ណ្ឌច្បាប់ និងស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីជួយជ្រោមជ្រែងឱ្យកម្ពុជាដើរលើផ្លូវប្រជាធិបតេយ្យ សេរីពហុបក្ស ពិតប្រាកដ៕









