បើយើងឈរនៅលើស្ពានអ្នកលឿង សំឡឹងមើលទិសខាងជើង នឹងឃើញភូមិថ្មី ឋិតលើកោះ រាងដូចកន្ទុយអន្ទុង កណ្តាលទន្លេមេគង្គ ក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។
សំឡេងរលកទឹកបុកច្រាំង លាយឡំជាមួយសំឡេងម៉ាស៊ីនសាឡង់បូមខ្សាច់ជាច្រើនគ្រឿង កំពុងមមាញឹកបូមខ្សាច់ស៊ីនីកាមានតម្លៃ ជុំវិញភូមិនោះជាច្រើនឆ្នាំមកហើយ។ សកម្មភាពបូមខ្សាច់នេះ មានសាឡង់ធំៗរាប់សិបគ្រឿង ពាសពេញទន្លេមេគង្គក្នុងតំបន់អ្នកលឿង គេដឹកតាមរថយន្តធំៗ មកគរទុកនៅដេប៉ូចែកចាយក្បែរតំបន់នោះ ហើយខ្សាច់ខ្លះទៀត នាំចេញទៅកាន់ប្រទេសវៀតណាមមានតម្លៃខ្ពស់។
អាជីវកម្មបូមខ្សាច់ស៊ីលីកាមានតម្លៃ ធ្វើឱ្យអ្នកភូមិដេកភ័យជារៀងរាល់យប់ ដោយខ្លាចក្រែងបាត់បង់ដី និងផ្ទះសម្បែងចូលអាងទន្លេមេគង្គបន្ថែមទៀត ។
ស្នាមប្រេះដីដែលកាន់តែរំកិលខិតជិតដល់ខ្នងផ្ទះ វាជាសញ្ញាព្រមានថា ភូមិកំណើតធ្លាប់តែធំទូលាយ អាចហៅគ្នាឮ ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ក៏ប៉ុន្តែពេលនេះភូមិនេះ បានរបេះធ្លាក់ចូលទន្លេមេគង្គជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
ពលរដ្ឋរស់នៅលើកោះនេះ គឺលោក ហ៊ុន ទឹម ចង់ឱ្យអាជ្ញាធរអន្តរាគមន៍ឱ្យក្រុមហ៊ុនបូមខ្សាច់ ចាក់គ្រឹះការពារច្រាំង ធ្វើជាខែលទប់កម្លាំងទន្លេ និងសកម្មភាពបូមខ្សាច់ បំណងសង្គ្រោះជីវិតមនុស្ស មុខរបរ និងភូមិកំណើតរបស់លោក។ លោកថា ប្រសិនបើមិនរកមធ្យោបាយការពាភូមិមួយនេះទេ កោះនេះ នឹងរបេះចូលបាតទន្លេមេគង្គនៅថ្ងៃខាងមុខ។
លោកថា៖ «ភ័យខ្លាចអត់ឃើញកូននៅណាមួយ ភ័យអត់កូននៅផងវាអត់មាន កន្លែងជ្រកហ្នឹង វាពិបាក ខ្ញុំមានការព្រួយបារម្ភណាស់ក្មួយ ប៉ុន្តែមិនដឹងធ្វើម៉េច»។
ភូមិថ្មី(កោះទន្លេមេគង្គ) ដើមឡើយជាកោះខ្សាច់ ឬទួលខ្សាច់ បង្កើតឡើងដោយចរន្តទឹកទន្លេមេគង្គជាច្រើនទសវត្សរ៍មកហើយ ហើយនៅពេលទឹកជំនន់ ស្ថានភាពទឹកទន្លេ នាំយកដីល្បាប់មកចាក់បំពេញបន្ថែមបន្តិចម្តងៗ រហូតក្លាយជាទីទួលដីគោកដ៏មានជីជាតិ និងមានរុក្ខជាតិដុះអមជុំវិញ។
ចំណែកឯ អ្នកនេសាទមកតាំងទីលំនៅចន្លោះពី ៥០ ទៅ ៦០ ឆ្នាំមុន ពួកគេបានបោះតង់ និងសង់ខ្ទមបណ្តោះអាសន្នដើម្បីនេសាទត្រី និងដាំដំណាំតាមរដូវ ដូចជា សណ្ដែក ពោត ល្ហុង ឪឡឹក ដោយសារដីមានជីវជាតិ និងសម្បូរត្រី។
នៅគ្រាកោះមួយនេះ មានមនុស្សរស់នៅច្រើន អាជ្ញាធរខេត្តព្រៃវែងបានរៀបចំបង្កើតជា «ភូមិថ្មី» ជាផ្លូវការ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០។
មកទល់ពេលនេះ ពុំទាន់មានទិន្នន័យផ្លូវការបង្ហាញពីទំហំកោះនេះនៅឡើយទេ ប៉ុន្តែអ្នកភូមិព្យាករណ៍ថា កោះនេះរួមតួច ដោយសារគម្លាតច្រាំងម្ខាងទៅច្រាំងម្ខាងកាន់តែឆ្ងាយ និងបាត់បង់ដីធ្វើកសិកម្មជារៀងរាល់ឆ្នាំ ។
អ្នកភូមិម្នាក់ទៀតមានស្រុកកំណើតលើកោះនេះ គឺអ្នកស្រី ជួន សុផុន វ័យ៦០ឆ្នាំប្លាយ ឱ្យដឹងថា អ្នកភូមិរស់នៅកោះនេះ ពោរពេញដោយការផ្លាស់ប្ដូរ និងការតស៊ូមតិដោយសារស្ថានភាពច្រាំងទន្លេប្រែប្រួល បាត់បង់ដីស្រែចម្ការ ដោយសារដីភូមិ របេះចូលទន្លេ។
អ្នកស្រីថា កត្តាអាកាសធាតុ និងអាជីវកម្មបូមខ្សាច់ គឺជាដើម ធ្វើឱ្យកោះនេះប្រែរូបរាងពីមួយជំនាន់ទៅមួយជំនាន់។
អ្នកស្រី ជួន សុផុន និយាយថា៖ «កោះហ្នឹងវាធំណាស់ មិនមែនតូចអ៊ីចឹងទេ គាប់ជួនគ្រោះធម្មជាតិ ផង និងយកខ្សាច់ទំនើបៗផង លឿនហ្មង»។
ក្តីបារម្ភរបស់អ្នកភូមិរស់នៅលើកោះនេះ ស្របពេលដែលច្រាំងទន្លេក្នុងភូមិថ្មី លើកោះនេះ បន្តបាក់ស្រុតកាន់តែខ្លាំងជាច្រើនទីតាំងផ្សេងគ្នា នៅរយៈពេលជាង ៣សប្តាហ៍ចុងក្រោយនេះ ដោយនាំដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ និងរបេះគុម្ពឫស្សី ចូលទន្លេជាច្រើនគុម្ព។
អ្នកស្រី ជួន សុផុន បន្ថែមថា ក្រោយពីអ្នកភូមិតវ៉ា តំណាងក្រុមហ៊ុនចតុមុខ (Chaktomuk Resources Supply Import Export Co., Ltd) និងអាជ្ញាធរ បានចុះមកសម្របសម្រួលផ្តល់សំណង ដោយសន្យាថា នឹងផ្តល់សំណងចន្លោះពី ២០០ដុល្លារ ដល់ ៥០០ដុល្លារ តាមស្ថានភាពជាក់ស្តែង ក៏ប៉ុន្តែអ្នកភូមិមិនទាន់ឯកភាព ដោយរង់ចាំប្រជុំសម្រេចរួមរបស់សហគមន៍សិន។
អ្នកស្រីថា ពេលនេះច្រាំងទន្លេក្រោយផ្ទះរបស់អ្នកស្រី បន្តបាក់ស្រុតរំកិលចូលភូមិ កៀកនឹងផ្ទះជាង ៣០ ម៉ែត្របន្ថែមទៀត នៅរយៈពេល ៣ឆ្នាំកន្លងទៅនេះ។ អ្នកស្រីថា អាជីវកម្មបូមខ្សាច់នេះ អ្នកទទួលប្រយោជន៍ក្រុមហ៊ុនឯកជន និងក្រុមអ្នកមានអំណាច ឯពលរដ្ឋគឺជាជនរងគ្រោះតជំនាន់ទៅវិញ។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៦ មកទល់ពេលនេះ អ្នកភូមិជាច្រើននាក់ បានជិះទូកតវ៉ានៅទីតាំងបូមខ្សាច់កណ្តាលទន្លេរបស់ក្រុមហ៊ុនចតុមុខ។ ការតវ៉ានេះ ដោយសារបាក់ច្រាំង ប្រេះស្រាំកាន់តែធ្ងន់ ធ្វើឱ្យអ្នកភូមិភ័យខ្លាច បាត់បង់ភូមិកំណើតជាអត្តសញ្ញាណប្រវត្តិសាស្ត្រ ចូលអាងទន្លេមេគង្គ។
នៅពេលដីភូមិរួមតូចទៅៗ សហគមន៍តែងតែទទូចស្វែងរកដំណោះស្រាយ ក៏ប៉ុន្តែហាក់ស្ងាត់ គ្មានដំណោះស្រាយជាក់លាក់ពីអាជ្ញាធរ។ ពួកគាត់បានស្វែងរកជម្រើសចុងក្រោយ ដោយយកដុំថ្ម គប់សាឡង់កំពុងបូមខ្សាច់ នៅកណ្ដាលទន្លេ កាលពីដើមខែមុន។
អ្នកភូមិថា ទង្វើនេះ វាពុំមែនជាអំពើហិង្សា បំផ្លិចបំផ្លាញនោះទេ ប៉ុន្តែវាជាការតស៊ូមតិ រារាំងសកម្មភាពបូមខ្សាច់ បំផ្លាញជម្រក និងភូមិកំណើតរបស់ពួកគាត់។
ក្នុងពេលពួកគាត់តវ៉ា តំណាងក្រុមហ៊ុនចតុមុខ ដែលគេស្គាល់ថា ជាជនជាតិវៀតណាម គឺជាមន្ត្រីនគរបាល ពាក់ផ្កាយ១ បានគំរាមពលរដ្ឋ និងអ្នកតវ៉ា ដោយកម្លាំងនគរបាល។
សំឡេងតវ៉ា៖ «ពួកអាយួនវាពិបាកនិយាយគ្នា! ចង់និយាយថា បងឯងរកនេសាទ។ មិនពាក់ព័ន្ធនេសាទទេ ពាក់ព័ន្ធបាក់ដីច្រាំង»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងក្រុមហ៊ុន ចតុមុខ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថ្លែងសារតាមបណ្តាញសង្គមថ្មីៗនេះថា ក្តីបារម្ភទាំងឡាយពលរដ្ឋរស់នៅភូមិថ្មី ជារឿងត្រឹមត្រូវ ដែលក្រសួងសាមី និងស្ថាប័នពាក់ព័ន្ធនឹងយកមកថ្លឹងថ្លែងពីកង្វះខាត ដើម្បីធានាថា ប្រតិបត្តិការបូមខ្សាច់ ត្រូវគោរពតាមបច្ចេកទេសត្រឹមត្រូវ។
លោកថា បូមខ្សាច់ក៏ជួយសម្រួលរក្សាស្ថិរភាពតម្លៃ ព្រោះការនាំចូលខ្សាច់ពីក្រៅប្រទេស ឬតំបន់ឆ្ងាយៗ មកសាងសង់លំនៅឋាន និងវិស័យសំណង់ផ្សេងៗ មានតម្លៃថ្លៃដោយសារសេវាដឹកជញ្ជូន។
លោកថា៖ «ព្រោះប្រសិនជាយើងមិនបូមខ្សាច់ទាំងអស់គ្នា ស្អីក៏បូមបាន ស្អីក៏យកមិនបាន វាអាចនាំឲ្យយើងទៅយកធនធានខ្សាច់ពីក្រៅប្រទេស ដែលថ្លៃ ពឹងគេ ឬមួយក៏មិនទៅយកពីក្រៅប្រទេសទេ ប៉ុន្តែយកពីក្នុងប្រទេស ប៉ុន្តែឆ្ងាយ។ វានឹងធ្វើឲ្យថ្លៃខ្សាច់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសាងសង់ទីលំនៅដ្ឋានអីៗហូរហែរ រចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ឡើងថ្លៃកប់ពពក»។
ឆ្លើយតបរឿងនេះ នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ យល់ថា ក្រសួងពាក់ព័ន្ធ គួរសិក្សាវាយតម្លៃឡើងវិញជុំវិញបញ្ហាបាក់ច្រាំងទន្លេនេះ។ លោកថា ប្រសិនបើក្រុមហ៊ុនរំលោភលើកិច្ចសន្យាបរិស្ថាន និងច្បាប់ស្តីពីការការពារបរិស្ថាន ប្រជាសហគមន៍មានសិទ្ធិស្នើឱ្យ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ ធ្វើអធិការកិច្ច ពិន័យជាប្រាក់ ផ្អាកសកម្មភាព ឬលុបអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន។
លោក លាង ប៊ុនលាភ និយាយថា៖ «ដូច្នេះយើងទាមទារនៅក្នុងការប្រើបច្ចេកទេស ការគោរពតាមច្បាប់ ហើយនិងការបកស្រាយ ពិនិត្យផ្ទៀងផ្ទាត់ វាយតម្លៃឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការមន្ទិលសង្ស័យ កុំឱ្យវាអត់តម្លាភាព ដែលវាធ្វើឱ្យប្រជាពលរដ្ឋដែលលោករស់នៅរងផលប៉ះពាល់ បាក់ផ្ទះបាក់ដីខាងទន្លេគាត់នោះ គាត់នឹងចោទថា អូ! មកពីបូមខ្សាច់»។
អនុក្រឹត្យស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) បង្ហាញថា អាជីវកម្មបូមខ្សាច់ត្រូវមានរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ដោយសិក្សាផលប៉ះពាល់បាក់ច្រាំងទន្លេ ជីវៈចម្រុះ និងជីវភាពរស់នៅរបស់អ្នកភូមិជាមុន។
ខ្លឹមសាររបាយការណ៍ ចែងថា ការបូមខ្សាច់ត្រូវគោរពលក្ខខណ្ឌបច្ចេកទេស ត្រូវបូមតែក្នុងរង្វង់ហ្សួន (GSP Zones) និងជម្រៅដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណប៉ុណ្ណោះ។ ត្រូវទទួលខុសត្រូវសង្គម និងបរិស្ថាន ប្រសិនបើសកម្មភាពបូមបង្កឱ្យបាក់ច្រាំង ឬប៉ះពាល់ផ្ទះសម្បែង ក្រុមហ៊ុនត្រូវសងសំណង ឬកសាងហេដ្ឋារចនាសម្ព័ន្ធការពារ ដោយចាក់គ្រឹះទប់ច្រាំងជូនសហគមន៍។
លើសពីនេះ ត្រូវផ្អាកសកម្មភាពរបស់ក្រុមហ៊ុន ពេលមានហានិភ័យបាក់ច្រាំង មានស្នាមប្រេះ ឬមានការតវ៉ាខ្លាំងពីពលរដ្ឋ ក្រុមហ៊ុនត្រូវផ្អាកសកម្មភាពដោយសហការពិនិត្យជាមួយអាជ្ញាធរជំនាញ។
អ្នកភូមិថា គិតមកត្រឹមថ្ងៃទី២១ ខែសីហានេះ ក្រុមហ៊ុនចតុមុខ (Chaktomuk Resources Supply Import Export Co., Ltd) ទទួលសិទ្ធិផ្ដាច់មុខ បូមខ្សាច់នាំចេញទៅប្រទេសវៀតណាម ដោយមានថៅកែជាជនជាតិវៀតណាម មិនទាន់បញ្ឈប់សកម្មភាពបូមខ្សាច់នៅឡើយទេ បើទោះបីមានការតវ៉ាពីសហគមន៍។
សហគមន៍ទទូចឱ្យក្រសួងសាមី និងអាជ្ញាធរ ជំរុញឱ្យក្រុមហ៊ុនចាក់គ្រឹះទប់ច្រាំងព័ទ្ធកោះនេះ(ភូមិថ្មី) ដើម្បីធានាសុវត្ថិភាពមិនឱ្យប៉ះពាល់ច្រាំង និងផ្ទះសម្បែងរបស់សហគមន៍៕









