លោក ប៊ើនហាំ (Burnham) បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ នៅថ្ងៃទី២៤ខែសីហានេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់បរទេសលើកដំបូងរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស ដើម្បីបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះប្រទេសអ៊ុយក្រែន (Ukraine) និងចូលរួមទិវាឯករាជ្យរបស់ប្រទេសនេះ។
លោកនឹងធ្វើជាប្រធាននៃកិច្ចប្រជុំសម្ព័ន្ធភាពដែលបង្កើតឡើងដោយចក្រភពអង់គ្លេស និងបារាំង ក្រោមអាណត្តិរបស់អ្នកកាន់តំណែងមុន គឺលោក ស៊ើ គា ស្តាមើ (Sir Keir Starmer) ហើយលោកក៏នឹងទទួលពានរង្វាន់ក្នុងនាមប្រជាជនអង់គ្លេសផងដែរ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលរុស្ស៊ីបង្កើនការវាយប្រហារលើអ៊ុយក្រែន រួមទាំងការវាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្មដែលបានសម្លាប់មនុស្ស ១៦ នាក់។
លោក ប៊ើនហាំ បានថ្លែងថា៖ «នៅក្នុងឱកាសខួបលើកទី ៣៥ នៃទិវាឯករាជ្យរបស់អ៊ុយក្រែន ចក្រភពអង់គ្លេសនៅតែឈរខាងក្រោយខ្នងរបស់អ្នក។ សន្តិសុខរបស់អ៊ុយក្រែន គឺជាសន្តិសុខរបស់យើង»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងម៉ូស្គូបានព្រមានអំពី «ផលវិបាក» ជុំវិញការដែលអ៊ុយក្រែនប្រើប្រាស់ដ្រូនរបស់អង់គ្លេស វាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកទំនិញ Wildberries ក្នុងប្រទេសរុស្ស៊ី។ ស្ថានទូតរុស្ស៊ី បានចោទប្រកាន់អង់គ្លេសថាបានបង្កើនជម្លោះ ប៉ុន្តែលោក ប៊ើនហាំ បានឆ្លើយតបថា៖ «យើងមិនមែនជាមិត្តភក្តិដែលនៅតែពេលសុខសប្បាយនោះទេ» ដោយបញ្ជាក់ថាការផ្តល់ជំនួយការពារខ្លួនគឺ ជាជំហរដើមរបស់អង់គ្លេស។
លោក ប៊ើនហាំ ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុន MBDA ដកការសម្ងាត់លើព័ត៌មានសមាសភាគមីស៊ីល Scalp របស់បារាំង ដែលប្រើប្រាស់បច្ចេកវិទ្យារួមគ្នាជាមួយអង់គ្លេស ខណៈប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កំពុងពិចារណាបង្កើតខ្សែសង្វាក់ដំឡើងមីស៊ីលនេះក្នុងប្រទេសអ៊ុយក្រែន។
ដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីលោក ហ្សេលេនស្គី (Zelensky) បានជួបលោក ប៊ើនហាំ កាលពីខែកក្កដា ហើយចំនឹងពេលដែលអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេស លោក អានដ្រេ ខេលីន (Andrei Kelin) បានចាកចេញពីតំណែង ទោះជាស្ថានទូតរុស្ស៊ីបញ្ជាក់ថា មិនមែនជាការបន្ថយទំនាក់ទំនងការទូតក៏ដោយ។
ក្នុងដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកនេះលោកបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះប្រទេសអ៊ុយក្រែន៕









