លោកហ៊ុន ម៉ាណែត រងការរិះគន់ថា ដឹកនាំប្រទេស៣ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជាបាត់បង់ដី៧៦ទីតាំងទៅថៃនិងធ្វើឱ្យខ្មែរកើតមានវិបត្តិចាក់ស្រេះ កម្ពុជាក្លាយជាទីតាំងឆបោក ធ្វើឱ្យអាប់ឱនដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
ប្រតិកម្មទាំងនេះ បានកើតឡើងនៅពេលដែលមន្ត្រីរដ្ឋាភិបាល ហាក់ផ្តល់តម្លៃខ្ពស់ទៅលើការដឹកនាំរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ បើទោះបីជាទឹកដីកម្ពុជាត្រូវបានថៃដណ្តើមកាន់កាប់រហូតដល់៧៦ទីតាំង ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក មិនទាន់អាចទាមទារមកវិញបាន ខណៈមកដល់ពេលនេះ ជនភៀសសឹកកម្ពុជា ២ម៉ឺននាក់ នៅមិនទាន់អាចវិលទៅផ្ទះរបស់ពួកគេវិញបាននៅឡើយ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងកាលពីថ្ងៃទី២១ខែសីហាថា ក្នុងរយៈពេល៣ឆ្នាំដំបូង នៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានឆ្លងកាត់វិញ្ញាសារធំៗជាច្រើន ដូចជា សង្គ្រាមឈ្លានពានទឹកដីពីប្រទេសថៃ ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ បញ្ហាសកលជាដើម តែថារដ្ឋាភិបាលនៅតែរឹងមាំ ជាលទ្ធផលដែលមិនអាចប្រកែកបាន។
លោកថា៖ «វិញ្ញាសារធំៗទាំងអស់នេះ អាចវាស់ស្ទង់បានពីភាពរឹងមាំរបស់រាជរដ្ឋាភិបាល និងសមត្ថភាពដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលយើងបានដឹងថា ការរក្សាបានសុខសន្តិភាព និងម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពសង្គម និងនយោបាយ និងការសម្រេចបានសមិទ្ធផលធំៗទាំងឡាយ ដូចដែលខ្ញុំបានលើកឡើងពីខាងដើម វាគឺជាលទ្ធផលដែលមិនអាចប្រកែកបាន។ ទី១ការបន្តវេនក្នុងសុខសន្តិភាពដែលសំខាន់ជាងគេ»។
លើសពីនេះ លោកថា រដ្ឋាភិបាលនឹងបន្តអភិវឌ្ឍន៍ប្រទេស នៅលើមូលដ្ឋានគ្រឹះរឹងមាំដែលអ្នកដឹកនាំរៀមច្បងបានបន្សល់ទុក ប្រកបដោយសមត្ថភាព ទេពកោសលខ្ពស់ ផ្តល់ទំនុកចិត្តក្នុងការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាពីវិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។
យ៉ាងណាក្តី ក្រុមអ្នកឃ្លាំមើលមួយចំនួន បានលើកឡើងថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រយៈពេល៣ឆ្នាំមកនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅថៃយ៉ាងច្រើន និងធ្វើឱ្យកម្ពុជាដើរថយក្រោយស្ទើរគ្រប់វិស័យ។ បន្ថែមពីនេះ ធ្វើឱ្យកើតមានវិបត្តិសង្គមចាក់ស្រេះ ដូចជា អំពើពុករលួយ គ្រួសារនិយម បក្ខពួកនិយម និងអំពើអយុត្តិធម៌សង្គមកើតឡើងជាប្រព័ន្ធ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី២៤ខែសីហានេះថា ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ បានធ្វើឱ្យកម្ពុជាកាន់តែកើតមានវិបត្តិចាក់ស្រេះទុក្ខជាន់លើទុក្ខ ដូចជាករណីឧក្រិដ្ឋកម្មអនឡាញ បើទោះបីលោកហ៊ុន ម៉ាណែត បានចេញវិធានការបង្ក្រាបខ្លះៗ ក៏ប៉ុន្តែមិនអាចបង្ក្រាបបានទាំងស្រុងឡើយ ដោយសារតែមេឧក្រិដ្ឋជនមួយចំនួន គឺជាមនុស្សជំនិតរបស់លោកហ៊ុន សែន។ បច្ចុប្បន្នពុំទាន់ឃើញមានការចាប់ខ្លួនមេឧក្រិដ្ឋជនណាម្នាក់ នៅជុំវិញលោកហ៊ុន សែននៅឡើយទេ។
លោកថា៖ «ទី២វិបត្តិសៀមឈ្លានពានពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦នេះ លោកហ៊ុន ម៉ាណែត មិនទាន់ដោះស្រាយរឿងសៀមឈ្លានពាននេះ សូម្បីតែមួយចំណុចនៅឡើយទេ បន្ថែមឱ្យសៀមពង្រីកការឈ្លានពានកាន់តែជ្រៅទៅៗពី ១៤ទីតាំង ឡើងដល់ជិត ១០០ទីតាំងទៅហើយ ហើយរដ្ឋាភិបាលកម្ពុជាគ្មានឃើញតវ៉ាទៅសហគមន៍អន្តរជាតិ ឬក៏ប្តឹងថៃទៅកាន់តុលាការអន្តរជាតិឱ្យមានប្រសិទ្ធភាពនៅឡើយដែរ»។
បន្ថែមពីនេះ ការរំលោភយកដីធ្លីប្រជាពលរដ្ឋក្រីក្រ ពីសំណាក់អ្នកមានអំណាចនិងពីឧកញ៉ា នៅតែកើតមាន ក្រុមឧកញ៉ារកស៊ីឆបោកគ្រប់ទម្រង់ ធ្វើឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនជំពាក់បំណុលគេវ័ណ្ឌក ក៏នៅតែកើតមានផងដែរ។ បន្ថែមពីនេះ បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏កំពុងកើតមានវិបត្តិ ដោយសារតែរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នៅតែបន្តចាប់មនុស្សដាក់គុកតាមអំពើចិត្ត បើទោះបីជាមានការសម្រាលទោសលើកលោកកឹម សុខា យ៉ាងណាក្តី។
លោកថា៖ «កាលណាវិបត្តិវាកាន់តែធំទៅៗ ដោះស្រាយមិនចេញ វាអាចធ្វើឱ្យរដ្ឋាភិបាលហ្នឹងដួលរលំត្បិតតែមិនដួលរលំក្នុងពេលភ្លាមៗ ប៉ុន្តែយូរៗទៅ វាអាចប្រឈមនឹងការដួលរលំ ដូចនៅបង់ក្លាដែសនៅនេប៉ាល់ នៅស្រីលង្កាកន្លងទៅ មានការផ្លាស់ប្តូរដោយចលនាមហាជនផ្តួលរំលំតែម្តង។ ហើយកម្ពុជាក៏អ៊ីចឹងដែរ នៅថ្ងៃណាមួយដែលពលរដ្ឋ កងកម្លាំងប្រដាប់អាវុធអស់ការអត់ធ្មត់ចំពោះមេដឹកនាំដែលបង្កើតភាពអយុត្តិធម៌ក្នុងសង្គម»។
ចំណែក លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានធ្វើការកត់សម្គាល់ផងដែរថា ការប្រែប្រួលមុខមាត់កម្ពុជាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បានបង្ហាញរូបភាពពីរផ្ទុយគ្នា។ ម្ខាង រដ្ឋាភិបាលបានខិតខំបង្កើតរូបភាពទំនើបកម្ម តាមរយៈការជំរុញបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ និងការបង្កើនសកម្មភាពការទូត ដើម្បីទាក់ទាញការវិនិយោគ។ ម្ខាងទៀត ការរិះគន់នៅតែបន្តកើតមានយ៉ាងខ្លាំង លើការរួមតូចនៃលំហសេរីភាពនយោបាយ និងសិទ្ធិមនុស្ស ព្រមទាំងបន្ទុកបំណុលគ្រួសារ និងបញ្ហាសេដ្ឋកិច្ចដែលប្រជាពលរដ្ឋកំពុងប្រឈម។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បានព្រមានក្នុងសំណេរដើមថា៖ «ប្រសិនបើបញ្ហាក្តៅៗពាក់ព័ន្ធនឹងថៃឈ្លានពាន និងវិបត្តិសង្គមចាក់ស្រេះ មិនត្រូវបានដោះស្រាយដោយតម្លាភាព និងប្រកបដោយប្រសិទ្ធភាពទេនោះ វាសនារបស់កម្ពុជាអាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ ទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋនឹងត្រូវបាត់បង់ ដែលនាំឱ្យកើតមានការថ្នាំងថ្នាក់ និងភាពចលាចលផ្នែកស្មារតីនៅក្នុងសង្គម»។
បន្ថែមពីនេះ លោក វណ្ណលី បញ្ជាក់ថា ការខ្វះភាពស៊ីសង្វាក់គ្នា ក្នុងសង្គមនឹងធ្វើឱ្យកម្ពុជាបាត់បង់ភាពធន់ផ្នែកភូមិសាស្ត្រនយោបាយ ងាយរងសម្ពាធពីខាងក្រៅ និងបន្សល់ទុកនូវបន្ទុកអស្ថិរភាពរ៉ាំរ៉ៃសម្រាប់ជំនាន់ក្រោយ៕









