លោក ត្រាំ បាន​វាយ​បក​កាណាដា​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កិច្ច​ចរចា​បន្ធូរ​បន្ថយ​ពន្ធ​ប្រែ​ក្លាយ​​​​ជា​សង្គ្រាម​ពាណិជ្ជ​​កម្ម

លោក ដូណាល់ ត្រាំ (Donald Trump) បានវាយបកដាក់ប្រទេសកាណាដាយ៉ាងខ្លាំង បន្ទាប់ពីការបែកបាក់នៃកិច្ចចរចាកាត់បន្ថយពន្ធបានទម្លាក់ប្រទេសទាំងពីរ ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្ម។

នៅក្នុងការបញ្ចេញមតិជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីកិច្ចចរចាបានដួលរលំនៅរដ្ឋធានីវ៉ាស៊ីន​តោន កាលពី​ថ្ងៃទី២២ខែសីហា ប្រធានាធិបតីអាមេរិករូបនេះ បានសរសេរលើបណ្តាញសង្គមថា៖ «កាណាដាចង់បានអត្ថប្រយោជន៍ ដូចជា រដ្ឋមួយរបស់អាមេរិក តែមិនព្រមធ្វើជារដ្ឋរបស់អាមេរិក! ពួកគេក៏បានយកពន្ធលើក​សិករដ៏អស្ចារ្យរបស់យើងយ៉ាងធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ។ គ្មានទៀតទេ!»។

ការលើកឡើងរបស់លោក បានធ្វើឡើងបន្ទាប់ពីអាមេរិកបានដកហូតពន្ធ ៥០% លើទំនិញកាណាដាដែលមានតម្លៃ ២០ ប៊ីលានដុល្លារ ខណៈដែលនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្តេជ្ញាវាយបកសងសឹកវិញ «ដុល្លារ ទល់នឹង ដុល្លារ» (dollar for dollar) ដោយចាប់ផ្តើមពីថ្ងៃទី៨ ខែកញ្ញា លើមុខទំនិញ ដូចជា ដែកថែប ផលិត​ផល​ទឹកដោះគោ និងឧបករណ៍អគ្គិសនី។

ពន្ធរបស់អាមេរិក បានចូលជាធរមានកាលពីថ្ងៃទី២៣ខែសីហា លើទំនិញចាប់ពីឈើវាយកូនឃ្លីលើទឹកកក រហូតដល់​ឈើវាស់អណ្តាត។ អ្នកជំនាញព្យាករណ៍ថា ផលប៉ះពាល់ធំបំផុតនឹងកើតមានលើផ្នែកនយោបាយ និងបង្កឱ្យមាន​ភាពតឹងតែងជាថ្មីរវាងប្រទេសជិតខាងទាំងពីរ។ ភាគីទាំងពីរបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ដោយលោក Carney បានថ្លែងថា កាណាដាកំពុងស្ថិតក្នុង «សង្គ្រាម» ពាណិជ្ជកម្ម បន្ទាប់ពីលោក ត្រាំ បាន «គណនាខុស» ដោយសារការបង្កើនការវាយប្រហារលើបញ្ហាពន្ធ។

លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) តំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា អាមេរិកត្រូវតែបង្ខំចិត្តចាត់វិធាន​ការឆ្លើយតប ដើម្បីការពារកម្មករ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ខណៈដែលលោក ដេន ឃេលី (Dan Kelly) ប្រធានសហព័ន្ធអាជីវកម្មឯករាជ្យកាណាដា បានប៉ាន់ប្រមាណថា ៤០% នៃអ្នកនាំចេញធុនតូចរបស់កាណា​ដា​នឹង​រងផលប៉ះពាល់ផ្ទាល់។

ការកើនឡើងកម្ដៅនេះ ក៏បានជួបនឹងកំហឹងពីសំណាក់អ្នកនយោបាយអាមេរិកនៅរដ្ឋជាប់ព្រំដែនផងដែរ។ អភិ​បាល​រដ្ឋ New York លោកស្រី ខាធី ហូឆុល (Kathy Hochul) និងសមាជិកព្រឹទ្ធសភារដ្ឋ Minnesota លោកស្រី អេមី ក្លូប៊ូឆារ (Amy Klobuchar) បានរិះគន់ថា គោលនយោបាយរបស់លោក Trump កំពុងបង្កើតជម្លោះដោយឥតន័យ និងបង្កឱ្យមានតម្លៃទំនិញថ្លៃជាងមុនសម្រាប់គ្រួសារ និងអាជីវកម្មអាមេរិក។

ការប្រឈមមុខដាក់គ្នានេះ ក៏បានធ្វើឱ្យមានការចោទសួរអំពីអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង (USMCA) ដែលគ្រប់គ្រងលើទំនិញ និងសេវាកម្មប្រមាណ ២ ទ្រីលានដុល្លារប្រចាំឆ្នាំ។ លើសពីនេះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏បានធ្លាក់ចុះយ៉ាងខ្លាំង ដោយចំនួនអ្នកទេសចរកាណាដាទៅលេងអាមេរិកបានថយចុះ ហើយការស្ទង់មតិបង្ហាញថា មានប្រជាជនកាណាដាតែ ៩% ប៉ុណ្ណោះដែលចាត់ទុកអាមេរិកជា «សម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ