វិភាគ៖ តើ​ប្រព័ន្ធ​ទូទាត់​ប្រាក់​យន់ ជួយ​ពាណិជ្ជ​កម្ម ឬ​ពង្រីក​​ឥទ្ធិ​ពល​ចិន​នៅ​កម្ពុជា?

កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ​កណ្ដាល​ចិន តាម​រយៈ​ប្រព័ន្ធ​ទូទាត់​អន្តរ​ធនាគារ​ឆ្លង​​ដែន CIPS (Cross-Border Interbank Payment System) មិន​មែន​គ្រាន់​តែ​ជា​ការ​បន្ថែម​បច្ចេក​វិទ្យា​ថ្មី​សម្រាប់​ផ្ទេរ​​ប្រាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​គោល​នយោ​បាយ​របស់​ចិន​ ក្នុង​ការ​ពង្រីក​ការ​ប្រើ​ប្រាស់​ប្រាក់​យន់​នៅ​ក្រៅ​ប្រទេស។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទេសាភិបាលធនាគារ​ប្រជាជន​ចិន លោក ផាន កុង​សេង (Pan Gongsheng) និង​ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក​ស្រី ជា សិរី បាន​ចុះ​អនុស្សរណៈ​សហប្រតិ​បត្តិ​ការ​លើ​ការ​ទូទាត់ និង​ការ​ជម្រះ​​ប្រាក់​យន់​នៅ​កម្ពុជា។ បន្ទាប់​មក នៅ​ខែ​ធ្នូ ឆ្នាំ​២០២៣ ធនាគារ​ចិន សាខា​ភ្នំពេញ ត្រូវ​បាន​កំណត់​ឱ្យ​ធ្វើ​ជា​ធនាគារ​​ជម្រះ​ប្រាក់​យន់​នៅ​កម្ពុជា។

CIPS គឺជាប្រព័ន្ធដែលចិនបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បី​ជួយ​ធនាគារ និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទូទាត់​ប្រាក់​ឆ្លង​ដែន​ជា​ប្រាក់​យន់​បាន​ងាយ​ស្រួល​ជាង​មុន។ វា​មិន​មែន​ជា​ប្រព័ន្ធ​ដែល​អាច​ជំនួស​ប្រព័ន្ធ​ផ្ញើ​សារ​ហិរញ្ញ​វត្ថុ​អន្តរ​ធនាគារ​ពិភព​​លោក SWIFT (Society for Worldwide Interbank Financial Telecommunication) ទាំង​ស្រុង​ភ្លាមៗ​នោះ​ទេ។ SWIFT ជា​បណ្ដាញ​សំខាន់​សម្រាប់​ផ្ញើ​សារ​ហិរញ្ញ​វត្ថុ​រវាង​ធនាគារ ខណៈ CIPS មានតួ​នាទី​សំខាន់​ក្នុង​ការ​ទូទាត់ និង​ជម្រះ​​​ប្រាក់​​​យន់ ដូច្នេះ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង ប្រព័ន្ធ​ទាំង​ពីរ​នៅ​តែ​អាច​ដំណើរ​ការ​​ជាមួយ​​គ្នា​​បាន។

អត្ថប្រយោជន៍​សំខាន់​សម្រាប់​កម្ពុជា គឺ​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​ផ្ទេរ​ប្រាក់​ជាមួយ​ចិន។ ឧទាហរណ៍​ ប្រសិន​បើ​ក្រុម​​ហ៊ុន​​កម្ពុជា​ទិញ​ទំនិញ​ពី​ចិន ហើយ​អាច​ទូទាត់​ជា​ប្រាក់​យន់​ដោយ​ផ្ទាល់ វា​អាច​កាត់​បន្ថយ​ការ​ប្តូរ​ប្រាក់​ច្រើន​ដំណាក់​​​កាល។

ជំនួសឱ្យការប្តូរពីប្រាក់រៀលទៅដុល្លារ ហើយពីដុល្លារទៅយន់ អ្នកនាំចូលអាចទូទាត់ជាប្រាក់​យន់​តែ​ម្តង។ វា​អាច​ជួយ​​កាត់​បន្ថយ​ថ្លៃ​ប្តូរ​ប្រាក់ ថ្លៃសេវាធនាគារ និងពេលវេលាក្នុងការផ្ទេរប្រាក់។ មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុង​របាយ​ការណ៍ថ្ងៃទី២៨ ខែ​មករា ឆ្នាំ​២០២៦ បាន​កត់សម្គាល់ថា ការ​ពង្រីក CIPS និងបណ្ដាញជម្រះ​ប្រាក់យន់ អាច​ជួយ​កាត់​បន្ថយ​ថ្លៃប្រតិបត្តិការ និងហានិភ័យពីអត្រាប្តូរប្រាក់សម្រាប់ក្រុមហ៊ុនចិន និង​ដៃគូពាណិជ្ជកម្ម។

សម្រាប់កម្ពុជា វាក៏មានន័យថា យើងមានជម្រើសទូទាត់ច្រើនជាងមុន និងមិនចាំបាច់ពឹងផ្អែកតែលើប្រាក់ដុល្លារ។ របាយការណ៍របស់ធនាគារប្រជាជនចិនស្តីពីការប្រើប្រាស់ប្រាក់យន់ជាអន្តរជាតិ ឆ្នាំ២០២៥ បង្ហាញ​ថា នៅចុងឆ្នាំ២០២៤ មាន​ស្ថាប័នហិរញ្ញវត្ថុចំនួន ១៥០ នៅក្នុង​​តំបន់អាស៊ានចូលរួមក្នុងប្រព័ន្ធ CIPS។ ក្នុង​ឆ្នាំ២០២៤ ប្រព័ន្ធនេះបានដំណើរការប្រតិបត្តិការជាមួយប្រទេសអាស៊ានប្រមាណ ៩៥៤,០០០ ប្រតិបត្តិការ ដែលមានតម្លៃសរុបប្រហែល ២១,២ ពាន់លានយន់។ នេះបង្ហាញថា ការប្រើប្រាស់​ប្រព័ន្ធទូទាត់ជាប្រាក់យន់កំពុងកើនឡើងយ៉ាងលឿនក្នុងតំបន់។

ចលនានេះ​ ​មានភាពស្រដៀងគ្នានឹងអ្វីដែលចិនកំពុងធ្វើនៅអាហ្វ្រិក។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២៥ ធនាគារ Standard Bank របស់អាហ្វ្រិក​ខាងត្បូង បានក្លាយជាធនាគារអាហ្វ្រិកដំបូងដែលអាចចូលប្រើ CIPS ដោយ​ផ្ទាល់។ បន្ទាប់មក នៅខែមិថុនា ឆ្នាំ២០២៦ ធនាគារប្រជាជនចិនបានគាំទ្រការបង្កើតធនាគារជម្រះប្រាក់យន់សម្រាប់អាហ្វ្រិក ដែលអាចផ្តល់សេវាទៅប្រទេសជាច្រើន។

ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ Standard Bank បានរាយការណ៍ថា ខ្លួនបានដំណើរការប្រតិបត្តិការតាម CIPS លើសពី ៨ ពាន់លានយន់ ហើយសេវានេះបានពង្រីកទៅប្រទេសអាហ្វ្រិកជាច្រើន។ នេះបង្ហាញ​​ថា ចិនកំពុងប្រើគំរូស្រដៀង​គ្នា គឺបង្កើតបណ្ដាញធនាគារ និងប្រព័ន្ធទូទាត់ដែលអាចឱ្យដៃគូពាណិជ្ជ​កម្ម​ប្រើប្រាក់យន់ដោយផ្ទាល់កាន់​តែងាយស្រួល។

អត្ថប្រយោជន៍នេះមានភាពច្បាស់លាស់ ប៉ុន្តែក៏មានហានិភ័យផងដែរ។ ប្រសិនបើកម្ពុជាពង្រីកការប្រើ CIPS ខ្លាំងពេកដោយគ្មានតុល្យភាព ប្រទេសអាចផ្លាស់ពីការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារ ទៅការពឹងផ្អែកកាន់​តែច្រើនលើប្រាក់យន់ និងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិន។

ប្រាក់យន់ក៏មិនទាន់មានសេរីភាពពេញលេញដូចដុល្លារ ឬអឺរ៉ូ នោះទេ ព្រោះ​រដ្ឋាភិបាលចិននៅតែគ្រប់គ្រងការ​ចេញ​​ចូលរបស់ទុនក្នុងកម្រិតខ្ពស់។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ជាក់នៅខែមករា ឆ្នាំ២០២៦ ថា ទោះបីការប្រើ​ប្រាស់​ប្រាក់យន់កើនឡើងក៏ដោយ ប្រាក់យន់នៅតែមានចំណែកតិចជាង ៣% នៃការទូទាត់ពាណិជ្ជកម្មពិភព​លោក និងប្រហែល ២% នៃទុនបម្រុងអន្តរជាតិ។

ហានិភ័យមួយទៀតគឺផលប៉ះពាល់នៃនយោបាយអន្តរជាតិ។ CIPS អាចជួយកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែលមានដុល្លារជាចំណុចកណ្តាល។ សម្រាប់ចិន នេះជួយបង្កើនតួនាទីរបស់ប្រាក់យន់នៅ​លើ​ពិភព​លោក។ ប៉ុន្តែសម្រាប់កម្ពុជា ប្រសិនបើយើងចូលជ្រៅពេកក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិន វាអាចធ្វើឱ្យការរក្សាតុល្យភាពជាមួយសហរដ្ឋ​អាមេរិក អឺរ៉ុប ជប៉ុន និងដៃគូផ្សេងទៀតកាន់តែពិបាក។

ដូច្នេះ កម្ពុជាមិនគួរមើល CIPS ថាជាប្រព័ន្ធសម្រាប់បោះបង់ SWIFT នោះទេ។ វាគួរត្រូវបានប្រើជាជម្រើសបន្ថែម ដើម្បី​កាត់បន្ថយថ្លៃទូទាត់ និងធ្វើឱ្យពាណិជ្ជកម្មជាមួយចិនកាន់តែងាយស្រួល។ ក្នុងពេលជាមួយគ្នា កម្ពុជាគួររក្សាប្រព័ន្ធ​ទូទាត់ជាច្រើន ទាំងប្រព័ន្ធដែលប្រើដុល្លារ ប្រព័ន្ធ SWIFT ប្រព័ន្ធ CIPS និងប្រព័ន្ធ​ទូទាត់ក្នុងតំបន់។ វិធីនេះអាច​ជួយ​ឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីចិន ខណៈនៅតែរក្សា​ឯករាជ្យ និងភាពបត់បែនរបស់ខ្លួនក្នុង​វិស័យ​ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ