អ្នកឃ្លាំ​មើល​ឱ្យ​​ACU​បង្ហាញ​មុខ​មេខ្លោង​នៅ​ពី​ក្រោយ​ឧក្រិដ្ឋ​កម្ម​ឆបោក​នៅ​ក្រសួង​ការ​បរទេស

ខណៈ​​អង្គ​ភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ(ACU) ទម្លាយ​ឱ្យដឹ​ង​ពី​វិធាន​ការ​ចាប់​ខ្លួន​មន្ត្រី ៣រូប នៅ​ក្រសួង​ការ​បរទេស ដែល​ចោទ​ថា​ជាប់​​ពាក់​ព័ន្ធ​ទៅនឹ​ង​ក្រុម​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​បច្ចេក​វិទ្យា​នោះ ក្រុម​អ្នក​តាម​ដាន ជំរុញ​ឱ្យ​ស្ថាប័ន​សមី​មួយ​នេះ បង្ហាញ​មុខ​មេ​ខ្លោង​​​នៅ​ពី​ក្រោយ​បទឧ​ក្រិដ្ឋ​នេះ ដើម្បី​លាង​ជម្រះ​ការ​ចោទ​ថា រដ្ឋាភិ​បាល​ចាត់​វិធាន​ការ​តែ​អ្នក​ពាក់​ព័ន្ធ​តូច​តាច ចំណែក​មេខ្លោង​ធំៗ​ដែល​អន្តរ​ជាតិ​រក​ឃើញ​នៅ​បន្ត​លាក់​ទុក ដែល​នឹ​ង​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​រង​គ្រោះ​ធ្ងន់​ធ្ងរ។

ការ​ជំរុញ​នេះ បន្ទាប់​ពី​តំណាង​​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ទម្លាយ​ឱ្យ​ដឹង​ពីកា​រ​សម្រេច​ចោទ​ប្រកាន់​មន្រ្តី​ក្រសួង​ការ​បរទេស​ ​លោក ថូ សំណាង និង​គូកន​ ២នាក់​ទៀត​ជា​ផ្លូវ​ការ និង​អាច​ប្រឈម​ការ​ផ្តន្ទា​ទោស​ដល់ ១០ឆ្នាំ ក្រោយ​​អង្គ​ភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ (ACU) រក​ឃើញ​​ថា ពួក​គេ​​ពា​ក់ព័​ន្ធ​ករណី​ចេញ​ប័ណ្ណ​ឱ្យ​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​អន​ឡាញ។

ជុំវិញរឿងនេះ គណ​បក្សប្រឆាំង និង​​អ្នក​ឃ្លាំមើល ទាម​ទារ​ឱ្យ​​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុករលួយ ពង្រីក​ការ​ស៊ើបអង្កេត​រកអ្នកនៅពីក្រោយ​​ទាំង​អស់​​ដោយ​​តម្លា​ភាព ខណៈ​​ស្ថាបន​ស៊ើបអង្កេត​របស់​​អាមេរិក ហៅ​កាត់​​ថា FBI ក៏​កំពុងស៊ើបអង្កេតលើ​បណ្តាញមេ​ខ្លោង​ដែល​ត្រូវ​បាន​ចោទ​ថា ជាមន្ត្រីពាក់ព័ន្ធនឹងបក្សកាន់អំណាច។

​ប្រធានក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​ លោក ម៉ែន ណាត ​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២៥ ខែ​សីហា ដោយ​អំពាវនាវ​​ដល់​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ រួម​ទាំង​តុលាការ អង្គភាព​ប្រឆាំងអំពើពុករលួយ ក្រសួង​យុត្តិធម៌ និងក្រសួងការបរទេស​ផ្ទាល់ ត្រូវ​សហការគ្នាស៊ើបអង្កេតដោយ​តម្លាភាព និងយុត្តិធម៌។

លោក​ថា ការ​ដាក់​ទោសត្រឹមមនុស្សបីនាក់​ក្នុងរឿងលក់លិខិតការទូត និង​សំណុំរឿងពុករលួយ​ទឹកប្រាក់វាល់​លានដុល្លារ​នេះ មិនអាច​បំពេញចិត្តសាធារណជន​​បាន​​ទេ ខណៈមេខ្លោង​ធំៗ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការ​ទាមទារ​ ដូច​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក រួម​​មាន​ លោក ហ៊ុន តូ លោក កុក អាន លោក ទ្រី ភាព និង​​លោក លី យ៉ុងផាត់ ​ជាដើម។ លោក​ចាត់​ទុក​ការ​ផ្ដន្ទា​ទោស​មនុស្ស​តែ​​បី​នាក់​នេះ គឺ​ជា​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដើម្បី​លុបលាង​កំហុស​របស់​ខ្លួន ​និង​​ខ្លាច​ពាក់ព័ន្ធ​បន្តបន្ទាប់​​​ដល់​ លោក ហ៊ុន សែន ដែល​ជា​មេ​ខ្លោង​​​​ធំ​នៅ​ក្រោយ​នៃ​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​កម្ពុជា។

លោក ម៉ែន ណាត ថ្លែងថា៖ «ពីព្រោះ​រឿង​នេះ​​ស្រាវជ្រាវ​ចុះ​ស្រាវជ្រាវ​ឡើង​វា​​ពាក់ព័ន្ធ​ទៅដល់​លោក ហ៊ុន សែន ទៅ​ទៀត ព្រោះ​លោក ហ៊ុន សែន ហ្នឹង​​គឺ​នៅ​ខាង​ក្រោយខ្នង​នៃ​​បទ​ឧក្រិដ្ឋជន​អនឡាញ ​ដែល​ល្បីល្បាញ​ខាង​អាក្រក់​​អសោច​​​លើ​ឆាក​អន្តរជាតិ​​ហ្នឹង។ យើង​​មើលៗ​ដូចជា លោក លី យ៉ុងផាត់ លោក កុក អាន លោក ហ៊ុន តូ អី​ជា​អ្នក​ណា? គឺជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ហើយ​​ហ្នឹង​​ជា​​សាច់​ញាតិ​​របស់​​លោក ហ៊ុន សែន អ៊ីចឹង​រឿង​ការ​លក់​ទិដ្ឋាការ ការប្រព្រឹត្តិ​អំពើពុករលួយ​ខ្នាត​ធំ​នៅ​ក្រសួងការបរទេស​នេះ​ មិនមែន​តែ​មនុស្ស​ពីរ​បី​នាក់​ហ្នឹង​​ អាច​បញ្ចប់រឿង​​បានទេ គួរ​ណាស់​មនុស្ស​ច្រើន​ដែល​ពាក់ព័ន្ធ​នៅក្នុង​រឿង​ហ្នឹង»។

ការ​លើកឡើង​នេះ ​បន្ទាប់​ពី​តំណាង​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា បាន​​សម្រេច​ចោទ​ប្រកាន់​មន្រ្តី​ក្រសួង​ការ​បរទេស​ ​លោក ថូ សំណាង ដែល​​​ជា​​អគ្គ​នាយក​នៃ​​នាយក​ដ្ឋាន​​ក្រសួង​​ការ​បរទេស​​ទទួល​​បន្ទុក​​​កិច្ច​ការ​​ច្បាប់ កុង​​ស៊ុល និង​​ព្រំដែន និង​គូកន​២នាក់ទៀត​ជា​ផ្លូវការ និង​អាច​ប្រឈម​ការ​ផ្តន្ទាទោស​ដល់ ១០ឆ្នាំ។

ក្នុង​នោះ​លោក ថូ សំណាង ជាប់​ចោទ​ពី​បទ «​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត បទ​រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់​» តាម​មាត្រា ៦០១ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​៣២ មាត្រា​៣៥ កថាខណ្ឌ​ទី​២ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​​អំពើពុករលួយ មាត្រា​៣ និង​មាត្រា​៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០២០។ ចំណែក​លោក ណុប រដ្ឋា និង​លោក យស់ រ៉ាណេ ជាប់ចោទ​ពី​បទ «​សមគំនិត​ក្នុង​អំពើ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត បទ​រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់» តាម​មាត្រា​ដូចគ្នា។

វីអូឌី ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​​លោក សយ ចន្ទវិចិត្រ បាន​ទេ​នៅ​ថ្ងៃទី​២៥ ខែសីហានេះ ដើម្បី​​ចង់​​ដឹងថា​​តើ​អ្នក​ណា​​ជា​អ្នក​បញ្ជា ទទួលផល និង​មាន​មន្ត្រី ឬ​អ្នក​មាន​អំណាច​ផ្សេងទៀត ដែល​ពាក់ព័ន្ធនឹង​ការ​ចេញ​លិខិត​ទាំងនេះ ឈាន​ទៅ​បំបែក​បណ្ដាញ​ទាំងមូល។

​អនុប្រធាន​គណបក្ស​កម្លាំងជាតិ ​លោក សុខ គឹម​សេង យល់​ថា ករណីលួចលក់​សន្លឹក​វីសារបស់ក្រសួងការបរទេស កំពុង​​បង្ក​មន្ទិល​​ថា ការចាប់ខ្លួនមនុស្សត្រឹម ៣នាក់ អាច​មិនទាន់គ្រប់គ្រាន់នឹងទំហំនៃបទល្មើស ដែល​ប៉ះពាល់​ដល់​​កិត្តិយស និង​មុខមាត់​ជាតិ​​ឡើយ។ លោក​ថា មតិសាធារណជន និងគណបក្សនយោបាយ ជំរុញឱ្យអាជ្ញាធរ​វែកមុខអ្នកនៅពីក្រោយ ដែលមានអំណាច និង​តួនាទីធំជាងនេះ ដើម្បីធានាថា អ្នកពាក់ព័ន្ធគ្រប់រូប​ត្រូវទទួល​ខុសត្រូវ​តាម​ច្បាប់ មិនមែន​ចប់​ត្រឹម​នេះ​ទេ។

​លោក សុខ គឹមសេង ថ្លែង​ថា៖ «ដើម្បីឱ្យ​ការអនុវត្តច្បាប់ ឱ្យ​​មាន​ការ​ជឿជា​ក់​ពី​ប្រជា​ពលរដ្ឋ គឺ​អាជ្ញាធរ​​មាន​​សមត្ថ​កិច្ច តុលាការ ជា​ពិសេស​រដ្ឋាភិបាល​ត្រូវ​​​តែ​​វែក​​មុខ​​អ្នក​​ដែល​​មាន​​ការ​ទទួលខុសត្រូវ​ធំ ព្រោះ​ដូច​​ខ្ញុំ​ជម្រាប​​អ៊ីចឹង​​ថា កិច្ច​ការ​ងារ​​នេះ គឺ​​ធំ​ណាស់ ហើយ​វា​​ប៉ះ​ពាល់​​ដល់​កិត្តិយស​មុខមាត់ កិត្តិយស​ជាតិ​​ អញ្ចឹង​ត្រូវតែ​វែកមុខ​រក​អ្នក​ដែល​ទទួលខុសត្រូវ​ធំ​ជាង​ហ្នឹង​ទៀត»

ចំណែក​​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក គិន ភា សម្ដែង​​នូវ​ការ​សាទរ​ចំពោះ​​អង្គ​ភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ ដែល​​មាន​​ចំណាត់​ការ​​ជាក់​ស្តែង​​​ទៅ​​លើ ​លោក ថូ សំណាង និង​​អ្នក​​ពាក់​ព័ន្ធ​​ពីរ​​រូប​​ទៀត។ យ៉ាង​ណា​ លោក​រំពឹង​​ថា វិធាន​ការ​​នេះ​​នឹង​​បន្ត​​​ទៅ​​មុ​ខ​​ទៀត ដើម្បី​រក​តួអង្គ​ពាក់ព័ន្ធ ដែល​ជា​​សហចារី ឬ​​អ្នក​សមគំនិត ​ឬ​អ្នក​គប់គិត​ទទួលផល​ប្រយោជន៍​​ផ្សេង​ទៀត។

លោក គិន ភា ថ្លែងថា៖ «បើសិនជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬក៏​តុលាការ អាច​រក​ឃើញ​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត ហើយ​យក​ពួក​គេ​មក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន ខ្ញុំ​គិតថា នោះ ទីមួយ​បង្កើត​ភាព​ស្អាតស្អំ​ក្នុង​សង្គម តម្លាភាព គណនេយ្យភាព នៅ​ក្នុង​សង្គម​​យើង​ផង ហើយក៏​ជា​ការ​លើកកម្ពស់​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​ស្ថាប័ន​​ជាតិ​ដែរ​បាទ»។

យ៉ាងនេះក្តី អ្នកឃ្លាំមើល បន្ត​ក្រើន​រំលឹក​ថា ករណី​នេះ ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាន់​តែ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ីជម្រៅ ស្រប​ពេល​ដែល​អង្គភាព​ប្រឆាំងអំពើពុករលួយ​​ ​ចាត់វិធានការ​ពាក់ព័ន្ធនឹងការលក់សន្លឹកវីសា​ជាង ៦០០០​សន្លឹក និង​បន្ត​បាត់ ៤០០០​​សន្លឹក​​ទៀត។

លើសពីនេះ ពួកគេ​ព្រមាន​ថា បើ​វិធានការ​លើ​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក​គ្មា​ន​ប្រសិទ្ធភាព ស្រប​ពេល​ដែល FBI របស់​អាមេរិក​កំពុង​​ត្រូវ​ការ​នោះ​ទេ វា​អាច​ធ្វើ​ឱ្យ​​ពាក្យ​ស្លោក​របស់​រដ្ឋាភិបាល​ថា ការ​អនុវត្ត​ចំពោះគ្រប់គ្នា​ដោយ​គ្មាន​ការលើក​លែង ពុំ​​មាន​​ន័យ​ ហើយ​​វានឹងជំរុញឱ្យកម្ពុជា​ក្លាយជាប្រទេសដែលអ្នកវិនិយោគកាន់តែភ័យខ្លាច ពាក់ព័ន្ធនឹងការមិនចាប់មេឧក្រិដ្ឋកម្មឆបោកនោះ យក​ទៅផ្តន្ទាទោស ដែលវានឹងធ្វើឱ្យពលរដ្ឋខ្មែរ​ទូទាំងប្រទេស ក្លាយជា​ជន​រង​គ្រោះ​​ទាំង​អយុត្តិ​ធម៌ ខណៈ​ពួកគេមិនជាប់ពាក់ព័ន្ធក្នុង​រឿង​នេះទា​ល់​តែ​សោះ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ