នៅក្នុងជំពូកទី៤ នៃរដ្ឋធម្មនុញ្ញ ស្តីពីរបបនយោបាយ ចាប់ពីមាត្រា៥១ ដល់មាត្រា៥៥ បានកំណត់ពីកាតព្វកិច្ចយ៉ាងច្បាស់លាស់សម្រាប់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ សន្តិសុខសង្គម ការពារនីត្យានុកូលភាពប្រទេស រួមទាំងកាតព្វកិច្ចមួយចំនួនទៀត តាមគន្លងប្រជាធិបតេយ្យ។
ប៉ុន្តែបច្ចុប្បន្ន មេដឹកនាំមិនទាន់បានស្តារមុខមាត់ប្រទេស ចេញពីក្រសែភ្នែកអន្តរជាតិ ដែលគេរកឃើញថា កម្ពុជា ជាដែនដីពួកឧក្រិដ្ឋជននៅឡើយទេ ក្រោយពីបក្សកាន់អំណាច រំលាយគណបក្សសង្គ្រោះជាតិ យាយីសំឡេងរិះគន់ និងវាយបំបែកកញ្ចក់សង្គមផ្សេងទៀត ជិត១០ឆ្នាំមកនេះ ដើម្បីតែចង់កាន់អំណាចតពូជ។
បរិបទនេះ ធ្វើឱ្យពលរដ្ឋច្រើនម៉ឺនគ្រួសារ ចាញ់បោកពួកឧក្រិដ្ឋជនឆបោក តាមរយៈដាក់ប្រាក់នៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យជាដើម ក្រោយក្បាលម៉ាស៊ីនដឹកនាំរដ្ឋ បាត់បង់តួអង្គឆែកអំណាចគ្នា តាមដានការអនុវត្តច្បាប់ និងតួអង្គផ្តល់ព័ត៌មានពិត ដែលជាតួអង្គឆ្លុះបញ្ចាំងតុល្យភាពសង្គមដ៏ស្មោះត្រង់ ដើម្បីជំរុញអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនោះ។
រដ្ឋធម្មនុញ្ញ ក៏បានធានាពីលំហសេរីភាពអង្គការសង្គមស៊ីវិល សេរីភាពនយោបាយ ដែលច្បាប់កំពូលនេះ ចែងពីប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស រួមទាំងសិទ្ធិបោះពុម្ពផ្សាយ ដែលប្រទេសប្រជាធិបតេយ្យមិនអាចខ្វះបាន ។
តួអង្គទាំងនេះ ជាដៃគូយ៉ាងដ៏សំខាន់ ក្នុងការចូលរួមជំរុញតម្លាភាពសង្គម ដើម្បីទប់ស្កាត់កុំឱ្យកំណើនសេដ្ឋកិច្ច និងទ្រព្យសម្បត្តិជាតិ ក្លាយជារបស់ក្រុមគ្រួសារអ្នកមានអំណាចផ្តាច់មុខ។
ជាទ្រឹស្តី នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់បាននិយាយក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញថា អ្នកសារព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា អ្នកសារព័ត៌មាន គឺ«ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់» ដែលបានចូលរួមចំណែកកែលម្អសង្គម តាមរយៈផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ បែបអប់រំ និងចំណេះដឹង ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ ទៅដល់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ និងជំរុញអភិបាលកិច្ច ឱ្យមានការទទួលខុសត្រូវ។
ប៉ុន្តែការអនុវត្តជាក់ស្តែងវិញ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ប្រមាណជា៣ឆ្នាំមកនេះ សំឡេងឯករាជ្យដែលជាតួអង្គជំរុញតម្លាភាពសង្គមដ៏ស្មោះត្រង់នោះ នៅបន្តបិទខ្ទប់ និងរងការយាយី តាមរយៈការដកអាជ្ញាប័ណ្ណ ចោទប្រកាន់តាមប្រព័ន្ធតុលាការ និងខ្លះត្រូវចាប់ដាក់ពន្ធនាគារ ជាដើម។
កត្តានេះ ធ្វើឱ្យគេរកឃើញថា កម្ពុជាងាកចេញពីគន្លងប្រជាធិបតេយ្យ ហើយរអិលយ៉ាងលឿនទៅរកការដឹកនាំបែបគ្រួសារនិយម ក្លាយជាដែនដីពួកឧក្រិដ្ឋជន ធ្វើឱ្យពលរដ្ឋរាប់ម៉ឺនគ្រួសាររងគ្រោះពីអំពើពុករលួយ រងគ្រោះពីអំពើឆបោក ដែលមេឧក្រិដ្ឋជនភាគច្រើនមានងារជាឧកញ៉ា ឬជាសាច់ញាតិមេបក្សកាន់អំណាច។
តួយ៉ាង បច្ចុប្បន្ន អតិថិជនរងគ្រោះនៅក្រុមហ៊ុនហួយវ័ន ផេ (Huione Pay) ប្រមាណជា ១៣០០នាក់ មិនទាន់ទទួលបានការផ្ទេរប្រាក់ត្រឡប់ទៅវិញទេ ក្រោយក្រុមហ៊ុនបិទដំណើរការដកប្រាក់ទាំងស្រុង ចាប់ពីខែធ្នូ ឆ្នាំ២០២៥មក ពោលគឺជិត ៩ខែមកនេះ។
ជនរងគ្រោះ បានរាយការណ៍ថា ពួកគេបានជាប់គាំងប្រាក់ក្នុងគណនីក្នុងម្នាក់ៗ ចាប់ពីរាប់ម៉ឺនដុល្លារ ដល់ខ្ទង់លានដុល្លារ ដែលពួកគេចោទថា លោក ហ៊ុន តូ ក្មួយលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងមេគំនិតឆបោកនេះដែរ។
លើសពីនេះ ពលរដ្ឋជាង ១ពាន់គ្រួសារទៀត ដែលអះអាងថា កំពុងជាប់បំណុលវ័ណ្ឌក អស់រយៈពេលជាង២ឆ្នាំមកហើយ មិនទាន់បានលុយវិញដូចគ្នា ក្រោយចាញ់បោកក្រុមហ៊ុន «ពិភពដីមាស» របស់លោក ហ៊ី គឹមហុង បើទោះបីតុលាការ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានផ្តន្ទាទោសមេឆបោក អតីតឧកញ៉ា ហ៊ី គឹមហុង ឱ្យជាប់ពន្ធនាគារសរុប ១៥ឆ្នាំ និងបង្គាប់ឱ្យសងប្រាក់ជាង ៣៣លានដុល្លារអាមេរិក ឱ្យជនរងគ្រោះវិញក៏ដោយ។
ប៉ុន្តែតុលាការមិនបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឧក្រិដ្ឋជនឆបោកទាំងនោះទេ ដែលធ្វើឱ្យជនរងគ្រោះបារម្ភថាពួកគេនឹងបន្តរងសម្ពាធបំណុលច្រើនខែឬឆ្នាំទៅមុខទៀត ព្រោះមេឆបោកនៅមានសិទ្ធិប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ និងតុលាការកំពូលទៀត ដើម្បីប្រឆាំងនឹងសាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយ។
អំឡុងខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង បានប្រាប់វីអូឌីថា សម្ពាធបំណុលជាង២ឆ្នាំ ចាប់ពីឆ្នាំ២០២៣មក ពួកគេ ២៤នាក់បានស្លាប់ ដោយសារតែមានវិបត្តិផ្លូវចិត្ត ខ្វះលុយព្យាបាល និងខ្លះធ្វើអត្តឃាតសម្លាប់ខ្លួន។
ដូចគ្នានេះដែរ អ្នកចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ក៏មានប្រមាណជា ៦ពាន់គ្រួសារដែរ ដែលទំហំទឹកប្រាក់ប្រហែល ៣រយលានដុល្លារ ដែលបច្ចុប្បន្នេះពួកគេអះអាងថាបានរងសម្ពាធបំណុលធ្ងន់ធ្ងរដូចគ្នា មិនទាន់ទទួលបានយុត្តិធម៌ទេជិត ៤ឆ្នាំមកនេះ ទោះអាជ្ញាធរចាប់ខ្លួនមេឆបោក អំឡុងដើមឆ្នាំ២០២៤ក្តី។
លើសពីនេះ ក៏មានដែរ អ្នកទិញបូរីឡេងណាវ៉ាត្រា ដែលអតិថិជនចោទថា ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលស្និទ្ធនឹងមេដឹកនាំ មិនព្រមប្រគល់ផ្ទះឱ្យពួកគេតាមកិច្ចសន្យាទេ ទោះពួកគេបានបង់លុយគ្រប់ជាង ៥ឆ្នាំមកហើយក្តី។
ទាំងនេះ ជាទឡ្ហីករណ៍ ឬសំអាងរឹងមាំ បញ្ជាក់បានថា ពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះទាំងនោះ ដោយសារតែមិនទទួលបានព័ត៌មានពិត កង្វះតួអង្គជំរុញតម្លាភាពសង្គម និងតួអង្គតាមដានការអនុវត្តច្បាប់ក្នុងប្រព័ន្ធដឹកនាំរដ្ឋ ក្រោយរដ្ឋាភិបាលបានវាយបំបែកកញ្ចក់សង្គម។
របាយការណ៍ខ្លះ បានបង្ហាញមូលហេតុចម្បងៗ ដែលធ្វើឱ្យពលរដ្ឋងាយធ្លាក់ ក្នុងអន្ទាក់ពួកឧក្រិដ្ឋជនឆបោក គឺដោយសារតែកង្វះព័ត៌មានឯករាជ្យ ខ្លះតួអង្គតាមដានការអនុវត្តច្បាប់ និងកម្សោយអភិបាលកិច្ច និងអំពើពុករលួយក្នុងជួររដ្ឋាភិបាល។
បញ្ហាទាំងអស់នេះ ធ្វើឱ្យពលរដ្ឋងាយចាញ់បោក ក្រុមឆបោកដែលចុះទៅជួប ហើយតែងតែសន្យាផ្តល់ការប្រាក់ ឬផលចំណេញត្រឡប់មកវិញខ្ពស់ខ្លាំង ពី១០% ទៅ ២០% ក្នុងមួយខែ ដែលគ្មានអាជីវកម្មស្របច្បាប់ណាអាចធ្វើបាន។
កង្វះព័ត៌ពិត ធ្វើឱ្យពលរដ្ឋខ្លះធ្លាក់ក្នុងការអូសទាញ តាមរយៈការចង់បានប្រាក់ចំណូលងាយស្រួល និងរហ័ស កង្វះព័ត៌មានពិត ធ្វើឱ្យពលរដ្ឋខ្លះមិនបានពិចារណាឱ្យបានស៊ីជម្រៅ រួមទាំងការប្រើប្រាស់រូបភាពអាជីវកម្មបន្លំភ្នែកពីក្រុមឧក្រិដ្ឋជនឆបោក។ រីឯក្រុមហ៊ុនខិលខូចខ្លះទៀត ប្រើប្រាស់ប្រព័ន្ធបង្វិលលុយ ដោយយកលុយពីអ្នកវិនិយោគក្រោយ ទៅបើកឱ្យអ្នកវិនិយោគមុន ដើម្បីបង្កើតទំនុកចិត្តអតិថិជនថ្មី នៅប៉ុន្មានខែដំបូងៗ។
ពួកគេយកវិស័យអចលនទ្រព្យ ដីឡូត៍ ឬផ្ទះ មកធ្វើជាខែលបាំងមុខ ដើម្បីឱ្យពលរដ្ឋគិតថា ជាការវិនិយោគដែលមានសុវត្ថិភាព។
លើសពីនេះ ក្រុមឧក្រិដ្ឋជន បានប្រើប្រាស់បុគ្គលល្បីឈ្មោះ ជាឥស្សរជននយោបាយ និងងារ «ឧកញ៉ា» ដើម្បីបង្កើតទំនុកចិត្ត។ បញ្ហានេះកើតឡើងនៅក្នុងក្រុមហ៊ុន ពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង នៅក្រុមហ៊ុនរបស់អតីតឧកញ៉ា អ្នកស្រី ឡេង ចាន់ណា ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនហួយវ័ន ផេ របស់អ្នកឧញ៉ា ហ៊ុន តូ ជាដើម។
បញ្ហាទាំងនេះ ជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ បើទោះបីជារដ្ឋាភិបាលកម្ពុជាបានអះអាងពីការពង្រឹងការអនុវត្តច្បាប់ និងបង្កើត គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆបោកក្តី។
របាយការណ៍ស៊ើបអង្កេត និងការវិភាគពីស្ថាប័នអន្តរជាតិធំៗជាច្រើន បានបង្ហាញភស្តុតាងយ៉ាងច្បាស់ថា កម្សោយអភិបាលកិច្ច អំពើពុករលួយ គឺជាកត្តាជំរុញដ៏ចម្បងបំផុត ធ្វើឱ្យបណ្តាញឧក្រិដ្ឋជនឆបោកអាចរីកដុះដាល និងធ្វើឱ្យពលរដ្ឋងាយរងគ្រោះ។
របាយការណ៍ស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយឆ្នាំ២០២៥ រកឃើញថា ទីតាំងឆបោកធំៗភាគច្រើន គ្រប់គ្រងដោយបុគ្គលដែលមានទំនាក់ទំនងស្អិតល្មួតជាមួយមន្ត្រីជាន់ខ្ពស់។
កម្សោយអភិបាលកិច្ចក្នុងការចុះឆែកឆេរ និងការទទួលសំណូក ធ្វើឱ្យសមត្ថកិច្ចថ្នាក់ក្រោមមើលមិនឃើញបទល្មើសទាំងនេះ ទោះបីជាមានការប្ដឹងផ្ដល់ពីជនរងគ្រោះក៏ដោយ។
ការសិក្សារបស់គម្រោងរាយការណ៍ ស្តីពីឧក្រិដ្ឋកម្មនិងអំពើពុករលួយ(OCCRP) បានបង្ហាញភស្តុតាងពីការទិញសញ្ជាតិ និងការប្រើប្រាស់ខ្សែបណ្តាញដែលក្រុមឧក្រិដ្ឋជន និងមេខ្លោងឆបោកក្នុងស្រុក តែងតែប្រើប្រាស់លុយ ដែលបានមកពីការឆបោកទៅទិញតួនាទីងារឧកញ៉ា ឬកសាងបណ្តាញជាមួយអ្នកមានអំណាច។
របាយការណ៍សន្និដ្ឋានថា ប្រព័ន្ធអភិបាលកិច្ចដែលខ្វះតម្លាភាព ធ្វើឱ្យច្បាប់មិនអាចប៉ះពាល់ដល់អ្នកមានលុយ និងអ្នកមានខ្នងបង្អែក ដែលជាហេតុធ្វើឱ្យពលរដ្ឋស្លូតត្រង់ក្លាយជាផ្ទាំងស៊ីបងាយរងគ្រោះ ព្រោះពួកគេគ្មានយន្តការច្បាប់ណាមួយជួយការពារពិតប្រាកដ។
សរុបមក គ្រប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម និងរបាយការណ៍ស៊ើបអង្កេតអន្តរជាតិ សុទ្ធតែស្របគ្នាថា ពលរដ្ឋមិនមែនល្ងង់ខ្លៅនោះទេ ប៉ុន្តែប្រព័ន្ធអភិបាលកិច្ចខ្សោយ និងអំពើពុករលួយ បានបង្កើតជា«បរិស្ថានសុវត្ថិភាពសម្រាប់ក្រុមឆបោក» ដែលធ្វើឱ្យក្រុមឆបោកយកអ្នកមានអំណាចធ្វើជាខ្នងបង្អែក និងរូបភាពស្របច្បាប់ ទៅបោកប្រាស់ពលរដ្ឋយ៉ាងងាយស្រួល៕









