ក្រុម​ប្រឆាំង​អះ​អាង​​ទទួល​​បាន​លទ្ធ​ផល​​វិជ្ជ​មាន​ពី​ICC​​ ខណៈ​​​រដ្ឋាភិ​បាល​​​នៅ​​តែ​​ស្ងាត់​​តែ​មិន​​ស្ងៀម

ក្រុម​ប្រឆាំង​អះ​អាង​​​ពីកា​រ​ទទួល​​បាន​​លទ្ធ​ផល​​វិជ្ជ​មាន ​​ក្នុង​ការ​​ចូល​ផ្តល់​សក្ខី​កម្ម​​ដល់​តុលាការ​ឧក្រិដ្ឋ​អន្តរ​ជាតិ (ICC​) នៅ​ទីក្រុង​ឡាអេ​ ថ្មីៗ​នេះ ខណៈ​​រដ្ឋាភិ​បាល​​លោក​ ​ហ៊ុន ម៉ាណែត នៅ​តែ​​​​​​បន្ត​​ប្រកាន់​​យក​​អភិ​ក្រម​​ស្ងាត់​​តែ​​មិន​​ស្ងៀម ​ក្នុង​​ពេល​​ដែល​​ថៃ​នៅ​​តែ​​​បន្ត​រុល​ចូល​ធ្វើ​របង​ព្រំដែន រំលោភ​យក​ដី​ខ្មែរ​ឥត​ឈប់ ​​និង​​កំពុង​​សម្រុ​ក​​​សា​ង​សង់​សំណង់​​​រឹង​​​ផ្សេង​ៗ ​​នៅ​​​​លើ​​ដី​ខ្មែរ​ចំនួន ​៧៦​​ទីតាំង​​ក្តី។

លោក​​អ៊ុំ សំអាន ប្រធាន​​ស្ថាប័ន​កិច្ច​ការ​ព្រំដែន​ និង​​អន្តោ​ប្រវេស​ន៍​ នៃ​រដ្ឋាភិ​បាល​​កម្ពុជា​​ឯករាជ្យ​​២៣​​តុលា ​បាន​​ចាត់​​​ទុក​​ការ​​ចូល​ទៅផ្តល់​សក្ខីកម្ម​ដល់​​​​​​រដ្ឋអាជ្ញា​​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ ​ICC ​នៅ​ទីក្រុង​ឡាអេ​កាល​ពី​ថ្ងៃ​ទី​២៤ខែ​​សីហា​​​​ថា ថា​​ទទួល​បាន​លទ្ធផល​វិជ្ជមាន ប៉ុន្តែ​លោក​បាន​បដិ​សេធ​​មិន​ផ្តល់​ការ​អត្ថាធិ​ប្បាយ​លម្អិត​​ឡើយ​​​ ដោយ​ថ្លែង​ថា ជាកិច្ចការ​សម្ងាត់​របស់​តុលាការ។

លោកថា៖ «ដោយ​សារ​យើង​ប្រជុំ​គ្នា​មិន​បញ្ចេញ​​ព័ត៌មាន​​ទៅ​​ក្រៅនោះ​ទេ ​​អ៊ីចឹង​ខ្ញុំ​មិន​អាច​និយាយ​បាន​នោះ​ទេ ​ពី​ព្រោះ​​​វា​​ជា​កិច្ចការសម្ងាត់​របស់​​តុលាការ​​ យើង​មិន​អាច​និយាយ​ចេញទៅក្រៅ​ ​វា​អាច​​ខូច​​ប្រយោជន៍​ធំ​​ដំណើរ​ការ​ក្តី​នៅ​ ​ICC»។

យ៉ាងណាក្តី ​​អ្នក​ជំនាញ​កិច្ចការព្រំដែន​​​ពីបក្ស​ប្រឆាំង​រូប​នេះ​ ​​អះ​អាង​ថា ការ​ចូល​ទៅ​​ជួប​​​​រដ្ឋ​អាជ្ញា​តុលាការ​ឧក្រិដ្ឋ​កម្ម​​​អន្តរ​ជាតិ​ ​ទៅ​​តាម​​ការ​កោះ​​ហៅ ​គឺ​​​ទទួល​​បាន​​លទ្ធ​​ផល​​វិជ្ជ​មាន​ ដែល​​ជា​ក្តី​​សង្ឃឹម​​​សម្រាប់​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​​​រ​ង​គ្រោះ​​នៅ​​តាម​​បណ្តោយ​​ព្រំដែន។

លោកថា៖ «យើង​សង្ឃឹម​ថា ​ICC​ នឹង​​បើកការ​ស៊ើបអង្កេត និង​ចោទប្រកាន់ ​និងទទួល​បានលទ្ធផល​ល្អ​សម្រាប់​​ជន​រង​គ្រោះ​នៅប្រទេសកម្ពុជា។ ជាសរុបមក ​​គឺ​ថា យើង​ទទួល​បាន​លទ្ធផល​ជាវិជ្ជមាន​​គ្រាន់​តែ​អាច​​ជម្រាប​​បាន​​ប៉ុណ្ណឹង»។

បើ​តាម​លោក​អ៊ុំ សំអាន ​ក្នុង​ជំនួប​ជាមួយ​រដ្ឋអាជ្ញា ICC​ ក្រុម​របស់​លោក​ ​បាន​ដាក់​ភស្តុតាង​បន្ថែម ​មាន​ដូច​ជា​ ​​យោធា​ថៃ​ទម្លាក់​គ្រាប់​បែក​លើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ​និង​ប្រាសាទ​ព្រះ​វិហារ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​ផ្លូវ​​​ថ្នល់ ​ស្ពាន សាលារៀន​ មន្ទីរពេទ្យ ទម្លាក់​​គ្រាប់​បែក​​លើកាស៊ី​ណូ​​​សម្លាប់​ជន​ស៊ីវិល និង​​ថៃ​បាន​​ប្រើ​ប្រាស់​គ្រាប់​​បែក​​ចង្កោម ​ខណៈ​​គ្រាប់​បែក​​ចង្កោម​​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​អន្តរជាតិ​។ បន្ថែម​ពីនេះ​លោក​​ក៏បាន​ដាក់​របាយការណ៍​អ្នក​រាយការណ៍​ពិសេសអង្គការសហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ លោក ​ថម អេន​ឌ្រូ​ ដែល​​និយាយ​​ថា ​ជន​ភៀស​សឹក​កម្ពុជា​ជាង​ ​២ម៉ឺន​នាក់ ​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគាត់​វិញ​​បាន​ ​ដោយសារតែ​ផ្ទះ​របស់​ពួកគាត់​ត្រូវ​​បាន​គ្រប់គ្រង​ដោយ​យោធា​ថៃ ​​​និង​របាយការណ៍​អង្គការលីកាដូ​ដែល​​បង្ហាញថា យោ​ធាថៃបាន​បំផ្លិច​បំផ្លាញផ្ទះ​ពល​រដ្ឋ​ខ្មែរ​រាប់ពាន់​​​នៅ​ភូមិជោគជ័យ ​និង​ភូមិ​ព្រៃចាន់​​ជា​ដើម។

វីអូឌី មិន​អាច​ទាក់​ទង​លោក​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​​នេះ​បាន​ទេនៅ​ថ្ងៃទី​២៥​ខែ​សីហា​នេះ។

ប៉ុន្តែលោក​បាន​ថ្លែងក្នុងកម្មវិធីផ្សាយ​បន្តផ្ទាល់​​ថា រដ្ឋាភិបាល​កម្ពុជា​​ បាន​ប្រកាន់​យក​អភិក្រម​ស្ងាត់​តែ​មិន​ស្ងៀម​ ​ដោយ​ចាត់​ទុកកិច្ចការ​ពារអធិប​តេយ្យ​ភាព​ បូរណភាពទឹកដី ​និង​ប្រជាជន ​ជាអាទិភាព​ខ្ពស់​បំផុត និង​​ប្រកាន់​​ជំហរ​​​ដោះ​​ស្រាយ​​បញ្ហា​ព្រំដែន​ជាមួយ​ភាគីថៃ ​ដោយ​សន្តិវិធី ​តាម​រយៈ​ការ​ចរចាការទូត ​និង​ការ​​ប្រើ​ប្រាស់​យន្ត​ការ​ទ្វេ​ភាគី​​ដែល​​បាន​ព្រមព្រៀងគ្នា​ ​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរ​ជាតិ​។ នៅក្នុង​ដំណើរការនេះ​រដ្ឋាភិ​​បា​ល​បាន​​ប្រើប្រាស់​មធ្យោ​បាយ​​​ច្រើន​​យ៉ាង ​ដើម្បីការពារ​អធិប​តេយ្យ​​លើ​ទឹកដី​ ​​ដែល​កងកម្លាំង​ថៃ​កំពុង​​កាន់​​កាប់​​ដោយ​ខុសច្បាប់​។​

លោកថា៖ «ទី១ ការជំរុញឱ្យ​ភាគីថៃគោរព ​និងអនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​មាន​ចែង​​ក្នុង​សេចក្តីប្រកាសរួម​ចុះថ្ងៃទី​២៧ ​ខែធ្នូ ​ឆ្នាំ២០២៥ ជាពិសេស​ចំណុចទី​៣ ​ដែល​ភាគីទាំងពី​របាន​ឯកភាពគ្នា​ថា កិច្ច​ព្រម​ព្រៀង​ស្តីពី​​​បទ​ឈប់​​បាញ់នេះ ​មិន​ប៉ះពាល់​ដល់​ខ្សែព្រំដែន​អន្តរជាតិ​​រវាង​ប្រទេសទាំងពីរ​ឡើយ ​និងបាន​ព្រម​ព្រៀង​​​គ្នា​​ប្រគល់​​តួនាទី​​​ឱ្យ​គណៈ​ក​ម្ម​ការ​​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​​​គោក​ JBC ដើម្បី​​វាស់​​វែង​ខណ្ឌ​សីមា​ព្រំដែន​​អន្តរ​ជាតិ​​រវាង​​ប្រទេស​ទាំង​​ពីរ​ឱ្យ​​បាន​​ឆាប់​​បំផុត ​ដោយ​​ផ្តល់​​អាទិ​ភាព​​​ទៅ​លើ​​ទីតាំង​ដែល​មាន​​ប្រជា​ពល​រដ្ឋ​​ស៊ីវិល​​រស់​នៅ»។

​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើលកម្ពុជា លោក​ ម៉ែន ណាត បាន​​លើកទឹកចិត្ត​លោក អ៊ុំ សំអាន និង​​ក្រុម​ការងារ ដែល​​បាន​​ទៅ​ផ្តល់​សក្ខីកម្ម នៅ​តុលាការ​អន្តរជាតិ ICC ថា​ជា​ចំណែកមួយ​​នៃកិច្ចប្រឹងប្រែង​ដ៏ប្រពៃ នៅ​ក្នុងស្មារតី​​ការពារ​​​ជាតិ និងបូរណភាព​ទឹកដី​ខ្មែរ។

លោកថា៖ «ក្រុម​មួយ​នៃ​ជន​​រងគ្រោះកម្ពុជា​ ​នឹងបាន​ទៅ​រ៉ាយរ៉ាប់​រាយការណ៍​ប្រាប់​តុលាការ​អន្តរជាតិ​ថា ថៃ​​ជា​អ្នក​បង្ក​​សង្គ្រាម​​ឈ្លានពាន​​ធ្វើ​ឱ្យ​ពល​រដ្ឋ​ភៀស​សឹក​រាប់​ម៉ឺន​នាក់ ​បាត់​បង់​ផ្ទះ​ដីធ្លី​។​ ហើយ​យក​គ្រាប់​បែក​មក​​ទម្លាក់​​ក្នុង​ទឹក​ដី​ខ្មែរ ​ធ្វើ​ឱ្យ​ស្លាប់​ពល​រដ្ឋ​ស៊ីវិល​​ជាច្រើន ហើយ​នឹងមាន​ភស្តុតាង​ជាច្រើនទៀត​​បញ្ជាក់​ថា សៀម​​បង្ក​ការឈ្លាន​ពាន ​បង្ក​វិនាសសកម្ម​មក​លើ​ទឹកដីកម្ពុជា»។

សម្រាប់​​អ្នក​ជំនាញ​កិច្ចការព្រំដែន​រូប​នេះ ​​រឿង​ថៃឈ្លានពាន​កម្ពុជា​នេះ ​វាគួរ​ណាស់​តែ​រដ្ឋា​ភិបាល​​លោក​ហ៊ុន ម៉ាណែត ​ជាអ្នក​ប្តឹង ​​ពីព្រោះ​បើ​រដ្ឋាភិបាល​ជាអ្នក​​ប្តឹង ​រដ្ឋាភិបាល​មាន​ភស្តុ​តាង ​មាន​ទឡ្ហីករណ៍រឹងមាំ​ជាង​​ក្រុម​ការងារ​​របស់​​លោក​អ៊ុំ សំអាន ពីព្រោះ​រដ្ឋាភិបាល​​គឺ​ជា​អ្នក​ដឹកនាំ​ប្រទេស​​ ជាអ្នក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​​ច្បាប់ ​ចំពោះ​ជោគវាសនា​​របស់​ប្រទេសកម្ពុជា​។

ទន្ទឹម​នឹងការ​លើក​ទឹកចិត្ត​និងគាំទ្រ​ក្រុម​លោក​អ៊ុំ សំអាន ​ដែល​ហ៊ាន​ចេញ​មុខដាក់​ពាក្យ​ប្តឹងថៃ លោក​ម៉ែន ណាត ​ក៏​ចោទ​សួរ​ផង​ដែរអំពីមូល​​ហេតុ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ ​នៅ​​តែ​មិន​ទាន់​ដាក់​ពាក្យ​ប្តឹង​ថៃ​​នៅ​​ឡើយ​។

លោកថា៖ «​ក្នុង​នាម​យើង​ជាពល​រដ្ឋ​ខ្មែរ​​រងគ្រោះ ​មិន​សុខចិត្ត​ទៅនឹង​អំពើ​ឈ្លានពាន​របស់​ថៃ អ៊ីចឹង​ជន​រង​គ្រោះ​ខ្មែរ​​ក៏មាន​​សំឡេង​ ​​ដើម្បី​ប្តឹង​ការបង្កសង្គ្រាម​ឈ្លានពាន​ពីសំណាក់ថៃមកលើ​​កម្ពុជា​​ដែរ ប្តឹង​មេដឹក​នាំ​ថៃ ​ប្តឹង​មេយោ​ធា​ថៃ​​ដែល​​បង្ក​សង្គ្រាម​។ ​យ៉ាង​ហោច​ក៏មា​ន​​ទឹក​​ចិ​ត្ត​​ជាង​​រដ្ឋាភិ​បាល​​លោក​ហ៊ុន សែន ​លោក​ហ៊ុន ម៉ាណែត​ ដែល​​មក​​ដល់​​ពេល​​នេះ ​មិន​ទាន់​បាន​ដាក់ពាក្យ​បណ្តឹង​ស្អី ផ្លូវការ​ទៅកាន់​តុលា​ការ​អន្តរជាតិ​នៅ​ឡើយ​ទេ អាហ្នឹង​ហើយ​ដែល​យើង​ដាក់​ការសង្ស័យថា​​ ហេតុ​អ្វី​បាន​រដ្ឋាភិបាល​កម្ពុជា​នឹង​​ខ្សោយ​ ​រហូត​​គ្មាន​​ជំហររឹងមាំ​​ទប់​ស្កាត់​ថៃ​​ឈ្លានពាន​​»

សម្រាប់​លោក​ម៉ែន ណាត​ ​ដើម្បីទាមទារទឹកដីពីថៃមក​វិញបាន រដ្ឋាភិបាល​​លោ​ហ៊ុន ម៉ាណែត​​យ៉ាង​ហោច​ណាស់​​ត្រូវ​មាន​​​យន្ត​ការ​​ចំនួន​៤ ក្នុង​​នោះ ​​​ទី១​​គឺ​​ត្រូវ​​ដាក់​​កម្លាំង​​ទប់​ស្កាត់​នៅលើ​ដី​ជាក់​ស្តែង​ ទី២​ត្រូវ​​ដាក់​សម្ពាធ​​ថៃ​​ជាអន្តរ​ជាតិ​​ក្នុង​​កម្រិត​ខ្ពស់​បំផុត ទី៣​ត្រូវ​តែប្តឹងថៃ​ទៅ​តុលា​ការអន្តរជាតិ​​ICC និង ​ICJ និង​ទី​៤​ត្រូវ​​ពង្រឹង​ការ​ឯកភាព​​ផ្ទៃក្នុងជាតិ​ ដោយ​ដោះ​លែង​អ្នក​ទោស​មនសិការទាំងអស់ ​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ខ្លាំង ​អាច​​ឈាន​​ទៅធ្វើ​ទំនើប​កម្ម​វិស័យ​យោធា​​ឱ្យ​​​រឹងមាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ