អ៊ីរ៉ង់ បាននិយាយថា ខ្លួនបានចាប់ផ្តើមការចរចាឡើងវិញជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈដែលខ្លួនប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
ប្រទេសទាំងពីរ បានជជែកគ្នាយ៉ាងសកម្មអំពីការគ្រប់គ្រងចរាចរណ៍តាមផ្លូវទឹកដ៏មានយុទ្ធសាស្ត្រនេះ ដែលបានដឹកមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក មុនពេលសង្គ្រាមបានចាប់ផ្តើមនៅខែកុម្ភៈ។ ការដឹកជញ្ជូនភាគច្រើនត្រូវបានបិទចាប់តាំងពីពេលនោះមក។
កាលពីថ្ងៃអង្គារ ប្រទេសទាំងពីរ បាននិយាយថា ពួកគេបានពិភាក្សាអំពី “ច្រករបៀងបណ្តោះអាសន្ន” ហើយបានព្រមព្រៀងគ្នាក្នុងការបោសសម្អាតមីន ខណៈលោក ត្រាំ បានរំលឹកថា មីនទាំងអស់ត្រូវបានបោសសម្អាតរួចរាល់ហើយ។
ទោះបីជាការវាយប្រហារគ្នាយ៉ាងសកម្មបានស្ងប់ស្ងាត់ទៅវិញ កិច្ចខិតខំប្រឹងប្រែងសន្តិភាពបានជាប់គាំង ហើយផ្លូវទឹកនេះនៅតែមានគ្រោះថ្នាក់។ អង្គការ UKMTO បាននិយាយថា នាវាដឹកប្រេងមួយគ្រឿងត្រូវបានវាយប្រហារកាលពីថ្ងៃអង្គារ នៅជិតមាត់ច្រកសមុទ្រ។
ដោយឡែក ភ្នាក់ងារសម្ងាត់អាមេរិក បាននិយាយថា ខ្លួនបានដឹងអំពីវីដេអូរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលពិភាក្សាអំពីផែនការធ្វើឃាត Barron Trump (កូនប្រុសពៅរបស់លោក ត្រាំ) ដោយចោទប្រកាន់ថាមានប្រាក់រង្វាន់ ១០ លានដុល្លារ។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមបញ្ជូនមន្ត្រីត្រឡប់ទៅបំពេញបេសកកម្មការទូតមួយចំនួននៅមជ្ឈិមបូព៌ាវិញ ដែលបង្ហាញថា វ៉ាស៊ីនតោនមើលឃើញថាមានហានិភ័យទាបនៃជម្លោះដែលនឹងកើនឡើងក្នុងពេលឆាប់ៗ។
នៅដើមសប្តាហ៍នេះ អាមេរិកបានគំរាមដាក់ទោសប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនទាន់អនុវត្តភ្លាមៗទេ។ តម្លៃប្រេងបានធ្លាក់ចុះ ខណៈអ៊ីរ៉ង់ថ្កោលទោសទណ្ឌកម្មនេះថាជាអំពើ “រំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ” ហើយជឿជាក់ថា ប្រទេសជាច្រើននឹងមិនចូលរួមឡើយ។
យោងតាមការស្ទង់មតិ Reuters/Ipsos ការគាំទ្រសង្គ្រាម និងប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅមុនការបោះឆ្នោតសភាខែវិច្ឆិកា។
មនុស្សរាប់ពាន់នាក់បានស្លាប់ក្នុងជម្លោះនេះ (ភាគច្រើននៅអ៊ីរ៉ង់ និងលីបង់) ខណៈអាមេរិក និងអ៊ីស្រាអែលបានកម្ទេចសមត្ថភាពយោធាប្រពៃណីភាគច្រើនរបស់អ៊ីរ៉ង់។ ប៉ុន្តែស្ថានភាពពិតប្រាកដនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែមិនទាន់ដឹងនៅឡើយ៕









