នៅពេលការបោះឆ្នោតកាន់តែខិតជិតមកដល់ យុវជនមកពីគណបក្សនយោបាយទាំង៥ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយដោយទទូចស្នើឱ្យមានការបន្ត និងពន្លឿនកិច្ចសន្ទនា ចងសម្ព័ន្ធភាពជាក់ស្តែង និងស្វែងរកចំណុចរួមក្រោមស្មារតីបើកចំហរ ដើម្បីផលប្រយោជន៍ជាតិជាធំ។
ពួកគេជឿជាក់ថា ការបង្រួបបង្រួមដ៏មាននិរន្តរភាព គឺកើតចេញពីការយល់ និងគោរពគ្នាទៅវិញទៅមក លើចំណុចដែលអាចសហការបាន មិនមែនជាការលុបបំបាត់ភាពខុសគ្នានោះឡើយ។
សេចក្ដីថ្លែងការណ៍រួមរបស់យុវជនទាំង៥គណបក្ស រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សប្រជាធិបតេយ្យជឿនជឿន និងគណបក្សកែទម្រង់ជាតិ កាលពីថ្ងៃទី២៣ ខែសីហា សង្ឃឹមថា ស្មារតីនៃកិច្ចពិភាក្សារបស់យុវជននាពេលនេះ នឹងក្លាយជាកម្លាំងជំរុញបន្ថែមទៀត សម្រាប់ថ្នាក់ដឹកនាំគណបក្សពាក់ព័ន្ធ ក្នុងការបន្តសន្ទនាដោយបើកចំហ និងឈានទៅការបង្រួបបង្រួមដែលអាចបង្កើតបានផ្លែផ្កាជាក់ស្តែង និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។
តំណាងយុវជនមួយរូបមកពីគណបក្សភ្លើងទៀន និងជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តតាកែវ លោក ឃុត វណ្ណី ប្រាប់វីអូឌីនៅថ្ងៃទី២៦ ខែសីហា ថា ក្នុងកិច្ចប្រជុំយុវជននយោបាយ ដែលរៀបចំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគណបក្សចំនួន៧ចូលរួម និងជជែកដេញដោលគ្នាប្រកបដោយភាតរភាព និងការផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែមានតែគណបក្សចំនួន៥ បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយ។
លោកយល់ថា រូបភាពនេះ គឺជាផ្លូវមួយសម្រាប់យុវជននៅក្នុងគណបក្សនយោបាយ ក៏ដូចជាយុវជនមាននិន្នាការនយោបាយផ្សេងៗគ្នា អាចមកអង្គុយតុជាមួយគ្នាដើម្បីជជែកពីបំណង និងការចូលរួមចំណែកនៃកម្លាំងស្នូល សម្រាប់ការកសាងជាតិឲ្យកាន់តែរីកចម្រើន តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម។
លោក ឃុត វន្នី និយាយថា៖ «ក្នុងនាមខ្ញុំជាតំណាងមកពីគណបក្សភ្លើងទៀន យើងខ្ញុំមិនមែនត្រឹមតែចង់បានការធ្វើការ ឬក៏ការរួបរួមគ្នា តែក្នុងរូបភាព ឬក្នុងកម្រិតយុវជនរបស់គណបក្សនោះទេ។ យើងខ្ញុំជាយុវជនចង់ឱ្យថ្នាក់ដឹកនាំរបស់គណបក្សនៅក្នុងសម្ព័ន្ធភាព ក៏ដូចជាគណបក្សនៅក្រៅរដ្ឋាភិបាលដែលជាគណបក្សជំទាស់ សូមឱ្យថ្នាក់ដឹកនាំគ្រប់រូបរបស់គណបក្ស គឺពន្លឿននៃការជួបជជែកគ្នាដើម្បីរកផ្លូវ ដើម្បីរកនីតិវិធីចងសម្ព័ន្ធភាពឱ្យបានកាន់តែលឿន លឿនបំផុតគឺឱ្យលឿនមុននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ នៅឆ្នាំ២០២៧ ខាងមុខនេះ»។
សម្រាប់យុវជនរូបនេះ លោកពិតជាចង់បាននូវការចងសម្ព័ន្ធភាពលើក្រដាសផ្លូវការ ហើយធ្វើការរួមគ្នាទាំងសកម្មភាព ទាំងយុទ្ធសាស្ត្រ និងរៀបចំបញ្ជីរួមមួយ ដើម្បីចុះបញ្ជីឈ្មោះគណបក្សនយោបាយថ្មីមួយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ ខាងមុខនេះ។ យ៉ាងណា លោកថា យុវជនគ្រាន់តែជាសំឡេងមួយក្នុងការបន្តវេនពីថ្នាក់ដឹកនាំ។ ដូច្នេះលោកថា ពេលបច្ចុប្បន្ន ពួកលោកពុំមានសិទ្ធិសម្រេចអ្វីជាផ្លូវការជំនួសថ្នាក់ដឹកនាំ ឬក៏ជំនួសគណបក្សបាននោះទេ។ ប៉ុន្តែអ្វីដែលពួកលោកអាចសម្រេចក្នុងនាមយុវជន គឺនឹងចាប់ផ្តើមធ្វើសកម្មភាពនយោបាយជាមួយគ្នា ទោះបីជានីតិវិធី ឬក៏ការចងសម្ព័ន្ធភាពផ្លូវការមិនទាន់បានធ្វើនៅឡើយ។
ទាក់ទងនឹងការប្ដេជ្ញាចិត្តរបស់យុវជនពីគណបក្សក្រៅរដ្ឋាភិបាលនេះ អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រសារជំរុញការឯកភាពជាតិរបស់ពួកគេ ប៉ុន្តែលោកព្រមានថា បើការប្រមូលយុវជនតាមបក្ស ហើយបណ្តុះឱ្យស្អប់គ្នា ឬរិះគន់ និងប្រមាថយុវជនដែលមាននិន្នាការនយោបាយផ្សេងគ្នា អាចបង្កការបែកបាក់ជាតិកាន់តែខ្លាំង។
លោកជំរុញឱ្យអ្នកនយោបាយធ្វើតាមការសន្យា ដោយគួរបម្លែងការអំពាវនាវឱ្យមានឯកភាព ទៅជាសកម្មភាពជាក់ស្តែង តាមរយៈការគោរព សន្ទនា និងការយល់គ្នារវាងយុវជនគ្រប់និន្នាការ។ លោកសង្កត់ធ្ងន់ថា ការឯកភាពជាតិមិនអាចកើតឡើងត្រឹមតែពាក្យអំពាវនាវទេ ខណៈការបែងចែកយុវជនតាមបក្ស និងការប្រមាថគ្នា អាចក្លាយជាមរតកនៃការបែកបាក់សម្រាប់ជំនាន់ក្រោយកាន់តែធ្ងន់ធ្ងរ។
លោក មាស នី ថ្លែងថា៖ «ហើយការចែកយុវជនឱ្យមានការរើសអើងគ្នារវាងបក្សមួយទៅបក្សមួយនេះ វាជាបច្ច័យអាក្រក់មួយ សម្រាប់កម្ពុជាយើងរយៈពេលវែង ព្រោះអីការបើគ្រាន់តែការបែកបាក់គ្នាស្ថិតក្នុងចំណោមចាស់ៗ ក្នុងសម័យនេះវាអត់អីទេណា៎ ប៉ុន្តែបើយើងបង្កឱ្យមានការបែកបាក់គ្នា រវាងយុវជននិងយុវជន បានន័យថា ការបែកបាក់ជាតិខ្មែរហ្នឹង នឹងមានបន្តទៅច្រើនជំនាន់ទៅខាងក្រោយទៀត ហើយវាអាចនឹងឈានទៅដល់ គឺថានៅបែកបាក់ទល់តែរលាយរលត់ខ្លួនឯងហ្នឹងបានចែកផ្លូវគ្នារស់រៀងខ្លួន ដូចកម្ពុជាក្រោម ដូចសុរិន្ទ អញ្ចឹងបាទ»។
ចំណែកអតីតប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន បានបង្ហាញក្ដីរីករាយជុំវិញជំហររបស់យុវជនតំណាងបក្សក្រៅរដ្ឋាភិបាលទាំង៥ ក្នុងការរួបរួមគ្នា។ លោកថា សង្គមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសកំពុងឈរនៅលើមាត់ជ្រោះនៃការបែកបាក់យ៉ាងគ្រោះថ្នាក់បំផុត ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរមួយកើតចេញពីប្រវត្តិសាស្ត្រសង្គ្រាមដ៏ជូរចត់ ការឈ្លានពាន និងការជ្រៀតជ្រែកពីឥទ្ធិពលបរទេស ក៏ដូចជាការខ្វះខាតសីលធម៌ និងការគិតគូរពីប្រយោជន៍រួមរបស់សង្គម។ លោកបន្តថា នេះជាពេលវេលាដែលត្រូវតែរួបរួមគ្នាកសាងប្រទេសឱ្យរុងរឿងឡើងវិញ។
យ៉ាងណា លោកមើលឃើញថា ខ្មែរនៅប្រទេសបារាំងទាំងយុវជន និងចាស់ៗដែលមានកម្លាំងមាំមួន ហាក់មិនសូវចាប់អារម្មណ៍នឹងចូលរួមក្នុងសង្គមនយោបាយ បម្រើការងារនៅភូមិឃុំសង្កាត់ ដែលបង្ហាញពីស្មារតីសាមគ្គីគ្នា និងជំរុញឱ្យមានការជួយដល់សហគមន៍ខ្មែរនៅក្រៅប្រទេសនោះទេ។ លោកយល់ថា ការមិនអើពើលើការងារសង្គម ឬនយោបាយវានឹងធ្វើឱ្យខ្មែរនៅលើពិភពលោកចុះខ្សោយ។ ប៉ុន្តែលោកអះអាងថា នឹងបន្តប្ដេជ្ញាកៀរគរខ្មែរនៅបារាំងឱ្យចូលសកម្មការងារសង្គម និងនយោបាយបន្ថែមទៀត។
លោក មឿង សុន ថ្លែងថា៖ «ឯចំពោះរូបខ្ញុំហ្នឹងនៅក្រៅប្រទេសក៏អញ្ចឹងដែរ គឺយើងរួបរួមគ្នា គឺផ្ដោតទៅលើឱ្យយុវជនចាប់អារម្មណ៍ទៅលើចូលរួមការងារក្នុងសង្គម និងនយោបាយនៅប្រទេសគេ ព្រោះយុវជនបើកាលណាបានចូលទៅក្នុងសង្គមនយោបាយប្រទេសគេ គឺមិនមែនតែលើកកម្ពស់នូវកិត្តិយសដល់ជនជាតិសាសន៍យើង ដែលរស់នៅក្រៅប្រទេសនោះទេ គឺលើកកម្ពស់ដល់វប្បធម៌ អារ្យធម៌ ជួយដល់ប្រទេសជាតិយើង ដូចដែលយើងឃើញហើយ ប្រទេសខ្លះដែលមានមេដឹកនាំនៅក្នុងជួរនយោបាយជាថ្នាក់ដឹកនាំ ចេះតែគិតគូរដល់ប្រទេសជាតិគេជានិច្ច និងប្រជាពលរដ្ឋគេបាទ»។
លើសពីការប្ដេជ្ញាចិត្តរបស់តំណាងយុវជនទាំង៥គណបក្សនេះ ពួកគេក៏បើកចំហគ្រប់គណបក្សក្រៅរដ្ឋាភិបាល ព្រមទាំងយុវជនដែលមាននិន្នាការផ្សេងៗទៀត ឱ្យចូលរួមនៅក្នុងវិស័យនយោបាយទៅតាមឆន្ទៈ និងការយល់ឃើញ និងការស្រឡាញ់គណបក្សរៀងៗខ្លួន។ ពួកគេបញ្ជាក់ថា ការចូលរួមនយោបាយនេះ គឺមិនមែនដើម្បីទៅផ្ដួលរលំ បង្កាច់កេរ្តិ៍ឈ្មោះ ឬធ្វើអ្វីមួយប៉ះពាល់ដល់សិទ្ធិគណបក្សនយោបាយ ឬសិទ្ធិបុគ្គលណាទេ គឺពួកគេចូលរួមនយោបាយ ដើម្បីសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ ក្នុងការកសាងជាតិ និងសម្រាប់ពលរដ្ឋខ្មែរទាំងមូល៕









