មេដឹក​នាំ​ថៃ​ជាន់​ដី​ខ្មែរ​នៅ​អាន​សេះ​រង​ការ​រិះ​គន់​ថា​ជា​អសមត្ថ​​ភាព​​មេដឹក​នាំ​ខ្មែរ​ក្នុង​​បុ​ព្វ​​ហេតុ​​ការ​​ពារ​​ទឹក​​ដី

ការ​តវ៉ា​ប្រឆាំង​នឹង​វត្ត​​មា​ន​​មេដឹក​​​នាំ​​ថៃ មក​​ជាន់​​​ដី​​ខ្មែរ​នៅ​​តំបន់​​អាន​​សេះ ក្នុង​​ខេត្ត​​ព្រះ​​វិហារ​ ជា​​ថ្មី​​​ទៀត ពី​សំ​ណា​ក់​​​​រដ្ឋាភិ​​បាល​​លោក ហ៊ុន ម៉ាណែត ត្រូវ​​បាន​​ក្រុម​​អ្នក​​តាម​​ដាន​​ចាត់​​ទុក​​ថា ជា​​ការ​​បញ្ជាក់​​កាន់​​តែ​​ច្បាស់​ថា​​មេដឹក​នាំ​​​បក្ស​​​កាន់​​​អំណាច គ្មាន​​សមត្ថ​​ភាព ​ទប់​​ស្កាត់​​សត្រូវ​​ឈ្លាន​​ពាន​។

​ការណ៍នេះ ពួក​គេបន្តក្រើនរំឭក​រដ្ឋាភិ​បាល ចាំបាច់​​ត្រូវ​​​រុញ​​សំណុំ​​រឿង​ព្រំដែន ទៅ​​កាន់​​តុលាការ​​អន្តរ​​ជាតិ​(ICJ)​ឱ្យ​បាន​​លឿន​​បំផុត ទើប​អាច​ទប់​ស្កាត់​សត្រូវ​ឈ្លាន​ពាន​បាន និង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​បាន។

ការ​លើកឡើង​របស់​អ្នកឃ្លាំ​មើល បានធ្វើឡើង​ស្របពេល​ដែល​​ក្រសួង​​ការ​បរទេស​​កម្ពុជា នៅ​​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​​២០២៦​​​នេះ ​បា​ន​ផ្សព្វផ្សា​យ​​នូវ​​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​​​​មួយ តវ៉ា​យ៉ាង​ខ្លាំង​​ចំពោះដំណើរទស្ស​ន​កិច្ច​​គ្មាន​ការ​​អនុញ្ញាត​​របស់​​​នាយករដ្ឋ​មន្ត្រី​ថៃ ​លោក ​អានុទីន ឆាន់​វីរៈគុល ដែល​បាន​​​ទៅ​កាន់​តំបន់​​អាន​សេះ ​ក្នុង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ កាល​ពី​ថ្ងៃ​ទី​​២៣ ខែ​សីហា ឆ្នាំ​២០២៦។

កម្ពុជាចាត់ទុក​​ដំណើរទស្សនកិច្ច​ដែលគ្មានការ​​អនុញ្ញាតនេះថា ​​ជា​កា​រប៉ុនប៉ងដោយ​ចេតនា ក្នុង​ការ​​ទាម​ទារ​​ដែន​ដី​​​​អធិប​តេយ្យ​​របស់​​កម្ពុជា ដោយ​​ខុស​​ច្បាប់​​ ខណៈ​​តំបន់​​នោះ​​​ត្រូ​​វបាន​​កង​​​កម្លាំង​ប្រដាប់​អាវុធ​កាន់​កាប់​ចាប់​តាំងពីឆ្នាំ​មុនមក។​

ក្រសួង​បន្តថា ដំណើរទស្សនកិច្ច​នេះ គឺ​ស្មើ​នឹង​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ដែនដីអធិប​តេយ្យ​របស់​កម្ពុជា ដូចដែលបានកំណត់​ និងខណ្ឌសីមា​ដោយផែនទី​ខ្នាត​១លើ២០០ពាន់ (១:២០០,០០០) ដែល​ផលិត​ដោយ​​គណៈ​កម្មការ​កំណត់​​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម និង​រំលោភ​សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរបស់គណៈកម្មាធិការ​ព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៦ ដែល​បាន​ហាម​ឃាត់​នូវ​សកម្ម​ភាព​​បង្ក​​ហេតុ​​ដែល​​អាច​បង្កើន​ភាព​តាន​តឹង​នៅ​​តាម​បណ្តោយ​ព្រំដែន។

ករណីនេះ រដ្ឋាភិបាល​កម្ពុជា បាន​ទាមទារឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​បែបនេះ ​នៅក្នុង​តំបន់​​អាន​សេះ និង​តំបន់​​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ ​កាន់កាប់​ដោយ​ខុស​ច្បាប់ ​តាំ​ងពី​ឆ្នាំ​មុន ដើម្បីបន្ធូរ​​បន្ថយ​​ស្ថានការណ៍ និងសម្រួល​ដល់កា​រដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្តិវិធី សំដៅស្តារ​សន្តិភាព ស្ថិរភាព និងទំនាក់ទំនង​ភាព​ជា​​អ្នកជិត​ខាង​ល្អ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ។

ហើយកម្ពុជា​នៅតែ​រក្សា​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​រាល់​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ក៏ដូចជា​ជាមួយ​ប្រទេស​​ជិត​ខាង​​ទាំង​អស់​ដោយសន្តិវិធី​ ស្របតាម​ច្បាប់​​អន្តរ​ជាតិ និងកិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​ថា ខ្សែបន្ទាត់ព្រំដែន​មិនត្រូវ​ផ្លាស់ប្តូរ​ដោយ​កម្លាំង​នោះឡើយ។

លើសពីនេះ ក្នុង​កម្មវិធីផ្សាយបន្តផ្ទាល់ ​ស្តីពី បច្ចុប្បន្នភាព​បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ ​ លោក ​ប៉ែន ប៉ូណា​​ អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា បានលើកឡើង​ពីខ្លឹមសារ​នៃ​​​លិខិត​​តវ៉ា​នោះដែរថា កម្ពុជា មិន​ទទួលស្គាល់ជា​ដាច់​​ខាត​នូវ​ខ្សែបន្ទាត់​ព្រំដែនពង្រីក​ដោយយោធាថៃ។​ ហើយ​​ថា ដំណើរ​​ទស្សន​កិច្ច​​របស់​នាយក​​រដ្ឋ​មន្ត្រី​​ថៃ​ មិន​​ប៉ះ​ពាល់​​​សិទ្ធិ​​ស្រប​​ច្បាប់ ឬ​​ជំហរ​របស់​​កម្ពុជា​ ទាក់ទ​ង​​នឹង​​ព្រំដែន​អន្តរ​ជាតិ​​របស់​ខ្លួន​​​ឡើយ។

លោកថា៖ «ដូច្នេះ​កា​រកាន់កាប់​ដោយ​ខុសច្បាប់​លើ​ដែន​ដីអធិបតេយ្យ​របស់​កម្ពុជា មិន​អាច​ធ្វើ​ឱ្យ​មានភាព​ស្រប​ច្បាប់​ តាមរយៈការ​ធ្វើទស្សនកិច្ច​របស់​នាយករដ្ឋ​មន្ត្រី​ថៃ​នេះ​បានឡើយ»

ជុំវិញ​​រឿង​នេះ​ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ​លោក ម៉ែន ណាត​ សង្កេតឃើញថា ការចេញលិខិតតវ៉ាជាថ្មី​ទៀត​របស់​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត នេះប​ញ្ជាក់​កាន់​តែ​ច្បាស់​ពី​កម្សោយ​ការ​ពារ​ទឹក​ដី ទាំង​បែប​បទ​រដ្ឋ​បាល និង​វិធាន​ការ​ពារ​បូរណ​ភាព​លើ​ដី​ជាក់​ស្តែង។

លោកលើកឡើងថា បើទោះ​​​បី​ជា​​​​ថៃ​​បាន​​ប្រើប្រាស់​គ្រប់មធ្យោបាយ ​ក្នុង​​ការ​ឈ្លាន​​ពាន​ដែន​អធិប​តេយ្យ​​ភាព​​កម្ពុជា​​ដល់​​​ជាង ៧០​ទីតាំង រហូត​​ដល់​ថ្មីៗ​នេះ ​​នាយក​រដ្ឋមន្ត្រី​ថៃ ​ធ្វើ​​ទស្សនកិច្ច​ក្នុង​ទឹកដីកម្ពុជា​ដោយ​គ្មាន​ការ​​អនុញ្ញាត​​នេះ​​​ ក៏​​​រដ្ឋាភិ​បាល​​កម្ពុជា​មិន​ហ៊ាន​ប្រតិកម្ម​ខ្លាំង​ ឬក៏​មាន​​យុទ្ធ​សាស្ត្រ​អ្វី​ថ្មី​ដើម្បីការ​ពារ​ជាតិ ការ​ពារ​​ទឹកដីដែរ​ ។

សម្រាប់​លោក ម៉ែន ណាត ក្រៅតែ​​​ពី​​បង្ហាញ​​ភាព​​ទន់​ភ្លន់ ​តាម​រយៈកា​​រចេ​ញ​​តែ​កំណត់​ទូត​តវ៉ា​​​​​​​​​ជា​​ហូរ​​ហែប្រមាណ​ជា​​១ពាន់​​លើក​ និង​ជំរុញ​​​​​ឱ្យ​​ថៃ​ចូល​តុចរចា​ទ្វេភាគី និងគោរពកិច្ច​ព្រមព្រៀង តែ​ចំពោះ​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​វិញ ទាំង​​លោក ហ៊ុន ម៉ាណែត និង​លោក​ ហ៊ុន​ សែន បែរជា​ប្រើយុទ្ធសាស្ត្រ​ងើប​មួយ​វៃមួយ​ និង​ចាប់អ្នក​ដែលបញ្ចេញមតិ​ដាក់ពន្ធនាគារ​​ទាំង​អយុត្តិធម៌​ទៅវិញ។

លោក​បន្តថា កា​រត្រឹម​ចេញ​លិខិត​តវ៉ា​ការទូត ដែលថៃ​​មិន​ដែលស្តាប់​ ឬ​អើពើ​​នេះ វា​​បាន​​បង្ហាញ​​ពី​​ភាព​ទន់​ជ្រាយ​ និង​​​​អសមត្ថ​​ភាព​ក្នុងកា​​រ​ការ​ពារ​​ទឹក​ដី​​​​របស់​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ទៅ​​កាន់​ប្រទេស​​ដែល​ឈ្លាន​ពាន​​កម្ពុជា​ប៉ុណ្ណោះ វា​​មិន​​មែន​ជា​​យ​ន្តកា​រ​​ដោះ​ស្រាយ​​បញ្ហា​​ព្រំដែន​​ដែល​​មានប្រសិទ្ធភាព​នោះទេ។

លោកថា៖ «​អ្វីដែលជា​អាទិភាព​ផ្លូវ​ច្បាប់​អន្តរជាតិហ្នឹង ​អត់ព្រមធ្វើទេ ដូចជា អាទិភាព​យើង​ត្រូវ​​ប្រើ​សិទ្ធិ​ការ​ពារ​​ខ្លួន​ស្រប​ច្បាប់​អន្តរ​ជាតិ​​ ប្រឆាំង​ថៃ។ អ្វីដែល​យន្តកា​រការទូត​អន្តរ​ជាតិ ដែល​ធ្វើ​យ៉ាងណា​ឱ្យមានប្រសិទ្ធ​ភាព​ កម្ពុជា​ត្រូវ​ធ្វើ​អីខ្លះហ្នឹង ​អត់ធ្វើទេ[…]​ វា​ហាក់​បង្ហាញ​ភាពទន់ខ្សោយ​ទន់ជ្រាយទៅកាន់ពួកឈ្លាន​ពាន​ចឹង[…]​ បើយើង​ធៀប​អ្វីដែល​​សៀមកំពុង​​​ឈ្លាន​ពាន​កម្ពុជា​​​សព្វ​ថ្ងៃ ហើយ​រដ្ឋាភិបាល​កម្ពុជាទប់ស្កាត់​សៀម​ឈ្លានពាន​មិន​បាន​ផង​ហ្នឹង តែ​ទប់​ស្កាត់​ខ្មែរ​​គ្នាឯង​បាន ចឹង​បានន័យថា ការ​បង្ក្រាប​ខ្មែរ​គ្នា​ឯង​ហ្នឹង មិន​មែន​ដើម្បី​ប្រយោជន៍​​ជាតិ​ទេ គឺ​​ដើម្បី​ប្រយោជន៍​អំណាច​ ខ្លាច​បាត់​បង់​អំណាច​»។  

លោ​ក ម៉ែន ណាត​ បន្តថា បើ​រដ្ឋាភិបាល​កម្ពុជា នៅ​បង្ហាញភាព​ទន់​ខ្សោយ​ក្នុងកា​រដឹកនាំ ហើយ​បណ្តែត​បណ្តោយ​​​ឱ្យ​ប្រទេស​​ជិត​ខាងឈ្លាន​ពានទឹកដី​​​តាម​ទំនើង​ចិត្ត​បែបនេះ នោះ​​ទឹកដីកម្ពុជា​នឹង​បន្ត​បាត់​បង់​បន្ថែ​ម​ទៀត ហើយ​អាច​​នឹង​​បាត់​ចេញពីផែនទី​ពិភពលោក​ផងដែរ។

ដូច្នេះ​ដើម្បីទប់ស្កាត់​ការឈ្លាន​ពាន​របស់​ថៃ​បាន លោកថា កម្ពុជា​ត្រូវ​ប្តឹង​ថៃទៅតុលាការ​អន្តរ​ជាតិ ដំឡើង​កម្រិ​ត​​ការ​​ទូត​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​បំផុត​ ប្រើសិទ្ធិការ​ពារ​ខ្លួនទប់ទល់នឹង​ថៃ​ឈ្លាន​ពាន​ទឹក​ដីជាក់ស្តែង​ស្រ​ប​តាម​ច្បាប់​អន្តរ​ជាតិ​ និង​ត្រូវ​តែ​ស្តារ​ប្រជាធិបតេយ្យ​ ការ​ឯកភាពជាតិ​ ផ្សះផ្សា​ជាតិ​​ ស្រប​​តាម​ស្មារតី​រដ្ឋធម្ម​នុញ ព្រមទាំង​ធ្វើទំនើប​កម្ម​វិស័យ​​យោធា ពង្រឹ​ងសេដ្ឋកិច្ច​ វិនយោគ និង​ទេសចរណ៍ជា​ដើម ដើម្បីបង្ហា​ញ​ថា​ខ្មែរ​​ខ្លាំង។ 

ចំណែក លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង យល់​ឃើញ​ដូចទៅ​នឹង​លោក​ម៉ែន ណាត​ ដែរ​ថា ការ​​ដែល​​នាយក​​រដ្ឋមន្ត្រីថៃ ហ៊ាន​​មកជាន់ទឹកដីកម្ពុជានៅ​តំបន់​​អាន​​សេះ ដែល​យោធា​​ថៃ​​កំពុង​​កាន់​កាប់​ខុស​​ច្បាប់​​នេះ វា​បង្ហាញ​​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​​ ដែល​មិន​កា​រពារ​ទឹកដី និង​មិន​អាច​​ទាម​ទារ​​ទឹក​ដី​​​​មក​វិញ​​បាន​ទេ ដូច្នេះ​មានការ​​ប្តឹង​ថៃ​ទៅកាន់តុលាការ​យុត្តិធម៌​​អន្តរជាតិ និង​ប្រើ​យន្តការ​ច្បាប់​​អន្តរជាតិ ទើបអាច​ការ​ពារ​​បូរណ​ភាព​​ទឹកដី​កម្ពុជា​បាន។

លោកបន្តថា៖ «ចំណាត់ការ​ក្រៅពីកា​រចេញលិខិត​​តវ៉ា​ទៅថៃ​នេះ ហើយ​និងកា​រប៉ះពាល់​ទៅ​ដល់​ដែនអ​ធិប​តេយ្យ​របស់​​​កម្ពុជា​​នេះ គឺ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត មិន​ត្រូវ​គ្រាន់តែ​ចេញ​លិខិត​តវ៉ាតែប៉ុណ្ណោះ​ឯង​​នោះ​ទេ ត្រូវ​ធ្វើម៉េច​ប្រញាប់​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃ​ទៅកាន់​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​​ឆ្នាំ​៩១ ប្តឹង​ថៃ​ទៅកាន់​តុលាកា​រព្រហ្ម​ទណ្ឌ​អន្តរជាតិ​​ ICC អាហ្នឹង​ទើបអាច​ទាមទារ​ទឹកដីបានមក​វិញ បើ​សិន​​ជា​​នៅតែ​ចេញលិខិត​តវ៉ា​ហ្នឹង ថៃ​​មិន​ឈឺក្បាលវិលមុខ​នោះទេ ហើយ​ថៃ​ក៏មិនស្តាប់នោះដែរ»។

អ្នកនយោបាយ​ដែល​មានជំនាញកិច្ចការ​ព្រំដែនរូប​​នេះ ក៏បាន​រិះគន់​ដែរថា បើទោះថៃ​ឈ្លាន​ពាន​ទឹកដីកម្ពុជា​​ដល់​ទៅ​ជាង ៧០ទីតាំង និង​បន្ត​ឈ្លាន​ពាន​បន្ថែមទៀត​តាម​ទំនើង​ចិត្ត​ក៏ដោយ ក៏​លោក ហ៊ុន ម៉ាណែត និង​​លោក ហ៊ុន សែន មិន​ហ៊ាន​ប្រើ​ប្រាស់ច្បាប់​អន្តរ​ជាតិ​ដាក់សម្ពាធថៃ ដើម្បីទាមទារ​ទឹកដីមក​វិញដែរ តែ​បើ​​ចំពោះខ្មែរ​គ្នា​ឯង​​វិញ ឱ្យតែ​​អ្នក​ណា​ហ៊ាន​​​​រិះ​គន់​ ឬ​បញ្ចេញ​មតិ​ផ្ទុយ​ពី​​ខ្លួន​ គឺនឹង​ប្រើ​​យុទ្ធ​សាស្ត្រ​ងើប​មួយ​វៃមួយ ចាប់ពលរដ្ឋ​ខ្មែរ​​​ដាក់ពន្ធនាគារ​​ទាំង​អយុត្តិ​ធម៌។

លោកថា៖ «ដូច្នេះ​វា​ខុស​គ្នា​ពីឆន្ទៈក្នុង​​ការ​​កា​រពារ​ទឹកដី ហើយ​និង​ខុស​គ្នាពីទង្វើ​ដែល​ធ្វើ​ចំពោះ​ខ្មែរ​គ្នា​ឯង ខ្លាំង​បាន​តែ​​ជាមួយ​​ខ្មែរ​ទេ ប៉ុន្តែ​អត់ហ៊ានខ្លាំង​ជាមួយ​បរ​ទេស​ឈ្លាន​ពាន​ទឹកដីទេ សុទ្ធ​ចិត្ត​​​រណប​​បរទេស​ទាំង​​យួន ទាំង​ថៃ​ហ្នឹង ដើម្បី​ឱ្យ​ជួយ​កា​រពារ​អំណាច​របស់​ខ្លួន បើ​​ជាមួយវៀតណាម​អត់​ហ៊ាន​តែ​ម្តង ព្រោះ​វៀត​ណាម​​ជា​ចៅហ្វាយ»។

ជាមួយគ្នានេះដែរ ​ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម បុញ្ញរិទ្ធ ក៏បាន​លើកឡើង​ក្នុងបណ្តាញ​សង្គមហ្វេស​ប៊ុក​របស់លោកថា​ ដំណើរទស្សនកិច្ច​យ៉ាង​គឃ្លើន​របស់​នាយករដ្ឋ​មន្ត្រីសៀម ចូលក្នុង​ដែនដីអធិបតេយ្យ​របស់​កម្ពុជា នៅ​ចក្រ​អានសេះ​នេះ​ បង្ហាញ​​ពី​​​កា​​រ​​​ឈ្លាន​ពាន​របស់​​ថៃ​​​មក​ដែន​អធិប​តេយ្យ​​​កម្ពុជា ដែល​​​យើង​ត្រូវ​រួមគ្នា​​គាំទ្រ​​វីរៈ​កងទ័ព មាន​ចំណាត់​ការ​ទូត និងត្រូ​វ​ប្តឹងថៃ​ទៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ។

ជាមួយគ្នានេះ លោកក៏បានបង្ហាញជា​ចម្ងល់ក្នុង​សំណេរ​​ដើម​​ដែរថា​៖ «តើ​សេចក្ដី​ប្រកាស​ព័ត៌​មាន​ អា​ច​ចាត់​​​ទុក​ថា​​ជា​​ការ​តវ៉ា​ ​ឬជា​​កំណត់​ការ​ទូត​ ឬ​ជាប​ណ្ដឹង​បាន​ដែរ? ប្រសិន​បើ​ជា​ការ​តវ៉ា​ ​ឬ​​ជា​កំណត់​ការ​ទូត​ ឬ​ជា​បណ្ដឹង​ តើ​​​គួរ/បាន​​ដាក់​ទៅស្ថា​ប័ន​ថៃ​ ឬ​ស្ថាប័ន​អន្តរ​ជាតិ​ ឬ​តុលាការ​អ​ន្តរ​ជាតិ​ណា​ដែរ?​ ខ្មែរឈឺចាប់ណាស់!»។​

ចាប់​តាំងពីក្រោយ​បទឈប់​បាញ់ កាលពីថ្ងៃទី​២៧ ខែ​​ធ្នូ ​ឆ្នាំ​២០២៥ ​រហូត​​មក​​ដល់​​ពេល​​នេះ គេកត់សម្គាល់​ឃើញ​ថា ​​ទាហាន​​ថៃ​​បាន​​ប្រើ​​បន្លា​​លួស ​​ទូកុង​​តឺន័រ ​បន្ត​​រុល​​ចូល​​វាទ​​យក​​ដី​​ខ្មែរ​​កើ​ន​​រហូត​​ដល់ ​​​៧៦​​ទី​តាំង​។ ជាមួយ​​​គ្នា​​នេះ ​ថៃ​បាន​​​សម្រុក​​​​សាង​​សង់​​សំណង់​​រឹង​​ផ្សេងៗ​​​នៅ​លើ​​ដី​ខ្មែរ​​ទាំង​​នោះ ​ដូច​​ជា សាង​​សង់​​លេណ​ដ្ឋាន​ទ័ព ​​ជីក​​ប្រឡាយ​​ធ្វើ​​ផ្លូវ​​បេតុង ​​​ធ្វើ​​របង​ព្រំដែន​បេតុង​ព្រម​​ទាំង​វាស់ដី​ចែក​ឱ្យ​ពល​រដ្ឋ​ថៃ​ ខណៈ​​ដែល​កម្ពុជា​​តែង​​តែ​ចេញលិ​ខិត​​ត​វ៉ា​​ប្រឆាំង​​ជំទាស់​​​ចំពោះ​​ការ​រំលោភ​បំពាន​ដោយ​ខុស​ច្បាប់​ទាំងនោះ ​ប៉ុន្តែ​ថៃ​ហាក់​​មិន​​អើ​ពើឡើយ។

សម្រាប់​​ លោក សេង វណ្ណលី ​អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ ​យល់ឃើញថា​​ ​សកម្ម​ភាព​របស់​ថៃ​ក្នុង​ការ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ចូល​ទៅ​កាន់​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​របស់​កម្ពុជា គឺ​ជា​ទង្វើ​ដែល​គួរ​ឱ្យ​ព្រួយ​​​បារម្ភ​​យ៉ាង​ខ្លាំង ព្រោះ​វា​មិន​មែន​ជា​ការ​ចូល​ទស្សន​កិច្ច​ធម្មតា​ទេ ប៉ុន្តែ​វា​គឺ​ជាកា​​របង្ហាញ​អំណាច និង​ព្យាយាម​បង្កើត​​រូប​ភាព​​ថា ថៃ​មាន​សិទ្ធិ​គ្រប់​គ្រង​ជាក់​ស្តែង​លើ​តំបន់​នោះ។

លោក​បន្តថា ​ក្នុងស្ថានភាពដែលបញ្ហា​ព្រំដែ​នមិ​ន​ទាន់​​ដោះ​ស្រាយ​ចប់ សកម្ម​ភាព​បែប​នេះ​មិន​ជួយ​បន្ថយ​ភាព​តាន​តឹង​​ទេ ផ្ទុយ​ទៅ​វិញ វា​អាច​ធ្វើ​ឱ្យ​ជម្លោះកា​ន់​តែ​ស្មុគ​ស្មាញ និង​បង្កើន​ការ​មិន​ទុក​ចិត្ត​គ្នារ​វាង​ប្រទេស​ទាំង​ពីរ។

លោកលើកឡើងក្នុងសម្តីដើម​ថា៖ «សកម្មភាពបែបនេះ គឺ​ជាកា​រប្រើ​ប្រា​ស់​អំណាច​នយោ​បាយ និង​វត្ត​មាន​រដ្ឋ ដើម្បី​ពង្រឹង​ការ​ទាម​ទារ​របស់​ថៃ​លើ​តំបន់​មាន​វិវាទ។ នៅ​ពេល​នាយក​រដ្ឋ​មន្ត្រី​ទៅ​បង្ហាញ​ខ្លួន​នៅ​ទីតាំង​មួយ វា​មាន​ន័យ​​នយោ​​បាយខ្លាំ​ង​ជាង​ការ​ចូល​របស់​មន្ត្រី​ធម្មតា ព្រោះ​វា​ផ្ញើសា​រ​ទៅ​សាធារណ​​ជន​ក្នុង​ប្រទេស​ថៃ និង​ទៅ​ក្រៅ​ប្រទេស​ថា រដ្ឋាភិ​បាល​ថៃ​កំពុង​ចាត់​ទុក​ទីតាំង​នោះ​ថា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន។ ទង្វើ​បែប​នេះ អាច​បង្ក​ឱ្យ​ប្រជា​ព​លរដ្ឋ​​កម្ពុជា​ មាន​​កំហឹង​ និង​​បង្កើន​​អារម្មណ៍​ថា ថៃ​កំពុង​មើល​រំលង​អធិប​តេយ្យ​ភាពរ​បស់​កម្ពុជា»។

លោក សេង វណ្ណលី បាន​បន្តថា បើ​ថៃពិ​ត​ជាច​ង់​បង្ហាញ​ថា​ខ្លួន​គោរព​ច្បាប់​អន្តរ​ជាតិ និង​ចង់​ដោះ​ស្រាយ​ជម្លោះ​ដោយ​​សន្តិ​វិធី នោះ​ជំហាន​ដែល​សម​ស្រប​ជា​ង​គេ គឺ​បញ្ឈប់​សកម្ម​ភាព​ឯកតោ​ភាគី​នៅ​តំបន់​មាន​វិវាទ រក្សា​ស្ថាន​ភាព​​ដើម កុំ​បង្កើត​ហេតុ​ការណ៍​ថ្មី​លើ​ដី ហើយ​ទទួល​យក​យន្ត​ការ​ដែល​អាច​ផ្តល់​ដំណោះ​ស្រាយ​​ដោយ​អព្យា​ក្រឹត និង​មាន​​មូល​ដ្ឋាន​ច្បាប់។ បើ​ផ្ទុយទៅ​វិញ ថៃ​បន្ត​បដិសេធ​យន្ត​ការ​អន្តរ​ជាតិ ខ​ណៈ​នៅ​លើ​ដី​នៅ​តែ​បន្ត​បង្ហាញ​វត្ត​មាន និង​​សកម្ម​ភាព​ដែល​កម្ពុ​ជា​តវ៉ា នោះ​វា​ធ្វើ​ឱ្យ​ពាក្យ​ថា «ដោះ​ស្រាយ​ដោយ​សន្តិ​វិធី» នឹង​បាត់​បង់​ទម្ងន់។

សម្រាប់ក្រុម​​​អ្នក​ឃ្លាំមើល គ្មានជំនឿលើការចរចាទ្វេភាគី​​ជាមួយ​ថៃនោះទេ និង​បាន​ជំរុញ​ឱ្យ​កម្ពុជា​​ដាច់​ខាតមិន​ត្រូវ​​ដក​ថយ​ចេញពី​ដី​ខ្លួន​ឯង​ទៀត​ ទៅ​តាម​ការ​ទាម​ទារ​របស់​ថៃនោះ​ឡើយ​ ខណៈ​​​​ដី​ដែល​ថៃ​​កំពុង​​តែ​ឈរ​ជើង​​បច្ចុប្បន្ន ​​គឺ​ជាដីខ្មែរ​ ដែល​ត្រូវ​ប្រើ​គ្រប់​វិធីសាស្ត្រ​ឱ្យ​បាន​ខ្លាំង​ក្លា​​បំផុត ​ធ្វើ​យ៉ាងណា​ត្រូវ​តែទាម​ទារ​ឱ្យ​ថៃ​ដក​​​កងទ័ព​​ចេញ​​ទៅ​​វិញ​ឱ្យ​បាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ