ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកមនុស្សរាប់រយនាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីការបាក់ដី និងថ្មចូលទៅក្នុងទន្លេនៅព្រំដែនប្រទេសនេប៉ាល់ និងទីបេនៃប្រទេសចិន បានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បោកបក់កាត់ក្រុង និងជ្រលងភ្នំ និងបានសម្លាប់មនុស្សជាច្រើននាក់។
មន្ត្រីទេសចរណ៍នេប៉ាល់ បានឱ្យដឹងថា ជនបរទេសប្រហែល ៣៤០ នាក់ ស្ថិតក្នុងចំណោមទេសចរជាង ៤០០ នាក់ ដែលបាត់ខ្លួន នៅក្នុងតំបន់ភ្នំ ដែលពេញនិយមសម្រាប់អ្នកដើរភ្នំ និងអ្នកធ្វើបុណ្យផ្កា។
នគរបាល បានបញ្ជាក់ថា សពចំនួន ១៥៧ នាក់ ត្រូវបានរកឃើញរហូតមកដល់ពេលនេះ ខណៈដែលអាជ្ញាធរទាំងនៅចិន និងនេប៉ាល់បារម្ភថា ចំនួនអ្នករងគ្រោះអាចនឹងកើនឡើងខ្ពស់ជាងនេះ។
ផ្ទះសម្បែង ផ្លូវថ្នល់ និងគម្រោងវារីអគ្គិសនី ត្រូវបានទឹកបោកបក់យកទៅនៅក្នុងប្រទេសនេប៉ាល់ ខណៈដែលមន្ត្រីនៅទីបេ បាននិយាយថា ពួកគេបារម្ភពី «ការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន» បន្ទាប់ពីការបាក់ដីបានវាយប្រហារច្រកទ្វារព្រំដែនក្នុងស្រុក Gyirong។
លោក Keshav Prasad Baral អាយុ ៦៨ ឆ្នាំ ដែលជាអ្នករស់រានមានជីវិត បានរៀបរាប់ថា៖ «វាជាចរន្តភក់ដ៏ធំមួយដែលបុកតម្រង់មកយើង។ នៅពេលខ្ញុំឃើញវាចូលមកក្នុងផ្ទះ ខ្ញុំបានព្យាយាមចាប់ដៃប្រពន្ធខ្ញុំ ប៉ុន្តែនាងត្រូវបានភក់បោកបក់នាំយកទៅបាត់។ ឧទ្ធម្ភាគចក្របានមកជួយសង្គ្រោះខ្ញុំ ប៉ុន្តែប្រពន្ធរបស់ខ្ញុំនៅតែស្ថិតនៅក្រោមកប់ភក់»។
របាយការណ៍ដំបូង និងរូបភាពផ្កាយរណបបានបង្ហាញថា ការបាក់រលំនៃផ្ទាំងទឹកកក និងថ្មនៅក្នុងទន្លេ ឡិនដេ (Lhende) គឺជាដើមហេតុដែលបង្កឱ្យមានទឹកជំនន់កម្ទេចកម្ទីនេះឡើង។
ជនរងគ្រោះជាច្រើននាក់កំពុងធ្វើដំណើរទៅកាន់ Kailash Mansarovar ដែលជាទីសក្ការបូជាដ៏ខ្ពង់ខ្ពស់នៅទីបេ។
តាមការបញ្ជាក់ពីអាជ្ញាធរ ពលរដ្ឋបរទេសដែលបាត់ខ្លួនរួមមានជនជាតិអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដា កូរ៉េខាងត្បូង ម៉ាឡេស៊ី និងជប៉ុន ខណៈដែលអង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានកំពុងតាមដាន និងផ្តល់ជំនួយសង្គ្រោះ។
នៅតាមតំបន់រងផលប៉ះពាល់ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាស្វែងរកព័ត៌មានពីសមាជិកគ្រួសារ ខណៈដែលអាជ្ញាធរត្រូវប្រើប្រាស់ពន្លឺភ្លើងទូរស័ព្ទដៃ ដើម្បីកត់ត្រាឈ្មោះអ្នកបាត់ខ្លួន ដោយសារការដាច់អគ្គិសនី និងប្រព័ន្ធទំនាក់ទំនង។
ដោយសារចរន្តទឹកភក់យ៉ាងសន្ធឹកសន្ធាប់បានហូរចុះមក អាជ្ញាធរនៅភាគខាងជើងប្រទេសឥណ្ឌា ដែលស្ថិតនៅជិតព្រំដែននេប៉ាល់ ក៏បានប្រកាសអាសន្នទឹកជំនន់ និងបានចាប់ផ្តើមជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីតំបន់ប្រឈមផងដែរ៕









