សកម្មភាពដែលភាគីថៃបាននិងកំពុងបន្តធ្វើនៅតាមបណ្តោយព្រំដែន រាប់ចាប់តាំងពីការសាងសង់របង ការយកកុងតឺន័រទៅដាក់បាំង ការបង្កើនកម្លាំងទ័ព និងការចុះផ្ទាល់របស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល ទៅតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មិនមែនជាការសម្តែងឆន្ទៈក្នុងការស្វែងរកសន្តិភាព ឬបង្កើតទំនាក់ទំនងល្អរវាងប្រទេសជិតខាងនោះឡើយ។
តែផ្ទុយទៅវិញ សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចេតនាទុច្ចរិតរបស់ថៃ ក្នុងការប្រើប្រាស់អំណាចជាក់ស្តែងនៅលើដី ដើម្បីផ្លាស់ប្តូរស្ថានភាពដើម និងបង្កើតការពិតថ្មីមួយ ដែលចំណេញដល់ភាគីខ្លួន មុនពេលឈានដល់ការចរចាជាផ្លូវការ។
ការលើកឡើងអំពីហេតុផលផ្សេងៗ ដូចជា ការទប់ស្កាត់ការជួញដូរមនុស្ស ការបង្រ្កាបទំនិញគេចពន្ធ ឬកត្តាសន្តិសុខជាតិ គ្រាន់តែជាលេសបាំងមុខប៉ុណ្ណោះ។ ហេតុផលទាំងនេះ មិនអាចលុបបំបាត់ចម្ងល់ដ៏ធំបំផុតបានទេថា ហេតុអ្វីបានជាថៃត្រូវប្រញាប់ប្រញាល់សាងសង់របង ឬដាក់របាំងរារាំង នៅក្នុងតំបន់ដែលខ្សែព្រំដែនមិនទាន់ត្រូវបានព្រមព្រៀង និងនៅមានជម្លោះនៅឡើយ។
ប្រសិនបើថៃមានចិត្តស្មោះត្រង់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ មធ្យោបាយតែមួយគត់ គឺត្រូវបញ្ឈប់រាល់សកម្មភាពឯកតោភាគីទាំងអស់ រក្សាស្ថានភាពដើម និងងាកមកដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ រួមទាំងការចរចាដោយផ្អែកលើភាពស្មើមុខស្មើមាត់។ ការបន្តធ្វើអ្វីៗតាមតែចិត្តចង់ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ថៃចង់ប្រើប្រាស់ការគ្រប់គ្រងជាក់ស្តែងនៅលើដី ដើម្បីធ្វើជាឧបករណ៍គាបសង្កត់ និងបង្ខំឱ្យកម្ពុជាទទួលស្គាល់នូវអ្វីដែលថៃបានបង្កើតឡើងរួចជាស្រេច។
ផលប៉ះពាល់នៃការសាងសង់ និងការបិទខ្ទប់នេះ មិនមែនជារឿងនយោបាយ និងអធិបតេយ្យភាពនៅលើក្រដាស ឬនៅលើផែនទីតែមួយមុខនោះទេ។ វាកំពុងតែជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ និងផ្ទាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមបណ្តោយព្រំដែន។
នៅពេលដែលមានរបាំង និងមានការដាក់កម្លាំងប្រដាប់អាវុធរារាំង មិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ដីស្រែចំការ ឬទីតាំងដែលពួកគាត់ធ្លាប់អាស្រ័យផលជាយូរយារណាស់មកហើយនោះ។ ទង្វើនេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ឆ្នាំងបាយ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនស្លូតត្រង់។
លើសពីនេះ ការដែលថ្នាក់ដឹកនាំនយោបាយ និងយោធាកំពូលៗរបស់ថៃ បានចុះទៅបង្ហាញខ្លួន និងឈរជើងនៅតំបន់ដែលខ្លួនបានឈ្លានពាន គឺជាការផ្ញើសារនយោបាយយ៉ាងកាចសាហាវថា ថៃកំពុងក្តាប់យកការគ្រប់គ្រង និងព្យាយាមបង្កើតភាពស្របច្បាប់នៃដែនដីនោះតាមរយៈវត្តមានជាក់ស្តែង។ ទង្វើរបៀបនេះ មិនត្រឹមតែបំផ្លាញទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការបង្កើនសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងមកលើភាគីកម្ពុជាផងដែរ។
ងាកមកមើលការឆ្លើយតបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត វិញ បញ្ហាដែលចោទឡើងធំបំផុត និងគួរឱ្យព្រួយបារម្ភនោះ គឺរដ្ឋាភិបាលនៅមិនទាន់បានបង្ហាញពីសមត្ថភាព ឬលទ្ធផលជាក់ស្តែងក្នុងការទប់ស្កាត់សកម្មភាពរំលោភបំពានទាំងនេះនៅឡើយទេ។ ទោះបីជាកន្លងមក មានការចេញសេចក្តីថ្លែងការណ៍ផ្លូវការ ការផ្ញើលិខិតតវ៉ាតាមផ្លូវការទូត ឬការប្រើប្រាស់សម្តីធ្ងន់ៗ ដើម្បីថ្កោលទោសថៃយ៉ាងណាក៏ដោយ ក៏វិធានការលើក្រដាសទាំងនោះ ហាក់ដូចជាគ្មានប្រសិទ្ធភាពសោះឡើយ។
ប្រសិនបើបន្ទាប់ពីការតវ៉ារួចហើយ ថៃនៅតែអាចបន្តចាក់បេតុង សាងសង់របង ដាក់កុងតឺន័រ និងបញ្ជូនកងទ័ពមកបឈ្ឈរជើងបានដដែលនោះ សាធារណជន និងប្រជាពលរដ្ឋពិតជាមានសិទ្ធិពេញលេញក្នុងការចោទសួរអំពីប្រសិទ្ធភាព និងភាពច្បាស់លាស់នៃចំណាត់ការការពារទឹកដីរបស់រដ្ឋាភិបាល។
ការរិះគន់លើអសមត្ថភាពទប់ស្កាត់នេះ មិនមែនមានន័យជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែបើកការវាយប្រហារ ឬធ្វើសង្គ្រាមប្រដាប់អាវុធជាមួយថៃនោះទេ ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានសមត្ថភាពខ្ពស់ជាងនេះ ក្នុងការប្រើប្រាស់ឧបករណ៍ការទូត យន្តការច្បាប់អន្តរជាតិ សម្ពាធពីសហគមន៍តំបន់ និងការកៀងគរកម្លាំងអន្តរជាតិឱ្យមានប្រសិទ្ធភាពពិតប្រាកដ ដើម្បីបង្ខំឱ្យថៃផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន និងគោរពកិច្ចព្រមព្រៀងដែលមានស្រាប់។
ស្ថានភាពនេះ បានធ្វើឱ្យភាពជាអ្នកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ធ្លាក់ចូលទៅក្នុងភាពសង្ស័យយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលមួយមិនអាចគ្រាន់តែស្រែកថាខ្លួនស្រឡាញ់ជាតិ ហើយឈរមើលភាគីម្ខាងទៀតលេបត្របាក់ ឬកាត់ឆ្កៀលទឹកដីបន្តិចម្តងៗតាមចិត្តចង់បាននោះទេ។ ប្រសិនបើរដ្ឋាភិបាលប្រកាសយ៉ាងច្បាស់ថា ទីតាំងនោះជាដីអធិបតេយ្យរបស់កម្ពុជា នោះរដ្ឋាភិបាលត្រូវតែមានយុទ្ធសាស្ត្រការពារឱ្យខានតែបាន និងទាមទារយកមកវិញឱ្យទាល់តែបាន តាមគ្រប់មធ្យោបាយដែលស្របច្បាប់។ ការបន្តចេញតែលិខិតតវ៉ាដោយគ្មានចំណាត់ការទប់ស្កាត់នៅលើដី មានតែធ្វើឱ្យការអះអាងអំពីសមត្ថភាពការពារបូរណភាពទឹកដីកាន់តែមានភាពចុះខ្សោយ និងបាត់បង់ទំនុកចិត្តពីប្រជាជនតែប៉ុណ្ណោះ។
រឿងដែលកាន់តែគួរឱ្យព្រួយបារម្ភខ្លាំងជាងនេះទៅទៀតនោះ គឺកាលណាស្ថានភាពបែបនេះត្រូវគេបណ្តោយឱ្យអូសបន្លាយពេលកាន់តែយូរ ភាគីថៃនឹងកាន់តែចំណេញប្រៀបខាងផ្នែកពេលវេលា។ នៅក្នុងវិវាទព្រំដែនជុំវិញពិភពលោក ភាគីណាដែលអាស្រ័យផល និងរក្សាវត្តមានជាប់លាប់នៅលើដីបានយូរជាង ភាគីនោះនឹងប្រើប្រាស់វត្តមាននោះធ្វើជាអាវុធ និងជាអំណាចយ៉ាងរឹងមាំក្នុងការចរចានៅពេលអនាគត។
ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តប្រើប្រាស់តែការតវ៉ាលើក្រដាស ខណៈថៃនៅតែបន្តគ្រប់គ្រងដីជាក់ស្តែង ថៃនឹងកាន់តែមានចិត្តអង់អាច និងជឿជាក់ថា ទង្វើរបស់ខ្លួនមិននាំមកនូវការខាតបង់ ឬតម្លៃនយោបាយអ្វីធំដុំឡើយ។
ដូច្នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែទទួលខុសត្រូវ និងទទួលយកការរិះគន់ដោយត្រង់ៗ ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានលទ្ធផលណាមួយដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តថា រដ្ឋាភិបាលអាចគ្រប់គ្រង និងការពារទឹកដីបានទាន់ពេលវេលានោះទេ។
ការការពារបូរណភាពទឹកដីដែលពិតប្រាកដ មិនមែនវាស់វែងលើចំនួនលិខិតតវ៉ាដែលបានផ្ញើចេញនោះទេ ប៉ុន្តែវាត្រូវតែវាស់វែងតាមរយៈការបញ្ឈប់សកម្មភាពឯកតោភាគីរបស់ថៃ ការរក្សាបាននូវសិទ្ធិពេញលេញលើទឹកដី និងការធានាឱ្យប្រជាពលរដ្ឋខ្មែរអាចរស់នៅ និងអាស្រ័យផលលើដីម៉ែចែកឱ្យដោយសុវត្ថិភាព និងភាពកក់ក្តៅបំផុត៕
ដោយ លោក សុក្រឹត ពុទ្ធិ









