លោក Donald Trump បានសម្រាលសារសំខាន់នៃដំណើរទស្សនកិច្ចទៅកាន់ក្រុងម៉ូស្គូរបស់នាយកទីភ្នាក់ងារ CIA លោក ចន រ៉ាត់ឃ្លីហ្វ (John Ratcliffe) ដោយចាត់ទុកថាជា «រឿងធម្មតាពាក់កណ្តាលផ្លូវការ» បន្ទាប់ពីលោក ចន រ៉ាត់ឃ្លីហ្វ បានបង្ហាញវត្តមាននៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី ដោយមិនបានប្រកាសឱ្យដឹងមុន ដែលបង្កឱ្យមានការសន្និដ្ឋានតៗគ្នា អំពីមូលហេតុនៃដំណើរទស្សនកិច្ចនេះ។
Ratcliffe ត្រូវបានគេរាយការណ៍ថា បានជិះយន្តហោះដឹកជញ្ជូនរបស់រដ្ឋាភិបាលទៅកាន់ក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយ បន្ទាប់ពីចាកចេញពីមូលដ្ឋានទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland។
សេតវិមាន ទីភ្នាក់ងារ CIA ក្រសួងការពារជាតិ (Pentagon) និងកងទ័ពអាកាសអាមេរិក សុទ្ធតែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចនេះទេ ខណៈដែលអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dimitry Peskov បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃពុធ។
នៅក្នុងបទសម្ភាសន៍ជាមួយពិធីករវិទ្យុ Glenn Beck លោក Trump បានបកស្រាយរំលត់ការសន្និដ្ឋានតៗគ្នាដែលថា Ratcliffe បានធ្វើដំណើរទៅទីនោះដោយសារការព្រួយបារម្ភថា លោក Vladimir Putin កំពុងរៀបចំផែនការ «ល្បងឆន្ទៈរបស់អង្គការ NATO» ឬដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពីរុស្ស៊ី សម្រាប់ការរឹតបន្តឹងទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។
លោក Trump បានឆ្លើយតបថា៖ «មិនមែនទាំងអស់ហ្នឹងទេ។ គាត់នៅទីនោះ គឺគ្រាន់តែជារឿងធម្មតាពាក់កណ្តាលផ្លូវការប៉ុណ្ណោះ។ ខ្ញុំមិនចង់ធ្វើឱ្យមនុស្សអស់សង្ឃឹមទេ។ យើងចង់ឃើញសង្គ្រាមជាមួយអ៊ុយក្រែនត្រូវបានបញ្ចប់»។
លោកបានបន្ថែមថា៖ «John Ratcliffe ជានាយកទីភ្នាក់ងារ CIA ហើយគាត់មិនបានទៅទីនោះសម្រាប់រឿងរ៉ាវទាំងនោះទេ។ ឥឡូវនេះ អ្វីៗអាចនឹងកើតចេញពីដំណើរទស្សនកិច្ចនេះ។ យើងកំពុងធ្វើការយ៉ាងសកម្មដើម្បីបញ្ចប់សង្គ្រាមនោះ ហើយភាគីទាំងសងខាងសុទ្ធតែចង់ឃើញវានិវត្តន៍ទៅរកទីបញ្ចប់»។
កាលពីថ្ងៃពុធ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា មូលហេតុនៃការភ្ញាក់ផ្អើលនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំចារកម្មរូបនេះ គឺដើម្បីព្រមានរុស្ស៊ីមិនឱ្យវាយប្រហារលើប្រទេសជាសមាជិកអង្គការ NATO។ ដំណើរទស្សនកិច្ចរបស់ Ratcliffe គឺជាលើកទីមួយហើយពីសំណាក់នាយក CIA ចាប់តាំងពីលោក Bill Burns បានធ្វើដំណើរទៅក្រុងម៉ូស្គូកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីព្រមានលោក Putin អំពីផលវិបាកនៃការវាយប្រហារលើអ៊ុយក្រែន។
លោក Peskov បាននិយាយថា Ratcliffe មិនបានជួបលោក Putin ទេ ហើយការរំពឹងទុកថាយ៉ាងណានោះគឺ «ឆាប់រហ័សពេក»។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ទំនាក់ទំនងតាមបណ្តាញសេវាចារកម្មគឺជាដំណើរការវិជ្ជមាន ដែលច្រើនតែបន្តសូម្បីតែក្នុងពេលដ៏លំបាកបំផុតនៃទំនាក់ទំនងទ្វេភាគី។ ប៉ុន្តែថាតើវានឹងនាំទំនាក់ទំនងទ្វេភាគីរបស់យើងចេញពីវិបត្តិដ៏ជ្រាលជ្រៅដែរឬទេនោះ គឺឆាប់រហ័សពេកក្នុងការនិយាយនៅពេលនេះ»។
ខណៈដែលសង្គ្រាមនៅតែបន្ត ប្រទេសអ៊ុយក្រែនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីក្នុងការវាយប្រហារពីចម្ងាយ ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីលលើទីក្រុងកៀវ៕









