របាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាល ឱ្យដឹងថា ពលរដ្ឋភៀសសឹកចំនួន ៣៦៦នាក់ទៀត នៅតំបន់អូរស្មាច់ ក្នុងចំណោមជិត ២ម៉ឺននាក់ នៅទូទាំងប្រទេស បន្តរងគ្រោះជិត១ឆ្នាំ ដោយសារព្រំដែនដាច់ខ្សែ ដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនអាចទប់ទល់ទៅនឹងទង្វើឈ្លានពានរបស់ថៃបាន។
ក្រសួងការពារជាតិកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា នៅច្រកអូរស្មាច់ «ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋស៊ីវិលខ្មែរចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ[…] មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ»។
មូលហេតុចម្បង ដោយសារវត្តមានយោធាថៃនៅតំបន់នោះដែលយោធាថៃ បានដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់។
បើគិតចាប់ពីការផ្ទុះសង្គ្រាមលើកទី២ អំឡុងខែធ្នូ ឆ្នាំ២០២៥ មានរយៈពេលជិត១ឆ្នាំហើយ ដែលមកដល់បច្ចុប្បន្ននេះ ក្រសួងការពារជាតិកម្ពុជា នៅមិនទាន់អាចរុញច្រានទាហានថៃ ឱ្យដកទ័ពចេញពីទឹកដីខ្មែរមួយចំនួន ក្នុងខេត្តជាប់ព្រំដែន មានខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ជាដើម នៅឡើយទេ ដែលធ្វើឱ្យជនភៀសសឹកខ្មែររាប់ពាន់គ្រួសារ រស់នៅខេត្តជាប់ព្រំដែន បន្តបាត់បង់ដីធ្លី ផ្ទះសម្បែង និងប្រឈមនឹងបញ្ហាជីវភាពជិត១ឆ្នាំមកនេះ។
យោងតាមរបាយការណ៍ និងទិន្នន័យផ្លូវការចុងក្រោយបង្អស់របស់ក្រសួងមហាផ្ទៃ និងអង្គការមនុស្សធម៌មួយចំនួន គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋជនភៀសសឹកខ្មែរ ប្រមាណជិត ២ម៉ឺននាក់ (១៨,៧៤០នាក់) បន្តជាប់គាំង និងមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋាន ឬស្រុកកំណើតវិញបាននៅឡើយទេ។
ការភៀសសឹកដ៏ធំនេះ បានកើតឡើងតាំងពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដោយសារតែថៃបើកការឈ្លានពានកម្ពុជា ដែលបង្ខំឱ្យពលរដ្ឋជាង ៦៤ម៉ឺននាក់ ចាកចេញពីផ្ទះសំបែង ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃក្ដី ហើយពលរដ្ឋប្រមាណ ៩៥% បានវិលត្រឡប់ទៅវិញជាបន្តបន្ទាប់ក៏ដោយ ក៏នៅមានពលរដ្ឋមួយចំនួនទៀត បន្តរស់នៅក្នុងតង់ និងជំរំភៀសខ្លួនបណ្តោះអាសន្នទាំងប្រឈមនឹងបញ្ហាជីវភាព។
បើតាមប្រភពខាងលើ ជនភៀសសឹកដែលនៅសេសសល់ទាំងនោះ មកពីបណ្តាខេត្តជាប់ព្រំដែនចំនួន ៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប។
មូលហេតុចម្បងៗ ដែលពួកគេមិនទាន់អាចត្រឡប់ទៅវិញបាន គឺដោយសារទាហានថៃដាក់របាំងបន្លាលួស និងបិទផ្លូវចូលទៅកាន់ភូមិមួយចំនួនទោះបីជាមានបទឈប់បាញ់ក្ដី។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅការបន្សល់ទុកជនភៀសសឹកក្នុងចំនួនមួយដ៏ច្រើននេះ បញ្ជាក់យ៉ាងច្បាស់ពីអសមត្ថភាពរបស់មេដឹកនាំ ដែលលោកយល់ថា លោក ហ៊ុន ម៉ាណែត គួរតែលាលែងពីតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះមុខប្រជាជាតិខ្មែរ។
លើសពីនេះ លោកថា ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីដាក់សម្ពាធថៃ ដកកងទ័ពចេញពីដីខ្មែរ និងប្រញាប់ស្តារប្រជាធិបតេយ្យឡើងវិញទេ នោះជាតិសាសន៍ខ្មែរ និងរងគ្រោះយូរឆ្នាំទៅមុខទៀត។
លោកថា៖ «ជាក្តីបារម្ភទៅថ្ងៃអនាគត បើគ្មានអ្វីកែប្រែឲ្យល្អទាន់ពេលវេលានោះទេ ទឹកដីរបស់យើងគឺមិនអាចទាមទារមកវិញបាន ហើយជីវភាពរបស់ប្រជាពលរដ្ឋនឹងកាន់តែដុនដាបទៅៗ មិនអាចធ្វើម៉េចស្ដារជីវភាពពលរដ្ឋឲ្យប្រសើរជាងហ្នឹង នៅពេលដែលរដ្ឋាភិបាលបានគិតគូរពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋជនភៀសសឹកនៅភូមិព្រៃចាន់ ដែលអត់មានការងារធ្វើរស់ពិបាក។ ត្រកូលហ៊ុនបើសិនជាមិនងាកមកគន្លងប្រជាធិបតេយ្យ មិនដោះលែងអ្នកទោសនយោបាយ អត់មានការរួបរួមជាតិទេ ប្រាកដជាមិនអាចទប់ស្កាត់ការឈ្លានពានពីសំណាក់ប្រទេសថៃ ហើយថៃនឹងយកទឹកដីថ្មីបន្ថែមទៀត ហើយដីខ្មែរយើងថៃកំពុងគ្រប់គ្រង៧៦ទីតាំង ក៏មិនអាចទាមទារមកវិញបានដែរ»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញប្រហាក់ប្រហែលនេះដែរថា មេដឹកនាំដែលធ្វើឱ្យពលរដ្ឋជួបនូវទុក្ខលំបាក មេដឹកនាំនោះ នឹងបាត់បង់ការគាំទ្រពីពលរដ្ឋ ។
យ៉ាងណា លោកផ្តល់ជាយោបល់ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវស្តារប្រព័ន្ធយុត្តិធម៌ ស្តារប្រជាធិបតេយ្យ តាមរយៈការដោះលែងអ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាព មានឯកភាពជាតិ ទើបអាចរក្សាអំណាចបានយូរបាន។
លោកថា៖ «គ្រួសារហ៊ុនដឹកនាំប្រទេសដដែលៗចឹង អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ឈ្មោះពីផែនទីពិភពលោកទៅថ្ងៃអនាគត ចឹងរដ្ឋាភិបាលកម្ពុជាត្រូវតែប្រញាប់ប្ដឹងថៃទៅតុលាការអន្តរជាតិ ត្រូវតែប្រញាប់ដាក់សម្ពាធថៃឲ្យមានប្រសិទ្ធភាពបំផុត ត្រូវតែការពារសិទ្ធិការពារដីជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ អ្វីដែលយើងឲ្យយោបល់បីបួនចំណុច នៅក្នុងខ្លឹមសារនៃការទាមទារ និងក្ដីបារម្ភយើង រដ្ឋាភិបាលកម្ពុជាធ្វើមិនទាន់បានមួយចំណុចផង ម្ល៉ោះហើយយើងរំឭកហើយរំឭកទៀតថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវតែទីមួយប្ដឹងថៃទៅតុលាការអន្តរជាតិ ទីពីរកម្រិតការទូតត្រូវតែខ្លាំងក្លាឡើងវិញ ទីបីត្រូវតែប្រើសិទ្ធិការពារខ្លួនមិនឲ្យថៃរុលចូលឈ្លានពានបន្ថែមទៀត និងទីបួន ការស្ដារមុខមាត់ស្ដារប្រជាធិបតេយ្យ ដោះលែងអ្នកទោសមនសិការ គឺឯកភាពជាតិខ្មែរតែមួយ»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននិយាយកាលពីថ្ងៃទី២៧ ខែសីហានេះថា រាជរដ្ឋាភិបាល បានចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត។
លោកថា៖ «រដ្ឋាភិបាលក៏បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់ តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការនិងកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជា ដែលនៅសល់ជិត ២ម៉ឺននាក់ទៀតអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»។
យ៉ាងណាមិញ ទាំងលោក ម៉ែន ណាត និង លោក អ៊ុំ សំអាន នៅតែបន្តជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានតែប្រញាប់ដាក់ពាក្យប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ (ICJ) តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) រួមទាំងសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ១៩៩១ ដែលកម្ពុជាអាចមានឱកាសដាក់សម្ពាធ និងទាមទារទឹកដីខ្មែរពីថៃមកវិញបាន។
ជុំវិញភាពចម្រូងចម្រូងចម្រាសនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បង្ហាញការយល់ឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែទទួលខុសត្រូវ និងទទួលយកការរិះគន់ដោយត្រង់ៗ ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានលទ្ធផលណាមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តថា រដ្ឋាភិបាលអាចគ្រប់គ្រង និងការពារទឹកដីបានទាន់ពេលវេលានោះទេ។
ការការពារបូរណភាពទឹកដីដែលពិតប្រាកដ មិនមែនវាស់វែងលើចំនួនលិខិតតវ៉ាដែលបានផ្ញើចេញនោះទេ ប៉ុន្តែវាត្រូវតែវាស់វែងតាមរយៈការបញ្ឈប់សកម្មភាពឯកតោភាគីរបស់ថៃ ការរក្សាបាននូវសិទ្ធិពេញលេញលើទឹកដី និងការធានាឱ្យប្រជាពលរដ្ឋខ្មែរអាចរស់នៅ និងអាស្រ័យផលលើដីដូនតាដោយសុវត្ថិភាព និងភាពកក់ក្តៅបំផុត។
មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









