មន្ត្រី​ថា​ឧក្រិដ្ឋ​កម្ម​ឆបោក​បាន​បោស​សម្អាត​ទាំង​ស្រុង​ក្រោម​​កង្វះ​ទំនុក​ចិត្ត​ពី​អ្នក​តាម​ដាន

អ្នក​ឃ្លាំ​មើល ជំរុញ​ឱ្យ​ប៉ូលីស​អន្តរ​ជាតិ​តាម​ដាន និង​ពិនិត្យ​លើ​ការ​បង្ក្រាប​​ឧក្រិដ្ឋ​កម្ម​អន​​ឡាញ​​នៅ​​កម្ពុ​ជា ក្រោយ​អាជ្ញាធរ​អះ​អាង​​ថា ការ​បង្ក្រាប​បាន​បោស​សម្អាត​ទី​តាំង​អន​ឡាញ​ទាំង​ស្រុង​​​លើ​ផ្ទៃ​​ប្រ​ទេស​។ ការ​​ជំ​រុញ​នេះ ដោយ​ហេតុ​ថា​មន្ត្រី និង​អ្នក​ជំនួញ​គ្រាក់ៗ​នៅ​​កម្ពុជា ដែល​មាន​​ឈ្មោះ​​ក្នុង​បញ្ជី​​អ្នក​​ជាប់​​ពាក់​​ព័ន្ធ​​​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។

ការជំរុញនេះ បន្ទាប់ពី​លេខា​ធិការ​ដ្ឋាន​នៃ​​គណៈកម្ម​ការ​ចំពោះ​​កិច្ច​ប្រយុទ្ធ​ប្រឆាំង​​ការ​ឆបោក​​តាម​ប្រ​ព័ន្ធ​​បច្ចេក​វិទ្យា នៅ​​​ថ្ងៃ​ទី​២​៧ ខែ​សីហា បាន​គូស​បញ្ជាក់​ចំពោះ​មុខ​តំណាង​បរទេស​ជិត ៥០ ស្ថាប័ន​ថា កម្ពុជា​​បាន​ប​ង្ក្រាប​​ទាំង​​ស្រុង​​នូវ​ទីតាំង​ និង​សកម្ម​ភាព​ឆបោ​​កតាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ប្រតិ​ប​ត្តិ​ការ​​ជា​ង​​១​ឆ្នាំ​មក​នេះ។

យោងតាមការលើកឡើង​របស់​ប្រធាន​លេខា​ធិការ​ដ្ឋាន​នៃ​​គណៈ​កម្មកា​រ​ចំពោះ​កិច្ច​​ប្រយុទ្ធ​ប្រឆាំង​​ការ​​ឆ​​បោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា លោក ឆៃ ស៊ីណារិទ្ធ បាន​ឱ្យ​ដឹង​ថា ចាប់​​តាំ​ង​​​ពី​​​ខែ​​កក្កដា ឆ្នាំ​​២០២៥​ ដល់​​ថ្ងៃ​​​ទី​​២០ ខែ​​សីហា ឆ្នាំ​​២០២៦ កម្លាំង​​សមត្ថ​កិច្ច​​កម្ពុជា​​បាន​​បើក​​ប្រតិ​បត្តិ​ការ​​ស្រាវ​ជ្រាវ និង​ត្រួត​ពិ​និត្យ​ទីតាំង​សង្ស័យ​សរុប ៧៩៣ ទីតាំង ដោយ​ក្នុង​នោះ​​បាន​ឈាន​​ទៅ​បង្ក្រាប​​ជាក់​​ស្តែង​ចំនួន ៦២៤ ទី​តាំង​ និង​ឃាត់​ខ្លួន​មុខ​សញ្ញា​សង្ស័យ​សរុប​ជិត ៣ម៉ឺន​នាក់ មាន ៣៩​សញ្ជាតិ។

លោក​បន្ថែម​ថា ទោះ​បី​ជា​ទី​តាំង​ធំ​ៗ​ត្រូវ​បាន​សម្អាត​ទាំង​ស្រុង​ ក្រុម​ឧក្រិដ្ឋ​ជន​បាន​ប្តូរ​យុទ្ធ​សាស្ត្រ​​មក​ធ្វើ​​សកម្ម​​ភាព​បែង​​ចែក​​តូចៗ ដោយ​លួច​លាក់​តាម​ផ្ទះ​សំណាក់ ខុន​ដូ ផ្ទះ​ជួល​ រថយន្ត និង​ហាង​កាហ្វេ ដែល​សមត្ថ​កិច្ច​កម្ពុជា​បាន​និង​កំពុង​បន្ត​ប្រតិ​បត្តិ​ការ​ស្រាវ​ជ្រាវ​ និង​បង្ក្រាប​មិន​បង្អង់​ដៃ ដោយ​គ្មាន​​ការ​លើក​​លែង​ឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះពុំមានមជ្ឈមណ្ឌល​ឆបោក​តាម​​ប្រព័ន្ធ​​បច្ចេក​វិទ្យា​​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​ទៀត​ទេ បន្ទាប់​ពី​ការ​បោស​សម្អាត Online Scams ទ្រង់​ទ្រាយ​ធំ​បាន​ទាំង​ស្រុង។

ផ្ទុយពីការប្រកាសនេះ អ្នកឃ្លាំមើល បានសម្តែងការមន្ទិល​សង្ស័យ​ និង​ពុំ​ជឿ​ចំពោះ​ពាក្យ​ថា «អស់​ទាំង​ស្រុង»។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់​វីអូឌី​ថា ការ​លើក​ឡើង​របស់​លោក ឆៃ ស៊ីណារិទ្ធ មិន​ខុស​គ្នា​ពី​ការ​សន្យា​របស់​លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ដែល​ធ្លាប់​អះ​អាង​ថា​នឹង​បង្ក្រាប​ស្កេម​អន​ឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា។ ជាង​នេះ​ទៅ​ទៀត លោក​ថា​ ការ​អះអា​ង​របស់​អាជ្ញាធរ​កម្ពុជា គឺ​ផ្ទុយ​ពី​ការ​ពិត ដោយ​ហេតុ​ថា​ កម្ពុជា​​មិន​បាន​បង្ក្រាប​លើ​មេខ្លោង​ធំៗ​ផ្សេង​ទៀត​ ដែល​អន្តរ​ជាតិ​រក​ឃើញ​ថា​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ និង​ដែល​​មាន​​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌ​​កម្ម។

ក្នុងន័យនេះ លោក ម៉ែន ណាត សង្កត់​ធ្ងន់​ថា ការប​ង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នៅ​កម្ពុជា​ អាច​ធានា​ថា​បោស​សម្អាត​​បាន​ទាំង​ស្រុង លុះ​ត្រា​អាជ្ញាធរ​កម្ពុជា​ សហការ​ជាមួយ​ប៉ូលីស​អាំង​ទែប៉ូល​អន្តរ​ជាតិ​ ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ រួម​​មាន​​លោក កុក អាន លោក លី យ៉ុង​ផាត់ និង​លោក ហ៊ុន តូ យក​ទៅ​អនុ​វត្ត​ទោស​តាម​ច្បាប់។

លោក ម៉ែន ណាត ថ្លែងថា៖ «ហើយ​ទោះបីតែ ទោះបី​រដ្ឋាភិបាលកម្ពុជាអះអាង​ថា មជ្ឈ​មណ្ឌល​​​ឆបោកអស់ហ្នឹង​ ត្រូវ​បាន​បោស​សម្អាត​ហើយ​ក៏ដោយ ក៏គេ​អត់​ជឿ​ដែរ ដោយសារ​អី? ដោយសារ​​មេខ្លោង​ធំៗដែល​អាមេរិកាំង​ សហរដ្ឋ​អាមេរិក​ផ្តោតមែនទែនហ្នឹង មិនទាន់បាន​នាំ​ខ្លួន​ទៅ​កាត់ទោស​ទេ»។​

ការលើកឡើងរបស់អ្នកឃ្លាំមើលរូបនេះ គឺ​ស្រប​គ្នានឹ​ង​ការ​រក​ឃើញ​របស់​អង្គកា​រអ​ន្តរ​ជាតិ​ ទាក់​ទង​នឹង​ការ​បង្ក្រាប​ដែល​មាន​ភាព​មិន​ប្រក្រតី​ទៅ​លើ​ទីតាំង​មួយ​ចំនួន ពិសេស​នៅ​តំបន់​ប៉ូល​ឆបោក​សំខាន់ៗ ដូច​ជា នៅ​ក្រុង​ប៉ោយ​ប៉ែត ក្រុង​ព្រះ​សីហនុ និង​ក្រុង​បាវិត។ ជាមួយ​គ្នា​នេះ ការ​បង្ក្រាប​ទៅ​លើ​អគារ ឬ​ទីតាំង​ភូមិ​សាស្ត្រ​ធំៗ​ គ្រាន់​តែ​ជា​ការ​រំលាយ​រចនា​សម្ព័ន្ធ​រូប​វន្ត​ខាង​ក្រៅ ដោយ​បណ្តាញ​ប្រតិ​បត្តិ​ការ​នៅ​តែប​ន្ត​ក្នុង​រួប​ភាព​ថ្មី​ ឬ​ទីតាំង​តូច​ជាង​មុន។ លើស​ពីនេះ​ មេខ្លោងធំៗ និងអ្នកវិនិយោគ​ពី​ក្រោយ​ខ្នង​មួយ​ចំនួន​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ ទណ្ឌ​កម្ម​ហិរញ្ញ​វត្ថុ ឬ​ដី​កា​ចាប់​ខ្លួន​អន្តរ​ជាតិ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​ ឬ​កាត់​ទោស​នៅ​ឡើយ ដោយ​សារ​ពួក​គេ​បាន​ប្រើ​ប្រាស់​បណ្តាញ​ខ្វាត់​ខ្វែង​ និង​ខែល​ការ​ពារ​ផ្នែក​អាជីវ​កម្ម​ផ្សេង​ទៀត ដើម្បី​បិទ​បាំង​ខ្លួន។

ជាងនេះទៅទៀត ការស៊ើបអង្កេតថ្មីរបស់សារព័ត៌មានអន្តរ​ជាតិ បាន​រក​ឃើញ​ថា​ យុទ្ធនា​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​​នេះ ក៏​កំពុង​ផ្តល់​ឱកាស​ឱ្យ​រដ្ឋាភិ​បាល​ផ្ទេរ​ទ្រព្យ​សម្បត្តិ​របស់​បណ្តាញ​ស្កេម​មក​គ្រប់​គ្រង ពង្រីក​ប្រព័ន្ធ​សន្តិ​សុខ​ និង​​រឹត​បន្តឹង​ការ​គ្រប់​គ្រង​នយោ​បាយ​របស់​ខ្លួន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ