រុស្ស៊ី បាននិយាយថា ខ្លួនអាចនឹងសងសឹកប្រឆាំងនឹងចក្រភពអង់គ្លេស ដោយការវាយប្រហារលើគោលដៅយោធាទាំងក្នុ្នង និងក្រៅប្រទេសអ៊ុយក្រែន ចំពេលមានរបាយការណ៍ថា ប្រធានទីភ្នាក់ងារ CIA លោក John Ratcliffe បានព្រមានវិមានក្រឹមឡាំងកុំឱ្យវាយប្រហារលើ NATO។
លោក Andy Burnham នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេសនឹងអនុញ្ញាតឱ្យក្រុងកៀវទទួលបានបច្ចេកវិទ្យាសម្ងាត់ ដើម្បីផលិតមីស៊ីល Storm Shadow ដោយខ្លួនឯង។ ក្រសួងការបរទេសរុស្ស៊ី បានឆ្លើយតបថា អង់គ្លេស និងបារាំងកំពុង «លេងជាមួយភ្លើង»។ ជាការឆ្លើយតប មន្ត្រីក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ថា អង់គ្លេសនៅតែឈរប្រកៀកស្មាជាមួយអ៊ុយក្រែន។
តាមសារព័ត៌មាន The Wall Street Journal លោក Ratcliffe បានទៅទីក្រុងម៉ូស្គូ បន្ទាប់ពីក្រុមស៊ើបការណ៍អាមេរិកវាយតម្លៃថា រុស្ស៊ីអាចរៀបចំផែនការល្បងមើល NATO ដោយការវាយប្រហារកម្រិតកំណត់ ដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬការឈ្លានពានទ្រង់ទ្រាយតូចនៅតំបន់បាល់ទិក។ ទោះជាយ៉ាងណា វិមានក្រឹមឡាំងបានបដិសេធរបាយការណ៍នេះថាជា «រឿងបំភិតបំភ័យដែលគ្មានការពិត»។
ដំណើរទស្សនកិច្ចនេះកើតឡើងចំពេល Associated Press រាយការណ៍ថា កងទ័ពអាមេរិក និង NATO នៅអឺរ៉ុបកំពុងខ្វះខាតមីស៊ីលស្ទាក់ចាប់ Patriot «លើសពីកម្រិតគ្រោះថ្នាក់» ដោយសារសង្គ្រាមរបស់លោក ដូណាល់ ត្រាំ ជាមួយអ៊ីរ៉ង់។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងជប៉ុនជុំវិញជម្លោះកោះ Kuril ហើយបានហៅទំនាក់ទំនងជាមួយអាមេរិកថាស្ថិតក្នុង «វិបត្តិ»។ លោក ត្រាំ បានព្យាយាមធ្វើឱ្យជំនួបនៅម៉ូស្គូមានភាពស្ងប់ស្ងាត់ ដោយបានប្រាប់ Axios ថាគ្មានអ្វីមិនធម្មតាទេ ហើយបានបន្ថែមថា រុស្ស៊ី «នឹងមិនវាយប្រហារឡើយ»។
ទោះជាយ៉ាងណា បណ្តាប្រទេសនៅក្នុងអង្គការ NATO ជិតខាងរុស្ស៊ីបានបង្កើនការត្រៀមខ្លួនយោធា។ ប៉ូឡូញបានទទួលរថក្រោះ Black Panther ពីកូរ៉េខាងត្បូង ដើម្បីដាក់ពង្រាយនៅជិតព្រំដែន Kaliningrad ដោយអនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Cezary Tomczyk បានថ្លែងថា៖ «យើងកំពុងរៀបចំសម្រាប់សង្គ្រាម ដោយសង្ឃឹមថាវានឹងមិនកើតឡើងឡើយ»៕









