ថៃជីកប្រឡាយ​ពង្រីក​ព្រំដែន​យក​ដី​ខ្មែរ​រាល​ដាល​ដល់​តំបន់​​ចូក​គ្រួស​ខេត្ត​ឧត្តរ​មាន​ជ័យ

ក្រសួង​ការ​បរទេស​កម្ពុជា ទម្លាយ​ឱ្យ​ដឹង​ពី​លិខិត​តវ៉ា​ថ្មី​មួយ​ទៀត ប្រឆាំង​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​ ដែល​ថៃ​បាន​ជីក​ប្រឡាយ​ពង្រីក​ព្រំដែន​រំលោភ​យក​ដី​ខ្មែរ រាល​ដាល​ដល់​តំបន់​ចូក​គ្រួស ក្នុង​ភូមិ​ថ្ម​ដូន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៦​ ដែល​បាន​«តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​របស់​ថៃ មក​លើ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុ​ជា​នៅ​តាម​បណ្តោយ​ព្រំដែន»

បើតាមក្រសួង នៅថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៦ កង​កម្លាំង​ប្រដាប់​អាវុធ​​ថៃ បាន​បញ្ជូន​គ្រឿង​ចក្រ​ធុន​​ធ្ងន់​​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​ជីក​ប្រឡាយ​នៅ​តំបន់​ចូក​គ្រួស ក្នុង​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ។

ក្រសួងថា ការរំលោភបំពាននេះ បានកើតឡើងស្របពេលវត្ត​មាន​នាយក​រដ្ឋ​មន្ត្រី​ថៃ មក​កាន់​តំបន់​អាន​សេះ ខេត្ត​ព្រះ​​វិហារ របស់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៦ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​កម្ពុជា។

សម្រាប់កម្ពុជា ទង្វើទាំងអស់នេះ បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​រំលោភ​បំពាន​លើអ​ធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា ដូច​ដែល​បាន​កំណត់​ក្នុង​ផែន​ទី​ខ្នាត​១​លើ​២រយ​ពាន់ ដែល​ផលិត​ដោយ​គណៈ​កម្ម​ការ​កំណត់​ព្រំដែន រវាង​ឥណ្ឌូ​ចិន និង​សៀម និង​មាត្រា៥ នៃ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ ចុះ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ ឆ្នាំ​២០០០ និង​សេច​ក្តី​ប្រកាស​រួម នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣ របស់​គណៈ​កម្មាធិ​ការ​ព្រំដែន​ទូទៅ​ (GBC) ចុះថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ផង​ដែរ។

ក្រសួងសង្កត់ធ្ងន់ថា ទង្វើរបស់ថៃនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់​ខាត ដែល​កម្ពុជា​ទាម​ទារ​ឱ្យ​ថៃ​បញ្ឈប់​សកម្ម​ភាព​នេះ ក៏​ដូច​ជា​នៅ​តំបន់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​​កាន់​កាប់​ដោយ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ​​មុន​មក ដើម្បី​បន្ធូរ​បន្ថយ​ស្ថាន​ការណ៍ ជំរុញ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក សម្រួល​ដល់​ការ​​ដោះ​ស្រាយ​ជម្លោះ​​ដោយ​​សន្តិ​វិធី​ ហើយ​ងាក​មក​ស្តារ​ទំនាក់​ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​នៅ​តាម​បណ្តោយ​​ព្រំដែន​កម្ពុជា-ថៃ។

ជាការកត់សម្គាល់ ការតវ៉ាររបស់កម្ពុជា ប្រឆាំង​នឹងកា​រ​ឈ្លាន​ពាន​របស់​ថៃ​នេះ មិន​មែន​ជាលើ​កទី​១​​ទេ បើ​គិត​ចាប់​ពី​​មាន​បទ​ឈប់​បាញ់​លើក​ទី២ ជិត​១ឆ្នាំ​មក​នេះ ខណៈ​ដែល​មេដឹក​នាំ​កម្ពុជា មិន​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្តរ​​ជាតិ​(ICJ) ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៃ​​ដកកង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ក្រោយ​ថៃ​បើក​ការ​ឈ្លាន​ពាន​លើក​ទី១​ អំឡុង​​ខែ​​កក្កដា ឆ្នាំ​២០២៥។

ប៉ុន្តែ​ការតវ៉ារាប់​រយ​​ដង​របស់​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត នេះ​មិន​អាច​ដាក់​សម្ពាធ​ឱ្យ​ថៃ​បញ្ឈប់​សកម្ម​ភាព​ឈ្លាន​​ពាន​ទេ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គណបក្ស​ប្រឆាំង​អះ​អាង​ថា ថៃ​បាន​ពង្រីក​ការ​ឈ្លាន​ពាន​ដី​ខ្មែរ​នៅ​តាម​ព្រំដែន​​រហូត​ ៧៦​ទីតាំង។

បច្ចុប្បន្នថៃ កំពុងសម្រុកធ្វើរបងព្រំដែន​ សាង​សង់​សំណង់រឹង​លើ​ដី​ខ្មែរ​ទាំង​នោះ ដោយ​ឯកតោ​ភាគី ទាំង​គ្មាន​​ការ​រំខាន​​ពី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ចាប់​ពី​មាន​បទ​ឈប់​បាញ់​លើ​ក​ទី២​ជិត​មួយ​ឆ្នាំ​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ