ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ក្នុងគោលបំណងផ្លាស់ប្តូរឈ្មោះបឹង អ៊ុនតារីយ៉ូ (Lake Ontario) ដែលនៅលើទឹកដីរួមគ្នាទៅជា «បឹងអាមេរិក» (Lake America)។
ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងកាណាដា បានបរាជ័យ ហើយអាមេរិកបានដាក់ពន្ធ ៥០% លើទំនិញកាណាដាតម្លៃ ២០ ពាន់លានដុល្លារ ខណៈកាណាដានឹងអនុវត្តវិធានការតបតពន្ធ «ដុល្លារថ្នូរនឹងដុល្លារ» នៅខែក្រោយ។ លោក ត្រាំ បានព្រមានជាច្រើនដងលើបណ្តាញសង្គម អំពីការប្តូរឈ្មោះបឹងដែលជាដែនទឹករួមគ្នានៃប្រទេសទាំងពីរនេះ។
លោកបាននិយាយកាលពីថ្ងៃទី២៧ខែសីហាថា ចំណាត់ការនេះ គឺ«ជាផ្លូវការ មានសុពលភាពភ្លាមៗ» ហើយរដ្ឋបាលរបស់លោកបានដាក់បែបបទចាំបាច់ទាំងអស់រួចហើយ។ បញ្ជាប្រតិបត្តិនេះផ្តល់ពេល ៣០ ថ្ងៃ ឱ្យក្រសួងមហាផ្ទៃអាមេរិក ធ្វើបច្ចុប្បន្នភាពឈ្មោះថ្មីនៅក្នុងប្រព័ន្ធទិន្នន័យភូមិសាស្ត្រផ្លូវការរបស់អាមេរិក (GNIS)។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបញ្ជាក់ថា ឈ្មោះបឹងអ៊ុនតារីយ៉ូ មានប្រភពដើមជាង ៤០០ ឆ្នាំមកហើយ។ លោកបានសរសេរថា៖ «យើងដឹងថាសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរ ប៉ុន្តែប្រជាជនកាណាដាដឹងថា អ្វីៗត្រូវតែហៅតាមឈ្មោះពិតរបស់វា ហើយបឹងនេះមានឈ្មោះថា បឹងអ៊ុនតារីយ៉ូ – ថ្ងៃនេះ និងរៀងរហូត»។
មន្ត្រីជាន់ខ្ពស់កាណាដាជាច្រើនរូបទៀត ក៏បានច្រានចោលចំណាត់ការនេះ ដោយហៅវាថាជា «រឿងឥតន័យ»។
កាលពីឆ្នាំ២០២៥ លោក ត្រាំ ក៏ធ្លាប់បានចុះហត្ថលេខាប្តូរឈ្មោះ «ឆូងសមុទ្រម៉ិកស៊ិក» ទៅជា «ឆូងសមុទ្រអាមេរិក» ផងដែរ ដែលកាលនោះបានបង្កឱ្យមានជម្លោះផ្លូវច្បាប់ជាមួយប្រទេសម៉ិកស៊ិក និងក្រុមហ៊ុន Google ជុំវិញការបង្ហាញឈ្មោះនៅលើ Google Maps ព្រមទាំងមានការប្តឹងផ្តល់ជាមួយទីភ្នាក់ងារព័ត៌មាន AP ទៀតផង។
ទោះជាយ៉ាងណា គ្មានស្ថាប័នអន្តរជាតិណាមួយ កំណត់ឈ្មោះដែនទឹកអន្តរជាតិនោះឡើយ។ ខណៈដែលប្រធានាធិបតីអាមេរិកមានសិទ្ធិលើការទទួលស្គាល់ឈ្មោះផ្លូវការក្នុងប្រទេស ប្រទេសផ្សេងទៀតមិនចាំបាច់ត្រូវធ្វើតាមនោះទេ។
ខណៈចុះហត្ថលេខា លោក ត្រាំ បាននិយាយថា កាណាដា «បានកេងប្រវ័ញ្ចលើពាណិជ្ជកម្មជាមួយយើងជាយូរមកហើយ» ហើយលោកក៏បាននិយាយលេងសើចអំពីការប្តូរឈ្មោះមហាសមុទ្រអាត្លង់ទិក ឬប៉ាស៊ីហ្វិកបន្ថែមទៀតផងដែរ។
នៅឯសហរដ្ឋអាមេរិក ប្រតិកម្មមានភាពខុសគ្នាខ្លាំង។ លោកស្រី Kathy Hochul អភិបាលរដ្ឋញូវយ៉ក (រដ្ឋអាមេរិកតែមួយគត់ជាប់បឹងនេះ) បានថ្លែងថា រដ្ឋរបស់លោកស្រីនឹងមិនហៅឈ្មោះថ្មីនេះទេ។
សមាជិកសភាបក្សប្រជាធិបតេយ្យ បានរិះគន់ចំណាត់ការនេះថា «ល្ងីល្ងើ» ហើយបានរៀបចំសេចក្តីព្រាងច្បាប់ដើម្បីលុបចោលបញ្ជាប្រតិបត្តិនេះ ខណៈអភិបាលរដ្ឋខ្លះបានបង្ហោះវីដេអូចំអកគំនិតនេះ។ ផ្ទុយទៅវិញ លោក Doug Burgum រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក បានគាំទ្រយ៉ាងពេញទំហឹង និងបានប្តេជ្ញាធ្វើបច្ចុប្បន្នភាពផែនទីផ្លូវការឱ្យបានឆាប់៕









