ប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) បានចេញមុខការពារកិច្ចព្រមព្រៀងថាមពលដ៏ចម្រូងចម្រាសបំផុតរបស់រដ្ឋាភិបាលលោកស្រីជាមួយលោក ដូណាល់ ត្រាំ ដោយបញ្ជាក់យ៉ាងមុតមាំថា ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ នឹងនៅតែរក្សាកម្មសិទ្ធិ និងអធិបតេយ្យភាពលើបម្រុងប្រេងដ៏មហិមារបស់ខ្លួនដដែល។
លោកស្រី រ៉ូឌ្រីហ្គេស ដែលបានឡើងកាន់អំណាចកាលពីខែមករា បន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានថ្លែងតាមទូរទស្សន៍ដើម្បីបដិសេធការរិះគន់លើ «កិច្ចព្រមព្រៀងប្រេងធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក» ដោយលោកស្រីអះអាងថា «អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ គឺមានឥតដែនកំណត់»។
លោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ច រកប្រាក់ចំណូលបានជាង ២០៩ ប៊ីលានដុល្លារ និងប្រែប្រួលធនធានប្រេងនៅក្នុងដីឱ្យទៅជាសុខុមាលភាពប្រជាជន។
លោក ត្រាំ បានហៅកិច្ចព្រមព្រៀងនេះថាជា «ប្រតិបត្តិការប្រវត្តិសាស្ត្រដែលបង្កើនបម្រុងប្រេងរបស់អាមេរិកលើសពីទ្វេដង» និងជា «អំណោយពីវេណេស៊ុយអេឡា»។
ប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូ លោក ត្រាំ ក៏បានព្រមានលោកស្រី រ៉ូឌ្រីហ្គេស ថា លោកស្រីនឹងប្រឈមមុខនឹងវាសនាដ៏អាក្រក់ ប្រសិនបើមិនធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិក។
តាមការរាយការណ៍ ក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងលើប្រេងបម្រុងចំនួន ៦៥ ប៊ីលានបារ៉ែល។ វេណេស៊ុយអេឡាមានប្រេងឆៅបម្រុងធំបំផុតលើពិភពលោក ប្រមាណ ៣០៣ ប៊ីលានបារ៉ែល។
លោកស្រី រ៉ូឌ្រីហ្គេស បាននិយាយថា កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹង «វាលប្រេងយុទ្ធសាស្ត្រ» ចំនួន ១៧ កន្លែង ដែលរំពឹងថានឹងផលិតប្រេងបានច្រើនជាង ១.៥ លានបារ៉ែលក្នុងមួយថ្ងៃ។
ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានបង្កឱ្យមានកំហឹងយ៉ាងខ្លាំងពីបក្សប្រឆាំង និងចលនានយោបាយ Chavismo។ អ្នកនយោបាយប្រឆាំងម្នាក់ បានហៅកិច្ចព្រមព្រៀងនេះថាជា «ការរឹបអូសដីធ្លីដ៏ធំធេង» ដោយអាមេរិក ខណៈលោក រ៉ាហ្វាអែល រ៉ាមីរ៉េស (Rafael Ramírez) អតីតប្រធានក្រុមហ៊ុនប្រេងរដ្ឋ PDVSA បានចោទប្រកាន់ថា ជាប្រតិបត្តិការបែបអាណានិគមនិយមថ្មី ហើយក្រុមបាតុករស្លាបឆ្វេង ក៏បានហែក្បួនប្រឆាំងនៅទីក្រុង ខារ៉ាកាស (Caracas) ផងដែរ។
លោកស្រី រ៉ូឌ្រីហ្គេស បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថា វេណេស៊ុយអេឡានៅតែរក្សាកម្មសិទ្ធិ និងអធិបតេយ្យភាពលើធនធានរបស់ខ្លួនដដែល។ កិច្ចព្រមព្រៀងនេះ តំណាងឱ្យការបត់បែនជំហរដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីលោកស្រី ដែលកាលពីមុន ធ្លាប់បានរិះគន់បក្សប្រឆាំងយ៉ាងខ្លាំងថាប៉ុនប៉ងប្រគល់ធនធានធម្មជាតិទៅឱ្យអាមេរិក។
កិច្ចព្រមព្រៀងនេះ នឹងរាប់បញ្ចូលទាំងការចូលរួមពីក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុនឯកជនរបស់មហាសេដ្ឋី អាឡេហាន់ដ្រូ បេតាំងឃើត (Alejandro Betancourt)។
ជាមួយគ្នានេះ អ្នកនយោបាយបក្សប្រឆាំង ដូចជាលោក ហួន ប៉ាប្លូ ហ្គូអានីប៉ា (Juan Pablo Guanipa) ភ័យខ្លាចថា កិច្ចព្រមព្រៀងនេះនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងស្តារលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី ព្រោះបើគ្មាននីតិរដ្ឋទេ កិច្ចព្រមព្រៀងថាមពលនេះ គឺប្រៀបដូចជា «អគារខ្ពស់កប់ពពកដែលសាងសង់លើសសរដីឥដ្ឋ» ដូច្នោះដែរ៕









