អ្នកឃ្លាំមើល បង្ហាញការយល់ឃើញថា គណបក្សក្រៅរដ្ឋាភិបាលដែលមាននិន្នាការប្រជាធិបតេយ្យ ត្រូវប្រញាប់រួបរួមគ្នាបើចង់ទាក់ទាញសន្លឹកឆ្នោត ពីពលរដ្ឋដែលចង់ផ្លាស់ប្តូរមេដឹកនាំ ខណៈបក្សកាន់អំណាចបានកែច្បាប់បង្រួមលំហប្រជាធិបតេយ្យពហុបក្សនៅថ្នាក់មូលដ្ឋាន មុនការបោះឆ្នោតឃុំ-សង្កាត់មកដល់។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ថ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ យល់ថា ការប្រែប្រួលនៃនិន្នាការនយោបាយ និងការកែប្រែច្បាប់ពាក់ព័ន្ធនឹងការតែងតាំងថ្នាក់ដឹកនាំឃុំសង្កាត់ អាចធ្វើឱ្យការរួបរួមរបស់គណបក្សក្រៅរដ្ឋាភិបាលកាន់តែមានសារៈសំខាន់ មុនការបោះឆ្នោតនាពេលខាងមុខ។ លោកថា ការដែលសំឡេងពីរភាគបីអាចមានអំណាចជ្រើសរើសមេឃុំចៅសង្កាត់ និងថ្នាក់ដឹកនាំបន្ទាប់ នឹងធ្វើឱ្យគណបក្សដែលមានសំឡេងច្រើនជាងគេកាន់តួនាទីសម្រេចចិត្តសំខាន់ៗ។
លោកព្រមានថា បើគណបក្សក្រៅរដ្ឋាភិបាលនៅតែបែកបាក់ និងប្រកួតប្រជែងរៀងៗខ្លួន នោះសូម្បីតែទទួលបានសំឡេងគាំទ្រពីពលរដ្ឋ ក៏អាចបាត់បង់ឱកាសកាន់តួនាទីដឹកនាំសំខាន់ៗនៅថ្នាក់ឃុំសង្កាត់ដែរ។ លោកថា ផ្ទុយទៅវិញ ការបង្រួបបង្រួមរបស់កម្លាំងប្រជាធិបតេយ្យ នឹងអាចជួយបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋថែមទៀត។
លោក សេក សុជាតិ ថ្លែងថា៖ «បើសិនជាធ្វើទៅបានល្អនិងមានប្រជាធិបតេយ្យផ្ទៃក្នុង ធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់និងទុកចិត្តថា អ្នកនយោបាយក្រៅរដ្ឋាភិបាលចេះធ្វើការជាមួយគ្នា ខ្ញុំជឿជាក់ថាពេលនោះឯង គឺនឹងទទួលបានការគាំទ្រច្រើនហើយក៏ជាឱកាសក្នុងការយកឈ្នះគណបក្សនយោបាយក្នុងការប្រកួតប្រជែងដូចគ្នាដែរ ហើយបើសិនជាបែកបាក់ ខ្ញុំយល់ថាឱកាសនៅក្នុងចំណោមអ្នកប្រជាធិបតេយ្យទាំងអស់នឹងបាត់បង់ ហើយនិងមិនអាចស្រោចស្រង់ រឺក៏មិនអាចធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង អាចរីកចម្រើននិងលូតលាស់ទៅមុខបាននោះទេ បាទ»។
ការលើកឡើងរបស់អ្នកឃ្លាំមើលដូច្នេះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យជឿនលឿន ប្រកាសរួបរួមជាមួយគណបក្សខ្មែរខ្លាំង ព្រមទាំងប្រកាសបើកទ្វាររួបរួមជាមួយគណបក្សកម្លាំងជាតិផងដែរ។ កាលពីថ្ងៃទី៣០ ខែសីហា អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន សូរីដា សរសេរលើហ្វេសប៊ុកថា ការរួបរួមគ្នានៅថ្ងៃនេះ ជាការឈានមុខគេក្នុងការរួបរួមអ្នកប្រជាធិបតេយ្យ ហើយនឹងបន្តទៅមុខទៀត ។ បន្ថែមពីនេះ លោកចោទសួរថា បើគណបក្សលោកនិងគណបក្សកម្លាំងជាតិរួមគ្នាតើបងប្អូនយល់យ៉ាងណាដែរ?។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា អះអាងថា ការរួបរួមទៅបានគឺត្រូវការគណបក្សប្រឆាំងមួយដែលមានកម្លាំងប្រហាក់ប្រហែល ទៅនឹងគណបក្សកាន់អំណាចដើម្បីប្រកួតប្រជែងនៅមូលដ្ឋាន។ លោកថា បើគ្មានការរួបរួមទេនោះ ក្ដីសង្ឃឹមទៅបើកលំហសេរីភាព និងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនឹងកាន់តែពិបាក។
យ៉ាងណា លោកចង់យកបទពិសោធន៍រួបរួមរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៣ ឱ្យបានផុលផុសឡើងវិញ។ លោកព្រមានថា ការមានបក្សតែមួយនៅមូលដ្ឋាន នឹងនាំឱ្យមានអំពើពុករលួយ បក្ខពួកនិយម និងការខ្វះការត្រួតពិនិត្យអំណាច។
លោក មករា ថ្លែងថា៖ «អញ្ចឹងទេ ការដែលរួបរួម ការដែលធ្វើការចូលគ្នារវាងអ្នកប្រជាធិបតេយ្យ និងអ្នកប្រជាធិបតេយ្យ ការច្របាច់បក្សចូលគ្នានៅក្នុងបញ្ជីតែមួយ ស្លាកឡូហ្គោតែមួយ ធ្វើសកម្មភាពតែមួយ ហើយយើងចំណាយថវិកាតែមួយ វាជាការសំចៃផង វាជាការបង្ហាញអំពីភាពសាមគ្គីរវាងខ្មែរនិងខ្មែរ រវាងអ្នកប្រជាធិបតេយ្យផង និងជាគំរូទៅដល់បណ្ដាគណបក្សផ្សេងៗ ក៏ដូចជាគំរូសម្រាប់ប្រជាជាតិទាំងមូលណា»។
វីអូឌី មិនទាន់អាចសុំការយល់ឃើញពីបណ្ដាគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀតនោះទេ គិតត្រឹមម៉ោងផ្សាយនេះ។
ចំណែកអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ថ្លែងនៅថ្ងៃទី៣១ ខែសីហា នេះដែរថា គណបក្សរបស់លោកនៅតែបើកទ្វារស្វាគមន៍ការរួបរួមជាមួយគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត ព្រោះការរួមកម្លាំងអាចបង្កើនប្រសិទ្ធភាពក្នុងការប្រកួតប្រជែង។ ប៉ុន្តែលោកថា ការរួបរួមមិនគួរធ្វើឡើងដោយគ្រាន់តែអះអាងថា «ប្រជាធិបតេយ្យដូចគ្នា» នោះទេ។ អ្វីដែលលោកចង់ឃើញគឺ គណបក្សនីមួយៗត្រូវបង្ហាញជំហរនយោបាយច្បាស់លាស់ យុទ្ធសាស្ត្រស្របគ្នា សមត្ថភាព រចនាសម្ព័ន្ធ និងកម្លាំងគាំទ្រពីពលរដ្ឋផងដែរ។
លោកថា មិនចង់រួបរួមហើយបែកបាក់ដោយសារភាពខុសគ្នានៃជំហរ និងការមិនទទួលស្គាល់ចំណុចខ្លាំង-ខ្សោយ និងសមត្ថភាពដឹកនាំរបស់ខ្លួនទេ។ លោកអះអាងថា ការរួបរួមដែលមានន័យ មិនមែនគ្រាន់តែប្រមូលគណបក្សឱ្យនៅជាមួយគ្នា ប៉ុន្តែត្រូវបង្កើតឡើងលើជំហរច្បាស់លាស់ សមត្ថភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ ខណៈពលរដ្ឋកាន់តែយល់ដឹង និងអាចវាយតម្លៃបានថា អ្នកនយោបាយណាធ្វើការដើម្បីប្រយោជន៍សាធារណៈ និងអ្នកណាធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬគ្រួសារ។
លោក សុខ គឹមសេង ថ្លែងថា៖ «អញ្ចឹងហើយបានជាគណបក្សកម្លាំងជាតិបានចេញជាគោលការណ៍ដាក់នៅក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ចែងអំពីការរួបរួមគណបក្សនយោបាយ ចាប់ពីមួយ ទៅពីរ ឬមួយក៏ច្រើន ហើយឈានរហូតទៅដល់អាចរលាយខ្លួនចូលរួមជាមួយនឹងគណបក្សផ្សេងទៀត បើសិនជាគណបក្សផ្សេងហ្នឹងមាន គេហៅថាកម្លាំងនយោបាយច្រើនជាងគណបក្សកម្លាំងជាតិ។ ប៉ុន្តែមុននឹងនិយាយអំពីការរួបរួម យើងនិយាយអំពីអ្វីដែលគណបក្សផ្សេងៗតែងតែមិនអាចធ្វើកិច្ចការងារជាមួយគ្នាបាន ឬមួយក៏ឈានរហូតដល់មានការបែងចែកគ្នា ឬក៏បែកបាក់»។
ក្រៅពីជំហររបស់ថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាល យុវជនមកពីគណបក្សនយោបាយចំនួន ៥ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយដោយទទូចស្នើឱ្យមានការបន្ត និងពន្លឿនកិច្ចសន្ទនា ចងសម្ព័ន្ធភាពជាក់ស្តែង និងស្វែងរកចំណុចរួមក្រោមស្មារតីបើកចំហរ ដើម្បីផលប្រយោជន៍ជាតិជាធំ។ លើសពីនេះ ពួកគេចង់បាននូវការចងសម្ព័ន្ធភាពលើក្រដាសផ្លូវការ ហើយធ្វើការរួមគ្នាទាំងសកម្មភាព ទាំងយុទ្ធសាស្ត្រ និងរៀបចំបញ្ជីរួមមួយដើម្បីចុះបញ្ជីឈ្មោះគណបក្សនយោបាយថ្មីមួយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ ខាងមុខនេះ៕









