បទយក​ការណ៍៖ ព្រែក​​​ជី​ផុច​​ជា​​ប្រភព​​ទឹក​​កសិកម្ម​​រាប់​​ពាន់​​​គ្រួសារ​​ក្លាយ​​ជា​​​ផ្ទះ​​​លម្ហែ ​និង​​​ដី​ឡូតិ៍​​ឯកជន​​នៅ​​ខេត្ត​​ព្រៃ​វែង​

ផ្ទៃ​​ទឹក​​​ដ៏​​ធំ​​ល្វឹង​​ល្វើយ​​ដែល​​ធ្លាប់​​ជា​​ឆ្នាំង​បាយ​ និង​​​ជា​​សរសៃ​​ឈាម​​កសិកម្ម​​របស់​​​កសិករ​​រាប់​​ពាន់​​គ្រួសារ​​ក្នុង​​ស្រុក​​មេសាង ​កំពុង​ប្រឈម​បាត់​​រូប​​រាង​​បន្តិច​​ម្តងៗ ​ដោយ​​ជំនួស​​មក​​វិញ​​នូវ​​ដី​ឡូតិ៍​ របង​ថ្ម និង​​សំណង់​​អគារ​​ធំៗ រាប់​​ម៉ឺន​​ដុល្លារ របស់​ក្រុម​អ្នក​មាន​អំណាច។

ពលរដ្ឋថា រយៈ​ពេល​ជាង​ ៤ ឆ្នាំ​មក​នេះ ​ព្រែក​ជីផុច ​ក្នុ​ង​​ស្រុក​​មេសាង​ ត្រូវ​​បាន​​ក្រុម​​ឈ្មួញ​​ចាក់​​ដី​​លុប​​អស់​​រាប់​​រយ​​ហិកតា ​បង្ក​​​ឱ្យ​​កសិករ​​ប្រឈម​នឹង​​ការ​ខ្វះ​ទឹក​ធ្វើ​ស្រែ ​និង​បាត់បង់​ជម្រក​នេសាទ​ត្រី​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈដែល​អាជ្ញាធរ​នៅ​តែ​ស្ងាត់​ស្ងៀម និងធ្វើមិនដឹងមិនឮ។

កសិករ​រស់​នៅ​ស្រុក​មេសាង​ថ្លែង​សុំ​លាក់​ឈ្មោះ ​ប្រាប់​វីអូឌី ​នៅ​ថ្ងៃ​ទី​៣១ ខែ​​សីហា​​ថា​ សកម្ម​ភាព​​ចាក់​​ដី​​លុប​​ព្រែក​​ទ្រង់​​ទ្រាយ​​ធំ​​នេះ ​អ្នកភូមិ​យ៉ាងហោចណាស់ ៥០០គ្រួសារ រស់នៅ​ស្រុក​មេសាង​ ខកខាន​​មិន​​អាច​ធ្វើ​ស្រែ​ប្រាំង​ ដោយសារ​ខ្វះ​ទឹក​ធ្វើ​ស្រែ។ រីឯការ​នេសាទ​ត្រីក៏​ថយ​ចុះ ​ដោយសារ​ផ្ទៃ​ទឹក​រួម​​តួច​។

លោក​ថា ក្រោយ​ពី​មាន​សកម្មភាព​ចាក់​លុប​ព្រែក​អស់​មួយ​ផ្នែក​ធំ​ កសិករ​មិន​អាច​បូម​ទឹក​ស្រោច​ស្រព​​ដោយ​សេរី​ដូច​​មុន​​ឡើយ ​ធ្វើ​ឱ្យ​កសិករ​ជា​ច្រើន​ភូមិ​ខកខាន​ មិន​អាច​ធ្វើ​ស្រែ​ប្រាំង​បាន​ នៅ​ឆ្នាំ​នេះ។

ពលរដ្ឋរូបនោះនិយាយថា៖ «លឺ​ថាគេ​អ្នក​ធំ​អី​ទេ​ចាក់​ដី​ទៅ! ដូច​ថា ​គេ​ពុះ​ចែក​គ្នាអ​ស់​ហើយ​អស់​រាប់​ពាន់​ហិកតា​នោះ​​រហូត​ទៅ​ដល់​វាល​ឥឡូវ ឮ​ថា​ខ្លះ​គេ​ទិញ​យក​ដី​ហ្នឹង​ត្រង់​នេះ។ ឥឡូវ​គេ​ធ្វើ​ផ្លូវ​ឡាន​ចេញ​ចូល​តាម​ហ្នឹង​ទៅ​ដល់​»។

កាល​ពី​ឆ្នាំ​​២០២៤ ពលរដ្ឋ ៥០០ គ្រួសារ មក​ពី ៥ ភូមិ ក្នុង​​ឃុំ​​ជីផុច​ ស្រុក​​មេសាង ​ខេត្ត​​ព្រៃវែង​ បាន​​ផ្តិត​​​មេ​ដៃ​​រួម​គ្នា​​ទាម​​ទារ​​ឱ្យ​​​អាជ្ញាធរ​​ខេត្ត​ព្រៃវែង ចាត់​​វិធាន​ការ​​​ជា​​បន្ទាន់​​លើ​​ក្រុម​​ឈ្មួញ​​មាន​​អំណាច ៣ នាក់ ដែល​​កំពុង​​បន្ត​​សកម្ម​ភាព​​ចាក់​​​ដី​​​លុប ព្រែក​​ជីផុច នៅ​​ផ្នែក​​ខាង​ត្បូង​ផ្លូវ​ជា​ថ្មី​ទៀត​ ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន។

អ្នកភូមិ​បារម្ភ​ថា ការ​រំលោភ​យក​ដី​ព្រែក​ធម្មជាតិ​នេះ ​នឹង​ធ្វើ​ឱ្យ​ប្រឡាយ​ទឹក​រួម​តូច​ រាំង​ស្ទះ​ចរន្ត​ទឹក​ហូរ​​នា​ដូវ​វស្សា ​បង្ក​​​គ្រោះ​ទឹក​ជំនន់​លិច​លង់​ស្រូវ​កសិកម្ម​រាប់​រយ​ហិកតារ​ ព្រម​ទាំង​បំផ្លាញ​ប្រភព​ទឹក​ស្រោច​​ស្រព ​និង​ជម្រក​នេសាទ​ត្រី​ដ៏​សំខាន់​របស់​ពួកគាត់។

ពលរដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​និយាយ​ពី​​បញ្ហា​​នេះ​ដោយ​បើក​ចំហ​​​​នោះ​​ទេ​ ព្រោះ​​បារម្ភ​​ពី​​សុវត្ថិ​ភាព ​និង​​ខ្លាច​​អាជ្ញាធរ​​ធ្វើ​​បាប ខណៈ​​ដែល​​មេ​ខ្លោង​​ដែល​​ចាប់​ដី​លុប​​ព្រែក​​នេះ ​​ជា​​បុគ្គល​មាន​អំណាចគប់គិត​​​ជាមួយ​​អាជ្ញាធរ​​ខិល​ខូច។

ក្រោយ​ពី​ចាក់​លុប​ព្រែក ​មាន​ផ្លូវ​ខ្វាត់​ខ្វែង ​និង​មាន​ប្រឡាយ​តូចៗ​ ​ពុះ​ចំ​កណ្ដាល​​ព្រែក ដែល​គេ​កាយ​អាចម៍​ដី​ក្នុង​ប្រឡាយ មក​ចាក់​លុប​ផ្ទៃ​ទឹក។ ​​នៅ​ក្បែរ​ប្រឡាយ​នោះ គេ​​ឃើញ​​មាន​​បុរស​​ជា​​កសិករ​​វ័យ​​កណ្ដាល​​ម្នាក់​ ក្នុង​​សំលៀក​​បំពាក់​​​ចាស់ៗ ​កំពុង​​បណ្ដើរ​​ក្របី​​ជា​​ច្រើន​​ក្បាល ​ដោយ​​ទឹក​​មុខ​​ក្រញូវ និង​​អស់​​សង្ឃឹម។

ដៃ​​ម្ខាង​​កាន់​​ខ្សែ​គោ ដៃ​​ម្ខាង​​ទៀត​​លើក​ដៃ​ជូត​​ញើស​​លើ​​ថ្ងាស ​បណ្ដើរ​​​គោ និង​​ក្របី​ កំពុង​​ស៊ី​​ស្មៅ​​តាម​​ដង​​ព្រែក​​នេះ។ លោក​​​ងាក​​មើល​​ផ្ទៃ​​ព្រែក​​ដែល​​ត្រូវ​​គេ​​ចាក់​​ដី​​​លុប​ ហើយ​​ថ្លែង​​ដោយ​​សុំ​​មិន​​បង្ហាញ​​អត្ត​​សញ្ញាណ​​ថា​ កាល​​​ពី​​ជាង ៤ ឆ្នាំ​មុន ​មិ​ន​ទាន់​​លុប​​ព្រែក​​នេះ​ ឱ្យ​​តែ​​ដល់​​រដូវ​វស្សា ​អ្នក​ភូមិ​​ពឹង​​ផ្អែក​​ទឹក​​ព្រែក​​ជីផុ​ច​ បូម​​ដាក់​​ស្រែ​​ប្រាំង។

លោក​ថា ស្រែ​​ប្រាំង​​ជា​​ប្រភព​​ចំណូល​​សំខាន់​​ណាស់​ ​សម្រាប់​​ដោះ​​បំណុល ​និង​​ចិញ្ចឹម​​កូន​ចៅ ហើយនៅ​​ពេល​ព្រែក​ចាក់​លុប​ទ្រង់​ទ្រាយ​ធំ​ ដូច្នេះ​​អ្នក​ភូមិ​ខក​ខាន ​មិ​ន​​អាច​​​ធ្វើ​​ស្រែ​​ប្រាំង​​កើត​​ទេ។

លោកថា៖ «លុប​អាព្រែក​ចាស់​ហ្នឹង​អស់ លុប​អាហ្នឹង​ចាស់ ឯណោះ​តែ​ភ្លៀង​ពីរ​មេ​មក លិច​ខាង​លើ​នោះ។ វា​អត់​មាន​ស្អី​ទេ សួរ​មេឃុំ​ជី​ផុច​ហ្នឹង​ហើយ ទំនាស់​រឿង​មាន​ហើយ ៥ភូមិ គេ​ផ្តិត​មេ​ដៃ។ ៥​ភូមិ​ហ្នឹង​លិច យាម​លិច​អី គ្មាន​បាន​ស្រូវ​ស៊ី​ទេ​មួយ​ឆ្នាំៗ។ ធ្វើ​ហើយ ធ្វើ​ស្រែ​ផ្សង​ព្រេង​ទេ ធ្វើ​ហើយ ខែ​កត្តិក​ហ្នឹង ដឹង​តែ​ភ័យ​ហើយ ដឹង​ថា បាន​ច្រូត​ឬ​អត់​ទេ»។

សំឡេង​ត្អូញត្អែរ​របស់​កសិករ​រូប​នេះ​ លាយ​ឡំ​​ជាមួយ​សំឡេង​​ជើង​​គោ​​ដើរ​​ធ្ងន់ៗ​​លើ​​ដី​ ​បាន​​ស្តែង​​ឱ្យ​​ឃើញ​​យ៉ាង​​ច្បាស់​​ពី​​សោក​​នាដ​កម្ម​​របស់​​កសិករ​​រាប់​​ពាន់​​គ្រួសារ​ ដែល​​កំពុង​​រង​​គ្រោះ​​ដោយ​​សារ​​ការ​​បាត់​បង់​​ប្រភព​​ទឹក​​ចិញ្ចឹម​ជីវិត ​និង​​ឃ្លាំង​​​ត្រី ​យ៉ាង​​សំខាន់​​របស់​​អ្នក​ស្រុក។ រីឯ​​អ្នក​​ដែល​​ទទួល​​ប្រយោជន៍ គឺ​​ក្រុម​​ឈ្មួញ ​និង​​អាជ្ញាធរ​​ខិល​ខូច ខេត្ត​​ព្រៃ​វែង។

ព្រែក​ជីផុច ​ជា​ប្រភព​ទឹក​ដ៏​សំខាន់​ដែល​មាន​ផ្ទៃ​ទឹក​រាប់​រយ​ហិកតា ​និង​​មាន​​បណ្ដាញ​​ទឹក​​ខ្វាត់​ខ្វែង​​ភ្ជាប់​​ពី​​បឹង​​មេសាង ​ឆ្ពោះ​​ទៅ​​កាន់​​ទន្លេ​​វ៉ៃ​គោ ​ក្នុង​​ខេត្ត​​ស្វាយ​រៀង។ ព្រែក​​ប្រវត្តិ​​សាស្ត្រ​​​នេះ ​ត្រូវ​​បាន​​អ្នក​​ស្រុក​​ចាត់​​ទុក​​ជា ​​ជា​​ឆ្នាំង​​បាយ​ និង​​​ជា​​ប្រភព​​ប្រាក់​​ចំណូល ​ដែល​​ផ្តល់​​ផល​​ប្រយោជន៍​​ដល់​​កសិករ​​រាប់​​ពាន់​​គ្រួសារ​​សម្រាប់​​ធ្វើ​​កសិកម្ម​​គ្រប់​​រដូវ។

អ្នក​ស្រុក​ខ្លះ​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ទាន​ និង​ពិធី​សែន​ព្រេន ​ថ្វាយ​ទេព្តា​ម្ចាស់​ទឹក​ម្ចាស់​ដី ​នៅ​ព្រែក​នេះ​​ស្ទើរ​ជា​​រៀង​​រាល់​​ឆ្នាំ។

កសិករម្នាក់ទៀតថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឱ្យដឹងថា ​ជាង ៤ឆ្នាំ​​មក​​នេះ​ សកម្ម​ភាព​​ចាក់​​ដី​​លុប​​ព្រែក​​ដើម្បី​​យក​​ដី​​​ពុះ​​ឡូ​តិ៍​​លក់​ ធ្វើ​​លំនៅ​ឋាន​ និង​​សង់​​អគារ ​បា​ន​​ធ្វើ​​ឱ្យ​​ផ្ទៃ​​ព្រែក​​រួម​​តូច​ ​និង​​គោក​​រាក់​​ជា​​លំដាប់ ហើយ​​តំបន់​​ខ្លះ​​ទៀត សកម្ម​ភាព​ចាក់​លុប​នៅ​តែ​បន្ត​កើត​មាន​នៅ​ពេល​យប់។

កសិកររូបនោះ​ និយាយថា៖«ដីទើបតែធ្វើថ្មីៗហ្នឹង គេ​យក​ធ្វើ​ផ្ទះ​ធ្វើ​អី យក​ដី​ហ្នឹង​លក់​ឱ្យ​ពលរដ្ឋ​យើង​ហ្នឹង​ទៅ។ យើង​មាន​លុយ យើង​ទិញ​ទៅ​ អត់​ដឹង​ទេ ប្រហែល​ជា​ជាង​មួយ​ម៉ឺន​(ដុល្លារ)»។

វីអូឌី ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រៃវែង លោក សួន សុម៉ាលីន បាន​​​នៅ​​ឡើយ​​ទេ គិត​​ត្រឹម​​ម៉ោង​ផ្សាយ​នេះ។

តែ​យ៉ាង​ណា ​កន្លង​មក​ ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​​ចេញ​សារាចរ​​​ណែនាំ ​និង​​បទ​បញ្ជា​​ស្នើ​ឱ្យ​អាជ្ញាធរ​មូល​​ដ្ឋាន​​គ្រប់​ខេត្ត/ក្រុង ជួយ​ការ​ពារ ​និ​ង​​អភិរក្ស​​ប្រភព​​ទឹក​​ធម្ម​ជាតិ​​នៅ​​ទូទាំង​​ប្រទេស​​ដោយ​​ហាម​​ឃាត់​ និង​​ព្រមាន​​​តាម​​ផ្លូវ​​ច្បាប់ ​ដោយ​​ហាម​​ខាត​​ការ​​ចាក់​​ដី​​លុប​​ព្រែក​ បឹងបួ ​និង​​ប្រឡាយ​ ​ដែល​​ជា​​ទ្រព្យ​​សាធារណៈ​​របស់​​រដ្ឋ។

ក្រសួង​ថា នឹង​អនុវត្តទោស​បញ្ញត្តិ​ធ្ងន់ធ្ង​រ តាម​ចច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធាន​ទឹក​ និង​ឧតុនិយម ​ចំពោះ​ជនទាំង​ឡាយ​ណា ដែលចាក់​ដី​លុប ​រំលោភ ​ឬ​បំផ្លាញ​ប្រភព​ទឹក​សាធារណៈ នឹង​ត្រូវ​កាយ​ដី​ចេញ​​វិញ​ដោយ​ស្វ័យ​ប្រវត្តិ​ សង​ការ​​ខូច​ខាត​ ព្រម​ទាំង​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ពិន័យ​ជា​ប្រាក់ ​និង​ទោស​​ដាក់ពន្ធ​ពន្ធនាគារ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​នៃ​​សមាគម​​អាដ​ហុក​ លោក យិន ម៉េងលី ពន្យល់​​ថា​ ការ​ចាក់​​ដី​លុប​ព្រែក ​បឹងបួ ​និង​អូរ ​គឺ​ជា​អំពើ​ល្មើសច្បាប់​ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​​នៅ​តំបន់​នោះ ​និង​អាជ្ញាធរ​ថ្នាក់​​ជាតិ ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ។

លោក​ឆ្ងល់​ថា តើ​អាជ្ញាធរ​ខេត្ត​ព្រៃវែង ​និង​​ក្រសួង​ពាក់ព័ន្ធ​ នឹង​មាន​វិធានការ​ច្បាប់​យ៉ាង​ណា ដើម្បី​សង្គ្រោះ​ព្រែក​​ជីផុច ឬ​​មួយ​​ត្រូវ​​បណ្ដែត​​បណ្ដោយ​​ឱ្យ​​ប្រភព​​ទឹក​​ប្រវត្តិ​​សាស្ត្រ​​មួយ​​នេះ​ ក្លាយ​​​ជា​​ទ្រព្យ​​សម្បត្តិ​​ឯកជន​​របស់​​ក្រុម​​ឈ្មួញ​​ជា​​រៀង​​រហូត?។

លោក យិន ម៉េងលី ថ្លែងថា៖«អាជ្ញាធរ​នៅ​តំបន់​នោះ ដែល​ជា​អ្នក​គ្រប់​គ្រង និង​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​រដ្ឋ បាន​ដឹង​ដែរ​ទេ? ឬ​ក៏​មាន​បញ្ហា​អ្វី បាន​ជា​គេ​អាច​ចាក់​ដី​លុប​បាន? ព្រោះ​ការ​ចាក់​លុប​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នេះ យើង​មើល​ទៅ​អត់​មាន​លួច​បាំង ធ្វើ​ពេល​យប់​អី​ទេ។ សកម្ម​ភាព​ដឹក​ជញ្ជូន និង​សកម្ម​ភាព​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​មាន​ការ​សង់​ផ្ទះ​លម្ហែនៅ​ពី​លើ​តំបន់​នោះ​ទៀត»។

ច្បាប់​ភូមិ​បាល (ឆ្នាំ២០០១) ចែងថា ដីធ្លី​​ជា​​​សម្បត្តិ​​សាធារណៈ​​របស់​​រដ្ឋ​ រួម​ទាំង​​​ដី​​ព្រែក ​និ​ង​​ដី​​ចំណី​​ព្រែក ​មិន​​អាច​​លក់​​ដូរ ​ផ្ទេរ​​កម្ម​សិទ្ធិ​ ឬ​​យក​​ធ្វើ​​ជា​​កម្ម​សិទ្ធិ​ឯកជន​បានឡើយ ​ទោះ​បី​ជា​មាន​ការ​កាន់​កាប់​​យូរ​​ប៉ុណ្ណា​​ក៏​ដោយ។ រីឯ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធាន​ទឹក មាត្រា៨ និង​មាត្រា៩ ចែងថា ដី​​ព្រែក ​បឹង​បួ ​ទន្លេ ​និង​ប្រឡាយ​ធម្មជាតិ​ទាំង​អស់​ គឺ​ជា​​​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ គ្មាន​បុគ្គល ​ឬ​​ក្រុមហ៊ុន​ណា​មួយ​​អាច​កាន់​កាប់​ ពុះ​​ឡូតិ៍ ​លក់​ ឬ​កែ​ប្រែ​ប្រភព​ទឹក​នេះ​​​ជា​កម្ម​សិទ្ធិ​ឯកជន​បាន​ឡើយ​។ រីឯ​បទល្មើស​​​បំផ្លាញ ​និង​ស្ទះ​ចរន្ត​ទឹក ​ធ្វើ​ឱ្យ​គោក​រាក់ រួម​តូច ​ឬ​​​រាំងស្ទះ​ចរន្ត​ទឹក​ហូរ ​គឺ​ជា​បទល្មើស​ព្រហ្ម​ទណ្ឌ ត្រូវ​កាយ​ដី​ចេញ​វិញ​ភ្លាមៗ​ និង​ស្ដារ​ប្រភព​ទឹក​ឱ្យ​មក​ស្ថានភាព​ដើម​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់ ​និង​ប្រឈម​មុខ​នឹង​ទោស​ពន្ធនាគារ​ ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ ប្រសិន​បើ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍​សាធារណៈ។

ពលរដ្ឋ​ទទូច​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល ក្រសួង​ធនធាន​ទឹក​ និង​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ ចុះពិនិត្យ និង​ផ្អាក​​សកម្ម​ភាព​​ចាក់​​ដី ​និង​បង្ខំ​ឱ្យ​កាយ​ដី​ចេញ​វិញ​តាម​ផ្លូវ​ច្បាប់ ដោយត្រូវ​ស្តារ​ និង​ការពារ ព្រែក​ជីផុច ឱ្យ​​​ទាន់​​វេលា​ មិន​ត្រឹម​ការពារ​ទ្រព្យសាធារណៈ​របស់​រដ្ឋ ​និង​យុត្តិធម៌​សង្គម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​ជា​ការ​​សង្គ្រោះ​​ឆ្នាំង​បាយ​ និង​សរសៃ​ឈាម​កសិកម្ម​របស់​កសិករ ​ឱ្យ​ផុត​ពី​វិបត្តិ​ជីវភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ