ជាមួយនឹងការថ្លែងសារថ្កោលទោសការឈ្លានពានរបស់ថៃ អ្នកឃ្លាំមើល ក៏ជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវប្រញ៉ាប់ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ដោយសំអាងថា ការតវ៉ាជិត១ឆ្នាំកន្លងមកនេះ ថៃនៅតែគឃ្លើនបន្តរំលោភចូលដីខ្មែរឥតឈប់ឈរ។
លើសពីនេះ ថៃកំពុងសម្រុកសាងសង់សំណង់រឹងលើដីខ្មែរ ក្នុងតំបន់ឈ្លានពាន សាងសង់មូលដ្ឋានទ័ព ជីកប្រឡាយ ធ្វើរបងព្រំដែន ដើម្បីកែប្រែដីខ្មែរចំនួន ៧៦ទីតាំង ឱ្យក្លាយទៅជាដីថៃទៀតផង។
ប្រតិកម្មទាំងនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបើកសន្និសីទសភាអន្តរជាតិ កាលពីថ្ងៃទី២៧ខែសីហាថា កងទ័ពថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើនដែលស្ថិតនៅក្នុងទឹកដីកម្ពុជា និងកំពុងព្យាយាមបង្កើត «ស្ថានភាពថ្មីលើដីជាក់ស្ដែង» ខណៈពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់ នៅតែមិនទាន់អាចត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញបាននៅឡើយ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែស្ថានភាពជាក់ស្ដែងតាមព្រំដែន នៅតែមានភាពផុយស្រួយ ដោយកងកម្លាំងយោធារាប់ពាន់នាក់ នៅតែប្រឈមមុខដាក់គ្នា។ បញ្ហាជាសារវន្តទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
នៅក្នុងវេទិកានេះដែរ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានថ្លែងដែរថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ ដែលនៅពេលនេះថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ គឺស្ថិតក្រោមស្ថានភាពនៃការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះបទល្មើសឆ្លងដែន ដើម្បីកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់។ សកម្មភាពនេះ គឺជាទម្រង់នៃសង្គ្រាមថ្មី នៅក្នុងយុគសម័យនេះ។
លោកថា៖ «សង្គ្រាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតនៅក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំ ដោយផ្អែកថា ទឹកដីរបស់យើងខ្ញុំខ្លះ គឺជាផ្នែកនៃល្បែងឆបោក។ ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែន ដូចជា ការឆបោកអនឡាញដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុគសម័យនេះឯង»។
យ៉ាងណាក្តី ទាំងលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មិនបាននិយាយពីការប្តឹងថៃទៅកាន់តុលាការអន្តរជាតិនោះទេ។
លោកអ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង និងលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី៣១ខែសីហានេះថា ការដែលលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បានត្រឹមតែប្រើវេទិកាអន្តរជាតិថ្កោលទោសថៃ ឬក៏បន្តចេញកំណត់ទូតតវ៉ាជាមួយថៃ គឺប្រាកដណាស់មិនអាចទាមទារដីខ្មែរពីថៃមកវិញបានទេ។
លោក អ៊ុំ សំអាន ថ្លែងថា ដើម្បីអាចទាមទារទឹកដីខ្មែរចំនួន៧៦ទីតាំងពីថៃមកវិញបាន គឺមានតែលោកហ៊ុន ម៉ាណែត ត្រូវតែប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោកថា៖ «ការដែលលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គ្រាន់តែប្រើវេទិកាអន្តរជាតិដើម្បីថ្កោលទោសថៃ ហើយបែរជាមិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិនេះ ខ្ញុំយល់ថា នេះជានយោបាយប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទិញពេលវេលាក្នុងការកាន់អំណាចតទៅមុខទៀតរបស់ត្រកូលហ៊ុន ហើយការធ្វើនយោបាយប្រជាភិថុតិបែបនេះ មិនអាចទាមទារទឹកដីខ្មែរយើងពីថៃបានមកវិញនោះទេ នៅពេលដែលមិនព្រមប្តឹងថៃទៅកាន់តុលាការអន្តរជាតិ»។
សម្រាប់ លោកម៉ែន ណាត ក្រៅពីត្រូវដាក់ពាក្យប្តឹងថៃទៅតុលាការអន្តរជាតិ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ក៏ត្រូវតែប្រើយន្តការការទូតឱ្យបានខ្លាំងក្លា តាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាស៊ាន និងតាមរយៈសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ាសរីស។
លោកថា៖ «គឺថៃនៅតែបន្តពង្រីកការឈ្លានពាន ដោយគ្មានការប្រើអាវុធយុទ្ធភណ្ឌ គេអូសបន្លាលួស គេធ្វើសំណង់រឹង គេធ្វើផ្លូវគេធ្វើលេណដ្ឋានកងទ័ព គេធ្វើប្រឡាយទឹក គេនៅតែបន្តធ្វើរាល់ថ្ងៃចឹង។ ពង្រីករុលចូលទឹកដីខ្មែរបន្តិចម្តងៗ មិនឈប់ឈរ។ ក្នុងរឿងនេះ ក្នុងនាមយើងជាខ្មែរ យើងនៅតែទទូចឱ្យរដ្ឋាភិបាលកម្ពុជា ប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ យើងនៅតែទទូចឱ្យរដ្ឋាភិបាលកម្ពុជា ប្រើសិទ្ធិការពារខ្លួន កុំឱ្យថៃរុលចូលឈ្លានពានទឹកដីខ្មែរបន្ថែមទៀត»។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ កត់សម្គាល់ថា ថៃមិនអើពើមិនយកចិត្តទុកដាក់ ចំពោះការចេញកំណត់ទូតតវ៉ា និងការថ្លែងសាររបស់កម្ពុជានោះទេ ថែមទាំងបិទផ្លូវចរចាជាមួយកម្ពុជា រំលោភច្បាប់អន្តរជាតិ និងរំលោភកិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នា។ ដូច្នេះបើរដ្ឋាភិបាលកម្ពុជានៅតែតវ៉ារបៀបទន់ជ្រាយដូចបច្ចុប្បន្ន នោះនឹងមិនអាចទាមទារដីខ្មែរមកវិញបានទេ។
លោកថា៖ «អានេះគឺជាការទទួលខុសត្រូវរបស់លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ដែលខ្សោយដែលទន់ជ្រាយ ហាក់ដូចមិនផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជា ត្រូវតែរឹងមាំត្រូវតែឯកភាពជាតិ ត្រូវតែមូលមាត់គ្នា ក្នុងការកសាងការពារបូរណភាពទឹកដីឱ្យបានមែនទែន។ អាហ្នឹងបើរដ្ឋាភិបាលដោះស្រាយមិនចេញ វាជាកំហុសរបស់លោកហ៊ុន ម៉ាណែត កំហុសនេះធ្ងន់ធ្ងរណាស់ មិនអាចរួចផុតពីការថ្កោលទោសរបស់ប្រជាពលរដ្ឋខ្មែរទេ បើសិនលោកហ៊ុន ម៉ាណែត មិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ទាមទារទឹកដីពីថៃមកវិញ»។
ជាមួយគ្នានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកជំនាញច្បាប់ជើងចាស់ បានសរសេរលើហ្វេសប៊ុករបស់លោកជាថ្មីទៀត នៅថ្ងៃទី៣០ខែសីហាថា ច្បាប់ទី២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រិតភាព និងឯកភាពជាតិនៃកម្ពុជា ជាការធានាអន្តរជាតិ ឲ្យខ្មែរលែងរងទុក្ខវេទនា ពីការលុកលុយឈ្លានពានពីប្រទេសដទៃដូចពីមុនៗ និងឲ្យលែងរងទុក្ខវេទនាពីការធ្វើទុក្ខបុកម្នេញរបស់អ្នកមានអំណាចខ្មែរដូចពីមុនៗ។
លោកបណ្ឌិត បញ្ជាក់ថា ការធានាអន្តរជាតិទាំងអរស់នេះអត់អស់សុពលភាពឡើយ ហើយកិច្ចព្រមព្រៀងសន្តិភាពនេះ គឺមានយន្តការសម្រាប់ដោះស្រាយនៅពេលមានការរំលោភបំពាន ។
សម្រាប់លោកអ៊ុំ សំអាន អាថ៌កំបាំងនៃការសម្លាប់លោក លិម គឹមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំងនៅក្នុងប្រទេសថៃ ការឆបោកតាមអនឡាញ ការខ្លាចថៃទម្លាក់ត្រកូលហ៊ុនពីអំណាច និងការបញ្ជាពីចៅហ្វាយនាយវៀតណាមដែលលើកបន្តុបលោកហ៊ុន សែន ឱ្យឡើងកាន់អំណាច គឺអាចជាមូលហេតុដែលលោក ហ៊ុន ម៉ាណែត មិនហ៊ានប្តឹងថៃទៅ ICJ និង ICC៕









