វិភាគ៖ តើ​ ACU នឹងស៊ើបអង្កេតដល់ឫសគល់ ឬឈប់ត្រឹម​លោក ថូ សំណាង និងមន្ត្រីពីរនាក់ទៀត?

ករណីលោក ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានក្លាយជាសំណុំរឿងពុករលួយដ៏គួរឱ្យចាប់អារម្មណ៍មួយ។ តាមព័ត៌មានដែល​​អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU បានបង្ហាញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ថូ សំណាង និងមន្ត្រី​ពីរនាក់ទៀត ត្រូវបានចោទថា បានយកសន្លឹកទិដ្ឋាការប្រភេទ C និង CEX ប្រមាណ ១២.០០០ សន្លឹក ចេញពីប្រព័ន្ធ ហើយលក់មួយចំនួនទៅឱ្យជនបរទេស ដែលក្នុងនោះមានអ្នកពាក់ព័ន្ធនឹងអាជីវកម្ម​ឆបោក​តាម​អន​​ឡាញ​ និង​​កាស៊ី​ណូ។ ACU ប៉ាន់ប្រមាណថា ប្រតិបត្តិការនេះអាចរកប្រាក់បានប្រមាណ ៣ លានដុល្លារ។

សន្លឹកទិដ្ឋាការប្រភេទ C និង CEX គឺជាប្រភេទទិដ្ឋាការផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគ្រប់គ្រងដោយ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ទិដ្ឋាការ​ប្រភេទ C ជាទិដ្ឋាការអនុគ្រោះ ឬទិដ្ឋាការសុជីវធម៌។ ក្រសួងការបរទេស ឬស្ថានទូតកម្ពុជាប្រចាំនៅបរទេស ផ្ដល់ជូនទិដ្ឋាការនេះដល់បុគ្គលិកអង្គការអន្តរជាតិ ទីភ្នាក់ងារបរទេស អ្នកបំពេញការងារមនុស្សធម៌ និងសមាជិកគ្រួសាររបស់ពួកគេ ដើម្បីចូលមកបំពេញការងារផ្លូវការនៅក្នុងប្រទេសកម្ពុជា។

ជាទូទៅ វាមានសុពលភាព ៣ ខែ សម្រាប់ការចូលតែម្តង និងអនុញ្ញាតឱ្យស្នាក់នៅបាន ៣០ ថ្ងៃ ទៅ ៣ ខែ។ ទិដ្ឋាការ​ប្រភេទ CEX គឺជាទម្រង់ ឬ​សន្លឹកសម្រាប់ពន្យារពេល នៃការស្នាក់នៅរបស់ទិដ្ឋាការប្រភេទ C នៅពេលដែល​សាមីខ្លួន ត្រូវបន្តបេសកកម្ម ឬការងារមនុស្សធម៌នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ព័ត៌មាននេះ ចោទជាសំណួរធំមួយថា តើមន្ត្រីកម្រិតអគ្គនាយកម្នាក់ និងបក្ខពួកតែពីរនាក់ អាចធ្វើប្រតិបត្តិការទំហំធំបែបនេះ ដោយគ្មានអ្នកផ្សេងទៀតដឹង ឬគ្មានចន្លោះប្រហោងនៅក្នុងប្រព័ន្ធបានយ៉ាងដូចម្តេច។ តាម ACU សន្លឹកទិដ្ឋាការទាំងនេះមិនមែនបាត់ត្រឹមដប់ ឬមួយរយសន្លឹកទេ ប៉ុន្តែរាប់ពាន់សន្លឹក។ ACU កាលពីថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០២៦ រាយការណ៍ថា ចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ លោក ថូ សំណាង ត្រូវបាន​ចោទ​​ថា បានផ្ទេរសន្លឹកទិដ្ឋាការ C ចំនួន ៥.២០០ សន្លឹក និង CEX ចំនួន ៦.០០០ សន្លឹកទៅឱ្យមន្ត្រីពីរនាក់ទៀត ដោយគ្មាននីតិវិធីត្រឹមត្រូវ។ វាបង្ហាញថា ប្រព័ន្ធគ្រប់គ្រងឯកសារសំខាន់របស់រដ្ឋមានចន្លោះប្រហោងធ្ងន់ធ្ងរ។

ចំណុចដែលកាន់តែធ្វើឱ្យសាធារណជនមានសំណួរ គឺការតាមដានលំហូរប្រាក់។ តាម ACU លោក ថូ សំណាង មានគណនីធនាគាររហូតដល់ ៣៧៥ គណនីនៅធនាគារ ៧ ខណៈមន្ត្រីពីរនាក់ទៀតក៏មានគណនីជាច្រើនផងដែរ។ ACU ក៏​អះអាងថា លោកបានទទួលប្រាក់ប្រមាណ ៤៥០.០០០ ដុល្លារពីការលក់ទិដ្ឋាការ និងមានការដកប្រាក់ជាង ២ លាន​​ដុល្លារ​នៅខែមករា ឆ្នាំ២០២៦។ តួលេខបែបនេះធ្វើឱ្យសំណួរមិនអាចឈប់ត្រឹមថា តើមន្ត្រីម្នាក់ប្រព្រឹត្តខុស ឬ​អត់​នោះទេ ប៉ុន្តែត្រូវសួរបន្ថែមថា តើប្រព័ន្ធត្រួតពិនិត្យទ្រព្យសម្បត្តិ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់មន្ត្រីជាន់ខ្ពស់មាន​ប្រសិទ្ធភាពកម្រិតណា។

បញ្ហាមួយទៀត គឺការត្រួតពិនិត្យនៅក្នុងក្រសួងការបរទេស។ តាមព័ត៌មានដែល ACU បានបង្ហាញ ការខ្វះសន្លឹកទិដ្ឋាការត្រូវបានរកឃើញតាមការធ្វើបញ្ជីសារពើភណ្ឌនៅចុងឆ្នាំ២០២៥ ខណៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បាន​រក​ឃើញសន្លឹកទិដ្ឋាការមួយចំនួន នៅក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាញនៅខែមករា ឆ្នាំ២០២៦។ នេះ​មាន​ន័យថា បញ្ហាអាចកើតឡើងអស់មួយរយៈមកហើយ មុននឹងត្រូវបានរកឃើញ។ សំណួរដែលគួរសួរគឺថា ហេតុអ្វីសន្លឹកទិដ្ឋាការរាប់ពាន់សន្លឹកអាចចេញពីការគ្រប់គ្រង ដោយប្រព័ន្ធត្រួតពិនិត្យប្រចាំថ្ងៃមិនរកឃើញមុន។

ករណីនេះ ក៏មិនគួរកាត់ផ្តាច់ចេញពីបញ្ហាឆបោកតាមអនឡាញនៅកម្ពុជាដែរ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត បានអះអាងថា បានបង្ក្រាបទីតាំងឆបោកទ្រង់ទ្រាយធំអស់ហើយ បន្ទាប់​ពី​អាជ្ញាធរ​បាន​ពិនិត្យ​ទីតាំង​សង្ស័យ ៧៩៣ កន្លែង និងបង្ក្រាប ៦២៤ កន្លែង ចាប់ខ្លួនមនុស្សជិត ៣០.០០០ នាក់ពី ៣៩ សញ្ជាតិ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។ ទោះយ៉ាងណា សារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ថា អ្នកជំនាញមួយចំនួននៅតែសង្ស័យថា បណ្តាញឆបោកអាចផ្លាស់ប្តូរទៅធ្វើក្នុងទ្រង់ទ្រាយតូច និង​លាក់ខ្លួនជាងមុន។ បើសន្លឹកទិដ្ឋាការរដ្ឋត្រូវបានប្រើដោយអ្នកពាក់ព័ន្ធនឹងបណ្តាញទាំងនេះ វាបង្ហាញថា បញ្ហាឆបោក​មិនមែនមានតែជនបរទេសធ្វើបទល្មើសទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងចន្លោះប្រហោង ឬការឃុបឃិតនៅក្នុងស្ថាប័ន​រដ្ឋផងដែរ។

ដូច្នេះ ការស៊ើបអង្កេតមិនគួរបញ្ចប់ត្រឹមលោក ថូ សំណាង និងមន្ត្រីពីរនាក់ទៀតទេ។ នេះមិនមានន័យថា មន្ត្រីជាន់​ខ្ពស់ផ្សេងទៀត​ ត្រូវបានចាត់ទុកថា​មានកំហុសដោយស្វ័យប្រវត្តិនោះទេ។ ប៉ុន្តែការស៊ើបអង្កេតគួរតាមខ្សែបញ្ជា​ទាំង​មូល ដោយសួរថា អ្នកណាមានភារកិច្ចត្រួតពិនិត្យសន្លឹកទិដ្ឋាការ អ្នកណាអនុម័តការចេញ អ្នកណាទទួលរបាយ​ការណ៍ប្រចាំខែ និងហេតុអ្វីប្រព័ន្ធសវនកម្មមិនរកឃើញបញ្ហាមុន។ ​នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អយ្យការបាន​ចោទ​ប្រកាន់​ លោក ថូ សំណាង ពាក់ព័ន្ធនឹងការបំផ្លាញដោយចេតនា ការកិបកេងដោយទុច្ចរិត ការរំលោភអំណាច និងការលាងលុយ ខណៈមន្ត្រីពីរនាក់ទៀតក៏ប្រឈមបទចោទជាច្រើន។ ប៉ុន្តែការចោទប្រកាន់មិនមែនជាសាល​ក្រម​ទេ ហើយអ្នកទាំងបីនៅតែមានសិទ្ធិទទួលការជំនុំជម្រះដោយយុត្តិធម៌។

ជារួម ករណីនេះគឺជាការសាកល្បងសំខាន់មួយទៀតចំពោះឆន្ទៈរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ខណៈកន្លងមក ករណីពុករលួយដែលពាក់​ព័ន្ធនឹងឥស្សរជនជាន់ខ្ពស់របស់គណបក្សកាន់អំណាច តែងរងការរិះគន់ថា មិនសូវមានចំណាត់ការតឹងរ៉ឹង និងមានតម្លាភាព។

ប្រសិនបើ ACU អាចបើកការស៊ើបអង្កេតឱ្យដល់ឫសគល់ បង្ហាញលំហូរប្រាក់ រកអ្នកទទួលផលទាំងអស់ និងពិនិត្យទំនួលខុសត្រូវរបស់មន្ត្រីគ្រប់កម្រិត នោះវាអាចជួយបង្កើនទំនុកចិត្តសាធារណៈ។ ប៉ុន្តែបើសំណុំរឿងធំដែលពាក់ព័ន្ធទឹក​ប្រាក់​ប្រមាណ ៣ លានដុល្លារ សន្លឹកទិដ្ឋាការរាប់ពាន់ និងបណ្តាញឆបោកអនឡាញ ត្រូវបញ្ចប់ត្រឹមមន្ត្រីបីនាក់ នោះ​​សាធារណជន​អាចនៅតែមានសំណួរថា តើនេះជាកំហុសរបស់បុគ្គលប៉ុន្មាននាក់ ឬជាសញ្ញាបង្ហាញពីបញ្ហាធំ​ជាង​​នេះ​នៅក្នុងប្រព័ន្ធរដ្ឋ៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ