អតិថិជនបុរី ឡេង ណាវ៉ាត្រា បន្តត្អូញត្អែរថា ម្ចាស់ក្រុមហ៊ុននេះមិនបានដោះស្រាយសង់ផ្ទះរបស់ខ្លួនតាមកិច្ចសន្យាទេ ហើយពួកគេចោទថា ក្រសួងរៀបចំដែនដីដែលចូលមកដោះស្រាយ បែរជាគប់គិតជាមួយម្ចាស់បុរី ដែលជាមនុស្សស្និទ្ធនឹងក្រុមគ្រួសារលោក ហ៊ុន សែន ដោយការកុហកម្ដងហើយទៀត ហើយបង្ខំឱ្យពួកគេទទួលយកកិច្ចសន្យាថ្មី ដែលរំលោភកិច្ចសន្យាដើមទាំងស្រុងថែមទៀត។
អតិថិជនមួយរូប គឺលោក កែ រ៉ាវុធ ប្រាប់វីអូឌីនៅថ្ងៃទី១ ខែកញ្ញា ថា ក្នុងនាមលោកជាជនរងគ្រោះនៅបន្តទទូចស្នើឱ្យក្រសួងរៀបចំដែនដី រក្សាកិច្ចសន្យាទិញ-លក់ដើមទាំងស្រុង ដែលកំណត់ឱ្យក្រុមហ៊ុនសងសំណង ១០០ដុល្លារក្នុងមួយខែ ក្នុងករណីក្រុមហ៊ុនសាងសង់យឺត និងធានាជួសជុលគុណភាពផ្ទះរយៈពេល ៤ឆ្នាំ ដូចមានចែងក្នុងកិច្ចសន្យាដើម និងកិច្ចសន្យាកាលពីចុងឆ្នាំ២០២៥។
ប៉ុន្តែលោកសម្ដែងការខកចិត្តនៅពេលដែលក្រសួងចូលដោះស្រាយ ដោយតែងកុហកពួកគេជិត ១០ដងរួចមកហើយ និងបែរជាលុបចោលលក្ខខណ្ឌការពារប្រយោជន៍អតិថិជនថែមទៀត។ លោកថា ទង្វើរបស់ក្រសួងរៀបចំដែនដី បានធ្វើឱ្យអតិថិជនមានអារម្មណ៍ថា ក្រសួងការពារផលប្រយោជន៍ក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា ទាំងស្រុងទៅវិញ។
លោក កែ រ៉ាវុធ និយាយថា៖ «ខ្ញុំយល់ថា ក្រសួងចូលលូកដៃនេះ មិនមែនដូចជា ជួយអតិថិជនតែម្ដងទេ តែហាក់បីដូចជា ចូលជួយទៅលើខាងបុរីផងដែរ ពីព្រោះអីក្នុងកិច្ចសន្យា គឺបានចែងឲ្យច្បាស់ ហើយថា បើសិនជាក្រុមហ៊ុនខកខាន ក្នុងការសាងសង់ គឺសង ១ ខែ១០០ដុល្លារ ហើយ និងធានានូវគុណភាពផ្ទះ ក្នុងការជួសជុលរយៈពេល ៤ឆ្នាំ តែជាក់ស្ដែងក្រសួងគាត់ ធ្វើមករំលោភបំពាននៅក្នុងកិច្ចសន្យា ដែលមានចែងក្នុងកិច្ចសន្យាទិញលក់»។
សម្រាប់អតិថិជនរូបនេះ ចង់ឃើញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយឲ្យស្មើភាពគ្នា និងពន្លឿនដាក់ជាងចូលសាងសង់ផ្ទះរបស់លោក តាមការសន្យាជាថ្មីនៅចុងខែកញ្ញា ឆ្នាំ២០២៦នេះ។
លោកថា៖ «មួយទៀតទាក់ទងជាមួយដីរបស់ខ្ញុំនៅទីតាំងដីរបស់ខ្ញុំ នៅខាងជ្រែ១០០ ក៏អសកម្មដែរ គឺអត់មានឡានចាក់ដីទេ។ ហើយផ្ទះបានគ្រោងឆ្អឹងកាលហ្នឹង គឺធ្វើការដោះដូរ ខ្ញុំដោះដូរពីកន្លែងទីតាំងចាស់មកទីតាំងថ្មី បានគ្រោងឆ្អឹង ហើយការដោះដូរហ្នឹង គឺខាងក្រសួងសន្យាថា ក្រោយដោះដូររយៈពេល ២ សប្ដាហ៍ ទៅ ១ខែ នឹងមានជាងចូល តែមកដល់បច្ចុប្បន្ននេះ វាចូល ៧ ខែ ៨ ខែហើយ។ តែអត់មានជាងសោះតែម្ដង»។
វីអូឌី មិនអាចសុំការឆ្លើយបំភ្លឺពីតំណាងក្រុមហ៊ុនឡេង ណាវ៉ាត្រា លោក សុំ មនោរម្យ និងតំណាងក្រសួងរៀបចំដែនដីបានទេ នៅថ្ងៃទី១ ខែកញ្ញានេះ។
ប៉ុន្តែបើតាមលិខិតព្រមព្រៀងថ្មីដែលក្រុមហ៊ុនបានតម្រូវឱ្យអតិថិជនផ្ដិតមេដៃនោះ មានខ្លឹមសារថា អតិថិជនព្រមទទួលយកផ្ទះដោយឥតលក្ខខណ្ឌ ដោយព្រមលុបចោលនូវកាតព្វកិច្ច ដូចជា សំណង សោហ៊ុយនានា ដែលមានចងក្នុងកិច្ចសន្យាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ និងលក្ខខណ្ឌមួយចំនួន។ ក្នុងនោះក្រោយទទួលផ្ទះ គឺអតិថិជនត្រូវទទួលខុសត្រូវសម្អាត ថែទាំ និងជួសជុលផ្ទះដោយខ្លួនឯង ដោយមិនមានការពាក់ព័ន្ធនឹងក្រសួងរៀបចំដែនដីទៀតនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា មើលឃើញថា អតិថិជនបុរី ឡេង ណាវ៉ាត្រា កំពុងប្រឈមភាពអយុត្តិធម៌បីជាន់ ក្នុងនោះ ទី១ ក្រុមហ៊ុនមិនបានប្រគល់ផ្ទះ ឬដីតាមពេលវេលាដែលបានកំណត់ក្នុងកិច្ចសន្យា។ ទី២ ការដោះស្រាយត្រូវបានអូសបន្លាយ ដោយអតិថិជនមិនដឹងថាពេលណានឹងទទួលបានសំណងជាដើម។ និងទី៣ ការយឺតយ៉ាវរបស់ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធបានធ្វើឱ្យពួកគេ បាត់បង់ជំនឿទុកចិត្ត លើអ្នកដែលខ្លួនរំពឹងថា នឹងការពារសិទ្ធិរបស់ពួកគេ។ លោកយល់ថា បញ្ហាទាំងនេះកំពុងធ្វើឱ្យអតិថិជនដែលបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ក្លាយជាភាគីរងគ្រោះ ខណៈពួកគេត្រូវការដំណោះស្រាយ ច្បាស់លាស់ ឆាប់រហ័ស និងយុត្តិធម៌។
លោក ប៉ោ មករា ថ្លែងថា៖ «អញ្ចឹងបញ្ហាទាំងបីនេះ ខ្ញុំគិតថា វាបានផ្ដល់នូវភាពអយុត្តិធម៌សម្រាប់ពួកគាត់ដែលជាអតិថិជន ក្នុងការទិញដែលមានកាតព្វកិច្ចជាប់ជាមួយនឹងគេហៅកិច្ចសន្យាដែលក្រុមហ៊ុនដាក់ឲ្យគាត់។ ផ្ទុយមកវិញ ប្រសិនណាបើពួកគាត់មិនបានគោរពកាតព្វកិច្ចនោះ ខ្ញុំគិតថាប្រហែលជាក្រុមហ៊ុនហ្នឹង អាចនឹងដកឬក៏អនុវត្តតាមសេចក្ដីកិច្ចព្រមព្រៀង ឬការរៀបចំរបស់គាត់ហ្នឹងអាចផ្ដាច់នូវថវិកាដែលគាត់មិនបានបង់ទៅតាមកាតព្វកិច្ចនោះ»។
ជុំវិញករណីនេះដែរ នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ជំរុញឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងក្រសួងពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ហាអតិថិជន ដែលរង់ចាំផ្ទះ និងដីអស់រយៈពេលយូរមកហើយ។ លោកថា អ្នកទិញមួយចំនួនបានខ្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយត្រូវបង់ថ្លៃជួលផ្ទះបន្ថែម ខណៈផ្ទះដែលរំពឹងទុកមិនទាន់ទទួលបាន ហើយបង្កឱ្យកើតជា «បំណុលលើបំណុល» និងបន្ទុកជីវភាពកាន់តែធ្ងន់។ លើសពីនេះ លោកអំពាវនាវឱ្យភាគីពាក់ព័ន្ធ បញ្ឈប់ការពន្យារពេល និងពន្លឿនការសាងសង់ប្រគល់ផ្ទះតាមកិច្ចសន្យា ដើម្បីកុំឱ្យអតិថិជនរងគ្រោះកាន់តែធ្ងន់។
លោក អំ សំអាត ថ្លែងថា៖ «ខ្ញុំយល់ថា រឿងនេះមិនគួរណានឹងពន្យារតទៅទៀតឲ្យយូរទេ ដោយសារតែពួកគាត់ ក្រៅតែអំពីអ្នកខ្លះជំពាក់ធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុ ក្នុងការទិញផ្ទះហើយ គាត់ជួលផ្ទះគេទៀត អញ្ចឹងវាបំណុលលើបំណុលណា»។
អតិថិជនជាច្រើន បានចុះកិច្ចសន្យាទិញផ្ទះ និងដីពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា តាំងពីឆ្នាំ២០២១ ប៉ុន្តែពួកគេបានរង់ចាំរាប់ឆ្នាំដោយមិនទទួលបានផ្ទះ ឬដីតាមការសន្យា។ ករណីនេះ ធ្វើឱ្យអ្នកទិញមួយចំនួនជួបបញ្ហាបំណុល និងការប្រាក់ធនាគារកាន់តែធ្ងន់។
កាលពីចុងឆ្នាំ២០២៥ ពួកគេជាង ១០០នាក់ បានតវ៉ា និងទាមទារឱ្យក្រុមហ៊ុនគោរពកិច្ចសន្យា និងដោះស្រាយជាក់លាក់។ ក្រោយមកក្រសួងរៀបចំដែនដី បានចូលខ្លួនរកដំណោះស្រាយជូនអ្នករងគ្រោះ ក្នុងការទាមទារយុត្តិធម៌ និងសំណង។ យ៉ាងណា ករណីនេះនៅបន្តជាសំណួរដ៏ធំថា តើអ្នកទិញទាំងនោះនឹងទទួលបានផ្ទះ សំណង និងយុត្តិធម៌នៅពេលណា បើសិនក្រសួងពាក់ព័ន្ធបែរជាគប់គិតដាក់បន្ទុកឱ្យពលរដ្ឋរងគ្រោះ ព្រមទទួលកិច្ចសន្យាថ្មីបែបនេះទៅវិញ៕









