លោក ហ៊ុន សែន ចែករំលែកវត្តមានអ្នកសង្កេតការណ៍ទៅ​​ព្រំដែន​​ក្រោយ​ថៃ​បដិសេធ​ការ​​ឈ្លាន​​ពាន

លោក ហ៊ុន សែន បានចែករំលែកសកម្មភាពក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលបានចុះទៅបង្គោលព្រំដែន​លេខ​​​៧២ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈប្រធានព្រឹទ្ធសភាថៃ ថ្មីៗនេះ បានបដិ​សេធ​ការ​ឈ្លាន​ពាន​កម្ពុជា។

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១ខែកញ្ញានេះ បានចែករំលែកសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ ដែលបានបង្ហាញពីវត្តមានអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៧២ ដែលថាជាបង្គោលឯកភាពស្ថិតក្នុងភូមិចាំយាម ខេត្តកោះកុង។

ក្រសួងបញ្ជាក់ថា ការចុះសង្កេតការណ៍នេះ មានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាន នូវការយល់ដឹងស៊ីជម្រៅ និងផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅបង្គោលព្រំដែន ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជានិងភាគី​ថៃ។

លើសពីនេះក៏ចង់បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា តែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

យ៉ាងណា លោក ហ៊ុន សែន ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានថ្លែងថា បានយកវិធានការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញមកធ្វើជា​លេស​ដើម្បីកម្ពុជា។ ប៉ុន្តែក្រោយមកប្រធានព្រឹទ្ធសភាថៃ លោក Mongkol Surasajja បានច្រានចោលចំពោះការចោទ​នេះ។

ការដែលក្រសួងការពារជាតិកម្ពុជា នាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យបង្គោលព្រំដែនលេខ៧២ (បង្គោល​ឯកភាព) នៅខេត្តកោះកុង គឺធ្វើឡើងបន្ទាប់ពីថៃបើកការឈ្លានពានកម្ពុជា អំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

មុនពេលមានការផ្ទុះអាវុធ កម្ពុជា និងថៃបានឯកភាពគ្នា ទទួលស្គាល់បង្គោលព្រំដែនចំនួន ៤២ បង្គោល ក្នុងចំណោម​​បង្គោលព្រំដែនសរុបទាំងអស់ចំនួន ៧៤ បង្គោល ដែលត្រូវបានបោះតាំងពីសម័យអាណានិគមបារាំង ចន្លោះ​ឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២០ ដោយផ្អែកទៅលើសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ផែនទីខ្នាត ១/២០០.០០០។

បន្ទាប់ពីការផ្ទុះអាវុធលើកទី១ ការចរចាកាត់បន្ថយភាពតានតឹង ភាគីទាំងពីរបានបន្តដំណើរការពិភាក្សា និង​​ឈាន​​​ទៅ​ដល់​ការ​ដំឡើង​​បង្គោលតម្រុយព្រំដែនបណ្តោះអាសន្នបន្ថែមទៀត ដូចជា នៅចន្លោះបង្គោលលេខ៤២ ដល់​​លេខ​​៤៧ ជាដើម ។

បច្ចុប្បន្នយោធាថៃកំពុងព្យាយាមប្រែក្លាយតំបន់ឈ្លានពានកម្ពុជា ទាំងរំលោភច្បាប់អន្តរជាតិ ឱ្យទៅជាដែនដីស្រប​​ច្បាប់​​របស់ខ្លួន ខណៈមេដឹកនាំកម្ពុជាមិនទាន់រុញសំណុំរឿងថៃឈ្លានពាននេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌ (ICC) នៅឡើយ បើទោះបីថៃពង្រីកការឈ្លានពានឥតឈប់ជាង១ឆ្នាំមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ