មហាផ្ទៃ​​គាំទ្រ​សារ​លោក ហ៊ុន សែន ឱ្យ​ថៃ​ដក​ទ័ព​ពី​ទឹក​ដី​កម្ពុជា​​បើ​មិន​ចង់​ឱ្យ​រាល​ដាល​ដល់​អន្តរ​ជាតិ

ក្រសួង​​មហា​ផ្ទៃ គាំទ្រ​​ព្រឹទ្ធ​សភា​​កម្ពុជា ដោយ​​ជំរុញ​​​​​​ឱ្យ​ថៃ​​ដក​​កង​ទ័ព​​​ចេញ​ពី​ទឹក​ដី​កម្ពុជា បើ​មិន​​ចង់​ឱ្យ​​រឿង​​រាល​​​ដាល​​ដល់​​សហគមន៍​​អន្តរ​​​ជាតិ ដោយ​ថា យោធា​ថៃ​ បាន​និង​​កំពុង​​បន្ត​រំលោភ​​យ៉ាង​​ធ្ងន់​​ធ្ងរ​​លើ​​អធិប​​តេយ្យ​​​ភាព និង​​បូរណ​ភាព​​​ទឹក​ដី​កម្ពុជា តាម​រយៈ​​ការ​​កាន់​កាប់​​ទីតាំង​​ស៊ីវិល ការ​​បំផ្លិច​​បំផ្លាញ​​ទ្រព្យ​​សម្បត្តិ​​ពលរដ្ឋ​​ស៊ី​វិល និង​​ការ​​រារាំង​​ប្រជា​ពលរដ្ឋ​​កម្ពុជា​ជិត ២ម៉ឺន​​នាក់​ មិន​​ឱ្យ​​វិល​​ត្រឡប់​ទៅ​កាន់​​លំនៅ​ឋាន​​ដើម​វិញ​។

សេច​ក្តី​ប្រកាស​ព័ត៌មាន​​របស់​​ក្រសួង​​មហា​ផ្ទៃ ចុះ​ថ្ងៃ​ទី​​០១ ខែ​​កញ្ញា ឆ្នាំ​​២០២៦ បាន​លើកឡើ​ង​ថា ​ចាប់​តាំង​​ពី​​បទ​ឈប់​​​​បាញ់​​​​រវាង​​​កម្ពុជា និង​​ថៃ បាន​​ចូល​ជា​​ធរមាន កាល​ពីថ្ងៃ​ទី​​២៧ ខែ​​ធ្នូ ឆ្នាំ​​២០២៥ ផ្អែក​តាម​​សេច​​ក្តី​​ប្រកាស​​រួម​​នៃ​​កិច្ច​​​ប្រជុំ​ពិសេស​​លើក​​ទី​៣ របស់​​គណៈ​កម្មា​​ធិ​ការ​​ព្រំដែន​​ទូទៅ (GBC) ភាគី​ថៃ ពុំ​​បាន​​អនុ​វត្ត​​តាម​កាតព្វ​កិច្ច​​បទ​​ឈប់​​បាញ់​​​នេះ​​ឱ្យ​​បាន​​ពេញ​​លេញ និង​​ស្មោះ​​ត្រង់​ឡើយ។

ផ្ទុយទៅវិញ យោធា​ថៃ​បាន​និង​កំពុង​បន្ត​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​​អធិប​តេយ្យ​​ភាព និង​បូរណ​ភាព​​ទឹក​ដី​​កម្ពុជា តាម​រយៈ​ការ​​កាន់​កាប់​ទីតាំង​​ស៊ីវិល ការ​​បំផ្លិច​​បំផ្លាញ​​ទ្រព្យ​​សម្បត្តិ​​​ពលរដ្ឋ​ស៊ីវិល និង​ការ​​រារាំង​​ប្រជាពលរដ្ឋ​​កម្ពុជា ដែល​​បច្ចុប្បន្ន​​​មាន​ចំនួន​ជិត​ ២ម៉ឺន​នាក់​ (១៨ ៧០៣នាក់) មិន​​​ឱ្យ​វិល​​ត្រឡប់​​ទៅ​​លំនៅ​ឋាន​វិញ។

ជាមួយ​គ្នានេះ​ ក្រសួង​មហាផ្ទៃ ក៏បាន​បង្ហាញការ​គាំទ្រប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន ដែល​បាន​លើក​ឡើង​​កាល​ពី​​ពេល​​ថ្មីៗ​​នេះ​ថា ប្រសិន​​​ជា​​ថៃ ពិត​ជា​​មាន​បំណង​​ចង់​​បញ្ចៀស​ការ​​យក​​ចិត្ត​​ទុក​ដាក់​​បន្ថែម​ទៀត​ពី​សហគមន៍​​អន្តរ​​ជាតិ​ ចំពោះ​​ស្ថាន​ការណ៍​​នេះ មធ្យោ​បាយ​​ដែល​​មាន​ប្រសិទ្ធ​ភាព​បំផុត មិនមែនជា​ការ​ទាម​​ទារ​​​​ឱ្យកម្ពុជា​នៅ​ស្ងៀម​នោះ​ទេ។

​ប៉ុន្តែ​​ត្រូវ​​​ដោះ​ស្រាយ​​ស្ថាន​​ភាព​​ជាក់​ស្តែង​​ដែល​​​បង្ក​​ឱ្យ​​មាន​​ការ​ព្រួយ​បារម្ភ ពោល​គឺថៃត្រូវ​ដកកម្លាំង​របស់​ខ្លួន​ចេញ​ពី​ទឹក​​ដី​​កម្ពុជា បញ្ឈប់​សកម្មភាព​ផ្លាស់ប្តូរ​ស្ថានភាព​លើដី ឬបង្កើត​ស្ថាន​ភាព​​ថ្មីលើដីជាក់ស្តែង និង​អនុញ្ញាត​​ឱ្យ​ប្រជាជន​​កម្ពុជា​ ភៀស​ខ្លួន​អាច​វិល​ត្រឡប់​ទៅកាន់លំនៅឋាន​របស់​​ខ្លួន​វិញ​ដោយ​សុវត្ថិភាព និង​​ដោយសេចក្តីថ្លៃថ្នូរ។

ក្រសួ​ងមហាផ្ទៃ​ ក៏បាន​អំពាវ​នាវ​យ៉ាង​ទទូច​ទៅកាន់ភាគីថៃ រួមទាំង​មជ្ឈ​ដ្ឋាន​ថ្នាក់​ដឹកនាំ​ថៃ ដែល​មានការ​យល់​​ដឹង​ពី​ច្បាប់​អន្តរ​ជាតិ និង​បណ្តាមិត្តភក្តិ​អាស៊ាន​ សហគមន៍​អន្តរជាតិ និង​អង្គការ​សហ​ប្រជាជាតិ ចូលរួម​ជំរុញ​ និង​តាម​​ដាន​​កា​រអនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស GBC ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ហើយ​​ជា​ពិសេស​ត្រូវ​ពន្លឿន​ការ​ចុះវាស់វែង​ខណ្ឌ​សីមារបស់​ក្រុមការ​ងារ JBC ផ្អែក​លើ​​ផែនទី​អនុសញ្ញា និងសន្ធិសញ្ញា​រវាង​​បារាំង​-សៀម ផែនទី និងកំណត់​ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែនឥណ្ឌូ​ចិន-សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ផ្លូវ​ការ​ដែលភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នា។

កម្ពុជា​ ក៏បាន​បញ្ជាក់​ដែរ​ថា ផ្អែកតាមគោល​ការណ៍ច្បាប់អន្តរ​ជាតិ «ដរាប​ណា អ្នកដែល​កំពុង​កាន់​កាប់​ខុស​​​​​ច្បាប់​ ត្រូវ​បានតវ៉ា​ប្រឆាំង​ជានិច្ច​ដោយ​ម្ចាស់​ដែនដី ដរាប​នោះ អ្នកដែល​កំពុង​កាន់​កាប់​ដោយ​ខុស​ច្បាប់ នឹង​​មិន​ទទួលបាន​សិទ្ធិ​កាន់​កាប់​ស្ថាពរ​ឡើយ។ ផ្ទុយ​ទៅវិញ ដរាបណា​ម្ចាស់​ដែនដី​នៅ​តែ​ប្រឆាំង​​តវ៉ា​ជា​និច្ច​ ដរាប​​នោះ ខ្លួន​មិនបាត់​​បង់​​សិទ្ធិ​ដោយ​ការ​ផុត​អាជ្ញា​យុ​កាល​ឡើយ»។  

ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​​​របស់​​ក្រសួង​​​មហា​ផ្ទៃ ជា​រឿង​ល្អ​មួយ ដើម្បី​បញ្ជាក់ពី​ជំហររបស់ខ្លួន​ក្នុងការ​ការពារ​ជនស៊ីវិល និង​​​អធិប​តេយ្យ​​ភាព​​របស់កម្ពុជា ប៉ុន្តែ​ជាមួយគ្នានេះ ​ក្រសួង​ការ​បរទេស ​ត្រូវ​ធ្វើកា​រងារផ្ទាល់​​បន្ថែមទៀត​ជាមួយ​​​សហគមន៍​អន្តរជាតិ​ ដើម្បី​បង្ហាញ​ថា​ថៃ​មិន​​បាន​​បញ្ឈប់ការ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​នោះទេ ទោះបីមានបទឈប់បាញ់​ក៏ដោយ។

លោកបន្តថា ការ​មិន​ប្តឹង​ថៃទៅតុលាការ​អន្តរជាតិ ហើយ​បង្ខំឱ្យ​ថៃ​ដក​កង​ទ័ព​ពីកម្ពុជា​ដោយ​ខ្លួនឯងនោះ គឺមិន​អាច​​ទៅរួច​នោះទេ។

លោក​​ថា៖ «វាមានតែ២ទេ ដែល​អាច​ឱ្យ​ថៃ​ដក​កង​ទ័ព​ចេញ​ពី​កម្ពុជា​បាន​​ជា​ស្ថាពរ ទី១ ប្តឹង ទី២ សម្ពាធអន្តរ​ជាតិ​ដោយ​កម្រិត​ខ្ពស់​បំផុត ហើយសម្ពាធ​អន្តរជាតិ តាមរយៈ​វេទិកា​អន្តរជាតិ តាមរយៈកិច្ចប្រជុំអង្គការ​​​សហប្រជា​ជាតិ ឬ​ក៏​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ឬក៏មានអាស៊ានចូលរួម និងពួកមហាអំណាច មានចិន មានអង់​គ្លេស មានបារាំង​ មានអាមេរិកាំងអី​ចូលរួម​ទៀត អាហ្នឹងបានអាច​មានសម្ពាធខ្លាំងក្លាបាន ហើយ​ក្រៅពីហ្នឹងវា​មាន​​កិច្ចព្រងព្រៀង​សន្តិ​ភាព​ទីក្រុ​ងប៉ារីស​​ ក៏​​កម្ពុជា​គួរ​​យកអាហ្នឹងមកធ្វើជាសក្ខីកម្មក្នុងការប្តឹងផ្តល់ដែរ»។

សកម្មភាពនេះ យោធាថៃ សម្រុក​ធ្វើ​របងព្រំដែន ពង្រីក​​យក​ដី​ខ្មែរ ដោយ​ឯកតោ​ភាគី តាម​ដែន​ថៃ​ចង់​បាន​ រួម​ទាំង​​​ការ​​ជីក​ប្រឡាយ រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ ថៃ​សាង​សង់​សំណង់​រឹង និង​ធ្វើ​លេណ​ដ្ឋាន​ឈរ​ជើង​របស់​កង​ទ័ព​លើ​​​ទីតាំង​​​ទាំង​ ៧៦​ទីតាំង ដែល​ថៃ​បាន​ដណ្តើម​គ្រប់​គ្រង​អំឡុង​ខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​២០២៥​ ទាំង​គ្មាន​ការ​រំខាន​ពី​ក្រសួង​​ការ​ពារ​ជាតិ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ