ស្របពេលដែលការប្រកាល់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី០២ ខែកញ្ញាស្អែកនេះ ក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជនដែលប្រឡងជាប់មានអត្រាជិត ៨៥ភាគរយនៃចំនួនបេក្ខជនមកប្រឡង ខណៈបេក្ខជនមាននិទ្ទេស A មានចំនួនជាង ២ពាន់នាក់ ដែលចំនួននេះទាបជាងឆ្នាំមុន។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្រសួងបានឱ្យដឹងថា បេក្ខជនប្រឡងជាប់សរុបមានចំនួនជាង ១២ម៉ឺននាក់ (១២៥ ៩៧៥នាក់) ស្មើនឹង ៨៤.០៦ភាគរយនៃចំនួនបេក្ខជនមកប្រឡងជាង ១៥ម៉ឺននាក់ (១៥១ ២៣៨នាក់) ខណៈសិស្សជាប់និទ្ទេស A មានចំនួន ២ ០២២នាក់, និទ្ទេស B ចំនួន ៨ ៨៤៨នាក់, និទ្ទេស C ចំនួនជាង ២ម៉ឺន៣ពាន់នាក់ (២៣ ៤២២នាក់), និទ្ទេស D ចំនួនជាង ៤ម៉ឺន៤ពាន់នាក់ (៤៤ ៨៦៩នាក់) និងនិទ្ទេស ចំនួនជាង ៤ម៉ឺន៦ពាន់នាក់ (៤៦ ៨១៦នាក់)។
បើយោងតាមតួលេខនេះ បេក្ខជនជាប់និទ្ទេស A ដែលមានចំនួន ២០២២នាក់ នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ មានការថយចុះជាងឆ្នាំមុនចំនួន ៩៨១នាក់ ខណៈឆ្នាំមុនបេក្ខជននិទ្ទេស A មានចំនួន ៣០០៣នាក់ ហើយនិទ្ទេស B C D និង E ក៏មានការថយចុះផងដែរ ខណៈការប្រឡងកាលពីឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងសរុបជាង ១៤ម៉ឺននាក់ (១៤៦ ៧២០នាក់)៕









