ព្រឹទ្ធសភាកម្ពុជា បានសម្តែងការសោកស្តាយការដែលប្រធានព្រឹទ្ធសភាថៃចោទថា កម្ពុជាជាអ្នកបាញ់ថៃមុន និងថែមទាំងថា កម្ពុជាសម្តែងជាជនរងគ្រោះ ខណៈមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់) ប្រាប់អ្នកសង្កេតការណ៍បរទេស កាលពីថ្ងៃទី៣១ ខែសីហាថា មានភូមិខ្មែរចំនួន ៣៤៩ភូមិ បានរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ។
អ្នកឃ្លាំមើលគាំទ្រការបញ្ចេញប្រតិកម្មរបស់ព្រឹទ្ធសភាកម្ពុជា ប៉ុន្តែថា ជម្រើសដែលល្អនិងបន្ទាន់ដែលត្រូវធ្វើ គឺត្រូវប្រញ៉ាប់ប្តឹងថៃទៅកាន់គ្រប់យន្តការច្បាប់អន្តរជាតិ ទើបអាចទាមទារទឹកដីពីថៃមកវិញបាន។
សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក មង្គលសុរៈ សច្ចាប្រធានព្រឹទ្ធសភាថៃ បានចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាកាលពីថ្ងៃទី២៧ខែសីហាថា ជាការប្រើប្រាស់វេទិកាអន្តរជាតិសារជាថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់យុទ្ធសាស្ត្រសម្តែងធ្វើជាជនរងគ្រោះ ដោយចោទប្រកាន់គ្មានមូលហេតុច្បាស់លាស់លើភាគីថៃ។ ប្រធានព្រឹទ្ធសភាថៃរូបនេះ ថែមទាំងចាត់ទុកការលើកឡើងរបស់លោកហ៊ុន សែន ថាជាការអះអាងផ្ទុយពីការពិត ដើម្បីកេងចំណេញនយោបាយ។
ជាការឆ្លើយតប ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៣០ខែសីហា បានចេញសេចក្តីប្រកាសដោយបានកត់សម្គាល់ និងសម្តែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ដោយបញ្ជាក់ថា អ្វីដែលលោកហ៊ុន សែន បានបកស្រាយពីសភាពការណ៍ដែលបាននិងកំពុងកើតមាន ពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការជ្រោងខ្ពស់អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។
បន្ថែមពីនេះ ព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីរបៀបដែលការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានប្រទេសថៃយកមកធ្វើជាហេតុផល ដើម្បីប្រើប្រាស់កម្លាំងឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា។
ទាក់ទងនឹងការចោទប្រកាន់របស់ប្រធានព្រឹទ្ធសភាថៃ ដែលថាកម្ពុជាជាអ្នកបាញ់មុន ថាថៃបានធ្វើសកម្មភាពក្នុងក្របខណ្ឌនៃសិទ្ធិស្វ័យការពារស្របច្បាប់ និងថា ថៃបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានចាត់ទុកជំហររបស់កម្ពុជាថា ជាការប៉ុនប៉ងបង្ហាញខ្លួនឯងជាជនរងគ្រោះនោះ ត្រូវបានព្រឹទ្ធសភាកម្ពុជា វាយបកថា ទាំងនេះគ្រាន់តែជាការអះអាងជាឯកតោភាគីរបស់ភាគីថៃតែប៉ុណ្ណោះ។ នេះក៏មិនខុសប្លែកអ្វីពីការឃោសនាបំភ្លៃការពិត ប្រែក្លាយពីសទៅខ្មៅ ពីខ្មៅទៅស បំភ័ន្តមតិសាធារណៈ សំដៅបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួនមកលើបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី៣១ខែសីហា បានធ្វើបទបង្ហាញប្រាប់ទៅក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ នៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥»។
បើតាមលោកហេង រតនា មានភូមិចំនួន ៣៤៩ ដែលបានរងផលប៉ះពាល់ និងមានប្រជាពលរដ្ឋជាង ៦៤ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពភ្លាមៗ ក្នុងនោះ ស៊ីម៉ាក់បានបញ្ចប់ការស្រាវជ្រាវព័ត៌មានបានចំនួន ៣៣៥ភូមិ និងការកំណត់តំបន់រងផលប៉ះពាល់សរុបជាង ៣៨ម៉ឺនហិកតា គ្របដណ្តប់លើ ៥៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩ម៉ឺនហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ស្តីពីបច្ចុប្បន្នភាពបញ្ហាព្រំដែនកម្ពុជា ថៃ នៅថ្ងៃទី១ខែកញ្ញានេះ ដោយបញ្ជាក់បន្ថែមពីលើការស្រាវជ្រាវរបស់ស៊ីម៉ាក់ថា ព័ត៌មានទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីយល់ដឹងស៊ីជម្រៅពីការពិតនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជារបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ជនស៊ីវិលស្លូតត្រង់កម្ពុជា។
លោកថា៖ «នេះគឺជាជ្រុងមួយទៀតនៃសកម្មភាពការងារការទូតដ៏សកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជននៅក្នុងបរិបទនៃការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ ពីសំណាក់កងកម្លាំងថៃនៅតាមបណ្តោយព្រំដែន»។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែសីហា លោក «ប្រាប់ថា ស៊ុនឆៃឌី» នាយកមជ្ឈមណ្ឌលព័ត៌មានរួមនិងជាជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ បានចេញមកជំទាស់ទៅនឹងការចុះផ្សាយរបស់កាសែតបារាំងដែលថា កងទ័ពថៃកំពុងបង្កើតការពិតថ្មីលើដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា ក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
ប្រតិកម្មរបស់មេយោធាថៃរូបនេះ បានកើតឡើងបន្ទាប់ពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដកស្រង់ព័ត៌មានរបស់កាសែតបារាំង«ឡឺហ្វីការ៉ូ» ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ថៃជាអ្នកឈ្លានពានទឹកដីកម្ពុជា ហើយរហូតមកដល់ពេលនេះ ថៃបានកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា។ នេះបើតាមកាសែតថៃ The Nation ។
ជុំវិញបញ្ហានេះ លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង បានថ្លែងថា ការឆ្លើយតបរបស់ព្រឹទ្ធសភាកម្ពុជាទៅព្រឹទ្ធសភាថៃ គឺជារឿងល្អ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវធ្វើ មិនមែនគ្រាន់តែឆ្លើយតបតាមរយៈការផ្ញើសារឬក៏កំណត់ទូតទៅភាគីថៃនោះទេ គឺត្រូវប្រញ៉ាប់ប្តឹងថៃទៅកាន់គ្រប់យន្តការច្បាប់អន្តរជាតិ។ សម្រាប់អ្នកជំនាញកិច្ចការព្រំដែនរូបនេះ ការបន្តថ្លែងសារតវ៉ារបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែតក្តី របស់ព្រឹទ្ធសភាក្តី គឺគ្មានទម្ងន់អាចដាក់សម្ពាធឱ្យថៃប្រគល់ទឹកដីឱ្យកម្ពុជាវិញនោះទេ ខណៈបច្ចុប្បន្នថៃនៅតែគឃ្លើនសាងសង់សំណង់រឹងលើដីខ្មែរ ថែមទាំងនៅតែបន្តរាយបន្លាលួសវាទយកដីខ្មែរ នៅតាមតំបន់មួយចំនួនជាបន្តបន្ទាប់បន្ថែមទៀត។
លោកថា៖ «ថៃជាអ្នករំលោភបំពានមកលើកម្ពុជា ថៃជាអ្នកបាញ់មុនជាអ្នកឈ្លានពានទឹកដីកម្ពុជាហីថាថៃគោរពបទឈប់បាញ់ខ្ជាប់ខ្ជួនអីមិនត្រឹមត្រូវទេ! សព្វថ្ងៃនេះថៃនៅតែបន្តបាញ់១គ្រាប់២គ្រាប់ ដល់២០គ្រាប់ធ្វើឱ្យរបួសនិងស្លាប់ទាហានខ្មែរយើងជាបន្តបន្ទាប់។ អាហ្នឹងយើងឃើញជាក់ស្តែងអ៊ីចឹងដូច្នេះថៃមិនបានគោរពបទឈប់បាញ់នោះទេ ហើយបទឈប់បាញ់គេនិយាយថាកុំឱ្យឈ្លានពានទឹកដីខ្មែរបន្ថែមទៀតប៉ុន្តែថៃរាយបន្លាលួសដាក់ទូរកុងតឺន័រធ្វើរបងបេតុងព្រំដែនរំលោភយកដីខ្មែរយើងមិនឈប់ឈរផងហ្នឹង»។
ទាំងលោកអ៊ុំ សំអាន និងលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ស្របគ្នាថា ជម្រើសល្អបំផុតដែលរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវតែធ្វើដើម្បីទាមទារទឹកដីពីថៃមកវិញ និងដើម្បីការពារទឹកដីកម្ពុជាឱ្យបានគង់វង្សទៅថ្ងៃមុខ គឺចាំបាច់ត្រូវតែប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) សហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងត្រូវប្តឹងថៃទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
បន្ថែមពីនេះ កម្ពុជាត្រូវទប់ស្កាត់ភាពគឃ្លើនរបស់ភាគីថៃ ដោយប្រើសិទ្ធិការពារខ្លួននៅលើទីតាំងដីជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ ហើយរដ្ឋាភិបាលកម្ពុជា ត្រូវកែទម្រង់ជាតិអាទិភាព ធ្វើទំនើបកម្មវិស័យយោធា ពង្រឹងវិស័យសេដ្ឋកិច្ច និងស្តារប្រជាធិបតេយ្យ រួមទាំងត្រូវធ្វើឱ្យជាតិខ្មែរមានឯកភាពជាតិពិតប្រាកដ៕









