ក្រុម​សង្គ្រោះ​កំ​ពុង​ស្វែង​រក​ជន​រង​គ្រោះ​ជាប់​ក្នុង​រូង​វារី​អគ្គិសនី​​ដោយ​សារ​ទឹក​ជំនន់​​​ដ៏​កាច​សាហាវ

ក្រុម​អ្នក​​ជួយ​​សង្គ្រោះ​នេប៉ាល់ ដោយ​មាន​ជំនួយ​ពី​អ្នក​ជំនាញ​ចិន និង​ឥណ្ឌា បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទៅ​ដល់​មនុស្ស​រាប់​រយ​នាក់ ដែល​ជាប់​នៅ​ក្នុង​រូង​នៃ​គម្រោង​វារី​អគ្គិសនី បន្ទាប់​ពី​មាន​ទឹក​ជំនន់​ដ៏​អាក្រក់​​​នៅ​ជួរ​ភ្នំ​ហិម៉ា​ល័យ។

ទឹកជំនន់ដ៏ខ្លាំងក្លាដែលផ្ទុកដោយទឹកកក និងភក់ បាន​បំផ្លាញ​ទីក្រុង និង​ភូមិ​ជា​ច្រើន ព្រម​ទាំង​ឆ្លង​ដែន​ទៅ​ដល់​​ប្រទេស​ចិន ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៩០០ នាក់ និង​ជិត ៥០០០ នាក់​កំពុង​បាត់​ខ្លួន។ ការ​​បាក់​រលំ​ផ្ទាំង​ទឹក​​កក ត្រូវ​គេ​គិត​ថា​ជា​ដើម​ហេតុ​បង្ក​ឱ្យ​មាន​គ្រោះ​មហន្ត​រាយ​នេះ។ សព​រាប់​រយ​ដែល​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ ត្រូវ​បាន​គេ​កប់​នៅ​ក្នុង​រណ្តៅ​រាក់ៗ បន្ទាប់​ពី​ចាប់​ផ្តើម​រលួយ​ក្នុង​អាកាស​ធាតុ​សើម​។

មន្ត្រី​នេប៉ាល់ បាន​និយាយ​ថា គោល​ដៅ​សំខាន់​គឺ​ការ​ទៅ​ដល់​កម្មករ​ចំនួន ៩៣៣ នាក់ ដែល​​គេ​​ជឿ​ថា​ បាន​​ជាប់​​នៅ​​គម្រោង​​វារី​​អគ្គិសនី​​ចំនួន​១១ ក្នុង​​ស្រុក Rasuwa និង Nuwakot។ រូបភាព​បាន​បង្ហាញ​ពី​គ្រឿង​ចក្រ និង​ទាហាន​កំពុង​​ជីក​កាយ​ភក់​ទំ​រាំ​រក​ចន្លោះ​ចូល​ទៅ​ក្នុង​រូង​ភ្នំ។ កង​ទ័ព​នេប៉ាល់​បាន​ប្រើ​ប្រាស់​ការ​បំផ្ទុះ និង​គ្រឿង​ចក្រ​ដើម្បី​ជម្រះ​ភក់ ដោយ​ស្រង់​បាន​សព​ចំនួន ៣ នាក់ ​បន្ទា​ប់​ពី​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ពីរ។

លោក Raja Ram Basnet អ្នកនាំពាក្យកងទ័ពនេប៉ាល់ បាន​និយាយ​ថា កំទេច​កំទី​ដ៏​ច្រើន​បាន​ចាក់​គរ​​ដែល​ជា​បញ្ហា​ប្រឈម​ធំ។ អាជ្ញាធរ​នេប៉ាល់ បាន​បញ្ជាក់​ថា មនុស្ស ៩០៣ នាក់ បាន​ស្លាប់ និង ៤.២៤៧ នាក់​កំពុង​បាត់​ខ្លួន។ នៅ​ភាគី​ចិន មនុស្ស ១៦ នាក់​បាន​ស្លាប់ និង ៥៤៦ នាក់​កំពុង​បាត់​ខ្លួន។

ក្រសួងការបរទេសនេប៉ាល់ ​បានបន្ថែមថា ជនបរទេសប្រហែល ៥៩០ នាក់ មកពី ៣៩ ប្រទេស​ នៅ​តែ​បាត់​ខ្លួន ខណៈ​​មនុស្ស​​ជាង ១០ ០០០ នាក់ ត្រូវ​បាន​សង្គ្រោះ។ កាក​បាទ​ក្រហម​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង ៩០ ០០០ នាក់​រង​ផល​​ប៉ះ​​ពាល់។

នេប៉ាល់មានការកើនឡើងនៃគម្រោងវារីអគ្គិសនី ដើម្បីដោះស្រាយការខ្វះខាតអគ្គិសនី និងលក់ទៅឱ្យ​​ឥណ្ឌា ដោយ​គម្រោង​ទាំង​នោះ​ត្រូវ​ការ​រូង​ភ្នំ​ដើម្បី​នាំ​យក​ទឹក​ឆ្លង​កាត់​ទីទួល​ចោទ។ នាយក​រដ្ឋ​មន្ត្រី​ Balendra Shah បានហៅទឹកជំនន់នេះថាជា «គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន»។

នៅ​ភាគីចិន ពលរដ្ឋចិនជិត ១០០ នាក់ មិនអាចទាក់ទងបាន ហើយចិនបានបម្រុងទុកកិច្ចខិតខំប្រឹងប្រែង​ដើម្បី​ស្វែង​រកអ្នកបាត់ខ្លួន។ ទោះបីនេប៉ាល់​​មិនត្រូវការជំនួយសង្គ្រោះទូទៅពីបរទេស ខ្លួនបានពឹងផ្អែកលើ​ឥណ្ឌា និង​​ចិន​សម្រាប់ជំនាញសង្គ្រោះតាមរូងភ្នំ។

ប្រតិបត្តិការសង្គ្រោះត្រូវបានផ្អាកជាច្រើនលើក ដោយសារអាកាសធាតុអាក្រក់ និងការព្រួយបារម្ភថាបឹងដែល​កើតឡើង​ពីគ្រោះមហន្តរាយអាចហៀរបង្កើតជាទឹកជំនន់ថ្មី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍​​ថា ទឹកជំនន់នេះ ​បណ្តាលមកពីអស្ថិរភាពនៃផ្ទាំងទឹកកកក្រោមផលប៉ះពាល់នៃការឡើងកម្ដៅផែនដី។ មន្ត្រីនេប៉ាល់ ​បានបារម្ភថា កង្វះ​ការ​ចែករំលែកទិន្នន័យទឹកកកពីចិនអាចរារាំងការត្រៀមលក្ខណៈនាពេលអនាគត ខណៈ​ចិនអះអាងថាខ្លួនបាន​ផ្តល់​ទិន្ន​ន័យ​ជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ