ព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ជំហរឡើងវិញថា ថៃពិតជាយកវិធានការប្រយុទ្ធប្រឆាំងឧក្រិដ្ឋអនឡាញមកធ្វើជាលេស ដើម្បីឈ្លានពានទឹកដីកម្ពុជាជាង១ឆ្នាំមកនេះ រំលោភច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់ ហើយកំពុងប្រែក្លាយតំបន់ឈ្លានពានទាំងនោះ ឱ្យទៅជាទឹកដីរបស់ខ្លួនទៀតផង។
ប្រតិកម្មឆ្លើយតបទៅនឹងភាគីថៃ ពីសំណាក់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជានេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសកម្រាស៣ទំព័រ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ពោលគឺក្រោយពីប្រធានព្រឹទ្ធសភាថៃ បាន ច្រានចោលការថ្លែងរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
បើតាមអ្នកនាំពាក្យ កម្ពុជាបង្ហាញការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ដែលបានប្រតិកម្ម ទៅនឹងប្រសាសន៍របស់ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
លោក ហ៊ុន សែន បានបកស្រាយពេលនោះ ពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។
សម្រាប់អ្នកនាំពាក្យ ការលើកឡើងអំពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ គឺជាការបង្ហាញយ៉ាងច្បាស់អំពី របៀបដែលការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានប្រទេសថៃយកមកធ្វើជាហេតុផលដើម្បីប្រើ ប្រាស់កម្លាំងឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា។
ទោះបីជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គឺជាការចាំបាច់ និងស្របច្បាប់ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការនេះ មិនអាចយកមកប្រើប្រាស់ដើម្បីរំលងគោលការណ៍ជាមូលដ្ឋាននៃអធិបតេយ្យ បូរណភាពទឹកដី និងការហាមឃាត់ការប្រើប្រាស់កម្លាំងបានឡើយ។
ក្នុងន័យនេះ ទស្សនទានស្តីពី «សង្គ្រាមសម័យទំនើប» គឺជាការរំឭកថា ការបង្ខិតបង្ខំក្នុងសម័យបច្ចុប្បន្ន អាចកើតមានក្នុងទម្រង់ចម្រុះ និងមានទំនាក់ទំនងគ្នា ដោយរួមបញ្ចូលទាំងការប្រើប្រាស់ហេតុផលសន្តិសុខ ប្រតិបត្តិការយោធា សង្គ្រាមព័ត៌មាន និងការប៉ុនប៉ងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង ដែលសំដៅទៅលើគ្រោះថ្នាក់នៃការផ្លាស់ប្តូរស្ថានភាពនៅលើដីជាបន្តបន្ទាប់ និងបន្តិចម្តងៗ ហើយក្រោយមកត្រូវបានយកមកប្រើជាមូលដ្ឋានសម្រាប់គាំទ្រការទាមទារទឹកដី។ «នេះហើយជាល្បិចកលមិនអាចប្រកែកបានរបស់ប្រទេសថៃ ក្នុងការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែងរបស់កម្ពុជា (fait accompli)»។
កម្ពុជា បានគូសបញ្ជាក់ថា បទឈប់បាញ់មិនអាចត្រូវបានយកមកធ្វើជាហេតុផល ដើម្បីបង្កើតសិទ្ធិថ្មីលើដែនដី ធ្វើឱ្យការកាន់កាប់ដែនដីដោយខុសច្បាប់ក្លាយជាស្របច្បាប់ ឬពង្រឹងស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគី ឱ្យក្លាយជាស្ថានភាពថ្មីលើដីជាក់ស្តែងនោះឡើយ។
តែផ្ទុយទៅវិញ បញ្ហាអធិបតេយ្យ និងការកំណត់ព្រំដែន ត្រូវតែដោះស្រាយដោយអនុលោមតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលអាចអនុវត្តបាន ច្បាប់អន្តរជាតិ និងយន្តការដោះស្រាយជម្លោះដោយសន្តិវិធីដែលមានសម្រាប់ភាគីទាំងពីរ។
លើសពីនេះ សេចក្តីប្រកាសកម្រាស៣ទំព័រនោះ បានសង្កត់់ធ្ងន់ថា «កម្ពុជាគ្មានបំណងធ្វើឱ្យវិវាទទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិ ដើម្បីបម្រើគោលបំណងនយោបាយណាមួយឡើយ»។
តែផ្ទុយទៅវិញ ប្រសិនបើថៃពិតជាមានបំណងចង់បញ្ចៀសការយកចិត្តទុកដាក់បន្ថែមទៀត ពីសហគមន៍អន្តរជាតិចំពោះស្ថានការណ៍នេះ មធ្យោបាយដែលមានប្រសិទ្ធភាពបំផុត មិនមែនជាការទាមទារឱ្យកម្ពុជានៅស្ងៀមនោះទេ ប៉ុន្តែថៃត្រូវដោះស្រាយមូលហេតុ និងស្ថានភាពជាក់ស្តែងដែលបានបង្កឱ្យមានការព្រួយបារម្ភទាំងនេះ ពោលគឺថៃត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា បញ្ឈប់រាល់សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើដី ឬបង្កើតជាស្ថានភាពថ្មីលើដីជាក់ស្តែង និងអនុញ្ញាតឱ្យប្រជាជនស៊ីវិលកម្ពុជាភៀសខ្លួន អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។
មួយវិញទៀត កម្ពុជាសំអាងថា ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ មិនមែនជាមូលហេតុនៃបញ្ហានោះទេ ប៉ុន្តែជាផលវិបាកនៃស្ថានភាពជាក់ស្តែងនៅលើដី។ ដូច្នេះ មធ្យោបាយដ៏ប្រាកដប្រជាបំផុតដើម្បីកុំឱ្យបញ្ហានេះ បន្តក្លាយជាក្តីព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ គឺត្រូវស្តារឡើងវិញនូវការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា អនុវត្តឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តដែលមានស្រាប់ ព្រមទាំងដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងសមស្របនានា។
សារឆ្លើយឆ្លងរបស់ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានព្រឹទ្ធសភានិងសភាថៃ ជុំវិញការឈ្លានពានទឹកដីកម្ពុជានេះ ក្រោយពីមានសេចក្តីរាយការណ៍ជាច្រើន បានអះអាងថា ជាង១ឆ្នាំមកនេះ បើទោះបីមានបទឈប់ប៉ុន្តែយោធាថៃបានបន្តបំពានរំលោភយកដីខ្មែរជាបន្តបន្ទាប់ នៅខេត្តជាប់ព្រំដែន ពិសេសនៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ។
សកម្មភាពនេះ យោធាថៃ សម្រុកធ្វើរបងព្រំដែន ពង្រីកយកដីខ្មែរ ដោយឯកតោភាគី តាមដែនថៃចង់បាន រួមទាំងការជីកប្រឡាយ រាយបន្លាលួសព័ទ្ធយកដីខ្មែរ ថៃសាងសង់សំណង់រឹង និងធ្វើលេណដ្ឋានឈរជើងរបស់កងទ័ពលើទីតាំងទាំង ៧៦ទីតាំង ដែលថៃបានដណ្តើមគ្រប់គ្រងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ទាំងគ្មានការរំខានពីក្រសួងការពារជាតិកម្ពុជា៕









