លោក ត្រាំ កំពុងពិនិត្យឡើងវិញនូវការគាំទ្ររបស់អាមេ​រិក​ចំពោះ​ចក្រ​ភព​អង់​គ្លេស​ពាក់​ព័ន្ធប្រជុំកោះហ្វកឡិន

លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថា លោកកំពុងពិចារណាឡើងវិញនូវការគាំទ្ររបស់អាមេរិកចំពោះ​​អធិប​តេយ្យ​ភាព​របស់​អង់​គ្លេស​លើ​ប្រជុំ​កោះ​ហ្វក​ឡិន (Falkland Islands) ដែលអាចនឹងធ្វើឱ្យមានភាពតាន​តឹង​​ដល់ “ទំនាក់ទំនងពិសេស” រវាងប្រជាជាតិទាំងពីរ។

ប្រធានាធិបតីរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖ «ខ្ញុំតែងតែពិនិត្យឡើងវិញនូវរាល់ជំហរទាំងអស់ ហើយនោះគ្រាន់តែជាជំហរមួយក្នុងចំណោមជំហរជាច្រើនប៉ុណ្ណោះ» ជា​ការឆ្លើយតប​នឹង​សំណួរ​អំពីជំហរលើប្រជុំ​កោះ​ដែល​មានជម្លោះជាមួយអាហ្សង់ទីន។

ជាផ្លូវការ អាមេរិកប្រកាន់ជំហរអព្យាក្រឹត ប៉ុន្តែជាក់ស្តែងបានទទួលស្គាល់ការគ្រប់គ្រងរបស់អង់គ្លេសតាំងពីឆ្នាំ​១៨៣៣ ដែលធ្លាប់មានជម្លោះយោធាជាមួយអាហ្សង់ទីនក្នុងឆ្នាំ១៩៨២។ មតិរបស់លោក Trump គឺជាសញ្ញាបង្ហាញពីការ​ប្រើប្រាស់ជម្លោះនេះ ជាឧបករណ៍សម្ពាធលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham ឱ្យដំឡើងការចំណាយ​លើវិស័យការពារជាតិ និង NATO។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា អាមេរិកអាចនឹងផ្លាស់ប្តូរជំហរ ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់​គ្លេស លោក John Healey រៀបចំបោះបង់ចោលការប្តេជ្ញាចិត្តចំណាយ ៣% នៃ GDP លើវិស័យការពារជាតិ។

លោក Trump តែងតែដាក់សម្ពាធលើសម្ព័ន្ធមិត្តឱ្យដំឡើងកញ្ចប់ថវិកាការពារជាតិ ដោយចោទថា “កេងចំណេញ​ហ្វ្រី”។ កាល​ពីខែមេសា អ៊ីមែលបែកធ្លាយរបស់ Pentagon ធ្លាប់បានស្នើឱ្យពិនិត្យឡើងវិញនូវការទាមទារនេះ ដោយ​​សារ​អង់គ្លេសខ្វះការគាំទ្រចំពោះសង្គ្រាមអ៊ីរ៉ង់។ ការផ្លាស់ប្តូរជំហរនេះ នឹងប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងដល់អង់គ្លេស។

កាលពីសង្គ្រាមឆ្នាំ១៩៨២ លោកស្រី Margaret Thatcher ទទួលបានការគាំទ្រផ្នែកកាទូតយ៉ាងរឹងមាំពីលោក Ronald Reagan ដែលបានជួយពង្រឹងចំណងមិត្តភាពរវាងអ្នកទាំងពីរ។ ក្នុងសង្គ្រាមនោះ ទាហានអាហ្សង់ទីន ៦៤៩ នាក់ និង​ទាហាន​អង់​គ្លេស ២៥៥ នាក់ បានពលីជីវិត។

នាពេលថ្មីៗនេះ លោក Trump បានស្និទ្ធស្នាលជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ដោយបានអនុ​ម័ត​ជំនួយ ២០ ប៊ីលានដុល្លារ និងអនុញ្ញាតឱ្យនាំចូលសាច់គោអាហ្សង់ទីន។ លោក Milei បានគាំទ្រយ៉ាងខ្លាំងលើការទាមទារប្រជុំកោះនេះ ទោះបីជាក្នុងការស្ទង់មតិឆ្នាំ២០១៣ ប្រជាជននៅកោះហ្វកឡិន​ភាគ​ច្រើន​លើស​លប់ បាន​​​បោះ​​​​ឆ្នោត​​​ចង់​​​បន្តនៅជាមួយអង់គ្លេសក៏ដោយ។

បញ្ហានេះ​បានក្តៅគគុកសារជាថ្មី បន្ទាប់ពីជ័យជម្នះរបស់អាហ្សង់ទីនលើអង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលពីខែកក្កដា នៅពេលកីឡាករអាហ្សង់ទីនពន្លាតបដា “Las Malvinas son Argentinas” (កោះ​ហ្វក​ឡិន​ជា​កោះ​របស់​​អាហ្សង់ទីន) រហូតធ្វើឱ្យសហព័ន្ធ​បាល់ទាត់អាហ្សង់ទីន ត្រូវបាន Fifa ពិន័យ ២៣៥ ០០០ ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ