ឧស្សាហកម្មឆបោកអនឡាញនៅកម្ពុជា មិនត្រឹមតែជាបញ្ហាសន្តិសុខ និងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាបានក្លាយជាមហន្តរាយសេដ្ឋកិច្ចដែលកំពុងបំផ្លាញរូបភាព និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
ការដែលឈ្មោះប្រទេសត្រូវបានភ្ជាប់ជាបន្តបន្ទាប់ទៅនឹងមជ្ឈមណ្ឌលឆបោក ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ បានធ្វើឱ្យវិនិយោគិន អ្នកទេសចរ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង។ វិបត្តិនេះ កំពុងបង្កើនថ្លៃដើមក្នុងការធ្វើអាជីវកម្ម បង្កហានិភ័យដល់ប្រព័ន្ធធនាគារ និងធ្វើឱ្យក្រុមហ៊ុនស្របច្បាប់រង់ចាំទទួលផលប៉ះពាល់អវិជ្ជមានយ៉ាងអយុត្តិធម៌។
សញ្ញានៃការប៉ះពាល់នេះ បានស្តែងឡើងយ៉ាងច្បាស់នៅក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ដែលបង្ហាញពីភាពផុយស្រួយនៃប្រព័ន្ធដឹកនាំបច្ចុប្បន្ន។ យោងតាមក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៣,៣៦ លាននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ប៉ុន្តែក្នុងឆមាសទី១ ឆ្នាំ២០២៦ ចំនួននេះនៅសល់ប្រមាណ ១,៧៥ លាននាក់។
ធនាគារអភិវឌ្ឍន៍អាស៊ីនៅខែកក្កដា ឆ្នាំ២០២៦ ក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤,១% ដោយសារកត្តាភូមិសាស្ត្រនយោបាយ និងការបិទព្រំដែន ខណៈធនាគារពិភពលោកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ព្យាករថាកំណើនអាចមានត្រឹម ៣,៩%។
ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដោយស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា ADB និង World Bank សុទ្ធតែជាសញ្ញាអាសន្ន។ ទោះបីជាមានកត្តារួមផ្សំពីបញ្ហាព្រំដែន និងភូមិសាស្ត្រនយោបាយក្នុងតំបន់ក៏ដោយ ក៏ភាពភ័យខ្លាចចំពោះឧក្រិដ្ឋកម្ម និងមជ្ឈមណ្ឌលឆបោកនៅតែជាមូលហេតុចម្បង ដែលធ្វើឱ្យភ្ញៀវបរទេសចៀសវាងការធ្វើដំណើរមកកាន់កម្ពុជា។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែងតែយកតួលេខនៃការបង្ក្រាបទីតាំងសង្ស័យ រាប់សិបកន្លែង និងការឃាត់ខ្លួនមនុស្សរាប់ម៉ឺននាក់ មកធ្វើជាខែលការពារខ្លួន និងបង្ហាញពីស្នាដៃ។ ទោះជាយ៉ាងណា វិធានការទាំងនេះ ត្រូវគេមើលឃើញថាគ្រាន់តែជាការបាញ់ថ្នាំលើផ្ទៃខាងលើ ដើម្បីបន្ធូរសម្ពាធអន្តរជាតិតែប៉ុណ្ណោះ។ ការបង្កើតច្បាប់ថ្មី និងការផ្អាកអាជ្ញាបណ្ណកាស៊ីណូមួយចំនួន មិនបានឆ្លើយតបទៅនឹងសំណួរចម្បងថា តើអាជ្ញាធរមានឆន្ទៈពិតប្រាកដក្នុងការកម្ទេចមេបណ្តាញ និងអ្នកកើបលុយកខ្វក់នៅពីក្រោយខ្នងឧស្សាហកម្មនេះហើយ ឬនៅ។
អង្គការលើកលែងទោសអន្តរជាតិ ក្នុងរបាយការណ៍ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងចំណោមទីតាំងឆបោកចំនួន ៨៦កន្លែង ដែលអង្គការនេះបានកំណត់អត្តសញ្ញាណ មានតែ ២៤កន្លែងប៉ុណ្ណោះដែលមានភស្តុតាងបង្ហាញពីការចុះអន្តរាគមន៍របស់អាជ្ញាធរ។
របាយការណ៍ក៏បានលើកឡើងពីករណីដែលក្រុមឆបោកផ្លាស់ប្តូរទីតាំង និងការចោទប្រកាន់ថា មន្ត្រីខ្លះអាចមានការគប់គិតជាមួយអ្នកគ្រប់គ្រងទីតាំងទាំងនោះ ខណៈរដ្ឋាភិបាលកម្ពុជាបានបដិសេធការចោទប្រកាន់មួយចំនួន។
នៅថ្ងៃទី២៨ ខែសីហា ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក៏បានរាយការណ៍ថា ទោះរដ្ឋាភិបាលប្រកាសថាបានលុបបំបាត់មជ្ឈមណ្ឌលឆបោកធំៗក៏ដោយ អ្នកស្រាវជ្រាវមួយចំនួននៅតែព្រមានថា ក្រុមឆបោកអាចបំបែកខ្លួនទៅធ្វើប្រតិបត្តិការតូចៗនៅតាមខុនដូ ផ្ទះ ឬទីតាំងឯកជន ដែលធ្វើឱ្យការស្វែងរក និងបង្ក្រាបកាន់តែពិបាក។ យុទ្ធនាការបង្ក្រាបដែលគ្មានតម្លាភាពបែបនេះ មានលក្ខណៈជាការសម្តែងល្ខោនច្រើនជាងការលុបបំបាត់បទល្មើសឱ្យដល់ឫសគល់។
ចំណុចដែលធ្វើឱ្យមានការរិះគន់ខ្លាំងបំផុត គឺការការពារ និងការមើលរំលងអ្នកមានអំណាច និងអ្នកមានទំនាក់ទំនងនយោបាយជិតស្និទ្ធជាមួយគណបក្សកាន់អំណាច។ នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤ ក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភា និងឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនពាក់ព័ន្ធ ដោយចោទថាមានទំនាក់ទំនងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងទីតាំងឆបោក។
បន្ទាប់មកនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភា កុក អាន និងបុគ្គល និងអង្គភាពពាក់ព័ន្ធចំនួន២៨ ដោយចោទថាបណ្តាញរបស់លោកបានការពារទីតាំងឆបោកដែលបោកប្រាស់ជនជាតិអាមេរិក។
ចំណាត់ការទាំងនេះ បានចោទជាសំណួរធំៗអំពីភាពបរាជ័យនៃប្រព័ន្ធតុលាការ និងប្រព័ន្ធស៊ើបអង្កេតក្នុងស្រុក។ ការដែលអាជ្ញាធរកម្ពុជាមិនដែលបើកការស៊ើបអង្កេតជាសាធារណៈ លើបុគ្គលដែលមានអំណាចទាំងនេះ បានបង្ហាញច្បាស់ថា ច្បាប់ត្រូវបានអនុវត្តតែលើជនសាមញ្ញ និងជនបរទេសថ្នាក់ក្រោមប៉ុណ្ណោះ។
ករណីពាក់ព័ន្ធនឹងសាច់ញាតិរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ន តូ ជាមួយក្រុមហ៊ុនហិរញ្ញវត្ថុ ហ៊ួយ វ័ន ផេ ដែលរងការចោទប្រកាន់ពីការលាងលុយអនឡាញ កាន់តែបង្កើនមន្ទិលសង្ស័យចំពោះភាពស្មោះត្រង់នៃរដ្ឋាភិបាល។
ទោះបីជាមានការបដិសេធ និងការអះអាងថា លោកមិនបានទទួលផលប្រយោជន៍ដោយផ្ទាល់ក៏ដោយ ក៏ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ និងអំណាចនយោបាយទាំងនេះ បានបង្កើតឱ្យមានបរិយាកាសនៃអភ័យឯកសិទ្ធិ ដែលធ្វើឱ្យប្រព័ន្ធច្បាប់កម្ពុជាបាត់បង់ម្ចាស់ការ និងភាពជឿជាក់ទាំងស្រុងនៅលើឆាកអន្តរជាតិ។
សរុបមក រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចបង្ហាញតួលេខបង្ក្រាបដែលធំជាងមុន ប៉ុន្តែការស្តារកេរ្តិ៍ឈ្មោះកម្ពុជាមិនអាចធ្វើបានដោយការបិទទីតាំង និងចាប់អ្នកធ្វើការកម្រិតក្រោមតែប៉ុណ្ណោះទេ។ ការធ្វើឱ្យអន្តរជាតិជឿជាក់ ត្រូវការការស៊ើបអង្កេតដែលមានតម្លាភាពទៅលើម្ចាស់ទីតាំង អ្នកផ្តល់ហិរញ្ញប្បទាន បណ្តាញលាងលុយ និងមន្ត្រីឬ អ្នកមានឥទ្ធិពលដែលរងការចោទប្រកាន់ ដោយមិនរើសមុខ។
បើលោក ហ៊ុន ម៉ាណែត អាចបង្ហាញថា ច្បាប់អនុវត្តស្មើគ្នាចំពោះទាំងជនបរទេស អ្នកជំនួញ និងអ្នកមានទំនាក់ទំនងនយោបាយ នោះទើបការបង្ក្រាបអាចក្លាយពីយុទ្ធនាការបិទទីតាំងទៅជាកំណែទម្រង់ដែលអាចស្តារទំនុកចិត្តលើសេដ្ឋកិច្ច ទេសចរណ៍ និងកេរ្តិ៍ឈ្មោះកម្ពុជាបានយូរអង្វែង៕
ដោយ សុក្រឹត ពុទ្ធិ









