អ្នកឃ្លាំមើល គាំទ្រការប្រើពាក្យ«ថៃឈ្លានពានកម្ពុជា» របស់លោកហ៊ុន សែន នាពេលថ្មីៗនេះ និងជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្រើពាក្យ«ថៃឈ្លានពានកម្ពុជា»នេះឱ្យបានទូលំទូលាយ និងថែមទាំងត្រូវប្រញ៉ាប់ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារឱ្យថៃដកកងទ័ពចេញពីដីកម្ពុជាចំនួន ៧៦ទីតាំង ដែលយោធាថៃបានចូលមករាយបន្លាលួសដាក់ទូរកុងតឺន័រ ដណ្តើមកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។
ការប្រើពាក្យថៃឈ្លានពានកម្ពុជារបស់លោក ហ៊ុន សែន បានធ្វើឱ្យមានប្រតិកម្មជាបន្តបន្ទាប់ ពីប្រធានព្រឹទ្ធសភាថៃ និងពីឥស្សរជនថៃមួយចំនួន។
នៅក្នុងវេទិកាប្រធានសភានៃអន្តរសភា កាលពីថ្ងៃទី២៧ខែសីហា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ ដែលនៅពេលនេះថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ គឺស្ថិតក្រោមស្ថានភាពនៃការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះបទល្មើសឆ្លងដែន ដើម្បីកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់។ លោកថា សកម្មភាពនេះ គឺជាទម្រង់នៃសង្គ្រាមឈ្លានពានថ្មី នៅក្នុងយុគសម័យនេះ។
លោកថា៖ «សង្គ្រាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតនៅក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំ ដោយផ្អែកថា ទឹកដីរបស់យើងខ្ញុំខ្លះ គឺជាផ្នែកនៃល្បែងឆបោក។ ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែន ដូចជា ការឆបោកអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុគសម័យនេះឯង»។
ប្រធានព្រឹទ្ធសភាថៃ លោក ម៉ុងឃុល ស៊ុរ៉ាសច្ចា (Mongkol Surasajja) លោក មង្គលសុរៈ សច្ចា ប្រធានព្រឹទ្ធសភាថៃ បានបញ្ចេញប្រតិកម្មភ្លាមៗ តាមរយៈសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២៨ខែសីហា ដោយចាត់ទុកការថ្លែងរបស់លោកហ៊ុន សែន ថាជាការប្រើប្រាស់វេទិកាអន្តរជាតិសារជាថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់យុទ្ធសាស្ត្រសម្តែងធ្វើជាជនរងគ្រោះ ដោយចោទប្រកាន់គ្មានមូលហេតុច្បាស់លាស់លើភាគីថៃ និងចាត់ទុកការលើកឡើងរបស់លោកហ៊ុន សែន ថាជាការអះអាងផ្ទុយពីការពិត ដើម្បីកេងចំណេញនយោបាយ។ លោក មង្គលសុរៈ សច្ចា ថែមទាំងចោទថា កម្ពុជាជាអ្នកបាញ់ថៃមុនថែមទៀតផង។
ជាការឆ្លើយតប ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៣០ខែសីហា បានចេញសេចក្តីប្រកាសដោយបានកត់សម្គាល់ដោយសម្តែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ដោយបញ្ជាក់ថា អ្វីដែល លោកហ៊ុន សែន បានបកស្រាយពីសភាពការណ៍ដែលបាននិងកំពុងកើតមាន ពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការជ្រោងខ្ពស់ អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។ បន្ថែមពីនេះ ព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីរបៀបដែលការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានប្រទេសថៃយកមកធ្វើជាហេតុផល ដើម្បីប្រើប្រាស់កម្លាំងឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជា។
ជ្រុងមួយនៃបញ្ហានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្លែងថា លោកបានអានសេចក្តីប្រកាស៣ទំព័ររបស់ព្រឹទ្ធសភា ឃើញលោកហ៊ុន សែន បានប្រើពាក្យ«ថៃឈ្លានពាន»ចំនួន៤ដង។ លោកថា ការប្រើពាក្យ«ថៃឈ្លានពានកម្ពុជា» គឺជាពាក្យបច្ចេកទេសត្រឹមត្រូវ ទៅតាមហេតុការណ៍ដែលកងទ័ពថៃបានវាយលុកចូលមកដណ្តើមកាន់កាប់ទឹកដីកម្ពុជា។
អ្នកឃ្លាំមើលរូបនេះ ជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត និងក្រសួងការបរទេសកម្ពុជា ត្រូវចេញបកអាក្រាតថៃឱ្យបានខ្លាំងក្លា ដោយប្រើពាក្យថៃឈ្លានពានកម្ពុជានេះឱ្យបានច្រើនបំផុត ពីព្រោះការតវ៉ាការទូតក្តី ការប្តឹងថៃទៅតុលាការអន្តរជាតិក្តី ការដាក់សម្ពាធទៅថៃតាមរយៈសហគមន៍អន្តរជាតិក្តី គឺទាល់តែរដ្ឋាភិបាលកម្ពុជាប្រើពាក្យបច្ចេកទេសឱ្យបានត្រឹមត្រូវ គឺថៃឈ្លានពាន មិនមែនប្រើពាក្យរំលោភបំពានដូចលោកហ៊ុន ម៉ាណែត ធ្លាប់ប្រើកន្លងមកនោះទេ។
លោកថា៖ «គឺគេប្រើពាក្យឈ្លានពានបូរណភាពទឹកដី អធិបតេយ្យរបស់កម្ពុជា។ ពាក្យហ្នឹងជាពាក្យសមរម្យត្រឹមត្រូវ ហើយជាពាក្យនិយាយចំចំណុចគោលដៅ ក្នុងការតវ៉ាតាមរយៈយន្តការការទូតក្តី តាមរយៈយន្តការដាក់សម្ពាធថៃ ឱ្យថៃប្រគល់ទឹកដីកម្ពុជាមកវិញ ឱ្យថៃដកកងទ័ពចេញពីកម្ពុជាវិញ គឺយើងប្រើពាក្យបច្ចេកទេសហ្នឹង គឺអត់ខុសទេ វាស្របតាមគោលការណ៍អន្តរជាតិ គឺសៀមឈ្លានពានទឹកដីកម្ពុជាឈរជើងក្នុងដីកម្ពុជាទាំងខុសច្បាប់»។
ចំណែក លោកអ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង ថ្លែងថា ការហ៊ានប្រើពាក្យធ្ងន់ៗថា ថៃឈ្លានពានកម្ពុជាពីសំណាក់ លោកហ៊ុន សែន នាពេលនេះ គឺជារឿងល្អ។ ប៉ុន្តែយ៉ាងណាក្តី សាររបស់លោកហ៊ុន សែន មិនមានទម្ងន់ដាក់សម្ពាធឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជាបានទេ។
លោកថា៖ «ដូច្នេះដើម្បីដាក់សម្ពាធឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជា និងប្រគល់ទឹកដីកម្ពុជាមកឱ្យកម្ពុជាវិញ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវប្រញ៉ាប់ប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC តុលាការយុត្តិធម៌អន្តរជាតិ ICJ និងត្រូវប្តឹងថៃទៅកាន់សហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»។
សម្រាប់ លោកម៉ែន ណាត បានផ្តល់ជាយោបល់ថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ត្រូវតែប្រើយន្តការការទូតឱ្យបានខ្លាំងក្លាបំផុត ក្នុងការបកអាក្រាតថៃជាអន្តរជាតិឱ្យបានច្រើនបំផុត អំពីថៃឈ្លានពានកម្ពុជា ទៅកាន់ឆាកអន្តរជាតិ មិនមែនត្រឹមតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃដូចបច្ចុប្បន្នដែលបានត្រឹមតែលួងចិត្តពលរដ្ឋនៅក្នុងប្រទេសនោះទេ។ ដើម្បីដាក់សម្ពាធថៃឱ្យមានប្រសិទ្ធភាព គឺទាល់តែកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិ និងត្រូវបកអាក្រាតថៃនៅលើឆាកអន្តរជាតិឱ្យបានខ្លាំងក្លា។
លោកថា៖ «ត្រូវរកមធ្យោបាយឱ្យខ្លាំងក្លាបំផុតដាក់សម្ពាធថៃ តាមយន្តការការទូតឱ្យសហគមន៍អន្តរជាតិគេជួយកម្ពុជា ដើម្បីឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជាឱ្យអស់ អាហ្នឹងហៅថាការតវ៉ាចំគោលដៅ។ ហើយដូចបញ្ជាក់ជូនឡើងវិញដែរ ទាហាននៅជួរមុខដែលទទួលខុសត្រូវចំពោះជាតិទឹកដីដែរ អាហ្នឹងរដ្ឋាភិបាល ក្រសួងការពារជាតិ ត្រូវតែរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីការពារខ្លួន មិនត្រូវបណ្តោយឱ្យគេរុលចូលទឹកដីខ្មែរតាមអំពើចិត្តដោយគ្មានការផ្ទុះអាវុធ ក៏គេយកដីខ្មែរបានដែរ យកបន្លាលួសមកព័ទ្ធយកដីខ្មែរ ធ្វើអ៊ីចឹងបានន័យថាម៉េច?»។
ក្រសួងការពារជាតិ នៅថ្ងៃទី១ខែកញ្ញា បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយទៀត ដោយបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។
សេចក្តីប្រកាសបញ្ជាក់សារជាថ្មីថា គឺភាគីថៃនោះទេ ដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន ដូច្នេះភាគីថៃមិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ បង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួន នៅលើដែនអធិបតេយ្យភាកម្ពុជាបានឡើយ។ ការប៉ុនប៉ងរបស់ភាគីថៃ ក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។
បន្ថែមពីនេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ អនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕









