«យើងឋិតនៅក្រោមរដ្ឋធម្មនុញ្ញ យើងត្រូវគោរពអ្វីដែលបានធានា អ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ» នេះជាការលើកឡើងរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ អំឡុងពេលដាក់លិខិតទូលថ្វាយព្រះមហាក្សត្រ នៅព្រឹកថ្ងៃពុធនេះ ដើម្បីសុំព្រះរាជអន្តរាគមន៍ឱ្យតុលាការកំពូល សើរើរឿងក្តីទម្លាក់បទចោទ និងប្រគល់សិទ្ធិសេរីភាពពេញលេញជូនលោកឡើងវិញ។
លោក រ៉ុង ឈុន ត្រូវបានតុលាការកំពូល ចេញសាលដីកាស្ថាពរផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែព្យួរទោសសាកល្បង៣ឆ្នាំ និងបានដកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោតរយៈពេល ៥ឆ្នាំ រួមទាំងដាក់បម្រាមរឹតត្បិតសិទ្ធិសេរីភាពជាច្រើនទៀត ក្រោមការចោទ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
នៅអំឡុងពេលដាក់លិខិតទូលថ្វាយព្រះមហាក្សត្រ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក រ៉ុង ឈុន បានថ្លែងថា សាលដីការបស់តុលាការដែលដកសិទ្ធិរបស់លោក មិនឱ្យបោះឆ្នោត មិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត មិនឱ្យធ្វើសកម្មភាពនយោបាយ មិនឱ្យចូលរួមវេទិការសាធារណៈ និងមិនឱ្យចាកចេញពីរាជធានីភ្នំពេញជាដើមនោះ គឺមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី និងមាត្រា៣៥ រួមទាំងកត្តិកាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ។
លោកថា៖ «ចឹងហើយបានជាខ្ញុំថ្ងៃនេះ យកលិខិតមកដាក់ទូលថ្វាយព្រះអង្គ ឱ្យព្រះអង្គជួយធ្វើព្រះរាជអន្តរាគមន៍សើរើឡើងវិញនូវសំណុំរឿងរបស់ខ្ញុំ ដោយយើងមើលឃើញព្រះអង្គមានតួនាទីសំខាន់ ក្នុងការការពារនូវឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការធានាទៅដល់សិទ្ធិ និងសេរីភាព រួមទាំងអនុសញ្ញាអន្តរជាតិផងដែរស្តីអំពីបញ្ហាសិទ្ធិហ្នឹង»។
លោក រ៉ុង ឈុន បន្តថា រស់ក្រោមដំបូលរដ្ឋធម្មនុញ្ញ កម្ពុជាត្រូវគោរពនូវច្បាប់កំពូលមួយនេះ ដើម្បីលើកមុខមាត់ប្រទេសជាតិឡើងវិញនូវលើឆាកអន្តរជាតិ ដោយមិនគួរមានការចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់ទៅលើសកម្មជននយោបាយ និងសកម្មជននានាដោយអយុត្តិធម៌នោះទេ។
លោកថា៖ «បើសិនជាយើងបានអនុវត្ត ពេលហ្នឹងកម្ពុជាយើងនឹងមានមុខមានមាត់ឡើងវិញ ហើយគេនឹងទទួលស្គាល់ ហើយយើងប្រកួតប្រជែងគ្នាទៅ ខ្ញុំបានស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី អំពាវនាវឱ្យមកចូលរួមជួយជាតិទាំងអស់គ្នាមក ប៉ុន្តែនិយមន័យនៃការចូលរួម គេហៅថា ជាតិយើងរួបរួមគ្នា មិនមែនតែនៅក្រោមដំបូលគណបក្សតែមួយទេ យើងត្រូវលើកលែង និន្នាការផ្សេងៗគ្នាក៏ដោយយើងត្រូវលើកលែង គណបក្សណានៅគណបក្សហ្នឹងទៅ យើងប្រកួតប្រជែងគ្នាយកអំណាចតាមរយៈការបោះឆ្នោត យើងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ សកម្មជននយោបាយ»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ តំណាងគណបក្សកម្លាំងជាតិ ក៏ធ្លាប់បានដាក់ថ្វាយលិខិតស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ នៅព្រះបរមរាជវាំងម្តងរួចហើយ ចំពោះករណីលោក រ៉ុង ឈុន នេះ ដោយអំឡុងពេលនោះមានមន្ត្រីសមត្ថកិច្ចយាមនៅទីនោះបានទទួលយកលិខិតនោះ ប៉ុន្តែគិតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតប។ នេះបើតាមលោក រ៉ុន ឈុន ដែលការណ៍នេះ ទើបលោកមកដាក់ថ្វាយលិខិតជាថ្មី ដោយផ្ទាល់ក្នុងនាមបុគ្គលវិញម្តង។
ការថ្វាយលិខិតជូនព្រះមហាក្សត្រ ពីសំណាក់អ្នកនយោបាយរូបនេះ គេសង្កេតឃើញមានមន្ត្រីផ្នែករដ្ឋបាលនៅព្រះបរមរាជវាំង ឈ្មោះ ប៊ុត វណ្ណចា បានចេញមកទទួលលិខិតនោះ តែមិនបាននិយាយអ្វីនោះទេ។
វីអូឌី មិនអាចស្វែងរកការបញ្ជាក់ជុំវិញករណីនេះ ពីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល បានទេ នៅថ្ងៃពុធនេះ។
តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់បានចេញលិខិតចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សំណុំរឿងរបស់លោក រ៉ុង ឈុន ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ សម្រេចសេចក្តីដោយត្រឹមត្រូវ និងអនុវត្តទៅតាមច្បាប់ និងនីតិវិធី ហើយក្រសួងក៏ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។ រដ្ឋមន្ត្រីរូបនេះ បានលើកឡើងដែរថា បើ លោក រ៉ុង ឈុន មានអង្គហេតុថ្មី ឬភស្តុតាងថ្មី ដែលបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនក្នុងសំណុំរឿងនេះ គឺអាចអនុវត្តសិទ្ធិក្នុងការធ្វើបណ្តឹងសើរើនេះទៅតុលាការកំពូល ដោយត្រូវអនុវត្តស្របតាមលក្ខខណ្ឌ និងនីតិវិធី ដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលតាមដានរឿងនេះ លើកឡើងថា សម្រាប់អ្នកនយោបាយ នៅពេលដើរទាល់ច្រកអស់តាមផ្លូវតុលាការ គឺមានតែការស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងព្រះមហាក្សត្រទេ។ ការណ៍នេះ ក្នុងនាមសង្គមស៊ីវិល លោកសង្ឃឹមថា អង្គព្រះមហាក្សត្រ ទ្រង់នឹងពិចារណាលើការបន្ធូរបន្ថយទោស ឬព្រះរាជអន្តរាគមន៍ទៅតុលាការឱ្យមានការទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកនយោបាយរូបនេះ ដើម្បីឱ្យលោករ៉ុង ឈុន បានចូលរួមសកម្មភាពនយោបាយឡើងវិញ ស្របពេលដែលកម្ពុជាក៏នឹងមានការរៀបចំការបោះឆ្នោតនាពេលឆាប់ៗខាងមុខ។
លោកថា៖ «ឥឡូវនេះជិតដល់ស្ថានភាពបោះឆ្នោតហើយ អីចឹងយើងមើលឃើញបក្សនយោបាយដែលមាននិន្នាការប្រឆាំង រដ្ឋាភិបាលតែងតែចាត់វិធានការតាមផ្លូវច្បាប់រហូត អានេះដែលធ្វើឱ្យប្រជាពលរដ្ឋមានការអល់អែកក្នុងការចូលរួមនយោបាយដ៏សកម្មនេះ អីចឹងការធ្វើទុក្ខបុកម្នេញទៅដល់បក្សនយោបាយដែលមាននិន្នាការប្រឆាំងហ្នឹងឯង ដែលជាទង្វើមួយជាក់ស្តែងមួយដែលគេបង្ហាញថា នៅប្រទេសកម្ពុជា ហ្នឹងមានការរឹតត្បិត ជាពិសេសទៅលើអ្នកនយោបាយ។ ចឹងយើងស្នើសុំដោយទទូចឱ្យឈប់ធ្វើទុក្ខបុកម្នេញទៅដល់អ្នកនយោបាយ ជាពិសេសបេក្ខជនដែលកំពុងតែត្រៀមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ពីព្រោះកម្ពុជាយើងប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ចឹងវាត្រូវតែមានបក្សច្រើន មិនអាចបោះបង់ចោលបក្សដែលមានសំឡេងភាគតិចទេ»។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់បេសកកម្មផ្លូវការ នៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស លោក ថម អេនឌ្រូ (Tom Andrews) បានវាយតម្លៃថា កម្ពុជានៅតែប្រឈមបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈមនុស្សជាង ១០០នាក់ កំពុងត្រូវបានឃុំខ្លួនដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋាន ខណៈលំហនយោបាយ សេរីភាពបញ្ចេញមតិកាន់តែរួមតូច។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់គួរត្រូវជាប់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធីឡើយ៕









