យោធា​ថៃ​ដោះ​លែង​អ្នក​នេសាទ​ខ្មែរ​ពីរ​នាក់ តែ​សាច់​ញាតិ​មិន​​ទាន់​បាន​ជួប​មុខ

ទោះ​បី​ជា​មាន​ព័ត៌​មាន​ផ្លូវ​ការ​ថា អាជ្ញាធរ​ថៃ​បាន​សម្រេច​ដោះ​លែង​ក្រុម​អ្នក​នេសាទ​កម្ពុជា​ នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សាច់​ញាតិ​នៅ​តែ​មិន​ទាន់​បាន​​ជួ​ប​មុខ​សមា​ជិ​ក​​គ្រួ​សារ​​ខ្លួន​​នៅ​ឡើយ​ទេ។

អ្នកស្រី មាស ពុធី ប្រពន្ធកម្មករទូកនេសាទ​លោក ជូន ភាព ដែល​ត្រូវ​បាន​យោធា​ថៃ​ចាប់​ខ្លួន​ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា មក​ទល់​ពេល​នេះ អ្នក​ស្រីមិ​នទាន់​បាន​ជួប​មុខ​ប្ដី​ដូច​ការ​រំពឹង​ឡើយ​ ដោយ​ឮ​​ត្រឹម​​សំឡេង​ខលតា​ម​ទូរ​ស័ព្ទ។

អ្នកស្រី​បន្ត​ថា តាម​ដំណឹង​មិន​ច្បាស់​ការ​ ប្ដី​អ្នក​ស្រី​កំពុង​ស្នាក់​នៅ​ច្រក​ព្រំដែន ក្នុង​ខេត្ត​កោះ​កុង ដែល​​អាច​ចំណាយ​ពេល​ប្រហែល​មួយ​ទៅ​ពីរ​សប្ដាហ៍​ទៀត ទើប​អាច​វិល​ចូល​ស្រុក​កំណើត។ យ៉ាង​ណា អ្នក​​ស្រី​​មិន​ដឹង​ពី​មូល​ហេតុ​ដែល​ត្រូវ​ស្នាក់​នៅ​នោះ​ឡើយ។

អ្នកស្រី ពុធី និយាយថា៖ «ឮថាគាត់ឲ្យគាត់មក ប៉ុន្តែ​មិន​ទាន់​ដល់។ បង​នៅ​ថៃ​គាត់​តេ​មក​ថា​ រយៈ​​មួយ​​អាទិត្យ បើ​មិន​មួយ​អាទិត្យ ពីរ​អាទិត្យ ខ្ញុំ​មិន​ដឹង​ដែរ ខ្ញុំ​អត់​ចេះ​អក្សរ នៅ​ខ្មែរ​នេះ ហើយ​គា​ត់​​ទៅ​​រក​ស៊ី​​សង្ឃឹម​​គាត់​ទៅ​ជួយ​រក​លុយ​​សង​គេ ឥឡូវ​ទៅ​ជាប់​គ្រលុក ផុង​គ្រលុក​ គ្រោះ​ថ្នាក់​គាត់​ទៅ​ជាប់​(ពន្ធនាគារ)​​នៅ​ស្រុក​គេ»។

តាម​ការ​សន្ទនាជា​មួ​យប្ដី​​ក្នុង​ទូរស័ព្ទ អ្នក​ស្រី​ថា ប្ដី​អ្នក​ស្រី​ពេល​​ខ្លះ​មាន​អាហារ​ហូប​បាន​ឆ្អែត ជួន​កា​ល​​ក៏​អត់។ អវត្ត​មាន​របស់​លោក ជូន ភាព ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ស្រី មាស ពុធី ជួប​បញ្ហា​ជីវភាព ខណៈ​​ជាង​​កន្លះ​ឆ្នាំ​មក​នេះ​ អ្នក​ស្រីពុំ​ដែល​ទទួល​បាន​ជំនួយ ឬកា​រ​ឧបត្ថម្ភ​ណា​មួយ​នោះ​ឡើយ។ បញ្ហា​ជីវភាព​បាន​​​ធ្វើ​ឱ្យ​អ្នក​ស្រី​ស្វែង​រក​ការ​ងារ​ធ្វើ​បន្ថែម​ជា​កម្មករ​រោង​ចក្រ ខណៈ​កូន​មាន​ជំងឺ​គ្រុន​​ឈា​ម​ព្យាបាល​​អស់​​លុយ​​​​​ជា​ច្រើន បង្កើនស​ម្ពាធ​ជីវភាព​បន្ថែម​ទៀត។ អ្នក​ស្រី​អំពាវ​នាវ​​​ឱ្យ​អាជ្ញាធរ​ពន្លឿន​​នីតិ​វិធី​​ដោះ​លែង ដើម្បី​ប្ដី​អ្នក​ស្រី​បាន​មក​រស់​នៅ​ជុំ​ប្រពន្ធ​កូន​វិញ។

អ្នកស្រី មាស ពុធី និយាយថា​៖ «ខ្ញុំអត់សឹងអី ជំពាក់គេរុំកោះ។ ថ្ងៃមុនហ្នឹងកូនឈឺ ជំពាក់គេ កូនគ្រុនក្ដៅ​​ទៅ​​ពេទ្យ​​កាល់ម៉ែតអស់មួយកំភ្លូសទៀត ជំពាក់បងប្អូនពេញហើយ ម្នាក់​មួយលាន ពីរលានយកទៅ​​មើលកូនៗអស់មួយពាន់ជាងថ្ងៃមុនហ្នឹង[…] បានគាត់ជោគជ័យ បានគាត់មកដល់ស្រុក​​ល់ភូមិ​​វិញរកស៊ីចិញ្ចឹមកូនប្រពន្ធវិញបានហើយ… ប៉ុណ្ណឹងបានហើយ»

អស់រយៈពេលជាង​៧ខែមកហើយ ដែលយោធាជើងទឹកថៃបានចូលមកចាប់ទូក​នេសាទ ដែល​មាន​​ពល​រដ្ឋ​​ខ្មែរ​បី​នាក់ យក​ទៅ​ឃុំ​ឃាំង​ក្រោម​ការ​ចោទ​ប្រកាន់​ថា ចូល​ដែន​ទឹក​ថៃ និង​នេសាទ​ខុស​ច្បាប់។ យោធា​ថៃបា​ន​ចូល​មក​ចាប់​​អ្នក​នេសាទ​ទាំង​បី នៅ​ក្នុង​ដែន​ទឹក​កម្ពុជា ដែល​មាន​ចម្ងាយ ១១​គីឡូ​ម៉ែត្រ​ ពី​កោះ​យ៉រ ក្នុង​ទឹក​ដី​ខេត្ត​កោះ​កុង កាល​​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

នៅថ្ងៃទី១ ខែមេសា តុលាការខេត្តត្រាត ប្រទេស​ថៃ បានកា​ត់​ទោសអ្ន​ក​​នេសាទ​ខ្មែរ​​ពីរ​នាក់ ​​ឱ្យ​​ជាប់​​ពន្ធនាគារ​ ៤ខែ និង​ពិន័យ​ក្នុង​ម្នាក់ ៩ម៉ឺន​បាត ខណៈ​អ្នក​បើក​ទូក​ម្នាក់​ទៀត​ត្រូវ​បាន​​កា​ត់​ទោស​ឱ្យ​​ជាប់​​ពន្ធនាគារ​ ១ឆ្នាំ​៤ខែ និង​ពិន័យ​ជា​ប្រាក់​ជាង ១២​ម៉ឺន​បាត។

មន្ត្រីនាំពាក្យក្រសួងការបរទេស លោក ចាន់ រតនា បាន​បញ្ជាក់​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក កាល​ពីថ្ងៃ​ទី​៣១ ខែ​សីហា ថា អ្នក​នេសាទ​ខ្មែរ​ទាំង ២នាក់ ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី២​៩ ខែ​សីហា​ និង​​គ្រោង​​បញ្ជូន​​​ត្រឡប់​ទៅ​កម្ពុជា​​វិញ ​តាម​ច្រក​ចាំ​យាម ខេត្ត​កោះកុ​ង ​ក្នុង​រយៈ​ពេល​មួយ​ឬ​ពីរ​ថ្ងៃ​បន្ទាប់។ លោក ចាន់ រតនា បន្ត​ថា អ្នក​នេសាទ​​ខ្មែរ​ម្នាក់​ទៀត ដែល​ជា​អ្នក​បើក​ទូក ត្រូវ​បន្ត​ជាប់​​​ឃុំ​រហូត​​ដល់​​ខែ​​វិច្ឆិ​កា ទើប​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដោះលែ​ង ដោយ​​សារ​មាន​រយៈ​ពេល​ទោស​​វែ​ងជា​ង​អ្នក​នេ​សាទ​​ពីរ​​នាក់​​ផ្សេង​ទៀត។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពី​មន្ត្រីនាំពាក្យក្រសួងការបរទេស លោក ចាន់ រតនា ទៅ​លើ​ការ​ពន្យារ​ពេល​​លើ​ការ​បញ្ជូន​អ្នក​នេសាទ​ទាំង​ពីរ​នាក់​បា​ន​ទេ នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា។

ចំណែក អភិបាលខេ​ត្ត​កោះ​កុង លោក​ស្រី ឈី វ៉ា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា នេះ ជា​សារ​សំណេរ​តាម​រយៈ​ប្រព័ន្ធ​​តេ​ឡេក្រាម​ថា ជាប់ប្រ​ជុំ មិន​ទាន់​អាច​ផ្ដល់​បទ​សម្ភាសន៍​លើ​ករណី​នេះ។

ទាក់ទិនរឿងនេះ មន្ត្រីទទួលបន្ទុកការពារសិទ្ធិពលករចំណាក​ស្រុក​​ប្រចាំ​ប្រទេស​ថៃ​នៃ​អង្គ​ការ​សង់​​ត្រាល់ លោក លឹង​ សុផុន ប្រាប់​​វីអូ​ឌី​ថា តាម​នីតិវិធី អាជ្ញាធរ​ថៃ​នឹង​​បញ្ជូន​​ជន​ដែល​​បញ្ចប់​​ការ​​អនុ​​វត្ត​​ទោស ទៅប៉ុ​ស្តិ៍​អន្តោ​ប្រវេសន៍​នៅ​ក្នុង​ស្រុក​ខ្លង​យ៉ៃ ខេត្ត​ត្រាត មុន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។ លោក​​បន្ត​ថា ក្រៅ​ពី​អ្នក​នេសាទ​ទាំង២ ក្នុង​នោះក៏​មាន​ពលករ​​ខ្មែរ​ប្រមាណ ៣០​នាក់​ផ្សេង​ទៀត កំពុង​​ជាប់​​នៅ​ប៉ុស្តិ៍​អន្តោ​ប្រវេសន៍​ខ្លង​យ៉ៃ រង់​ចាំកា​រ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ផង​​ដែរ។

លោកថា៖ «គេ​តែង​តែ​បញ្ជូន​ទៅ​ខ្លង​ចាក​ហ្នឹង​ឯង នៅ​ក្នុង​ស្រុក​ខ្លង​យ៉ៃ។ កន្លែង​ហ្នឹ​ង​ជា​​កន្លែង​​អន្តោ​ប្រវេសន៍ រង់​ចាំ​អាជ្ញាធរ​​ហ្នឹង​បញ្ជូន​ទៅ​ព្រំដែន​ហ្នឹង​ឯង តែ​គេ​មិន​ទាន់​កំណត់​​ពេ​ល​វេ​លា​ច្បា​ស់​​លាស់​ទេ ​ហើយ​​ដោយ​ឡែក​ពលករ​(អ្នក​​នេសាទ)​​ពីរ​នាក់ ដែល​អាជ្ញាធរ​ទើប​តែ​​​ដោះ​លែង​​កាល​​​​ពីម្សិ​ល​​មិញ​ហ្នឹង ​ក៏​គេ​បញ្ជូន​ទៅ​កន្លែង​ហ្នឹង​ដែរ»។

យ៉ាងណា ការដោះលែងអ្នកនេសាទ​នេះ ធ្លាប់ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែ​កក្កដា ប៉ុន្តែ​មិន​បាន​កើត​​ឡើង​តាម​ការ​រំពឹង​ទុក ដែល​ធ្វើ​ឱ្យ​សាច់​ញាតិ​ខាត​បង់​លុយ​កាក់ ដោយ​សារ​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ចាំ​ទទួល​ក្នុង​មួយ​លើកៗ​​ជិត​ ២០​ម៉ឺន​រៀល។ ទន្ទឹម​គ្នា​នេះ នីតិ​វិធី​ដោះលែ​ង​លើក​នេះ ក៏​មាន​​ភា​ព​​យឺត​យ៉ាវ​ ដោយ​ភាគី​ថៃ​​ហាក់​មានចេតនា​ប្រើ​លេស​បុណ្យ​ជាតិ ដើម្បី​ពន្យារ​ពេល។

លើសពីនេះ មតិសាធារណៈមួយចំនួន ក៏បានរិះគន់ទៅលើរដ្ឋាភិបាលកម្ពុជា ដែល​បណ្ដោយ​ឱ្យ​​ពល​រដ្ឋ​ខ្លួន​ត្រូវ​យោធា​ថៃ​​ចាប់​​ខ្លួន​​ដោយ​​ខុស​​ច្បាប់ ហើយ​យក​ទៅដា​ក់​ពន្ធនា​គារ​ដល់​ទៅ​ជាង ៦ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ