ពាក្យចចាមអារ៉ាមដែលថា ទាហានថៃបានលួចបាញ់ស៊ីបមកលើទាហានកម្ពុជា បណ្តាលឱ្យស្លាប់ និងរងរបួសជាបន្តបន្ទាប់នាពេលកន្លងមក ប៉ុន្តែត្រូវបានរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បិទព័ត៌មាន ថែមទាំងថា ករណីទាំងនោះជាការរាកៃកាំភ្លើង គ្រោះថ្នាក់ចរាចរណ៍ ឬធ្លាក់ពីលើភ្នំជាដើមនោះ នៅពេលនេះត្រូវបានអ្នកកាសែតបារាំងម្នាក់ ចេញមកលាតត្រដាង ដោយចាត់ទុកករណីនេះថា អាចមានកម្រិតស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម ខណៈកម្ពុជានៅមិនទាន់ប្តឹងថៃទៅកាន់តុលាការអន្តរជាតិនៅឡើយ។
អ្នកកាសែតបារាំងលេចធ្លោម្នាក់ ធ្វើការនៅទស្សនាវដ្ដីបារាំងឡឺ ហ្វីហ្គារ៉ូ (Le Figaro) គឺលោក ហ្សង់លុកម៉ូរូ ឌឺលារីស (Jean-Luc Moreau Deleris) ថ្លែងថា ទង្វើរបស់យោធាថៃមកលើភាគីកម្ពុជា អាចមានកម្រិតស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម ខណៈលោកបានបង្ហាញក្ដីរន្ធត់ចំពោះរឿងរ៉ាវទាហានកម្ពុជាម្នាក់ដែលត្រូវបានទាហានបាញ់ស៊ីបថៃ លួចបាញ់ប្រហារនៅក្រោយពេលបទឈប់បាញ់ចូលជាធរមាន។
នៅក្នុងវីដេអូមួយ អ្នកកាសែតរូបនេះ បានរៀបរាប់អំពីរូបថតដ៏រន្ធត់ ដែលលោកបានឃើញ។ លោកបានថ្លែងក្នុងសម្តីដើមថា៖ «ខ្ញុំបានថតរូបយុវជនម្នាក់នេះ… គាត់គឺជាកងទ័ពវ័យក្មេងកម្ពុជាម្នាក់ឈ្មោះ ស្រា ទី (Sra Ti) នៅឯតំបន់ព្រំដែនភាគពាយព្យនៃប្រទេសកម្ពុជា ក្បែរប្រទេសថៃ។ រូបថតនេះ ដក់ជាប់ក្នុងចិត្តខ្ញុំយ៉ាងខ្លាំង ព្រោះក្រោយពីបានធ្វើដំណើរតាមបណ្តោយខ្សែត្រៀមជួរមុខនៃជម្លោះរវាងថៃ និងកម្ពុជា អស់រយៈពេលជាច្រើនខែ ខ្ញុំបានដឹងថា មានការរំលោភបំពានមួយចំនួន ដែលប្រព្រឹត្តដោយកងទ័ពថៃដែលសកម្មភាពទាំងនោះ អាចជាឧក្រិដ្ឋកម្មសង្គ្រាម»។
អ្នកកាសែតបារាំងរូបនេះ បានបញ្ជាក់ក្នុងសម្តីដើមថា៖ «បន្ទាប់មក ខ្ញុំបានជួបនឹងករណីរបស់ ស្រា ទី។ ករណីរបស់គាត់ គឺពិសេសណាស់។ គាត់មានអាយុ ២៤ ឆ្នាំ ជាកងទ័ពវ័យក្មេងកម្ពុជា។ បទឈប់បាញ់លើកទី២ រវាងថៃ និងកម្ពុជា បានចូលជាធរមាននៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២ថ្ងៃត្រង់។ លុះដល់ព្រឹកថ្ងៃទី២៩ ខែធ្នូ កងទ័ពកម្ពុជារូបនេះ ក៏ត្រូវរងគ្រាប់កាំភ្លើងរបស់ទាហានថៃចំក្បាលពេញទំហឹង។ ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងយូរ គេត្រូវបានបញ្ជូនត្រឡប់មកឱ្យគ្រួសារមើលថែវិញ។ ស្រា ទី បានបាត់បង់ផ្នែកខ្លះនៃខួរក្បាលរបស់គាត់។ បច្ចុប្បន្ន គាត់ស្ទើរតែលែងដឹងខ្លួន ហើយកំពុងរងទុក្ខវេទនាជាប្រចាំហើយបានក្លាយជាបន្ទុកសម្រាប់គ្រួសារ ដែលមានជីវភាពក្រីក្របំផុត»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍។
លោក ហ្សង់លុកម៉ូរូ ឌឺលារីសបន្តថា៖ «ក្រោយពីបានសិក្សាលើសំណុំរឿងរបស់គាត់ វាច្បាស់ណាស់ថា គាត់គឺជាជនរងគ្រោះនៃអ្វីដែលគេហៅថា «ឧក្រិដ្ឋកម្មសង្គ្រាម»។ គាត់ត្រូវបានអ្នកលបបាញ់ ឬ Sniper របស់ថៃ បាញ់ប្រហារក្នុងរយៈពេល ២ ថ្ងៃ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន»។
លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង ថ្លែងថា ការដែលអ្នកកាសែតបារាំងនិយាយពី ទាហានថៃលួចបាញ់ស៊ីបមកលើទាហានខ្មែរ នៅក្រោយបទឈប់បាញ់ វាគឺជារឿងពិតពីព្រោះកន្លងមកនេះ លោកក៏បានទទួលព័ត៌មានពីទាហានខ្មែរជួរមុខ និងក្រុមគ្រួសារពួកគាត់រួមទាំងប្រជាពលរដ្ឋនៅតាមព្រំដែនថា ទាហានថៃតែងតែលួចបាញ់ស៊ីបមកលើទាហានខ្មែរបណ្តាលឱ្យស្លាប់ និងរងរបួសជាបន្តបន្ទាប់។ ប៉ុន្តែករណីទាំងនេះត្រូវបានគេបង្វែទៅជាគ្រោះថ្នាក់ចរាចរណ៍ រាកៃកាំភ្លើង ឬធ្លាក់ពីលើភ្នំជាដើម។
លោកថា៖ «ខ្ញុំយល់ថា ទាហានថៃលួចបាញ់ទាហានខ្មែរយើង ដែលត្រកូលហ៊ុនបែរជាលាក់ព័ត៌មាននេះ ខ្ញុំយល់ថា ដោយសារត្រកូលហ៊ុន ជាប់ក្លេរណាមួយរបស់ថៃ ដូចជា រឿងសម្លាប់ លោក លិម គឹមយ៉ា រឿងថៃទម្លាក់ត្រកូលហ៊ុនពីអំណាច ហើយមិនហ៊ានប្តឹងថៃទៅតុលាការអន្តរជាតិ អាចប៉ះពាល់ទៅដល់វៀតណាម ដែលជាចៅហ្វាយនាយរបស់គាត់»។
សម្រាប់អ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំងរូបនេះ នៅពេលដែលរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនហ៊ានប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ និងមិនហ៊ានប្រើសិទ្ធិស្វ័យការពារលើដីជាក់ស្តែង ទុកឱ្យទាហានថៃលួចបាញ់ស៊ីបសម្លាប់ទាហានខ្មែរ ស្រេចតែនឹងចិត្ត ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មកនោះ កម្ពុជាមិនត្រឹមតែមិនអាចទាមទារទឹកដីពីថៃបានមកវិញប៉ុណ្ណោះទេ ថែមទាំងនឹងអាចបាត់បង់ទឹកដីកាន់តែច្រើនបន្ថែមទៀត។
វីអូឌី មិនអាចទាក់ទងអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី៣ខែកញ្ញានេះ។
យ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ស្តីពីបច្ចុប្បន្នភាពបញ្ហាព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣ខែកញ្ញានេះថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគ្រប់ចំណុចទាំងអស់ ដែលមានចែងទាំងក្នុងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្ត និងផ្ទៀងផ្ទាត់ ក៏ដូចជាស្មារតីរួមនៃសេចក្តីប្រកាសរួម ស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោកថា៖ «ចាប់តាំងពីសេចក្តីប្រកាសរួមចូលជាធរមាន មកដល់បច្ចុប្បន្ន គណៈកម្មាការJBCភាគីកម្ពុជាបានផ្ញើកំណត់ទូតជាច្រើនលើកហើយ ទៅកាន់សមភាគីថៃ ដើម្បីស្នើបើកកិច្ចប្រជុំពិសេសJBC និងស្នើចាត់បញ្ជូនក្រុមអ្នកជំនាញចម្រុះបន្តចុះវាស់វែងលើដីជាក់ស្តែង។ ប៉ុន្តែភាគីថៃតែងតែរកលេសដើម្បីពន្យាពេលកិច្ចប្រជុំ និងការចុះវាស់វែងលើដីជាក់ស្តែងជាបន្តបន្ទាប់»។
ចំណែក លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្លែងថា ចាប់តាំងពីមានសង្គ្រាម និងក្រោយសង្គ្រាមរហូតមកដល់បច្ចុប្បន្ន ប្រជាជាតិខ្មែរ ជាពិសេសកងទ័ពជួរមុខមានការឈឺចាប់ខ្លាំងណាស់ ខណៈយោធាថៃបានប្រមាថមើលងាយយ៉ាងខ្លាំង មកលើកងទ័ពកម្ពុជាជួរមុខដែលក្រីក្រ និងគ្មានសព្វាវុធទំនើបប្រើប្រាស់។
លោកថា យោធាថៃបានវាយលុក បាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះប្រជាពលរដ្ឋ វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ប្រាសាទបុរាណ រហូតដល់ទាហានថៃចាប់រំលោភពលករខ្មែរដែលលួចឆ្លងដែន ចាប់ទាហានខ្មែរ ១៨នាក់ យកទៅធ្វើទារុណកម្ម ដែលវាជាសោកនាដកម្មដ៏ឃោឃៅ ទាំងក្នុងអំឡុងពេលមានសង្គ្រាម និងក្រោយសង្គ្រាម។ ហេតុដូច្នេះហើយ ទើបអ្នកដែលគេមានមនោសសញ្ចេតនាស្រឡាញ់មនុស្សជាតិ ដូចជា អ្នកកាសែតជនជាតិបារាំងជាដើម គេបង្ហាញសមាណចិត្តចូលរួមអាណិតអាសូរដល់កងទ័ពនិងពលរដ្ឋកម្ពុជា។
លោកថា៖ «ដូចអ្នកកាសែតបារាំងហ្នឹង គាត់សរសេរឱ្យកាសែងឡឺ ហ្វីហ្គារ៉ូហើយ គាត់មិនអស់ចិត្តគាត់បង្ហាញការឈឺចាប់ជាសាធារណៈទៀតថា រដ្ឋាភិបាលថៃ ទាហានថៃឃោឃៅខ្លាំងណាស់ ធ្វើទារុណកម្មមកលើកម្ពុជាទាំងមុនសង្គ្រាម បង្កឱ្យមានសង្គ្រាមក្នុងពេលសង្គ្រាម និងក្រោយសង្គ្រាម។ រហូតមកដល់បច្ចុប្បន្ន ថៃមិនទាន់ឈប់ឈ្លានពានកម្ពុជានៅឡើយទេ អ៊ីចឹងហើយបានជាយើងជំរុញឱ្យរដ្ឋាភិបាល ដាក់សំណុំរឿងភស្តុតាងទាំងអស់ហ្នឹង ទាក់ទងបទឧក្រិដ្ឋកម្មសង្គ្រាមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិបទឧក្រិដ្ឋកម្មឈ្លានពានទៅ ICC និង ICJ»។
សម្រាប់ លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ លើកឡើងថា ការសន្និដ្ឋានកន្លងមក ហាក់មានភាពស្រពេចស្រពិល ចំពោះការស្លាប់របស់កងទ័ពខ្មែរនៅក្រោយបទឈប់បាញ់។ ប៉ុន្តែឥឡូវនេះ លែងមានមន្ទិលហើយថា ថៃនៅបន្ដលួចបាញ់កងទ័ពជួរមុខកម្ពុជា បណ្តាលឱ្យស្លាប់ និងរងរបួសជាបន្ដបន្ទាប់ និងករណីលួចគប់គ្រាប់បែកពីសំណាក់ទាហានថៃ ក៏ជាការពិតដែរ។ ករណីនេះ ត្រូវបានលាតត្រដាងដោយអ្នកកាសែតជនជាតិបារាំង។
អ្នកឃ្លាំមើលរូបនេះ បញ្ជាក់ថា យោធាថៃឃោរឃៅដាក់យោធាខ្មែរ ប៉ុន្ដែអ្នកដែលកាន់តែឃោឃៅជាងកងទ័ពថៃទៅទៀតនោះ គឺរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដែលព្យាយាមបិទបាំងព័ត៌មានពីអំពើឧក្រិដ្ឋកម្មរបស់យោធាថៃមកលើកងទ័ពកម្ពុជាខ្លួនឯង។ លោកហ៊ុន ម៉ាណែត មិនសមជាមេដឹកនាំកម្ពុជាឡើយ៕









