ពលរដ្ឋ​នឹង​រង​គ្រោះ​យូរ​ឆ្នាំ​ទៀត​ពី​អំពើ​ពុក​រលួយ​បើ​ស្ថាប័ន​​​រដ្ឋ​​នៅ​​តែ​​ចាក់​​ស្រេះ​​ដោយ​​គ្រួសារ​​និយម

អ្នក​តាម​ដាន​មួយ​ចំនួន និយាយ​ថា ពលរដ្ឋ​នឹង​បន្ត​រង​គ្រោះ​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត ដោយ​សារ​តែ​អំពើ​ពុក​រលួយ​ប្រទាក់​ក្រឡា​គ្នា ដោយ​គ្រួសារ​និយម​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​កាន់​អំណាច ដែល​មាន​មន្ត្រី​សំពីង​សំពោង ស្ថាប័ន​រដ្ឋ​បណ្តុំ​ទៅ​ដោយ​​គ្រួសារ​និយម​ មាន​ទាំង​អង្ភ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ឳពុក​ធ្វើ​ជា​ប្រធាន ហើយ​កូន​ធ្វើ​ជា​ប្រធាន​ស្តីទី​នោះ។

ជ្រុង​មួយ​នៃ​ជំងឺ​សង្គម​ដ៏​រ៉ាំរ៉ៃនេះ ​​ ក្រុមអ្នកតាមដាន នាប៉ុន្មានថ្ងៃមកនេះ បានចែករំលែកតៗគ្នា ដោយ​ទាញការចាប់​អារម្មណ៍​​ថ្មី​ទៀត ទៅនឹងអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជា​ប្រធាន ហើយដាក់កូន​ប្រុស​ឱ្យ​ធ្វើ​ជា​ប្រធាន​​ស្តីទី ដែលបញ្ជាក់កាន់តែច្បាស់ ពីការរីករាលដាលកាន់តែធំនៃប្រព័ន្ធគ្រួសារនិយមក្នុងស្ថាប័ន​រដ្ឋ។

ការណ៍​នេះ រិះការរិះគន់ថា ជាការផ្តល់​គំរូ​មិន​ល្អជាចំហ ដូចគ្នាទៅនឹង​មេដឹកនាំ​កំពូល គឺ​លោក ហ៊ុន សែន ដែល​កំពុង​​កាន់​តំណែងជា​ប្រធាន​ព្រឹទ្ធសភាផង និងជាប្រធានគណបក្សកាន់អំណាចផងដែរ រីឯកូន​ប្រុសលោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត មានតំណែងជា​នាយករដ្ឋមន្ត្រីផង និងអនុប្រធានគណបក្សកាន់អំណាចផងដែរ។

ប្រធាន​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា ​លោក ម៉ែន ណាត ហៅ​​ប្រព័ន្ធបែបនេះថា វានឹង​បង្កើត​ជា​អំពើពុករលួយជាប្រព័ន្ធ​បែបប្រទាក់​ក្រឡា​គ្នា រវាង​គ្រួសារ​​អ្នកមានអំ​​ណាច ។

ក្នុងន័យនេះ លោកពន្យល់ថា អំពើពុករលួយបណ្តុំទៅដោយគ្រួសារនិយមក បង្ក​គ្រោះថ្នាក់​ដល់ប្រទេស​ជាតិ ពលរដ្ឋ​រង​​គ្រោះ​​​ជា​ប្រព័ន្ធ ដូចដែលបានកើតឡើងករណីរំលោភដីធ្លី អ្នកចាញ់បោកក្រុមឧកញ៉ាខិលខូចតាមរយៈដាក់ប្រាក់​វិនិ​យោគ ដូច​ដែលបានកើតឡើងនៅក្រុមហ៊ុនពិភាពដីមាស របស់អតីត​ឧកញ៉ា ហ៊ី គឹមហុង នៅក្រុមហ៊ុនប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា នៅក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងអ្នកចាញ់បោកលោក ហ៊ុន តូ​ នៅក្រុមហ៊ុន​ហួយវ័នជាដើម ដែលថាយុត្តិធម៌ជនរងគ្រោះត្រូវបានទុកចោលច្រើនឆ្នាំ។

លើសពីនេះ លោកថា ប្រព័ន្ធដឹកនាំបែបគ្រួសារនិយមនេះ ក៏បង្ក​គ្រោះថា្នក់ដោយប្រទេស​ជាតិ​ដែរ ដោយលោកលើកឧទាហរណ៍​ជាក់ស្តែងថា ១ឆ្នាំចុងក្រោយនេះ ថៃលើកទ័ពមកឈ្លានពានយកដីខ្មែរតាមចិត្ត នៅខេត្តជាប់ព្រំដែន ចំពេល​ដែល​កម្ពុជាមិនធ្វើទំនើបកម្មវិស័យការពារជាតិ ដើម្បីទប់ទល់ទៅនឹងសត្រូវឈ្លានពាននោះ។

គ្រោះថ្នាក់មួយទៀត លោកសង្កត់ធ្ងន់ថា ​​ការ​ផ្ទេរអំណាច​ថ្នាក់​កំពូល​ដោយ​គ្មាន​ការ​បោះឆ្នោតត្រឹមត្រូវ​ពី​ពលរដ្ឋ ​បាន​​​ដើរ​​ផ្ទុយ​ទៅ​នឹង​គោលការណ៍​រដ្ឋធម្មនុញ្ញ ហើយ​កំពុង​ប្រែ​ក្លាយ​​ស្ថាប័ន​ជាតិ​ទៅ​ជា​អង្គភាព​គ្រួសារ​និយម ដែល​ធ្វើ​ឱ្យ​​​បាត់បង់​សមត្ថ​ភាព​​ទាំងស្រុង​ក្នុង​ការ​ស៊ើបអង្កេត ឬ​កាត់ទោស​អ្នក​ប្រព្រឹត្តិ​អំពើពុករលួយ​ជាដើម។

លោកថា៖ «នៅ​ពេល​សង្គម​កសាង​នូវ​ឥទ្ធិពល​បក្សពួក​ក្រុម​គ្រួសារ​​និយម​​ក្នុង​ស្ថាប័ន​ជាតិ​ហើយ វា​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​អាច​ទទួល​​បាន​នូវ​ភាព​កក់ក្ដៅ​ហើយ ពីព្រោះ​​អ្នក​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​សុទ្ធតែ​ពួក​អ្នកធំ​ហ្នឹង។ ឧទាហរណ៍​ដូចជា លោក ហ៊ុន សែន តែងតាំង​​លោក ហ៊ុន ម៉ា​ណែ​ត ​ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី តាមរយៈ​ការ​ផ្ទេរអំណាច​ដែល​​​មិន​មាន​ការបោះឆ្នោត​ត្រឹមត្រូវ​ស្រប​ច្បាប់​អី ហើយ​លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហ្នឹង តែង​តាំង​​កូន​ប្រុស​​​ជា​អនុ​ប្រធាន​អង្គ​ភាព​​ហ្នឹង»។

ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​រូប​នេះ ​បន្ទាប់​ពី​មានការទម្លាយពីការតែងតាំង​កូន​ប្រុស​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ជា​អនុប្រធាន ឬ​ជា​ប្រធាន​ស្ដីទី​បន្ទាប់​ពី​​លោក ឱម យ៉ិនទៀង ជាឱពុក ជា​ប្រធាន​អង្គភាព​​ប្រឆាំងអំពើ​ពុក​រលួយ ។

​ប្រធាន​គណបក្ស​ដើម្បី​កម្ពុជា ​លោក ឯម សុខសុវណ្ណ យល់​ថា ការដឹកនាំបែបគ្រួសារនិយម ជា​​ឧបសគ្គ​​ដល់​​ការ​​ពង្រឹង​​​​ប្រព័ន្ធ​​​នីតិ​រដ្ឋ ហើយ​ថា​ប្រទេស​ដែល​មាន​នីតិ​រដ្ឋ​ទាប ការ​អនុវត្ត​ច្បាប់​មិន​អាច​ទប់​ស្កាត់​អំពើ​ពុក​រលួយ ទ្រង់​ទ្រាយ​​ធំៗ​ដែល​មាន​បណ្តាញ​ប្រទាក់​ក្រឡា​គ្នា​បែប​គ្រួសារ​និយម​បាន​ទេ ដែល​ថា វា​ជា​ក្តី​ព្រួយ​បាម្ភ​ពី​វិបត្តិ​ជាតិ​រយៈ​ពេល​​​យូរ​​ទៀត បើ​មិន​មាន​អ្វី​ត្រូវ​កែ​លម្អ​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ ។

លោកថា៖ «ដោះស្រាយ​រឿង​ហ្នឹង​ចេញ វា​ត្រូវ​ដូរ​ប្រព័ន្ធ មិនមែន​ទៅ​រើស​បុគ្គល​អ៊ីចឹង​ទេ​បង បើ​​ថា​ធ្វើ​ទេ ធ្វើ​កាលណា​សម្អាត មិនមែន​សម្អាត​កំប៉ិកកំប៉ុក​អ៊ីចឹង​ទេ វា​ត្រូវ​សម្អាត​ឬស​កែវ​របស់​វា​បាន​ចេញ បើ​មិន​អ៊ីចឹង​ទេ នៅតែ​ប៉ុណ្ណឹង​ដដែល​ទេ»។

ចំណែក​ សកម្មជនបរិស្ថាន ​​លោក ម៉ា ចិត្រា ហៅការដាក់សាច់ញាតិ និងបងប្អូនក្នុង​ស្ថាប័ន​រដ្ឋ​តែមួយ វាហាក់បិទផ្លូវដល់ បញ្ញវន្ត​​និងធនធានមនុស្សជាច្រើនទៀត មិនមានឱកាសក្លាយជាអ្នកសម្រេចចិត្តកំពូលក្នុងស្ថាប័នរដ្ឋ តាម​គោល​ការណ៍​ប្រជាធិបតេយ្យ ដែលបញ្ហានេះលោកបារម្ភពីការមិនធានាយុត្តិធម៌សង្គម។

​លោកថា៖ «ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋ​ខ្មែរ ​ប​ញ្ញ​វន្ត​​ខ្មែរ​​មិន​​អត់​​សមត្ថ​ភាព ក្នុង​ការ​ធ្វើកា​រ​ងារ​ហ្នឹង​ទេ​ណា ប៉ុន្តែ​បើ​យើង​មើល​ទៅ ​វា​អត់​មាន​ឱកាស​ក្នុង​ការ​ធ្វើ​ទេ។ បាទ អត់​មាន​ឱកាស​ត្រង់​ថា ពេល​ដែល​ការ​ជ្រើស​រើស​មុខ​តំណែង​សំខាន់​ ៗ​ហ្នឹង ជ្រើស​រើស​​តាម​រយៈ​គោល​នយោ​បាយ ឬ​ក៏​ជ្រើស​រើស​របៀប​នយោ​បាយ។ អញ្ចឹង​ហើយ ចង់​មិន​ចង់​យើង​ឃើញ​ថា​ ស្ថាប័ន​​មិន​​ត្រឹ​ម​តែ ACU ទេ តាម​បណ្ដា​ស្ថាប័ន​ផ្សេង​ទៀត​ក៏​ដោយ ដាក់​​បង​ប្អូន​​កូន​ចៅ​​ខ្លួន​ឯង នៅ​ក្នុង​​ហ្នឹង​​ហើយ​​កាល​ណា​​ដាក់​​អញ្ចឹង វា​ចង់​មិន​ចង់​វា នឹង​បង្កើត​ទៅជា​ស្ថា​ប័ន​មួយ​ដែល​​មាន​​បក្ស​ពួក​និយម គ្រួសារ​និយម ហើយ​ពេល​អញ្ចឹង វា​​អត់​អាច​ធ្វើ​ឱ្យ​សង្គម​ហ្នឹង​រីក​​ចម្រើន​ទេ»។

​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ឆន្ទៈខ្មែរ លោក គង់ មុនីកា ហាក់បង្ហាគពីក្តីបារម្ភដូចគ្នាពីជំងឺ​សង្គមរ៉ាំរ៉ៃ​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ពុក​រលួយ និង​ការ​ចំណាយ​លុយ​ជាតិ​ទៅ​លើ​មន្ត្រី​សំពីង​សំពោង ដែល​លុយ​ទាំង​នោះ​មួយ​ផ្នែក​បាន​ពី​ការ​បង់​ពន្ធ​សុទ្ធ​សឹង​ជា​ញើស​ឈាម​របស់​ប្រជា​ពលរដ្ឋ។

លោកថា៖ «នេះ​គឺជា​រោគ​សង្គម​មួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​កេងប្រវ័ញ្ច​នូវ​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បង់ពន្ធ​ឱ្យ​រដ្ឋ​ហ្នឹង​ ដូច្នេះ​ហើយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ឱ្យ​បាន​ខ្លាំងក្លា ច្បាស់លាស់ និង​ជាប្រចាំ»។

អ្នកនាំពាក្រគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ សុំមិនធ្វើអត្ថាធិប្បាយរឿងនេះ ដោយ​រុញឱ្យទៅសួរអ្នកនាំពាក្យ​អង្គ​ភាព​​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ ដែលវីអូឌីមិនអាចទាក់ទងបាន។

យ៉ាងណា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់បានថ្លែងសារ​ជា​ញឹក​ញាប់​ពី​ការ​បន្ត​ក្តោប​អំណាច​ មិន​ឱ្យ​គណបក្ស​​ណា​ផ្សេ​​ង​ក្រៅពី​យុវជន​នៅក្នុ​ង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ក្នុង​ពិធី​មួយ​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​​ទី២ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក​ថា៖ «អញសូមប្រាប់ទៅពួកឯងឱ្យច្បាស់ បើអត់មានត្រកូល ហ៊ុន ដឹកនាំក៏មិនទាន់ដល់វេនពួកហ្អែងដែរ គឺមានតែក្រុម​​ហ្វូងទេវតា កូនទេវតាទេ ​ដែលមានសិទ្ធិកាន់កាប់អំណាចហ្អែងកុំស្មានឱ្យសោះ»។

យ៉ាងនេះក្តី ការក្រាញ​អំណាចរបស់លោក ហ៊ុន សែន ពី​ឳពុកទៅកូន​ជិត៥០ឆ្នាំមកនេះ ត្រូវបានអ្នកឃ្លាំមើល​ចោទ​​ថា បាន​​ធ្វើឱ្យកម្ពុជាបានបាត់បង់ទឹកដីជាច្រើនរួមទាំងប្រជុំកោះ ទៅប្រទេសវៀតណាម និងថៃថ្មីៗនេះ។ លើស​ពី​នេះ កម្ពុជា​ ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយ​នេះ បក្ស​កាន់​អំណាច​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ដែន​ដី​ពួក​ឧក្រិដ្ឋ​ជន បន្សល់​ជន​រង​​គ្រោះ​​រាប់​​ម៉ឺន​​គ្រួសារ​​ចាញ់​បោក​ក្រុម​ឧកញ៉ា​ឆបោក និង​បាត់​បង់​ដីធ្លី​ជា​ដើម។

បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​នឹង​សញ្ញា​អាសន្ន​ពី​អំពើពុករលួយ។ របាយការណ៍​អង្គ​ការ​តម្លា​ភាព​អន្តរ​ជាតិ ​បង្ហាញ​ថា កម្ពុជា​​​ស្ថិត​ក្នុង​ចំណោម​​ប្រទេស​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ក្នុង​ចំណោម ១៨០​ប្រទេស។ ការណ៍​នេះ ​បង្កើនការព្រួយ​បារម្ភថា អំពើ​ពុករលួយអាច​លែងជាបញ្ហាបុគ្គល​ទៀតហើយ ប៉ុន្តែវា​បានក្លាយជា​ជំងឺ​ចាក់​ឫស​​យ៉ាងជ្រៅ​​ តាម​រយៈ​​បណ្តាញ​​បក្ខពួក​និយម។

សម្រាប់​​ក្រុម​អ្នកតាមដាន​នៅ​តែ​យល់​ឃើញ​ថា ដើម្បី​ទប់ស្កាត់​អំពើពុករលួយ លុប​បំបាត់​អំណាចបក្សពួកនិយម និង​​គ្រួសារ​និយម​​ក្នុង​ស្ថាប័ន​ជាតិ គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ក្លាហាន​កែទម្រង់​ជាបន្ទាន់ ដោយ​កាត់បន្ថយ​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​​ជា​អតិបរមា ​រដ្ឋាភិបាល​ត្រូវមានសុឆន្ទៈដាច់ខាតក្នុងការកាត់ផ្តាច់ឥទ្ធិពលសាច់ញាតិ និងបក្សពួក ដោយ​មិន​ត្រូវ​យល់​មុខ​​គ្នា​​នោះ​​ឡើយ។

របាយការណ៍ជាច្រើន ពីសំណាក់អង្គការអន្តរជាតិ ស្ថាប័នស្រាវជ្រាវ និងសារព័ត៌មានឯករាជ្យ ដែលបានរកឃើញ និង​បង្ហាញ​ពីវត្តមានរបស់ឪពុក និងកូន (រួមទាំងសាច់ញាតិគ្រួសារ) ធ្វើការរួមគ្នាក្នុងក្រសួង ឬស្ថាប័នរដ្ឋតែមួយនៅ​កម្ពុជា។ នៅ​ក្នុង​ភាសា​ច្បាប់ និងនយោបាយសកល បាតុភូតនេះត្រូវបានគេហៅថា «បក្ខពួកនិយម ឬគ្រួសារនិយម»​ ឬប្រព័ន្ធខ្សែស្រឡាយ ។

របាយការណ៍របស់វិទ្យាស្ថាន Bertelsmann Stiftung (BTI) ចេញផ្សាយអំឡុងឆ្នាំ២០២៤ បានបង្ហាញថា ស្ថាប័នរដ្ឋរបស់​​កម្ពុជា​ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយប្រព័ន្ធបក្ខពួកនិយម និងបណ្តាញក្រៅផ្លូវការ។ ការផ្ទេរតំណែង ឬការតែង​​​តាំង​​មន្ត្រី​ជាន់​ខ្ពស់ ជំនួស​​ដោយកូនប្រុស ឬកូនស្រី នៅក្នុងក្រសួងដដែល (ដូចជាក្រសួងការពារជាតិ ក្រសួង​មហា​ផ្ទៃ និងក្រសួង​ពាក់ព័ន្ធផ្សេងទៀត) ដែលបង្កើត​ទៅជាទម្រង់តុលាការតំណវង្ស។

ការសិក្សា និងការស្ទង់មតិរបស់អង្គការតម្លាភាពអន្តរជាតិកម្ពុជា ជារឿយៗបានរកឃើញថា ប្រជាពលរដ្ឋ និងយុវជន​ខ្មែរមើល​ឃើញ​ថា ខ្សែស្រឡាយ ឬសាច់ញាតិ គឺជាកត្តាសំខាន់មួយក្នុងការទទួលបានការងារ ឬតំណែងនៅក្នុង​ស្ថាប័នរដ្ឋ។

ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលនិយាយថា ការដែលឪពុកនិងកូន ឬសាច់ញាតិធ្វើការក្នុងក្រសួងតែមួយ និងបន្តតំណែង​ពីគ្នានេះ ធ្វើឱ្យប៉ះពាល់ដល់ «ប្រព័ន្ធគុណាធិបតេយ្យ» ដែលផ្ដល់អំណាច រង្វាន់ តួនាទី ឬការផ្សព្វផ្សាយដល់បុគ្គល​ម្នាក់ៗ ផ្អែក​លើ​សមត្ថភាព ទេពកោសល្យ និងការខិតខំប្រឹងប្រែង ជាជាងផ្អែកលើវណ្ណៈសង្គម ទ្រព្យសម្បត្តិ គ្រួសារ​សាច់ញាតិ ឬខ្សែស្រឡាយ ព្រោះវាអាចកាត់ផ្តាច់ឱកាសរបស់បុគ្គលដែលមានសមត្ថភាពពិតប្រាកដមកពីខាង​ក្រៅ។

បញ្ហាទាំងអស់នេះ មិនអាចសង្គ្រោះកម្ពុជាឱ្យរើខ្លួនចេញពីដែនដីពួកឧក្រិដ្ឋជនបានទេ ហើយទីបំផុត ប្រព័ន្ធគ្រួ​សារ​​និយម នឹងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋកាន់តែច្រើនថែមទៀត បើកម្ពុជាគ្មានរចន្តជំរុញ​ឱ្យស្តារប្រ​ប្រ​ជាធិ​ប​តេយ្យសេរី​ពហុបក្ស ដើម្បី​ឱ្យពលរដ្ឋក្លាយជាម្ចាស់ប្រទេស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ