អង្គ​ការ​ណាតូ​ប្តេជ្ញា​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី បន្ទាប់​ពី​​មាន​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ថ្មី

ប្រមុខ​ដឹក​នាំ​នៃ​អង្គ​ការ​ណាតូ (NATO) និង​គណៈ​កម្ម​ការ​អឺរ៉ុប បាន​ព្រមាន​ថា រុស្ស៊ី​កំពុង​មាន​សកម្ម​ភាព​កាន់​តែ​ប្រថុយ​​ប្រថាន និង​បាន​ប្តេជ្ញា​ឆ្លើយ​តប​ទៅ​នឹង «ស្ថាន​ភាព​មិន​ធម្មតា​ថ្មី» នេះ។

ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប លោក​ស្រី Ursula von der Leyen បាន​ថ្លែង​បន្ទាប់​ពី​អាល្លឺ​ម៉ង់​បាន​ទម្លាក់​កំហុស​លើ​រុស្ស៊ី ចំពោះ​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ដោយ​ដ្រូន​នៅ​អាកាស​យាន​ដ្ឋាន Leipzig ថា៖ «ហេតុការណ៍​នៅ Leipzig បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ថ្មី​ នៅ​លើ​ទឹក​ដី​សហភាព​អឺរ៉ុប ដែល​បណ្តាល​មក​ពី​រុស្ស៊ី​ដោយ​ផ្ទាល់»។

លោកស្រីបានបន្ថែម​ថា៖ «យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឆ្លើយ​តប​ឱ្យ​បាន​លឿន និង​ល្អ​ជាង​មុន»។ អគ្គលេខា​ធិការ​អង្គ​ការ​ណាតូ លោក Mark Rutte បាន​ថ្លែង​ថា សម្ព័ន្ធ​មិត្ត​ទាំង​មូល​ឈរ «ក្នុង​ស្មារតី​សាមគ្គី​ភាព​ពេញ​ទំហឹង​ជាមួយ​អាល្លឺ​ម៉ង់»។

រុស្ស៊ី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អាល្លឺ​ម៉ង់ ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​លើ​កប៉ាល់​ដឹក​ទំនិញ​អ៊ុយ​​ក្រែន។ ទោះ​​ជា​​យ៉ាង​​ណា ការ​​ស៊ើប​​អង្កេត​​របស់​​អាល្លឺ​​ម៉ង់​ បាន​​បញ្ជាក់​​ថា រុស្ស៊ី​ស្ថិត​នៅ​ពី​ក្រោយ​ហេតុ​ការណ៍​នេះ ហើយ​ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​រក​​ឃើញ​​អត្ត​សញ្ញាណ។

ទីក្រុងប៊ែរឡាំង បានប្រកាសបិទស្ថានកុងស៊ុលរុស្ស៊ីនៅក្រុង Bonn និងស្ថាប័នវប្បធម៌ Russian House ខណៈរុស្ស៊ីបានបដិសេធការចោទប្រកាន់ និងបានប្រកាសបិទមជ្ឈមណ្ឌលវប្បធម៌ Goethe-Institut របស់​អាល្លឺ​ម៉ង់​វិញ។ លោក វ៉្លាឌីមៀ ពូទីន បាន​ថ្កោលទោសវិធានការរបស់អាល្លឺម៉ង់ថាជាកំហុសដ៏ធ្ងន់ធ្ងរ។

ខណៈ​​ទីក្រុងប៊ែរឡាំងរៀបចំការឆ្លើយតបជាមួយសម្ព័ន្ធមិត្ត រួមទាំងការបន្ថែមទណ្ឌកម្ម រដ្ឋមន្ត្រីការបរទេសសហភាព​អឺរ៉ុប​ ក៏បានពិភាក្សាអំពីសកម្មភាពប្រឆាំង «កងនាវាស្រមោល» របស់រុស្ស៊ីដែលដឹកជញ្ជូនប្រេងគេចវាងទណ្ឌ​កម្ម​ផង​ដែរ។

លើសពីនេះ ប្រទេស​សមាជិកសហភាពអឺរ៉ុបជាច្រើន កំពុងជំរុញឱ្យប្រើប្រាស់ទ្រព្យ​សកម្ម​រុស្ស៊ី​ដែល​ត្រូវ​បង្កក​ជាង ១៩៣ ប៊ីលាន​អឺរ៉ូ ដើម្បី​ជួយ​អ៊ុយ​ក្រែន។

លោក​ស្រី von der Leyen និងលោក Mark Rutte បានគូសបញ្ជាក់ថា ហេតុការណ៍នេះគឺជាផ្នែកនៃលំនាំ​នៃ​សកម្ម​ភាព​ប្រថុយ​ប្រថាន​កាន់តែច្រើនឡើង រួមទាំងការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធ និងអំពើបំផ្លិច​បំផ្លាញរោងចក្រផលិត​​បរិក្ខារ​ការ​ពារ​ជាតិ។

លោកស្រី Von der Leyen បានបញ្ជាក់ថា សហភាពអឺរ៉ុបបានយល់ព្រមផ្តល់កម្ចីដល់អ៊ុយក្រែនចំនួន ៩០ ប៊ីលាន​អឺរ៉ូ រួច​ហើយ ហើយបានសន្យាថា អឺរ៉ុប និងណាតូនឹងបន្តបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ រហូតទាល់​តែរុស្ស៊ីឈប់វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ