មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរកឃើញថា ក្នុងត្រីមាសទី២នៃឆ្នាំ២០២៦នេះ មានករណីឧប្បត្តិហេតុយាយីដល់អ្នកសារព័ត៌មានវិជ្ជាជីវៈជាង ១០ករណី ក្នុងអំឡុងពេលពួកគេបំពេញការងារសារព័ត៌មាន។
ក្នុងរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញានេះ CCIM បានឱ្យដឹងថា ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៦ ខ្លួនបានកត់ត្រាករណីឧប្បត្តិហេតុយាយីដល់អ្នកសារព័ត៌មានចំនួន ១២ករណី ក្នុងនោះមានអ្នកសារព័ត៌មានវិជ្ជាជីវៈ ០៦នាក់ អ្នកសារព័ត៌មានពលរដ្ឋចំនួន ៥នាក់ (ក្នុងនោះឧប្បត្តិហេតុចំនួន២ បានកើតឡើងលើអ្នកសារព័ត៌មានម្នាក់)។
របាយការណ៍ដដែល បន្តថា ឧប្បត្តិហេតុទាំងនោះ បានកើតមានអំឡុងពេលដែលពួកគេបំពេញការងារសារព័ត៌មាន ហើយដែលបាននាំឱ្យមានការចាប់ខ្លួន ការឃាត់ខ្លួន ការគំរាមកំហែងផ្នែករាងកាយ ការបំភិតបំភ័យ និងការចោទប្រកាន់តាមនីតិវិធីព្រហ្មទណ្ឌ។
របាយការណ៍បានលម្អិតថា៖ «ក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ មានមនុស្សចំនួន៤នាក់ ត្រូវបានចាប់ខ្លួន, ០៤នាក់ត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលឬបន្ទាប់ពីការបំពេញសកម្មភាពសារព័ត៌មានរបស់ពួកគេ និង០១នាក់ ត្រូវបានចោទប្រកាន់ក្រោមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា បានលើកឡើងថា ឧប្បតិ្តហេតុទាំងនេះ បានបង្កើតបរិយាកាសភ័យខ្លាច និងការព្រួយបារម្ភជាខ្លាំងសម្រាប់អ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានពលរដ្ឋ។ អ្នកស្រីបន្តថា ការគំរាមកំហែង ការឃុំខ្លួន និងសម្ពាធផ្លូវច្បាប់បែបនេះ ក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត សុខភាពរាងកាយ និងហិរញ្ញវត្ថុរបស់ពួកគេ ហើយក៏ជាផ្នែកមួយធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួន សម្រេចចិត្តរឹតត្បិតខ្លួនឯង ឬបញ្ឈប់ការរាយការណ៍លើប្រធានបទដែលរស៊ើប។
អ្នកស្រីបានគូសបញ្ជាក់ក្នុងសំណេរដើមថា៖ «ករណីទាំងនេះ បង្ហាញពីចន្លោះប្រហោងនៅក្នុងការការពារសិទ្ធិអ្នកសារព័ត៌មាន និងបង្ហាញពីការរំលោភដ៏ធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។ នៅពេលដែលអ្នកសារព័ត៌មានត្រូវបានគំរាម ឃុំខ្លួន ឬប្រឈមនឹងការចោទប្រកាន់ផ្នែកច្បាប់ ព័ត៌មានសំខាន់ៗជាច្រើន មិនអាចទៅដល់សាធារណជនបានទេ ហើយនេះប៉ះពាល់ដោយផ្ទាល់ដល់សិទ្ធិរបស់ប្រជាជនក្នុងការទទួលបានព័ត៌មានពិតប្រាកដ»។
បើតាមអ្នកស្រី ឆន សុគន្ធា បើករណីទាំងនេះនៅបន្តកើតឡើង ដោយគ្មានការដោះស្រាយទេនោះនឹងបណ្តាលឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដោយសារភាពឆកល្វែងក្នុងការការពារសេរីភាព និងសិទ្ធិរបស់អ្នកសារព័ត៌មាន ព្រមទាំងបង្ហាញពីកម្សោយរបស់មន្រ្តីអនុវត្តច្បាប់ដែលមិនអាច ឬមានភាពយឺតយ៉ាវក្នុងការការពារអ្នកសារព័ត៌មាន ឬពលរដ្ឋអ្នកសារព័ត៌មានពីការយាយី ឬគំរាមគំហែង។
ការណ៍នេះ អ្នកស្រីបានជំរុញឱ្យក្រសួងពាក់ព័ន្ធ ប្រើច្បាប់សារព័ត៌មាន ជំនួសឱ្យការចោទប្រកាន់ ឬគំរាមកំហែងប្រើច្បាប់ព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មាន និងពន្លឿនការអនុម័តច្បាប់ស្តីពីការទទួលបានព័ត៌មាន។ ក្រៅពីនេះ អង្គការសង្គមស៊ីវិល គួរបន្តលើកទឹកចិត្ត និងផ្តល់ជំនួយផ្នែកច្បាប់ ព្រមទាំងការអប់រំ និងបណ្តុះបណ្តាលអ្នកសារព័ត៌មានលើសុវត្ថិភាពឌីជីថល និងសិទ្ធិស្របច្បាប់របស់ពួកគេ។
កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ថ្មីៗនេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ក៏បានបញ្ចេញរបាយការណ៍ត្រីមាសទី២របស់ខ្លួនផងដែរ ដោយបានរកឃើញករណីរំលោភបំពានប្រឆាំងនឹងអ្នកសារព័ត៌មានចំនួន ១២ករណី ដូចគ្នាទៅនឹងរបាយការណ៍របស់អង្គការ CCIM ។ តួលេខនេះ ខេមបូចា ថា ករណីរំលោភបំពានលើអ្នកសារព័ត៌មាន បានកើនឡើង ៩ភាគរយ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៦ ដែលមាន ១១ករណី។
ប្រភពដដែល បន្តថា ការគំរាមកំហែងតាមផ្លូវច្បាប់ និងការរឹតត្បិតសេរីភាពបញ្ចេញមតិ គឺជាការរំលោភបំពានមួយកើតច្រើនជាងគេ ដែលមានរហូតដល់ ៣៣ភាគរយ នៃករណីសរុប បន្ទាប់មកគឺការបំពានខាងរាងកាយ និងផ្លូវចិត្ត ដែលមានអត្រា ១៧ភាគរយដូចគ្នា។ អ្នកសារព័ត៌មានចំនួន ៤រូប ធ្លាប់រងការគំរាមកំហែងពីសុវត្ថិភាពដោយផ្ទាល់ រួមមាន ការចាប់ឃុំខ្លួនរយៈពេលខ្លី និងការចាប់ខ្លួនក្រោយចេញផ្សាយអត្ថបទព័ត៌មាន ឬបង្ហោះអត្ថបទលើបណ្ដាញសង្គម។ អ្នកសារព័ត៌មាន ៨នាក់ផ្សេងទៀត ជួបហេតុការណ៍រំលោភបំពាននៅពេលចុះយកព័ត៌មាននៅតាមកម្មវិធីមួយចំនួន និងការចុះរាយការណ៍ផ្ទាល់ ជាដើម។ នេះបើតាមរបាយការណ៍របស់ខេមបូចា។
លោក ស៊ន សារ៉ាត់ ប្រធានគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមខេមបូចា មានប្រសាសន៍ថា ករណីរកឃើញថាមានការយាយីលើអ្នកសារព័ត៌មានបន្ថែមទៀតនេះ បង្ហាញថា សេរីភាពសារព័ត៌មាននៅតែត្រូវបានរឹតត្បិត ខណៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌមកលើអ្នកសារព័ត៌មាន។ លោកថា បើនិន្នាការនេះ នៅតែបន្តកើតមាន វានឹងធ្វើឱ្យអ្នកសារព័ត៌មាន លែងហ៊ានធ្វើសេចក្តីរាយការណ៍ដែលជាប្រយោជន៍របស់សាធារណៈជន ហើយវានឹងធ្វើឲ្យសាធារណៈជននឹងមិនទទួលបានព័ត៌មានពិត។
លោក ស៊ន សារ៉ាត់ បានគូសបញ្ជាក់ក្នុងសំណេរដើមតាមរយៈសារតេឡេក្រាមថា៖ «យើងទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កលក្ខណៈងាយស្រួលសម្រាប់អ្នកសារព័ត៌មាន អាចបំពេញការងារបានដោយសេរី មិនមានការភ័យខ្លាច និងការសងសឹក។ អាជ្ញាធរគួរតែបង្កើតច្បាប់ ដែលគាំទ្រ លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ជាជាងការបង្កើតច្បាប់ បញ្ញាត្តិដែលរឹតត្បិត និងមានលក្ខណៈជាការគ្រប់គ្រងមកលើអ្នកសារព័ត៌មាន និងវិស័យសារព័ត៌មាន»។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ បានទេនៅថ្ងៃទី០៣ខែកញ្ញានេះ។
ប៉ុន្តែលោកបានប្រាប់សារព័ត៌មានវិទ្យុបារាំង កាលពីថ្ងៃទី០១ ខែកញ្ញាថា របាយការណ៍របស់សមាគមខេមបូចា មិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ អំពីស្ថានភាពជាក់ស្តែងនៅកម្ពុជាឡើយ។ រាល់ព័ត៌មានបែបកំណត់ត្រាករណីនីមួយៗរបស់សមាគម មិនមានភាពតំណាងអ្វីឱ្យភាពជាក់ស្តែងទេ តែគ្រាន់ជាការប្រមូលព័ត៌មានផ្អែកលើការប៉ាន់ស្មាន មិនអាចយកមកធ្វើជាការវាយតម្លៃលើស្ថានភាព និងការអនុវត្តការងាររបស់អ្នកសារព័ត៌មាននៅកម្ពុជាបានឡើយ។
លោក ទេព អស្នារិទ្ធ ប្រាប់ប្រភពដដែលថា គ្រប់ភាគីពាក់ព័ន្ធត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះខ្លឹមសារនៃរបាយការណ៍របស់ខ្លួន ព្រមទាំងផលវិបាកអវិជ្ជមានទាំងឡាយ ដែលអាចកើតចេញពីការចេញផ្សាយរបាយការណ៍ខ្វះស្តង់ដារ ខ្វះការផ្ទៀងផ្ទាត់ និងខ្វះយន្តការតុល្យភាពព័ត៌មាន ដែលប៉ះពាល់ដល់វិស័យ និងបង្កើតឱ្យមានការយល់ច្រឡំក្នុងសង្គម។
គួរបញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការយាយីផ្សេងៗទៅលើអ្នកសារព័ត៌មានជាដើម។ តាមការវាយតម្លៃរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន សេរីភាពសារព័ត៌មាននៅក្នុងកម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពអាក្រក់ធ្ងន់ធ្ងរ ដោយបានធ្លាក់ចុះចំណាត់ថ្នាក់រហូតដល់១០លេខ គឺនៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៥១ ហើយនៅក្នុងឆ្នាំ២០២៥បានធ្លាក់ដល់១៦១ នៅក្នុងចំណោមបណ្តាប្រទេសចំនួន១៨០នៅលើពិភពលោក។
ជាមួយគ្នានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៦ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ជាមួយនឹងក្តីកង្វល់ថា អ្នកសារព័ត៌មានត្រូវបានកោះហៅ ឃាត់ខ្លួន និងឃុំខ្លួនបានកើតមានឡើងជាបន្តបន្ទាប់។ ការកោះហៅ ការឃាត់ខ្លួន ការឃុំខ្លួនអ្នកសារព័ត៌មានបែបនេះ បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យបរទេសចាប់យកជាមូលដ្ឋាន ធ្វើជារបាយការណ៍ និងវាយតម្លៃចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជាថា បានបំភិតបំភ័យ បំបាក់ស្មារតី និងធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ។
បើតាមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កម្មវិបាកនៃទង្វើទាំងនេះនឹងជះត្រឡប់មកវិញ ដែលមិនគួរមើលរំលង គឺជាការធ្វើឱ្យរិករិលជំនឿលើការអនុវត្តច្បាប់ និងដាក់បន្ទុកបង្កការលំបាកដល់រដ្ឋាភិបាល ចំពោះសាធារណៈមតិទាំងក្នុងប្រទេស និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ៕









