បទយក​ការណ៍៖ ទូរស័ព្ទ​ដៃ​ឆ្លាត​វៃ កំពុង​ក្លាយ​ជា​អន្ទាក់​ផ្លូវ​​ចិត្ត​​សម្រាប់​​កុមារ និង​​យុវជន

ឧបករណ៍ប៉ុនបាតដៃ ផ្ទុកដោយគ្រឿងបង្គុំតូចៗ បង្កើតបានជាពន្លឺ ភ្ជាប់ជាមួយអ៊ីនធឺណិតក្នុងរលកធាតុអាកាស បញ្ចាំង​ឱ្យឃើញពីសកម្មភាពជាច្រើនដែលមានក្នុងពិភពលោក នោះគឺជាទូរស័ព្ទដៃឆ្លាតវៃ ឬដែលគេនិយមហៅថា ស្មាត ហ្វូន (Smart Phone)។

ធ្លាប់តែជាឧបករណ៍ដែលធ្វើឱ្យការភ្ជាប់ទំនាក់ទំនងមនុស្សពីទីតាំងឆ្ងាយគ្នា ឱ្យកាន់តែជិតស្និទ្ធិ និងងាយស្រួល ប៉ុន្តែ​ក្នុងយុគសម័យឌីជីថលនៃសតវត្សរ៍ ២១ នេះ ស្មាតហ្វូនបានក្លាយជាឧបករណ៍បំបែកមនុស្សពីពិភពពិត និងកំពុងបង្កើតជា «អន្ទាក់មើលមិនឃើញ» សម្រាប់កុមារ និងយុវជន។

យោងតាមរបាយការណ៍ចុងក្រោយពីគណៈកម្មការអឺរ៉ុប (European Commission) ចេញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញតួលេខដ៏គួរឱ្យព្រួយបារម្ភថា យុវវ័យចំណាយពេលជាមធ្យមរហូតដល់ ៤.៥ ម៉ោង​លើ​អ៊ីន​ធឺណិត​​នៅ​ថ្ងៃ​សិក្សា និងកើនឡើងដល់ ៦.១ ម៉ោងនៅថ្ងៃចុងសប្ដាហ៍។ ក្នុងនោះជិត ៦០ ភាគរយនៃកុមារធ្លាប់រងគ្រោះ និងរងសម្ពាធផ្លូវចិត្តតាមអនឡាញ ដូចជា វិបត្តិដំណេក និងជំងឺថប់បារម្ភជាដើម។

នៅកម្ពុជា តថភាពនេះមិនមែនជារឿងថ្មីនោះទេ ហើយខ្សែសង្វាក់នៃបញ្ហានេះ ក៏កំពុងរាលដាលតាំងពីក្នុងផ្ទះ មក​ដល់សាលារៀន និងសង្គមជាតិទាំងមូល។ កុមារមួយចំនួនចេះចុចទូរស័ព្ទ បើកមើលវីដេអូតុក្កតាដែលពួកគេចូល​ចិត្ត​តាំងពីអាយុ ៣ ទៅ ៤ឆ្នាំ។ ពីរបីឆ្នាំក្រោយមក ពួកគេចេះចុចថតរូប ឬវីដេអូ និងចេះធ្វើត្រាប់តាមសកម្ម​ភាព​ដែល​ពួកគេបានឃើញក្នុងទូរស័ព្ទដៃ។

ឪពុកម្ដាយខ្លះ បានទិញទូរស័ព្ទដែលមានអេក្រង់ធំ នោះគឺថាបប្លេត (Tablet) ដើម្បីឱ្យកូនៗអាចមើលវីដេអូកម្សាន្តដាច់ដោយឡែក។ នៅពេលពួកគេដល់អាយុចូលរៀន ត្រឹមថ្នាក់បឋមកម្រិតខ្ពស់ និងអនុវិទ្យាល័យ ឪពុកម្ដាយមួយចំនួនថែមទាំងបានទិញទូរស័ព្ទដៃឆ្លាតវៃ ឱ្យពួកគេប្រើផ្ទាល់ខ្លួនប្រចាំថ្ងៃថែមទៀតផង។

ពលរដ្ឋនៅរាជធានីភ្នំពេញ អ្នកស្រី ភាព សុភា ព្រួយបារម្ភ រាល់ពេលឃើញក្មេងៗ ចំណាយពេលប្រើប្រាស់ទូរស័ព្ទដៃ ដោយ​មិនព្រមគិតគូរពីការរៀនសូត្រ និងបំណិនជីវិត។

តាម​ការសង្កេត អ្នកស្រីឃើញថា ទាំងសុខភាពខួរក្បាល កែវភ្នែក និងអារម្មណ៍របស់កុមារទាំងនោះ គឺបានដក់ជាប់នៅក្នុងទូរស័ព្ទ ដែលធ្វើឱ្យឪពុកម្តាយដែលខំប្រឹងធ្វើការរកស៊ីចិញ្ចឹមកូន ត្រូវរាប់រងរាល់ការងារផ្ទះ និងត្រូវបម្រើពួក​គេ​ទៅ​វិញ។ អ្នកស្រីកត់សម្គាល់ឃើញដែរថា កុមារមួយចំនួនមានឥរិយាបថមិនសូវសមរម្យ និងនិយាយស្ដីប្លែកៗតាម​ភាសា​បណ្ដាញសង្គមដែលពួកគេឃើញក្នុងទូរស័ព្ទដៃទៀតផង។

អ្នកស្រី ភាព សុភា និយាយថា៖ «​បើមានបង្កើត​ច្បាប់​តឹង​រ៉ឹង​ដូច​​ថា ក្នុង​គ្រួសារ​នីមួយៗ​បង្កើត​ច្បាប់ ជា​​ម្តាយ ជា​​ឪពុក ជា​យាយ ជា​តា ហ្នឹង ដាក់​វិធាន​ការ​តឹង​រ៉ឹង​ក្នុង​គ្រួសារ​នីមួយៗ​អ៊ីចឹង​ណា ព្រោះ​​​​អី​ក្មេង​តែ​បា​ន​មើ​ល​​ទូ​រ​ស័ព្ទ​​ហើយ​​អត់​ចង់​ធ្វើ​អី​ទេ ចែ​ចង់​ឱ្យមា​ន​ច្បា​ប់​ហ្នឹង​មួយ​តាម​​គ្រួ​សារ​​​​នីមួយៗ គឺ​ចែ​អាណិត​ក្មេង ព្រោះ​​អី​​ក្មេង​ហ្នឹង​មើល​ទៅ​​​ដូច​​វា​​សស្លាក់​​សស្លើត​​អត់​ដឹង​​​អី​​សោះ​​​បណ្តោយ គឺ​អារម្មណ៍​វា គឺ​និយា​យ​​តែ​​ភាសា​​ក្នុង​ទូ​រស័ព្ទ​ហ្នឹង​បណ្តោយ»។

ក្នុងនាមជាម្ដាយដែលមានកូនពីរនាក់ ជាសិស្សអនុវិទ្យាល័យ អ្នកស្រីមិនទិញទូរស័ព្ទដៃឱ្យកូនប្រើប្រាស់ផ្ទាល់ខ្លួនឡើយ។ ដើម្បីសម្រួលដល់ការសិក្សា និងការស្រាវជ្រាវស្វែងយល់បន្ថែមចំណេះដឹង ស្វាមីរបស់អ្នកស្រីបានសម្រេចចិត្តទិញកុំព្យូទ័រឱ្យកូនៗប្រើប្រាស់ជំនួសវិញ។

ជាការកត់សម្គាល់ មានកុមារភាគតិចណាស់ដែលប្រើប្រាស់ឧបករណ៍ឆ្លាតវៃបម្រើឱ្យការសិក្សា។ ទូរស័ព្ទដៃពួកគេផ្ទុកទៅដោយល្បែងកម្សាន្ត ឬដែលហៅថា ហ្គេម (Game)។ កុមារខ្លះមានគណនីបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) តិកតុក (Tiktok) អ៊ីនស្តាក្រាម (Instagram) តាំងពីអាយុ១០ឆ្នាំ។ ការចំណាយពេលច្រើនម៉ោងលើបណ្ដាញ​សង្គម បានក្លាយជាទម្លាប់ឌីជីថលដែលពិបាកនឹងកាត់ផ្ដាច់សម្រាប់កុមារ និងយុវជននាពេលបច្ចុប្បន្ន ខណៈ​ពួកគេខ្លះកំពុងប្រឈមមុខនឹងភាពអវិជ្ជមានដោយមិនដឹងខ្លួន។

គ្រូបង្រៀននៅសាលាឯកជនមួយក្នុងខេត្តបាត់ដំបង គឺកញ្ញា សា ឌីណា ប្រាប់វីអូឌីឱ្យដឹងថា សិស្សមិនត្រូវបានអនុ​ញ្ញាត​ឱ្យប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងរៀនឡើយ។ ប៉ុន្តែបញ្ហាគឺការប្រើប្រាស់លើសកម្រិតនៅក្រៅម៉ោងសិក្សាដូចជាពេល​​នៅ​ផ្ទះជាដើម។ កញ្ញាបន្ថែមថា គ្រូបង្រៀនអាចជួយត្រឹមការណែនាំ ប៉ុន្តែអ្នកដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការគ្រប់គ្រងបញ្ហានេះ គឺឪពុកម្តាយនៅឯផ្ទះ។

កញ្ញា សា ឌីណា និយាយថា៖ «បើ​ជា​រឿង​ទូរស័ព្ទ​ហ្នឹង ភាគ​ច្រើន​យើង​ណែនាំ​នៅ​សាលា​ហើយ មក​​រៀន​​​​​គាត់​​អត់​​បាន​​ចុច​ទូរស័ព្ទ​អ៊ីចឹង​ណា ព្រោះ​អី​យើង​រៀន​តែ​២ម៉ោង ៣ម៉ោង ឬ​១ម៉ោងៗ​​ស​ម្រាប់​​ថ្នាក់​ធំ។ អ៊ីចឹង​​យើង​គ្រាន់​តែ​អាច​ណែនាំ​ពី​ផល​វិបាក​នៃ​ការ​លេង​ទូរស័ព្ទ​ច្រើន វា​ប៉ះ​​ពា​ល់​​ខួរ​ក្បាល ឬ​ក៏​ផ្លាស់​​ប្តូរ​ចរិត ឬ​ខាត​ពេល​វេលា​ម៉េច​ខ្លះ​ចំពោះ​ពួក​គាត់​ទេ»។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លីកាដូ បានចេញផ្សាយ ពីការរកឃើញថ្មីមួយរបស់ខ្លួន គឺការប្រើប្រាស់រូបភាពស្រើប​ស្រាលរំលោភបំពាន។ លីកាដូ អះអាងថា បញ្ហានេះ ជាអំពើហិង្សាផ្អែកលើយេនឌ័រ ដែលកំពុងកើតមានឡើងនៅ​ទូទាំងប្រទេស។ ក្នុងចំណោម ២៤ករណី នៃការប្រើរូបស្រើបស្រាលដោយរំលោភបំពានខាងលើ មានជាងមួយ​ភាគ​បី កើតឡើងនៅក្នុងរយៈពេល១២ខែចុងក្រោយនេះ។

ប្រឈមនឹងក្ដីបារម្ភនេះ បណ្ដាប្រទេសមួយចំនួននៅលើសកលលោកកំពុងចង្អុល និងទម្លាក់ការទទួលខុសត្រូវទៅ​លើ​​ក្រុម​ហ៊ុនបណ្ដាញសង្គមធំៗ ជាទីដែលកុមារ និងយុវជនចំណាយពេលវេលាច្រើនបំផុតនៅក្នុងទូរស័ព្ទដៃរបស់ពួក​គេ។

កាលពីថ្ងៃទី២៧ខែសីហា ក្រុមហ៊ុន Meta ម្ចាស់បណ្តាញសង្គម Facebook និង Instagram បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋសឹងទាំងអស់នៅសហរដ្ឋអាមេរិក ដោយសុខចិត្តបង់ប្រាក់សរុប ១៧ពាន់លានដុល្លារ ដើម្បីចូលរួមការពារសុខភាពផ្លូវចិត្តអនីតិជន។ ក្រុមហ៊ុន Meta បានសន្យាថា ខ្លួននឹងរៀបចំបច្ចេកទេស បិទមិនឲ្យក្មេង​ក្រោម​ ១៨​ឆ្នាំ​ ប្រើ​​ប្រាស់​បណ្តាញ​សង្គមរបស់ខ្លួន លើសពី២ម៉ោងក្នុងមួយថ្ងៃ។

ទាក់ទិននឹងបញ្ហានេះ ចំពោះវិធានការ ឬគោលនយោបាយបន្ថែមក្នុងការគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា គឺមិនទាន់មានការឆ្លើយតបនៅឡើយទេ ពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា ជុំវិញបញ្ហានេះនៅឡើយទេ។

ទោះបីជាមានឧបករណ៍ច្បាប់ និងផែនការជាតិយ៉ាងណាក៏ដោយ តថភាពជាក់ស្ដែង បង្ហាញថា គម្លាតឌីជីថលនៅក្នុងរង្វង់គ្រួសារ និងការហូរចូលនៃមាតិកាមិនសមរម្យ បាននិងកំពុងបង្កើតជាចន្លោះប្រហោងយ៉ាងធំ។

យោងតាមទិន្នន័យអង្កេតរបស់អង្គការ UNICEF និង Save the Children កន្លងមក បានបង្ហាញថា កុមារកម្ពុជាចាប់ផ្ដើមប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញសង្គមនៅអាយុកាន់តែតូចទៅៗ (ខ្លះចាប់ផ្ដើមតាំងពីអាយុ ៥ ទៅ ៦ ឆ្នាំ) ហើយភាគច្រើនប្រើប្រាស់ដោយគ្មានការត្រួតពិនិត្យ ឬកំណត់ម៉ោងពីអាណាព្យាបាលឡើយ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ជី សុផាត បានបញ្ជាក់ថា បញ្ហាប្រឈមនៃស្មាត​ហ្វូន​លើ​សុខ​ភាព​ផ្លូវ​ចិត្ត និង​សុវត្ថិភាព​កុមារ​នៅ​កម្ពុជា កើតចេញពីកត្តាសំខាន់ពីរ គឺទីមួយ ការខ្វះការទទួលខុសត្រូវ​លើ​​អាល់​ហ្គូរីស្សឹម (Algorithm) ឬការទាក់ទងដោយមាតិការបស់ក្រុមហ៊ុនបណ្តាញសង្គមធំៗ និងទីពីរ គឺការខ្វះការយល់​ដឹង និងការគ្រប់គ្រងមិនទាន់ដិតដល់ពីសំណាក់អាណាព្យាបាល។ លោកបន្ថែមថា ដំណោះស្រាយប្រកបដោយប្រសិទ្ធ​ភាព ទាមទារឱ្យមានការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរាជរដ្ឋាភិបាល អាជ្ញាធរ អាណា​ព្យាបាល និងក្រុមហ៊ុនម្ចាស់ថ្នាលបច្ចេកវិទ្យា។

លោក ជី សុផាត និយាយថា៖ «អ៊ីចឹង​រឿង​ទាំង​អស់​នេះ សុទ្ធ​សឹង​តែ​ជា​ការ​ចូល​រួម​គ្រប់​មជ្ឈ​ដ្ឋាន មិន​ថា​រដ្ឋាភិ​បាល មិន​ថា​​អាណា​ព្យាបាល ក្រសួង​ពាក់​ព័ន្ធ ហើយ​ជាមួយ​និង​ថ្នាល ប្រទេស​នីមួយៗ​ដែល​យក​មក​នៅ​ក្នុង​ស្រុក​ហ្នឹង គឺ​មាន​ដៃគូ​ដែល​ត្រូវ​ជជែក គឺ​រដ្ឋាភិ​បាល​ត្រូវ​តែ​ជជែក​រឿង​ហ្នឹង​ជាមួយ​នឹង​សាច់​រឿង​ទាំង​អស់​ហ្នឹង ហើយ​ក៏​គួរ​តែ​មាន​អង្គ​ការ​ពាក់​ព័ន្ធ​ដែល​សិក្សា​ស្រាវ​ជ្រាវ​អំពី​ផល​ប៉ះ​ពាល់ ដើម្បី​បាន​ជា​របាយ​ការណ៍ បាន​ជា​សាច់​រឿង និង​ករណី​មួយ​ចំនួន ដើម្បី​យក​មក​សិក្សា​ស្រាវ​ជ្រាវ​ទាំង​អស់​គ្នា​ ដើម្បី​ដោះ​ស្រាយ​រឿង​ទាំង​អស់​ហ្នឹង​ផង​ដែរ»។

អូស្ត្រាលីដែលជាប្រទេសដំបូងគេសម្រេចហាមឃាត់ក្មេងក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្តាញសង្គម។ ចំណែកសហភាព​អឺរ៉ុប អះអាងថា កំពុងពិចារណារៀបចំច្បាប់ ហាមអនីតិជនអាយុ១៥ឆ្នាំ មិនឲ្យប្រើប្រាស់បណ្តាញសង្គមទាំង​អស់ មិនថា Facebook Instagram Youtube ឬ TikTok ។ ជាមួយគ្នានេះ ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏បានលើកឡើងពីក្ដីបារម្ភ ដោយកំហិតលើការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ និង​ទាមទារឱ្យក្រុមហ៊ុនទាំងនោះដោះស្រាយបញ្ហានេះ។

ងាកមកកម្ពុជា កិច្ចការពារសុវត្ថិភាព និងសុខុមាលភាពរបស់កុមារ គឺជាខែលច្បាប់ដ៏ម៉ឺងម៉ាត់ដែលត្រូវបានចែងក្នុងមាត្រា ៧៣ នៃរដ្ឋធម្មនុញ្ញ ដោយកំណត់ថារដ្ឋត្រូវការពារកុមារពីការងារទាំងឡាយណា ដែលនាំឱ្យខូចបង់ដល់ការ​អប់រំ ការរៀនសូត្រ ឬខូចខាតដល់សុខភាព និងសុខុមាលភាពរបស់ពួកគេ។

បន្ថែមលើនេះ កម្ពុជាក៏មានច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ (ជាពិសេសមាត្រា ៣៩ និង ៤០) ព្រមទាំងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ផងដែរ។

យោងតាមការសិក្សាស្រាវជ្រាវស្តីពីការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បង្ហាញថា ប្រមាណ ៦០ភាគរយនៃកុមារកម្ពុជាដែលបានចូលរួមក្នុងដំណើរការអង្កេត ត្រូវបានរាយការណ៍ថា ពួកគេធ្លាប់បានជួបប្រទះហានិភ័យនៃការកេងប្រវ័ញ្ច​​ផ្លូវភេទលើប្រព័ន្ធអនឡាញ នៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិត ដូចជាការលួងលោមក្នុងគោលបំណងផ្លូវ​ភេទ និងការបង្ខំឱ្យផ្ញើរូបអាក្រាតរបស់កុមារជាដើម។

ទាក់ទិនរឿងនេះ អ្នកសម្របសម្រួលកម្មវិធីរបស់សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) កញ្ញា កែវ មុនីរស្មី ប្រាប់វីអូឌីតាមសារសំណេរថា ការប្រើប្រាស់ស្មាតហ្វូន បានជួយសម្រួលដល់ជីវភាពរស់ប្រចាំថ្ងៃជាច្រើន ជាពិសេសនៅក្នុងកំឡុងពេលការរីករាលដាលនៃជំងី Covid-19។

ប៉ុន្តែទន្ទឹមគ្នានេះ វាក៏មានឥទ្ធិពលអវិជ្ជមាន និងការគម្រាមកំហែងជាច្រើន ជាពិសេសទៅលើសុខមាលភាព និងសុវត្ថិភាពរបស់កុមារផងដែរ ស្របពេលដែលមានការវិវត្តយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI)។

កញ្ញាយល់ឃើញថា បញ្ហាមិនស្ថិតត្រង់មានច្បាប់ គោលការណ៍ណែនាំ ឬផែនការជាតិតែមួយមុខនោះទេ ប៉ុន្តែជាបញ្ហា​នៃការយល់ដឹង ការអនុវត្ត និងការសម្របខ្លួនទៅនឹងបរិយាកាសឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន ដែលតម្រូវ​ឱ្យមានការចូលរួមពីរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងអាណាព្យាបាល។

កញ្ញា កែវ មុនីរស្មី បញ្ជាក់ថា គោលដៅទីនេះគឺមិនមែន “ធ្វើឱ្យកុមារមិនប្រើស្មាតហ្វូន” នោះទេ ដោយវាគួរតែជាការ​​ធ្វើ​​ឱ្យកុមារអាចប្រើបច្ចេកវិទ្យាបានដោយសុវត្ថិភាព មាន​ចំណេះ​ដឹង មានសិទ្ធិ និងមានសមត្ថភាពការពារខ្លួន ជាពិសេស​គឺការស្តាប់សំឡេងរបស់កុមារ ដែលជាអ្នកប្រើប្រាស់បច្ចេកវិទ្យាដោយផ្ទាល់ និងជាអ្នកដែលទទួល​រង​ផល​ប៉ះ​ពាល់​ពី​បញ្ហា​ទាំង​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ