អ្នកបើកបរម៉ូតូកង់បីប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ បានប្រមូលផ្តុំគ្នា និងបិទកំណាត់ផ្លូវមួយខ្សែមុខក្រុមហ៊ុន Grap ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យក្រុមហ៊ុនលុបចោលកម្មវិធីប្រូម៉ូសិនថ្មី ដែលមានឈ្មោះថា តុកតុក សេវលុយ (TukTuk Save Luy) ដោយសារតែកម្មវិធីនេះ បានកាត់លុយពីពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់ការរកចំណូលប្រចាំថ្ងៃ ដែលកំពុងតែលំបាកស្រាប់។
លោក វី សីហា អ្នកបើកបរម៉ូតូកង់បីឥណ្ឌា ដែលបានចូលរួមការតវ៉ានៅមុខក្រុមហ៊ុន Grap បានលើកឡើងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ តំណាងអ្នកបើកបររថយន្តតាក់ស៊ី និងកង់បី បានជួបចរចាគ្នាជាមួយតំណាងក្រុមហ៊ុនប្រព័ន្ធអេប(App) មួយចំនួន ក្រោមការសម្របសម្រួលរបស់មន្ត្រីក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម ជុំវិញការស្នើរបស់ពួកគាត់ សុំឱ្យក្រុមហ៊ុនបញ្ចុះតម្លៃកម្រៃជើងសារ ឱ្យមកនៅត្រឹម១៥ភាគរយ ឬក្រោមនេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ ដែលកំពុងខ្វះខាត។
លោកបន្តថា អំឡុងពេលចរចានោះ ពួកគាត់ក៏បានស្នើឱ្យលុបចោលនូវកម្មវិធីឬមុខងារថ្មី ដែលប្រូម៉ូសិនបញ្ចុះតម្លៃឱ្យភ្ញៀវ ផងដែរ ប៉ុន្តែក្រុមហ៊ុន Grap មិនយល់ព្រម ខណៈក្រុមហ៊ុនផ្សេងទៀត បានបន្ទន់ឥរិយាបទយល់ព្រមតាមការសម្របសម្រួលរបស់អន្តរក្រសួង ដែលការណ៍នេះ ទើបធ្វើឱ្យពួកគាត់មិនសុខចិត្ត នាំគ្នាទៅប្រមូលផ្តុំនៅមុខក្រុមហ៊ុន Grap នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនមួយនេះ លុបកម្មវិធីថ្មីនេះចេញ។
បើតាមលោក វី សីហា កម្មវិធីថ្មីឈ្មោះថា TukTuk Save Luy នេះ ខាងក្រុមហ៊ុនបានកំណត់ប្រព័ន្ធមុខងារឱ្យកាត់លុយពីខាងអ្នកបើកបរ មិនមែនកាត់លុយពីក្រុមហ៊ុននោះទេ ដូច្នេះ វាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរកចំណូលប្រចាំថ្ងៃរបស់ពួកគាត់ ដែលកំពុងធ្លាក់ដុនដាបស្រាប់ទៅហើយនោះ។
លោកថា៖ «បង្កើតមុខងារថ្មីមកនេះ ធ្វើឱ្យប៉ះពាល់ដល់បងប្អូនទាំងអស់[…] បច្ចុប្បន្ន ក្រុមហ៊ុន Grap គឺជាអ្នកបង្កើតកម្មវិធីហ្នឹង ធ្វើឱ្យក្រុមហ៊ុនផ្សេងៗទៀត គឺបង្កើតតាម តែបើក្រុមហ៊ុនលុបចោល គឺក្រុមហ៊ុនផ្សេងៗទាំងអស់គឺគេលុបចោលដូចគ្នា គឺការប្រកួតប្រជែង តែការប្រកួតប្រជែងលក្ខណៈថា ប្រកួតប្រជែងធ្វើឱ្យបងប្អូនរកកម្រៃក្នុងមួយថ្ងៃមិនបាន ពីរទៅបីម៉ឺនផង គ្រាន់តែកាត់ចាក់ហ្គាស បូកបញ្ចូលនឹងថ្លៃអេប អ្វីទាំងអស់គឺរកមិនបានដូចមុនទេ[…] កុំធ្វើបាបបងប្អូនអ្នក Driver [អ្នកបើកបរ]អី ព្រោះពួកខ្ញុំមិនមែនកញ្ជាស់ទេ និយាយភាសាកញ្ជាស់តែម្តង ពួកខ្ញុំជាដៃគូរសហការក្រុមហ៊ុន ពួកខ្ញុំខំរកលុយឱ្យក្រុមហ៊ុនទាំងថ្ងៃទាំងយប់ ភ្លៀងក្តៅម៉េចក៏ពួកខ្ញុំរកដែរ»។
អ្នកបើកបរកង់បីមួយរូបទៀត លោក ឆាយលី ប្រុសពៅ ចាត់ទុកការបង្កើតកម្មវិធីប្រូម៉ូសិនថ្មីៗពីសំណាក់ក្រុមហ៊ុន Grap នេះ ថាជាការកេងប្រវ័ញ្ចញើសឈាម និងធ្វើបាបផ្លូវចិត្តពួកគាត់ជាអ្នកបើកបរ។
លោកថា៖ «អាសេវលុយហ្នឹង ក្រុមហ៊ុនគាត់បញ្ជាក់ថា យើងបិទក៏បានបើកក៏បាន ប៉ុន្តែបើយើងមិនបើកអាសេវលុយហ្នឹងទេ ក្រុមហ៊ុនមិនទម្លាក់ភ្ញៀវឱ្យទេ ចឹងចង់មិនចង់ ក៏ត្រូវតែបើក អានេះធ្វើបាបផ្លូវចិត្តដោយប្រយោល»។
គួររម្លឹកថា កន្លងមក អ្នកបើកបររថយន្តតាក់ស៊ី និងកង់បី ដែលដាក់ប្រព័ន្ធអេប (App) បាននាំគ្នាតវ៉ាជាច្រើនលើកច្រើនសារមកហើយ តាំងពីនៅមុខរដ្ឋបាលរាជធានីភ្នំពេញ និងដល់អន្តរក្រសួង ដោយសុំឱ្យក្រុមហ៊ុនប្រព័ន្ធអេបចំនួន ៧ បញ្ចុះតម្លៃកម្រៃជើងសារដែលធ្លាប់កាត់ពី អ្នកបើកបរ ចន្លោះពីជាង ១៧ភាគរយ ទៅ ៣០ភាគរយ នោះឱ្យមកនៅត្រឹម ១៥ភាគរយ ឬក្រោមនេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ ដែលកំពុងខ្វះខាត។
ការតវ៉ានេះ បានឈានទៅដល់ការចរចារកដំណោះស្រាយនៅទីស្តីការក្រសួងការងារ នៅអំឡុងខែសីហា ឆ្នាំ២០២៦ថ្មីៗនេះ។
កំពុងឈរកាន់បដានៅមុខក្រុមហ៊ុន Grap អ្នកបើកបរម៉ូតូកង់បីមួយរូបទៀត លោក រស់ សំអឿន បានឱ្យដឹងដែរថា ការចរចារកន្លងមកជិតបានទទួលលទ្ធផលជាផ្លែផ្កាហើយ ដោយក្រុមហ៊ុនភាគច្រើនបានយល់ព្រមកាត់កម្រៃ ១គីឡូម៉ែត្រដំបូងតម្លៃ ៣០០០រៀល និងគីឡូម៉ែត្របន្ទាប់ ១១០០រៀល ខណៈការកាត់កម្រៃជើងសារឱ្យមកនៅ ១៥ភាគរយ ឬក្រោមពីនេះ កំពុងស្ថិតក្នុងការចរចាបន្ថែម ប៉ុន្តែឥឡូវនេះបែរជាក្រុមហ៊ុន Grap បង្កើតកម្មវិធីប្រូម៉ូសិនថ្មី TukTuk Save Luy ទម្លាក់តម្លៃមក ៨០០រៀលក្នុងមួយគីឡូម៉ែត្រ ទៅវិញ ដែលវាធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការរកចំណូលរបស់ពួកគាត់។
លោកថា៖ «ចឹងក្រុមហ៊ុនគាត់គិតតែពីចំណេញខ្លួនឯងហ្នឹង គាត់ធ្វើបាបពួកខ្ញុំជាអ្នករត់កង់បី ជា Driver ជាដៃគូរសហការ[…] ខ្ញុំសុំឱ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ ដើម្បីឱ្យក្រុមហ៊ុន Grap បិទកម្មវិធីសេវលុយហ្នឹង ព្រោះអីមានផលប៉ះពាល់ដល់បងប្អូនយើងខ្លាំងណាស់»។
អំឡុងពេលអ្នកបើកបរម៉ូតូកង់បីឥណ្ឌា កំពុងប្រមូលផ្តុំតវ៉ានេះ គេសង្កេតឃើញមន្ត្រីក្រសួងការងារ និងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅសម្របសម្រួល និងតម្រូវឱ្យពួកគាត់ឈរតវ៉ាដោយរក្សាសណ្តាប់ធា្នប់សាធារណៈផងដែរ។
វីអូឌី មិនអាចរកការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា និងតំណាងក្រុមហ៊ុន Grab បាននៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ យល់ថា ក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះដុនដាបខ្លាំង ទំនិញឡើងថ្លៃ ការរកប្រាក់ចំណូលមិនមានតុល្យភាពនឹងការចំណាយ ក្រុមហ៊ុនប្រព័ន្ធអេបទាំងអស់ គួរតែជួយសម្រួលដល់អ្នកបើកបរ ដែលជាដៃគូសហការ ប៉ុន្តែផ្ទុយទៅវិញ បែរជាក្រុមហ៊ុនកាត់កម្រៃជើងសារខ្ពស់ ហើយបង្កើតកម្មវិធីប្រូម៉ូសិនទម្លាក់តម្លៃថ្លៃដឹក ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពអ្នកបើកបរទៅវិញ។
លោកថា៖ «ការតវ៉ារបស់បងប្អូន យើងកោតសរសើរនូវភាពក្លាហានក្នុងការទាមទារយុត្តិធម៌ ក្នុងបរិបទសេដ្ឋកិច្ចដើម្បីប្រាក់ចំណូលអាចរស់នៅបាន ក្នុងស្ថានភាពទំនិញឡើងថ្លៃ ហើយក្រុមហ៊ុនកាត់កម្រៃជើងសារខ្ពស់នេះ»។
យ៉ាងណា លោកផ្តល់ជាយោបល់ថា ជំហានទី១ អ្នកបើកបរកង់បី និងរថយន្តតាក់ស៊ីដែលប្រើប្រាស់ប្រព័ន្ធអេបទាំងអស់ គួរសហការគ្នាត្រូវរកសំឡេងរួមតែមួយ ដើម្បីទៅចរចាជាមួយខាងក្រុមហ៊ុន ជៀសវាងការបែងចែកគ្នាជាក្រុមតូចៗ ហើយតវ៉ា ដែលធ្វើឱ្យក្រុមហ៊ុនមិនខ្លាចរអានឹងការតវ៉ារបស់ក្រុមតូចៗទាំងនោះទេ។
មួយវិញទៀត លោកថា អន្តរក្រសួងដែលមានតួនាទីក្នុងការសម្របសម្រួលដោះស្រាយបញ្ហានេះ ក៏ត្រូវកោះហៅគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធទៅចរចាគ្នា ដោយមិនត្រូវហៅតែអ្នកតវ៉ាមួយក្រុម ហើយផាត់ចោលមួយក្រុមទៀតដែលធ្លាប់ដាក់ញតិ្តស្នើសុំឱ្យក្រសួងដោះស្រាយបញ្ហាដូចគ្នានេះទេ។
ការសិក្សាថ្មីមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) រកឃើញថា អ្នកធ្វើការនៅក្នុងវិស័យដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញតាមថ្នាលបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ប្រឈមនឹងថិរវេលាធ្វើការយូរម៉ោង ហានិភ័យផ្នែកសុវត្ថិភាព និងសុខភាពការងារ និងគម្លាតនៃការគាំពារសង្គម៕









