រដ្ឋ​មន្ត្រី​ស្តាំ​និយម​អ៊ីស្រាអែល​មាន​ផែន​ការ​​បណ្តេញ​ជន​ជាតិ​​ប៉ាឡេ​ស្ទីន​​ទាំង​​អស់​​ចេញ​ពី​តំបន់​ហ្គាហ្សា

រដ្ឋមន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​ស្តាំ​និយម​ជ្រុល​របស់​អ៊ីស្រា​អែល លោក អ៊ីតាម៉ា បេន-ហ្វៀរ (Itamar Ben-Gvir) បាន​រៀប​ចំ​ផែន​ការ​សម្រាប់​ការ​បណ្តេញ​ជន​ជាតិ​ប៉ាឡេ​ស្ទីន​ទាំង​អស់​ចេញ​ពីតំបន់​ហ្គាហ្សា (Gaza Strip) ដោយ​ខុស​ច្បាប់ និង​ដោយ​បង្ខំ ក្នុង​បំណង​បញ្ជូន​ពួក​គេ​ទៅ​បរទេស។

នៅក្នុងការថ្លែងអំណរគុណមុនការបោះឆ្នោត លោកបាននិយាយថា ផែនកា​រ​នេះ​មាន​គោល​បំណង​បណ្តេញ​ជន​ជាតិ​​​ប៉ាឡេ​ស្ទីន​​ចំនួន ២៥​ម៉ឺន​​នាក់ នៅ​ក្នុង​ឆ្នាំ​ដំបូង ហើយ​បន្ទាប់​មក​គឺ​ប្រជា​ជន​ដែល​នៅ​សល់​ប្រមាណ ២ លាន​នាក់​​ទៀត ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ខាង​មុខ។ លោក​បាន​អះអា​ង​ថា មាន​ប្រទេស​មួយ​ចំនួន​ «ត្រៀម​ខ្លួន» ដើម្បី​ទទួល​យក​​ពួក​​គេ។

ទោះបីជាការផ្លាស់ប្តូរទីលំនៅដោយបង្ខំត្រូវបានចាត់ទុក​ថា​ជា​ឧក្រិដ្ឋ​កម្មសង្គ្រាម ក្រោមអនុសញ្ញាទីក្រុងហ្សឺ​​ណែវ (Geneva conventions) ក៏​ដោយ ក៏អ្នកនយោបាយអ៊ីស្រាអែលបាន​ប្រកួត​ប្រជែង​គ្នានូ​វ​ភាព​តឹង​រ៉ឹង​នៃ​ចក្ខុ​វិស័យ​របស់​ពួកគេ។

លោក បេន-ហ្វៀរ បានមានប្រសាសន៍ថា គណបក្សអំណាចជ្វីហ្វ (Jewish Power) នឹង​ទាម​ទារ «ក្រសួង​ទទួល​បន្ទុក​កិច្ច​ការ​អន្តោ​ប្រវេសន៍» ក្នុង​រដ្ឋាភិ​បាល​បន្ទាប់។ សំណើនេះ​មាននៅក្នុងឯកសារកម្រាស់ ២០ ទំព័រ ដែលមានចំណង​ជើង​បន្លំ​ភ្នែក​ថា «ផែន​ការ​ការ​ងារ​ជាតិ​សម្រាប់​អន្តោ​ប្រវេសន៍​ដោយ​ស្ម័គ្រ​ចិត្ត​ចេញ​ពី​តំបន់​ហ្គាហ្សា»។

ទោះជាយ៉ាងណា សហគមន៍អន្តរជាតិមើលឃើញថា​ជាការបង្ខិតបង្ខំ ដោយសារតែលក្ខខណ្ឌដ៏អាក្រក់ដែល​ត្រូវបានដាក់លើប្រជាជននៅ​តំបន់​ហ្គាហ្សា។

កាលពីដើមឆ្នាំនេះ ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានរកឃើញថា អ៊ីស្រាអែលបានបន្តប្រព្រឹត្ត​អំពើ​ប្រល័យ​​ពូជ​សាសន៍ ដោយចេតនាលើកុមារប៉ាឡេស្ទីន។

មតិយោបល់នេះ ធ្វើឡើងបន្ទាប់ពីលោក អ៊ីស្រាអែល កាតស៍ (Israel Katz) រដ្ឋមន្ត្រីការពារជាតិ បាននិយាយ​ថា អ៊ីស្រា​អែល​កំពុងស្វែងរកការអនុម័ត​ពីរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីជម្លៀសជនជាតិប៉ាឡេ​ស្ទីន។ លោក កាតស៍ បានបន្ថែមថា អ៊ីស្រាអែលនឹងសម្រួលដល់ការចាកចេញ «តាម​គ្រប់​មធ្យោបាយ»។

ជាមួយនឹងការបោះឆ្នោតនាខែតុលា លោក បេន-ហ្វៀរ បានធ្វើអន្តរាគមន៍រញ៉េរញ៉ៃជាច្រើន រួមទាំងការចែក​រំលែកវីដេអូទីតាំងប្រហារជីវិតជនជាតិប៉ាឡេស្ទីន និងការធ្វើបាបអ្នកទោស។ ការស្ទង់មតិបង្ហាញ​ថា គណបក្សរបស់លោក​ – ដែល​ធ្លាប់​ត្រូវផ្តន្ទាទោសពីបទញុះញង់ និងគាំទ្រភេរវកម្ម – នឹងទទួលបានអាសនៈប្រហែល ៧។

ចំណែកឯនាយករដ្ឋមន្ត្រី លោក បេនយ៉ាមីន នេតាន់យ៉ាហូ (Benjamin Netanyahu) បាន​អះអា​ង​ថា អ៊ីស្រា​អែល​គ្រប់​​គ្រង ៦០% នៃតំ​បន់​ហ្គាហ្សា ហើយ​នឹង​មិន​ដក​ថយ​ឡើយ។ យោង​តាម​អគ្គ​សេនា​ធិការ​រង​អ៊ីស្រា​អែល បច្ចុប្បន្ន​ពួក​​គេ​​គ្រប់​គ្រង​រហូត​ដល់ ៦៥%។

បន្ថែមពីនេះ លោក បេន-ហ្វៀរ ក៏បានអំពាវនាវឱ្យមានការបណ្តេញសមាជិ​ក​រដ្ឋ​សភា​ពីរ​រូប និង​អ្នក​ផ្សេង​ទៀត «ដែល​​​មិន​​​ស្មោះត្រ​ង់​នឹង​រដ្ឋ​អ៊ី​ស្រា​អែល» ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ