ពលរដ្ឋ​ម្នា​ក់​នៅខេ​ត្ត​ស្ទឹង​ត្រែង​ជាប់​ពន្ធនា​គារ​ជិត១​ឆ្នាំ​ដោយ​​សារ​​មន្ត្រី​ចាប់​ប្រឡំ​ឈ្មោះ

ជិត​មួយ​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនា​គារ​ទាំង​ខ្លួន​មិន​បាន​ប្រព្រឹត្ត​កំហុស ទីបំផុត​ពលរដ្ឋ​ខ្មែរ​ឥស្លាម លោក ស្លេះ ហ្វឺត បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​យុត្តិ​ធម៌ ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​តុលាការ​ខេត្ត​ស្ទឺង​ត្រែង​ ក្រោយ​ខ្លួន​មាន​សេរីភាព​វិញ។

យោងតាមលិខិតដាក់ទៅរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា លោក ស្លេះ ហ្វឺត ស្នើ​សុំ​ឱ្យ​មាន​ការ​ពិនិត្យ​អំពី​ភាព​មិន​ប្រក្រតី​ទៅលើ​អ​តីត​ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង លោក ជា សុភ័ក្ក្រ ចៅក្រម​​សាលា​​ដំបូង​ខេត្ត លោក ហូយ សេរី​វឌ្ឍន​ពិសិដ្ឋ ព្រះរាជ​អាជ្ញា លោក កែវ សុធា រួម​ទាំង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត ដែល​បាន​ដោះ​ស្រាយ​សំណុំ​រឿង​លោក និង​​ចេញ​​សេ​ច​ក្ដី​ប្រកាស​ព័ត៌មាន​មិន​ឈរ​លើ​មូ​ល​ដ្ឋាន​នៃ​ការ​ពិត។

ក្នុង​លិខិត​ដដែល បាន​ចោទ​សួរ​ចំនួន​ ៥ចំណុច​ថា ទី១. មុន​ចេញ​ដីកា​ចាប់​ខ្លួន តើ​តុលាការ​​មាន​​ស្រាវ​​ជ្រាវ​​ស​ភាវ​​ជាតិ​នៃ​ជន​សង្ស័យ​ឈ្មោះ ស្លេះ ហ្វឺត ឱ្យ​បាន​ច្បាស់​ថា​ជា​នរណា​ដែរ​ទេ? ទី២. ពេល​​សមត្ថ​​កិច្ច​ចុះ​អនុវត្ត​ដីកា​ចាប់​ខ្លួន តើ​សមត្ថកិច្ច​បាន​ពិនិត្យ​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​ផ្សេង​ទៀត​របស់​លោក ស្លេះ ហ្វឺត ដែរ​ឬទេ​? ទី៣. ពេល​សមត្ថ​កិច្ច​ធ្វើ​របាយ​ការណ៍​បញ្ជូន​​លោក ស្លេះ ហ្វឺត មក​អយ្យ​ការ​​អម​​សា​លា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​ តើ​ព្រះ​រាជ​អាជ្ញា​បាន​ត្រួត​ពិនិត្យ​ឯកសារ​ជាតិ​ពិត​ដែល​ចាប់​ខ្លួន (ស្លេះ ហ្វឺត) ដើម្បី​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​ដែន​ដែល​មាន​ឈ្មោះ ស្លេះ ហ្វឺត ដែល​មាន​ចែង​​ក្នុ​ងដី​កា​​បង្កាប់​ឱ្យ​ចាប់​ខ្លួនដែ​រ​ឬ​ទេ? ទី៤. ពេល​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង បញ្ជូន​ខ្លួន​ឈ្មោះ ស្លេះ ហ្វឺត ទៅ​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង តើ​ចៅក្រម​ស៊ើប​សួរ​មាន​ផ្ទៀង​​ផ្ទាត់​​អត្ត​​សញ្ញាណ​​ជន​ដែ​ល​​ត្រូវ​​បាន​​ចាប់​ខ្លួន (ស្លេះ ហ្វឺត) និង​ដីកា​ដែល​បង្កាប់​​ឱ្យ​ចាប់​ខ្លួន​ដែរ​ឬទេ​? និង ទី៥. ហេតុ​អ្វី​​បាន​​​​​ជា​ចៅ​​ក្រម​ដោះ​លែង​​អាសន្ន​ជន​ដែល​ខុស​អត្ត​សញ្ញាណ (ស្លេះ ហ្វឺត) ពី​ការ​បង្កាប់​ឱ្យ​ចាប់​ខ្លួន​ឈ្មោះ ស្លេះ ហ្វឺត ដែល​មាន​ដីកា​បង្កាប់​ឱ្យ​ចាប់​ខ្លួន​លេខ៖ ០៣៧ (ច)/២០២៤ ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ ទៅ​វិញ?។

ចំណុចខុសប្រក្រតី គឺនៅត្រង់ថា លោក​មាន​ឈ្មោះ ស្លេះ ហ្វឺត អាយុ ៥៤​ឆ្នាំ ប៉ុន្តែ​ក្នុង​ដីកា​បង្គាប់​ចាប់​ខ្លួន ជន​ល្មើស​មាន​ឈ្មោះ​ថា​ ស្លេះ វ៉ើត អាយុ ៤៧ឆ្នាំ។ ជាង​នេះ​ទៅ​ទៀត ទាំង​ឈ្មោះឪ​ពុក​ម្ដាយ ថ្ងៃ ខែ ឆ្នាំ កំណើត និង​ឈ្មោះ​ប្រពន្ធ គឺ​ខុស​គ្នា​ទាំង​អស់។

ការដាក់លិខិតនេះ គឺក្រោយពីលោក ស្លេះ ហ្វឺត ដែលជាពលរដ្ឋខ្មែរឥស្លាម​ រស់​នៅស​ង្កាត់​ស្រះ​ឫស្សី ​បាន​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​ក្នុង​ពន្ធនា​គារ ក្រោយ​ត្រូវ​បាន​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៥ តាម​ដីកា​បង្គាប់​របស់​តុលាការ ក្រោម​បទ​ចោទ កាប់​គាស់​ រុក​រាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​​យក​ធ្វើ​ជា​កម្ម​សិទ្ធិ នៅ​ឧទ្យាន​ជាតិ​វើន​សៃ​សៀម​ប៉ាង។

ថ្លែងនៅក្នុងវីដេអូឃ្លីបមួយក្រោយលោក​មានសេរីភាពត្រឡប់​មក​ផ្ទះវិ​ញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា បង្ហាញ​ឱ្យ​ឃើញ​ពីស​ភាព​លោក ស្លោះ ហ្វឺត ដែល​មាន​កន្ទួល​ក្រហម​ដាស​លើ​ស្បែក​ ក្រោយ​រស់​នៅ​ក្នុង​ពន្ធនាគារ​ជិត​មួយ​​ឆ្នាំមក​នេះ។ លោក ស្លេះ ហ្វឺត ថ្លែង​ទាំង​ក្ដុល​ក្ដួល​ថា​ លោក​ពុំ​ដែល​ស្គាល់​ផ្លូវ​ទៅ​សៀម​ប៉ាង​ឡើយ កុំ​ថា​ឡើយ​ទៅ​កាប់​រាន​ព្រៃ​ដល់​ទី​នោះ។ លោក​បន្ត​ថា ជីវភាព​គ្រួសារ​លោក​កំពុង​ដុន​ដាប ដោយ​ទ្រព្យ​សម្បត្តិ​ ដូច​ជា​ ទូក ម៉ូតូ ឧបករណ៍​នេសាទ​ គឺ​ត្រូវ​បាត់​បង់​ដោយ​សារ​ចោរ​លួច​អំឡុង​ពេល​លោក​ជាប់​ពន្ធនា​គារ។  

លោក ស្លេះ ហ្វឺត និយាយថា៖ «រាល់ថ្ងៃនេះបាន​​​ថា​អត់​មាន​អី​ទេ មាន​តែ​ដើរ​សុំទាន​តែ​ប៉ុណ្ណឹង​ សូម​បង​ប្អូន​ជួយ​ដោះ​ស្រាយ​​ឱ្យ​ខ្ញុំ​ផង! ខ្ញុំ​ពិបាក​ណាស់ គិត​អត់​ចេញ​ទេ គេ​ចាប់​ខ្ញុំ! គេ​ថា​ខ្ញុំ​ឈ្មោះ ស្លេះ ហ្វឺត ទៅ​ទន្ទ្រាន​ដី​ព្រៃ។ ស្លេះ វ៉ើត សោះ​អ្នក​បំពាន គេ​មក​ចោទ​ខ្ញុំ​ថា​ខ្ញុំ​បំពាន​ដី​ព្រៃ! ឥឡូវ​គេ​ថា​ខ្ញុំ​ គេ​ចោទ​ខ្ញុំ​ថា ខ្ញុំ​ទៅ​ធ្វើ​ដី​នៅ​សៀម​ប៉ាង​ទៀត ហើយ​សៀម​ប៉ាង​នោះ អត់​ស្គាល់​ផ្លូវ​ទៅ​ដែរ​បង​ប្អូន! អត់​ស្គាល់​ផ្លូវ​ទៅ​ហើយ​គេ​ចោទ​ខ្ញុំ​ទៀត គេ​ថា​ខ្ញុំ​ទៅ​កាប់​ដីសៀ​ម​ប៉ាង! ព្រោះ​ខ្ញុំ​នេះ​ គេ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ដាក់​ក្នុង​សៀវ​ភៅ​នោះ ខ្ញុំ​សួរ​ពូ​អ្នក​ចោទ​ខ្ញុំ​នោះ “ម៉េច​បាន​ទាស់​អី​យក​ឈ្មោះ​ខ្ញុំ​ទៅ​ដាក់?” គាត់​ថា​ “អត់​មាន​ឈ្មោះ​អ្នក​ណា​ដាក់ មាន​តែ​ឈ្មោះ​ហែង​ហ្នឹង​ឯង អញ​យ​ក​ទៅ​ដាក់​ហ្នឹង!”»។

ក្រៅពីប្ដឹងមន្ត្រីសាលាដំបូងខេត្ត លោក ស្លេះ ហ្វឺត បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៀត​​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ ប្ដឹង​​នគរបាល ៤រូប រួម​មាន លោក ទិត្យ សុវណ្ណនី តួនាទី​ស្នង​ការ​រង​នគរបាល​ខេត្ត​ស្ទឹង​ត្រែង, លោក អ៊ិន សាង តួនាទី​​រង​ការិ​យាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល, លោក ឈូក​ កុម៉ល់ តួនាទី​អធិការ​នគរបាល​ក្រុង​ស្ទឹង​ត្រែង​ និង​​លោក ប៉ាង ឡុច តួនាទី​អធិការ​រង​នគរបាល​ក្រុង​ស្ទឹង​ត្រែង។

លោក ស្លេះ ហ្វឺត ឱ្យដឹងក្នុងពាក្យបណ្ដឹងនោះ​ថា ក្នុង​ពេល​ចុះ​អនុវត្ត​ដីកា អាជ្ញាធរ​ទាំង​នោះ​មិន​ស្ដាប់​ និង​នៅ​តែ​ចាប់​​លោក​​យក​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ទោះ​បី​លោក​បញ្ជាក់​ប្រាប់​ថា អត្ត​សញ្ញាណ​នោះ​ពុំមែន​ជា​របស់​លោក ដោយ​លោក​មាន​ឈ្មោះ ស្លេះ ហ្វឺត មិន​មែន ស្លេះ វ៉ើត។

ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទ លោក សុខ សំអឿន ប្រាប់​វីអូឌី​តាម​សារ​សំណេរ​ថា ការ​ចាប់​ច្រឡំ​ ចោទ​ច្រឡំ វា​មិន​មែន​មាន​តិច​នោះ​ទេ គ្រាន់​តែ​មាន​រឿង​ពិសេស ខ្លះជា​ក់​ស្តែង​ពេក​​ ពិបាក​នឹង​បដិសេធ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា រឿង​ចាប់​​ច្រឡំ ក៏​មិន​អាច​បន្ទោស​តែ​ទៅ​លើ​ចៅក្រម​តែ​មួយ​មុខ​នោះ​ទេ​ គឺ​កើត​ពី​ការ​សម្រេច​ចាប់ និង​ឃុំខ្លួន​របស់​នគរ​បាល និង​នីតិ​វិធី​ពិនិត្យ​ច្រើន​ដំណាក់​កាល។

លោកថា ព្រះរាជអាជ្ញា​ ជាអ្នកពិនិត្យមើលថាតើការ​ចាប់ ឬ​ឃាត់​ខ្លួន​របស់​នគរបាល​ត្រឹម​ត្រូវ​ដែរ​ទេ? ហើយ​ចៅ​ក្រម​ស៊ើប​សួរ​ ត្រូវ​ពិនិត្យ​មួយ​ដំណាក់​កាល​ថែម​ទៀត​ ថា​តើ​ការ​ចាប់ និង​ ឃាត់​ខ្លួន​របស់​នគរបាល​ត្រឹម​ត្រូវ​ដែរ​ទេ។

លោកបន្ថែមថា ចៅក្រមជម្រះ ត្រូវតែហ៊ានសម្រេចលើកលែង​ការ​ចោទ​ប្រកាន់​ កាល​បើ​មិន​មាន​ភស្តុ​តាង​គ្រប់​គ្រាន់ ដោយ​មិន​ត្រូវ​ញញើត ឬ​ខ្លាច​ព្រះ​រាជអាជ្ញា និង​ចៅក្រម​ស៊ើប​សួរ​អន់​ចិត្ត​នោះ​ទេ។ គួរ​តែ​មាន​ច្បាប់​ចែង​ថា កាល​​បើ​​ការ​ចាប់​ខ្លួន ឃាត់​ខ្លួន​មិន​ត្រឹម​ត្រូវ ឬ​ការ​គ្រាន់​តែ​មាន​បណ្តឹង​ព្រហ្ម​ទណ្ឌ​ពី​នរណា​ម្នាក់ ជន​ត្រូវ​ចោទ ត្រូវ​តែ​បាន​​ចៅ​ក្រម​ស៊ើប​សួរ សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ បើទោះ​ជា​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​បើក​ការ​ស៊ើប​សួរ​ក៏​ដោយ​។

ទន្ទឹម​គ្នា​នេះ លោកថា នគរបាល​ត្រូវតែមានសិទ្ធិទម្លាក់​ការ​ចោទ​ប្រកាន់ និង​ ដោះ​លែង​ជន​សង្ស័យ​ឱ្យ​មាន​សេរីភាព​​វិញ បើ​ទោះ​ជា​នគរបាល​សម្រេច​ធ្វើ​បណ្តឹង​ព្រហ្ម​ទណ្ឌ​ចោទ​ជន​សង្ស័យ​ទៅ​តុលាការ​ក៏​ដោយ។ ចំណែក​ព្រះរាជ​អាជ្ញា ក៏​​មា​នសិទ្ធិ​សម្រេច​ឱ្យ​ជន​សង្ស័យ​នៅ​ក្រៅ​ឃុំ​ដែរ​ បើ​ទោះ​ជា​រឿង​ក្តី​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក៏​ដោយ។

យ៉ាងណា លោកយល់ថា រដ្ឋត្រូវតែសង​ជាសំណង​ដល់​ជន​ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន ឬ ចោទ​ប្រកាន់​ខុស។ ប៉ុន្តែ លោក​​ក៏​​នៅតែ​​បារម្ភ តុលាការ​ជាន់​ខ្ពស់​ប្រឹង​ដាក់​ទោស​ជន​ជាប់​ចោទ​ទាំង​បំពាន​ ដើម្បី​បិទ​បាំង​ការ​ធ្វើ​ខុស​របស់​ថ្នាក់​ក្រោម ឬ​ក៏​ខ្លាច​ចិត្ត​រដ្ឋាភិ​បាល។

ពាក់ព័ន្ធករណីនេះ សាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃ​ទី១ ខែ​កញ្ញា បាន​ចេញ​លិខិត​បំភ្លឺ​ និង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​ដែល​ថា​តុលាការ​ចាប់ និង​ឃុំ​ខ្លួន​ច្រឡំ​មនុស្ស។ យ៉ាង​ណា​ក្នុង​លិខិត​នោះ បាន​សរ​សេរ​ឈ្មោះ ស្លេះ វ៉ើត ពោល​គឺ​នៅ​តែ​មិន​មែន​ឈ្មោះ ស្លេះ ហ្វឺត នោះ​ឡើយ។

ជុំវិញ​ករណី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក ឯម ច័ន្ទ​មករា ប្រាប់​វីអូឌី​ថា ជន​រង​គ្រោះ​អាច​ទាម​ទារ​សំណង​រដ្ឋប្ប​វេណី​បាន​ក្នុង​ករណី​នេះ។ យ៉ាង​ណា លោក​ថា ផ្អែក​លើ​របាយ​ការណ៍​ពី​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង លោក ស្លេះ ហ្វឺត មិន​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​អត្ត​សញ្ញាណ​នៅ​ចំពោះ​មុខ​តុលាការ​ឡើយ។

លោក ឯម ច័ន្ទមករា គូស​បញ្ជាក់​ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​រក​ឃើញ​កំហុស​ នោះ​មន្ត្រី​តុលាការ​នឹង​ប្រឈម​នឹង​ការ​រង​ទណ្ឌ​កម្ម​វិន័យ​ចំនួន៣ ផ្អែក​លើ​ទំហំ​នៃ​កំហុស ដោយ​កំហុស​ទី១​ កើត​ចេញ​ពី​អចេតនា គឺ​ត្រូវ​រង​ការស្ដី​បន្ទោស​ដោយ​ផ្ទាល់ និង​ជា​សាធារណៈ ទី២ កំហុស​កើត​ចេញ​ពី​កំហុស​វិជ្ជាជីវៈ​ធ្ងន់​ធ្ងរ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ពលរដ្ឋ គឺ​ត្រូវ​រង​ការ​​ផ្លាស់​​ប្ដូរ​មុខ​តំណែង ទម្លាក់​ឋានន្តរ​សក្តិ និង​ទី៣ កំហុស​វិជ្ជា​ជីវៈ និង​ក្រម​សីល​ធម៌​ធ្ងន់​ធ្ងរ គឺ​ត្រូវ​ដាក់​ឱ្យ​ចូល​និវត្តន៍​​ដោយ​​បង្ខំ ឬ​ដក​ចេញ​ពី​ក្រប​ខ័ណ្ឌ​អង្គ​ចៅក្រម។ បន្ថែម​លើ​នេះ លោក​ថា ក្រសួង​យុត្តិ​ធម៌​មាន​តួនាទី​ត្រឹម​ការ​​ស៊ើប​​អង្កេត​ និង​បញ្ជូន​លទ្ធ​ផល​ទៅ​កាន់​ឧត្ដម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​ជា​ស្ថាប័ន​មាន​អំណាច​ក្នុង​ការ​សម្រេច។

លោក ឯម ច័ន្ទមករា ថ្លែងថា៖ «ព្រោះតា​ម​នីតិវិធី របាយ​ការណ៍​អង្កេត​ដែល​ឃើញ​កំហុស​ និង​បណ្តឹង​នេះ គឺ​ឯកឧត្ត​ម​​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ ជាពិសេស​​​គឺ​ក្រុម​ប្រឹក្សា​វិន័យ​ហ្នឹង​​តែ​​ម្តង ដែល​ជា​ស្ថាប័ន​តែ​មួយ​ដែល​មាន​សមត្ថ​កិច្ច​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ ក្នុង​ការ​កោះ​ហៅ​មន្ត្រី​នោះ​ចូល​មក​បំភ្លឺ ស្តាប់​ការ​ការ​ពារ​ខ្លួន ហើយ​និង​សម្រេច​ទណ្ឌ​កម្ម​វិន័យ​ណា​មួយ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់​ថា គ្រប់​ករណី​ទាំង​អស់​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ការ​អង្កេត​ស្រាវ​ជ្រាវ​យ៉ាង​ល្អិត​​ល្អន់ ដោយ​យន្ត​ការ​មាន​សមត្ថ​កិច្ច ក្នុង​ការ​ពិនិត្យ​មើល​ភាព​ត្រឹម​ត្រូវ​ ឬ​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​នីតិ​វិធី​របស់​​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា។ ឯ​រាល់​ពាក្យ​បណ្តឹង ឬ​ពាក្យ​សុំអ​ន្តរាគមន៍​ទាំង​នោះ តែង​ទទួល​បាន​នូវ​ការ​ពិនិត្យ និង​​ចាត់​ការ​ទៅ​តាម​នីតិវិធី​រដ្ឋបាល​ប្រកប​ដោយ​ការ​​យក​​ចិត្ត​​ទុក​​ដាក់​ ដោយ​​​ក្រសួង​​យុត្តិ​ធម៌ តែង​​ធ្វើ​ការ​​ឆ្លើយ​​តប និង​​​ដោះ​​ស្រាយ​​ក្នុង​​ក្រប​​ខណ្ឌ​​សមត្ថ​កិច្ច​​តាម​​ច្បាប់​​របស់​​ក្រសួង បន្ទា​​ប់​​ពី​ឆ្លង​​កាត់​​ការ​​ត្រួត​​ពិនិត្យ និង​​សិក្សា​​ស្រាវ​​ជ្រាវ​​​យ៉ាង​​ហ្មត់​​ចត់​ពី​សំណាក់មន្ត្រីជំនាញ។

ទាក់ទិនរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ជន​រង​គ្រោះ​ត្រូវ​ទទួល​​បាន​សំណង​រដ្ឋ​ប្ប​វេណី ប៉ះ​ប៉ូវ​ទៅ​លើ​ការ​ប៉ះ​ពាល់​ដល់​កិត្តិ​យស ការ​រង​ទុក្ខ​លំបាក​ក្នុង​ពន្ធនា​គារ និង​ការ​ខាត​បង់​​ពេល​​វេលា។ លោក​បន្ត​ថា ក្រសួង​យុត្តិ​ធម៌​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ត្រូវ​ពិនិត្យ​ឱ្យបា​ន​ហ្មត់​ចត់​លើ​ករណី​​នេះ និង​ធានា​មិន​ឱ្យ​កើត​ឡើង​ម្ដង​ទៀត ព្រោះ​វា​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស សិទ្ធិ​ទទួល​បាន​នូវ​សិទ្ធិ​សេរី​ភាព និង​សេចក្តី​ថ្លៃថ្នូរ​ផង​ដែរ។

លោក ស៊ឹង សែនករុណា ថ្លែងថា៖ «អ៊ីចឹង​យើង​អត់​ចង់​ឃើញ​ករណី​របៀប​ហ្នឹង​ចេះ​តែ​កើត​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​​កម្ពុជា​​ទេ! ការ​ដែល​មិន​អាច​បន្ត​កើត​មាន​បាន​ វា​លុះ​ត្រា​តែ​បុគ្គល​ដែល​អនុវត្ត​ច្បាប់​ទាំង​អស់ ត្រូវ​ប្រកាន់​នូវ​ភាព​យុត្តិធម៌ ស្មោះត្រង់ គុណធម៌»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ