កាសែតអន្តរជាតិម៉ុងហ្គាបេ (Mongabay) បង្ហាញរបាយការណ៍ដ៏ភ្ញាក់ផ្អើលមួយពីការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក កុក អាន។ ទីតាំងដែលត្រូវបានរកឃើញនោះ ស្ថិតនៅជុំវិញគម្រោងទំនប់វារីអគ្គិសនីឬស្សីជ្រុំកណ្ដាល ក្នុងតំបន់ជួរភ្នំក្រវាញកណ្ដាល នៃខេត្តកោះកុង។
សេចក្ដីរាយការណ៍របស់ម៉ុងហ្គាបេ កាលពីថ្ងៃទី២ ខែកញ្ញា បានយោងលើរូបភាពផ្កាយរណប ដោយបង្ហាញថា ក្រុមហ៊ុនខ្មែរអេឡិចទ្រីខល ផាវើ (Khmer Electricel Power) របស់លោក កុក អាន បានកាប់ឈើ និងធ្វើបណ្ដាញផ្លូវចូលព្រៃនៅក្រៅតំបន់ដែលអនុញ្ញាតឱ្យសម្អាតសម្រាប់អាងស្តុកទឹក រួមទាំងទីតាំងដែលមានលក្ខណៈដូចជារោងអារឈើជាដើម។
ការរកឃើញថ្មីរបស់ម៉ុងហ្គាបេ ហាក់បង្ហាញថា គម្រោងទំនប់វារីអគ្គិសនីផ្សេងៗនៅកម្ពុជា បានក្លាយជាច្រកសម្រាប់ការកាប់ឈើ និងប៉ះពាល់ដល់ធនធានធម្មជាតិកាន់តែខ្លាំង និងមិនត្រូវបានទប់ស្កាត់ និងចាត់វិធានការច្បាប់ឱ្យមានប្រសិទ្ធភាពនោះទេ។ ក្រៅពីលោក កុក អាន ក៏មានលោក គិត ម៉េង និងលោក ទ្រី ភាព ដែលធ្វើសកម្មភាពស្រដៀងគ្នានេះដែរ។ ដូចករណីនៅស្ទឹងត្រែង ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង ទទួលបន្ទុកសម្អាតព្រៃនៅបាតទំនប់វារីអគ្គិសនីសេសានក្រោម២ ជាដើម។
ម៉ុងហ្គាបេ បន្តរាយការណ៍ថា តំបន់ឧទ្យានជាតិភ្នំក្រវាញ មានព្រៃធម្មជាតិចាស់ៗ និងជាជម្រកសត្វកម្រជាច្រើនប្រភេទ ខណៈការអភិវឌ្ឍទំនប់វារីអគ្គិសនី កំពុងធ្វើឱ្យព្រៃឈើ និងជម្រកសត្វនៅតំបន់នេះរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ជុំវិញករណីលោក កុក អាន នេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញ ចំពោះប្រវត្តិចម្រូងចម្រាសរបស់លោកផងដែរ។ កាលពីខែមេសា ឆ្នាំ២០២៦ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើលោក និងបុគ្គល ឬក្រុមហ៊ុនពាក់ព័ន្ធចំនួន២៨ ដោយចោទប្រកាន់ថា ជាបណ្ដាញសម្របសម្រួល ឬផ្តល់ទីតាំងសម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា និងបានបោកប្រាស់ជនរងគ្រោះជាពលរដ្ឋអាមេរិករាប់លានដុល្លារផងដែរ។
ក្រៅពីបញ្ហាឆបោកតាមអនឡាញ លោក កុក អាន ក៏ធ្លាប់ជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លី និងជម្លោះជាមួយវិនិយោគិន និងពលរដ្ឋផងដែរ។ ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េខាងត្បូងមួយនៃគម្រោង កាំកូ ស៊ីធី (Camko City) នៅខណ្ឌទួលគោក បានចោទប្រកាន់លោក កុក អាន ពាក់ព័ន្ធនឹងការប៉ុនប៉ងយកដីក្រុមហ៊ុនជាកម្មសិទ្ធិរបស់ខ្លួនជាដើម។
យ៉ាងណាក៏ដោយ តំបន់នៅជួរភ្នំក្រវាញ មិនមែនជាករណីតែមួយដែលរងការរិះគន់ថា មានការឈូសឆាយព្រៃ បំផ្លាញជម្រកសត្វ និងបង្កផលប៉ះពាល់ដល់សហគមន៍នោះទេ។ សកម្មជនបរិស្ថាន ជំរុញឱ្យអាជ្ញាធរ និងក្រុមហ៊ុន គួរបង្ហាញជាសាធារណៈនូវគម្រោងជាក់លាក់ពីគម្រោងកាប់ព្រៃ និងមានការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីជៀសវាងកាប់ឈើទាំងនោះលើសពីការអនុញ្ញាតរបស់រដ្ឋាភិបាល។
វីអូឌី មិនទាន់អាចទាក់ទងសុំការឆ្លើយតបជុំវិញរឿងនេះ ពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក កុក អាន បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី០៤ ខែកញ្ញានេះថា ជាទូទៅ តាមការសង្កេតរបស់លោកឃើញថា គម្រោងអភិវឌ្ឍន៍ធនធានធម្មជាតិនៅកម្ពុជា ហាក់មិនទាន់ទូលំទូលាយនៅឡើយ ព្រោះក្នុងការអនុវត្តតួនាទីរបស់មន្ត្រីពាក់ព័ន្ធមួយចំនួន បណ្ដុំដោយអំពើពុករលួយ បក្ខពួកនិយមដែលធ្វើឱ្យការផ្ដល់ព័ត៌មានពីការអភិវឌ្ឍនានាមកកាន់សាធារណៈជនខ្វះតម្លាភាព។
ដូច្នេះ លោកយល់ថា បញ្ហាទាំងនេះទាមទារឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា លើការអភិវឌ្ឍគម្រោងធនធានធម្មជាតិអ្វីមួយ ត្រូវបង្ហាញសាធារណៈជនដោយភាពបើកចំហរ និងលុបបំបាត់បញ្ហាអំពើពុករលួយបក្ខពួកនិយម ដើម្បីបញ្ចៀសផលប៉ះពាល់លើប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកថា៖ «ព្រោះជាធម្មតាសម្បត្តិជាតិ យើងអត់អាចឲ្យបុគ្គលបក្ខពួកនិយមណាមួយ បុគ្គលណាមួយដែលមានអំណាចកេងប្រវ័ញ្ចយកទៅធ្វើមានបានសម្រាប់ក្រុមខ្លួនឯង ខណៈបក្ខពួកឬពូជពង្សខ្លួនឯង ប៉ុន្ដែយើងត្រូវឲ្យគាត់អភិវឌ្ឍន៍ ឬក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ និងការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ ដល់ជាតិជាសំខាន់។ កុំឲ្យមានបញ្ហាអំពើពុករលួយនៅក្នុងហ្នឹង ដូច្នេះទេ បញ្ហាប៉ះពាល់សម្រាប់សហគមន៍ បញ្ហាពាក់ព័ន្ធទៅនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិនឹងកើតមាន ហើយអ្នកដែលរងគ្រោះនោះ គឺប្រជាពលរដ្ឋនៅមូលដ្ឋាន និងប្រទេសជាតិទាំងមូលតែម្ដង»។
ជាមួយគ្នានេះ នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោក សាន់ ម៉ាឡា យល់ថា ករណីនេះរដ្ឋាភិបាលគួរចាត់វិធានការលើបុគ្គលពាក់ព័ន្ធ ក្រុមហ៊ុន ឬបុគ្គលមានអំណាច ដោយស្មើភាពគ្នា ដូចករណីអនុវត្តលើពលរដ្ឋផងដែរ ដោយមិនគិតបក្ខពួកនិយម ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការអនុវត្តច្បាប់ ព្រោះប្រសិនបើការអនុវត្តច្បាប់គ្មានតម្លាភាព នោះនឹងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការអនុវត្តច្បាប់កម្ពុជា។
លោកថា៖ «ការដែលរដ្ឋាភិបាលអល់ឯក ឬក៏មិនមានចេតនានៅក្នុងការចាត់ការបុគ្គលដែលត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកថាជាឧក្រិដ្ឋជន ឬក៏ដែលត្រូវបានគេដាក់ចូលទៅក្នុងបញ្ជីខ្មៅ វាច្បាស់ធ្វើឱ្យប្រជាពលរដ្ឋមានការមិនសប្បាយចិត្ត។ ជំនួសឱ្យទម្លាប់ដែលធ្លាប់តែទាល់ចោល ច្រានចោល ឬក៏តែងតែចាត់ទុកអ្វីដែលកាសែតអន្តរជាតិ ផ្សព្វផ្សាយថាជារឿងមិនពិត រដ្ឋគួរតែចុះទៅពិនិត្យមើល ស៊ើបអង្កេត ក៏ដូចជាប្រមូលព័ត៌មានពីប្រជាជននៅមូលដ្ឋាន»។
លោក ម៉ាឡា បន្ថែមថា ធនធានធម្មជាតិផ្តល់គុណសម្បត្តិច្រើនណាស់ សម្រាប់បម្រើជីវភាពពលរដ្ឋមូលដ្ឋាន ក៏ដូចជារួមចំណែកការប្រែប្រួលអាសកាសធាតុផងដែរ ដូច្នេះការបាត់បង់ព្រៃឈើ គឺវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ និងជីវភាពរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ។
ផ្អែកលើរបាយការណ៍ស៊ើបអង្កេត និងការផ្សាយរបស់អង្គការអន្តរជាតិ ព្រមទាំងសារព័ត៌មានឯករាជ្យនានា វិនាសកម្មព្រៃឈើនៅកម្ពុជា ត្រូវបានរកឃើញជាបន្តបន្ទាប់ថា មានការជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្លា ពីសំណាក់បុគ្គលមានអំណាច មន្ត្រីយោធាជាន់ខ្ពស់ និងក្រុមឧកញ៉ាដែលមានខ្នងបង្អែកនយោបាយ។
របាយការណ៍សំខាន់ៗចុងក្រោយបង្អស់ដែលបានលាតត្រដាងពីរឿងនេះ រួមមាន របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Mongabay ឆ្នាំ២០២៣-២០២៤។ សារព័ត៌មានបរិស្ថានអន្តរជាតិ Mongabay បានចេញផ្សាយការស៊ើបអង្កេតជាបន្តបន្ទាប់ ស្តីពីបណ្តាញជួញដូរឈើខុសច្បាប់របស់ពួកអ្នកមានឥទ្ធិពល។
ការស៊ើបអង្កេតក្នុងឆ្នាំ២០២៣ និង២០២៤ បានរកឃើញថា បុគ្គលដែលប្រើឈ្មោះក្រៅថា «ឧកញ៉ា ជ័យ» គឺជា លោក មាស សុភ័ណ្ឌណារិទ្ធ ដែលជាឧត្តមសេនីយ៍យោធាផ្កាយ៣ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ របាយការណ៍ បង្ហាញថា បណ្តាញរបស់លោកបានធ្វើសកម្មភាពកាប់ឈើខ្នាតធំនៅក្នុងតំបន់ការពារ រួមទាំងឧទ្យានជាតិវើនសៃ-សៀមប៉ាង និងដែនជម្រកសត្វព្រៃភ្នំជម្រកសត្វ។
របាយការណ៍ឆ្នាំ២០២៣ បានបង្ហាញពីការកាត់ឆ្កៀលដីព្រៃរាប់ម៉ឺនហិកតា នៅក្នុងឧទ្យានជាតិបុទុមសាគរ ឱ្យទៅក្រុមហ៊ុនកៅស៊ូរបស់កូនប្រុសលោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សកាន់អំណាច។
លើសពីនេះ របាយការណ៍របស់អង្គការ Amnesty International ឆ្នាំ២០២២ បានកត់ត្រាពីវិនាសកម្មព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ។ របាយការណ៍នេះ បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានបើកដៃ និងគប់គិតជាមួយជនល្មើសកាប់ឈើខុសច្បាប់ ព្រមទាំងបានធ្វើការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញលើសកម្មជនសហគមន៍ជនជាតិដើមភាគតិច ដែលព្យាយាមការពារព្រៃឈើទាំងនោះ៕









