ឆ្នេរអង្កោលទីដ៏មានសក្ដានុពលមួយរបស់ខេត្តកែប សម្រាប់ទាក់ទាញអ្នកទេសចរ ប៉ុន្តែបែរជាអាជ្ញាធរទុកឱ្យបរិស្ថានគម្រេចមើលមិនយល់ និងខ្វះភាពច្នៃប្រឌិតថែមទៀតផង។ ឆ្នេរនេះមានប្រវែងប្រមាណ ២គីឡូម៉ែត្រ ដែលវែងជាងឆ្នេរកែបរហូត ៣ដង ដែលសមនឹងអភិវឌ្ឍន៍ឱ្យស្រស់បំព្រង និងជាទីមនោរម្យសម្រាប់ពលរដ្ឋខ្មែរ និងបរទេសមកកម្សាន្ត។
ឆ្នេរអង្កោលស្ថិតភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាអតីតទឹកដីខេត្តកំពត។ ខេត្តនេះមានផ្ទៃដីតូចជាងគេ ហើយមានប្រជាជនតែជាង ៤ម៉ឺននាក់ប៉ុណ្ណោះ។
ពេលធ្វើដំណើរទៅដល់ឆ្នេរកែប បន្តទៅឆ្នេរអង្កោល យើងត្រូវជិះផ្លូវមាត់សមុទ្រខ្វាត់ខ្វែងយ៉ាងស្រស់ត្រកាល ក្រោមការចំណាយថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ រហូតជាង ១០លានដុល្លារអាមេរិក ពីជំនួយកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា អេឌីប៊ី (ADB) កាលពីចុងឆ្នាំ២០២៤។
យ៉ាងណា អ្នកធ្វើដំណើរកម្សាន្ត និងពលរដ្ឋនៅតំបន់នោះ សម្ដែងក្ដីរីករាយចំពោះផ្លូវមួយខ្សែជាង ១២គីឡូម៉ែត្រនេះ។ ពួកគេចតរថយន្ត និងម៉ូតូលើអង្គុយស្រូបយកខ្យល់អាកាស ថតរូបតាមដងផ្លូវមាត់ឆ្នេរថ្មីដោយទឹកមុខញញឹមញញែម។ ស្របពេលជាមួយគ្នាពួកគេក៏សម្ដែងការសោកស្ដាយចំពោះការឆកល្វែងរបស់អាជ្ញាធរខេត្តមួយនេះ ដែលហាក់មិនអើពើថែរក្សាបរិស្ថាននៅទីនោះឱ្យបានល្អប្រសើរឡើយ ហើយថែមទាំងមិនកែច្នៃភាពអំណោយផលដែលមានស្រាប់នេះឱ្យកាន់តែទាក់ទាញទៅវិញ។
ពលរដ្ឋម្នាក់រស់នៅតំបន់នោះថ្លែងសុំលាក់អត្តសញ្ញាណ បានឱ្យដឹងថា លោកសោកស្ដាយដែលអាជ្ញាធរឃុំរបស់លោកមិនទទួលខុសត្រូវឱ្យបានដិតដល់ ថែរក្សាឆ្នេរថ្មីនេះឱ្យមានបរិស្ថានល្អ និងរៀបចំកន្លែងអង្គុយកម្សាន្តឱ្យមានរបៀបរៀបរយ។ និយាយដល់ចំណុចនេះ លោកហាក់អន់ចិត្តនឹងមន្ត្រីឃុំរបស់លោកណាស់ ដែលតែងមើលបំណាំគ្នា ហើយយកពេលតែទៅតែពង្រឹងបក្ស ឬត្រឹមតែដាក់កូនចៅរបស់ខ្លួនយកភាស៊ីពីអ្នកលក់ដូរ ឬឆ្លៀតរកស៊ីយកចំណេញរៀងៗខ្លួន ដោយមិនខ្វល់ថា សំរាមទាំងថង់ប្លាស្ទិក ស្មៅដុះដេរដាស និងស្លឹករុក្ខជាតិពីក្នុងសមុទ្រកំពុងបំផ្លាញសោភ័ណភាពឆ្នេរ។
លោកមើលឃើញថា ទាល់តែពេលមានកម្មវិធីបុណ្យម្ដងៗ ទើបឃើញមានមន្ត្រីខេត្ត និងស្រុក ចុះធ្វើយុទ្ធនាការដើររើសសំរាមសម្អាតទីធ្លានោះ។ ប៉ុន្តែលោកថា ការធ្វើបែបនេះ មិនមានប្រយោជន៍ធំដុំសម្រាប់ឆ្នេរដ៏មានសក្ដានុពលនេះឡើយ។ លើសពីនេះលោកស្នើយ៉ាងទទូចដល់អាជ្ញាធរឃុំ គួរបង្កើនការយកចិត្តទុកដាក់ថែទាំ និងកែច្នៃឆ្នេរនេះឱ្យបានល្អប្រសើរ និងធ្វើជាប់ជាប្រចាំ។
ពលរដ្ឋរូបនោះ និយាយថា៖ «នៅកន្លែងឆ្នេរហ្នឹងដែរ តែគាត់ថាឱ្យមានទទួលភ្ញៀវលក់ដូរ លក់អី ដូចថា មានមានកន្លែងអញ្ចឹងណា ប៉ុន្តែខាងគាត់មិនធ្វើនេះ(សំអាតសំរាម)ផងហ្នឹង គាត់(អាជ្ញាធរ)ចាំតែទទួលយកថវិកាខ្លះអញ្ចឹងទៅហ្នឹង ប៉ុន្តែបើឱ្យធ្វើ (សំអាត)គាត់អត់ធ្វើ ហើយមានរៀបចំសណ្ដាប់ធ្នាប់អីហ្នឹង យកលុយយកអីហ្នឹងប៉ុណ្ណឹង។ បើឱ្យថារៀបរយឱ្យស្អាត ធ្វើអីអត់ទេ អត់មានទេ។ ដល់តែមានកម្មវិធីអី ខាងស្រុក ខាងខេត្ត ចាត់ទៅជួយធ្វើទាំងអស់គ្នាហ្នឹងទើបមាន»។
វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញបញ្ហាឆ្នេរអង្កោលពីអភិបាលស្រុកដំណាក់ចង្អើរ លោក ឆាង ឆៃ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានទេ គិតត្រឹមម៉ោងចេញផ្សាយនេះ។
ប៉ុន្តែកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា លោកបានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរអង្កោល ជាឆ្នេរសាធារណៈធម្មជាតិគំរូ ដើម្បីបម្រើដល់ការកម្សាន្ត ដែលជាផលិតផលទេសចរណ៍ថ្មី ក្នុងការទាញយកសក្តានុពលធម្មជាតិដោយមិនបំផ្លាញបរិស្ថាន។
កម្ពុជាមានឆ្នេរដ៏ស្រស់ស្អាត និងល្បីឈ្មោះពាសពេញពិភពលោក ក្នុងនោះមានឆ្នេរកែប ឆ្នេរខេត្តព្រះសីហនុ ដែលមានខ្សាច់សក្បុស ដូចជា ឆ្នេរអូរឈើទាល និងតាមកោះមួយចំនួន។ ចំណែកខេត្តកោះកុង ក៏មានឆ្នេរខ្សាច់សស្រស់បំព្រង រួមមានលើកោះកុងក្រៅ និងកោះស្ដេចស្ថិតនៅក្នុងគម្រោងយក្សនៃតំបន់តារាសាគរជាដើម។
ឆ្នេរអង្កោលជាទីអំណោយផលពីធម្មជាតិដ៏ថ្មីស្រឡាង។ ពេលអង្គុយ និងឈរសំឡឹងក្រោមសំឡេងគ្រាំៗនៃទឹកសមុទ្រ អ្នកមកកម្សាន្តច្បាស់ជាអណ្ដែតអណ្ដូងតាមរលកបោកបក់មិនដាច់ពីគ្នាផ្ទប់នឹងច្រាំង។ បើសម្លឹងទៅទិសខាងត្បូងឈៀងខាងលិចបន្តិច អ្នកទស្សនានឹងឃើញអតីតកោះត្រល់របស់ខ្មែរ ដែលកំពុងត្រូវបានវៀតណាមកាន់កាប់ និងអភិវឌ្ឍន៍យ៉ាងធំសម្បើមជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងទាក់ទាញ។
និយាយពីឆ្នេរអង្កោលរបស់កម្ពុជាវិញ បែរជាពោរពេញដោយសំរាម និងស្លឹកឈើពាសពេញឆ្នេរ ហើយកន្លែងអង្គុយឥតសណ្ដាប់ធ្នាប់ និងមានផ្ទះវីឡាយ៉ាងធំសម្បើមសង់ប្របមាត់ឆ្នេរកាត់ផ្ដាច់ឆ្នេរដ៏វែងអន្លាយថែមទៀត។
យុវជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា មើលឃើញថា ខេត្តដែលនៅជាប់មាត់សមុទ្រភាគច្រើនមានបញ្ហាខ្វះវិធានការគ្រប់គ្រងសំរាម និងការពារព្រៃកោងកាង ដោយសារការខ្វះឆន្ទៈរបស់មន្ត្រី និងការគ្រប់គ្រងគ្មានប្រសិទ្ធភាព។ កញ្ញាបន្តថា ករណីឆ្នេរអង្កោលជាគំរូមិនល្អរបស់ខេត្តកែប និងការខ្វះមនសិការការពារ និងថែរក្សាធនធានធម្មជាតិសមុទ្រដែលមានស្រាប់។
កញ្ញាលើកហេតុផលថា ការមិនអើពើសំអាតបរិស្ថានឆ្នេរនេះ អាចមកពីអំពើពុករលួយ ការខ្វះចំណេះដឹង និងភាពអសមត្ថភាពក្នុងការគ្រប់គ្រងធនធានទាំងអស់នោះផងដែរ ហើយបន្តិចម្ដងៗ គេអាចបំប្លែងទីនោះទៅជារីសតឯកជន ឬសង់សំណង់ផ្សេងៗជាដើម។ សកម្មជនបរិស្ថានរូបនេះ ទទូចឱ្យមន្ត្រីខេត្តជជែកដោះស្រាយបញ្ហាគ្រប់គ្រងធនធានធម្មជាតិ ដូចជា ព្រៃកោងកាង និងគ្រប់គ្រងសំរាមគ្រប់ប្រភេទ ឬអភិវឌ្ឍន៍ឆ្នេរនេះឱ្យមានប្រសិទ្ធភាព។
កញ្ញា មាន លីសា ថ្លែងថា៖ «យើងដឹងថាសំរាមហ្នឹង គឺប៉ះពាល់ដល់សុខភាពមនុស្សមែនទែន ហើយបើប៉ះពាល់ដល់សុខភាពមនុស្ស វានឹងប៉ះពាល់ដល់ការគិតច្នៃប្រឌិតដែលធ្វើឱ្យការអភិវឌ្ឍជាតិវាអត់ទៅមុខទេ បើមនុស្សមានការប៉ះពាល់ ឬក៏គេហៅថា ផាសុកភាពពួកគាត់អត់ល្អ ហើយក្រៅពីហ្នឹង វាប៉ះពាល់ដល់សត្វទៀត សត្វ ជីវៈចម្រុះ និងប្រភពទឹកហ្នឹងទៀត ប្រភពទឹកដែលមនុស្សប្រើ បើសិនសំណល់ត្រូវបានបំពុល»។
កាលពីសប្ដាហ៍មុន វីអូឌី ក៏បានរាយការណ៍ករណីព្រៃកោងកាងជាង ១០០ហិកតា ដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យកែប្រែជាតំបន់ឯកជន។ ជាង៥ឆ្នាំមកនេះ វាលព្រៃកោងកាងនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីឆ្នេរអង្កោល ប្រឈមនឹងបាត់បង់ទាំងស្រុង បើអាជ្ញាធរមិនអើពើដកហូតរក្សាទុកជាសម្បត្តិធម្មជាតិរបស់រដ្ឋ និងសម្រាប់កន្លែងត្រីពងកូនវិញនោះទេ។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា អាជ្ញាធរថែទាំឆ្នេរអង្កោល ខេត្តកែប ត្រូវមានជំនាញ និងទទួលខុសត្រូវសម្អាតបរិស្ថានឱ្យបានស្អាត ដើម្បីជាប្រយោជន៍ក្នុងសហគមន៍ និងជាប្រភពចំណូលសម្រាប់ខេត្តផងដែរ។ លោកសង្កត់ធ្ងន់ថា រឿងនេះអាចពាក់ព័ន្ធរឿងពីរ ក្នុងនោះ ទីមួយ អាចដោយសារមន្ត្រីរាជការ និងអាជ្ញាធរខេត្តរវល់តែរឿងពុករលួយ ឬគប់គិតគ្នាយកប្រយោជន៍រៀងៗខ្លួន និងទីពីរ ដោយសារមន្ត្រីរាជការរវល់តែរឿងគណបក្ស ហើយដេកចាំមិនធ្វើការអ្វីទេ បើគ្មានការជំរុញពីថ្នាក់លើ។
លោក ម៉ែន ណាត ថ្លែងថា៖ «កាលណាអត់មានបញ្ជាអត់ធ្វើ វាក្លាយជាមន្ត្រីរាជការខ្ជិលច្រអូសអត់ទទួលខុសត្រូវ បាត់បង់សីលធម៌វិជ្ជាជីវៈ បាត់បង់ក្រុមសីលធម៌ធ្វើការងារ។ សរុបឡើងវិញថា គួរតែសម្អាតស្អាតបាត ហើយមន្ត្រីរាជការទទួលខុសត្រូវលើការងារ រកប្រយោជន៍ដល់សហគមន៍ រកប្រយោជន៍ទៅដល់ប្រទេសជាតិផង ព្រោះវិស័យទេសចរណ៍វាមានសារៈសំខាន់ណាស់សម្រាប់ជាមុខមាត់ខេត្តកែបខ្លួនឯងផង ជាមុខមាត់ដល់ប្រទេសជាតិផង ហើយក៏ជាប្រយោជន៍ដល់ពលរដ្ឋខ្មែរ ក្នុងការព្យាយាមមុខរបររកស៊ីលក់ដូរនៅទីនោះអញ្ចឹងដែរ»។
បច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងសញ្ញាអាសន្នពីអំពើពុករលួយ បក្ខពួកនិយម។ របាយការណ៍អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសប្រព្រឹត្តអំពើពុករលួយខ្លាំងក្នុងចំណោម ១៨០ប្រទេស។ ការណ៍នេះ បង្កើនការព្រួយបារម្ភថា អំពើពុករលួយអាចលែងជាបញ្ហាបុគ្គលទៀតហើយ ប៉ុន្តែវាបានក្លាយជាជំងឺចាក់ឫសយ៉ាងជ្រៅ តាមរយៈបណ្តាញបក្ខពួកនិយម។ ការបារម្ភនេះ ក៏អាចជាបញ្ហាដែលឆ្នេរដ៏អំណោយផលត្រូវបានទុកចោល ហើយរដ្ឋអាចប្រគល់ឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ជាដើម។
យ៉ាងណា អតីតប្រធានសមាគមទេសចរណ៍អឺរ៉ាស៊ី (Eurasia Travel and Tourism Association) ដែលជាឥស្សរជន និងជាអ្នកជំនាញជាន់ខ្ពស់មួយរូបក្នុងវិស័យទេសចរណ៍ និងវប្បធម៌នៅកម្ពុជា លោក មឿង សុន យល់ឃើញថា ការអភិវឌ្ឍ និងការថែទាំតំបន់ឆ្នេរសមុទ្រ គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុត ព្រោះវាជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងបរទេស។ លោកថា ការរក្សាបាននូវភាពស្រស់ស្អាត និងសណ្ដាប់ធ្នាប់នៅតាមតំបន់ឆ្នេរ មិនអាចពឹងផ្អែកលើកត្តាតែមួយបានឡើយ គឺវាទាមទារឱ្យមានការចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ក្នុងនោះ លោកថា អាជ្ញាធរមានកាតព្វកិច្ចធំធេងក្នុងការផ្ដល់នូវគោលការណ៍ មធ្យោបាយ និងវិធីសាស្ត្រច្បាស់លាស់ ដើម្បីណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមថែទាំបរិស្ថាន ព្រមទាំងត្រូវរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ និងរបៀបរៀបរយឱ្យបានល្អប្រសើរ។ លើសពីនេះ រដ្ឋគួរតែបង្កើតជាសហគមន៍មូលដ្ឋាន ដើម្បីថែទាំតំបន់ទេសចរណ៍ តាមរយៈការផ្ដល់ផលប្រយោជន៍ និងឱកាសរកប្រាក់ចំណូលជូនពួកគាត់ ដូចជា ការអនុញ្ញាតឱ្យបើកកន្លែងលក់ដូរជាដើម ដើម្បីឱ្យពួកគាត់មានទឹកចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងការថែទាំតំបន់នោះវិញ។ ចំណែក ការគ្រប់គ្រងសំរាម គឺអាជ្ញាធរ និងសហគមន៍ ត្រូវសហការគ្នារៀបចំដាក់ធុងសំរាមឱ្យបានញឹកញាប់ និងជិតៗគ្នា ស្របតាមទីតាំងដែលភ្ញៀវអង្គុយលេង ព្រមទាំងត្រូវមានការប្រមូលសម្អាតជាប្រចាំ ដើម្បីជៀសវាងការបន្សល់ទុកនូវក្លិនស្អុយ និងការបំផ្លាញបរិស្ថាន។
លោក មឿង សុន បន្តថា ការរៀបចំផ្លូវថ្នល់ឱ្យបានស្អាត និងមានការដាក់ផ្លាកសញ្ញាបញ្ជាក់ច្បាស់លាស់ គឺជារឿងចាំបាច់ណាស់ ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងកសាងមុខមាត់ដ៏ល្អប្រពៃជូនដល់ប្រទេសជាតិទាំងមូល។
លោកថា៖ «ការអភិវឌ្ឍឆ្នេរសមុទ្រឱ្យស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរ មានផ្លូវធ្វើដំណើរទៅស្អាត អាហ្នឹងវាជាការចាំបាច់ណាស់ តែអាស្រ័យនូវការថែទាំ ឱ្យឆ្នេរហ្នឹងឱ្យស្អាត ផ្លូវហ្នឹងឱ្យធ្វើដំណើរក៏ឱ្យស្អាត ហើយប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងអាជ្ញាធរ ឱ្យមានសណ្ដាប់ធ្នាប់ មានក្រុមសីលធម៌ឱ្យល្អ កុំរកស៊ីលក់ដូរខ្វះសីលធម៌ ទាំងអាជ្ញាធរមូលដ្ឋានអត់មានរបៀប អាហ្នឹងក៏អត់គ្រប់គ្រាន់ដែរ»។
ក្រៅពីទេសចរណ៍តំបន់ឆ្នេរ អ្នកជំនាញ មើលឃើញថា កម្ពុជាមានសក្តានុពលខ្ពស់សម្រាប់ទេសចរណ៍ធម្មជាតិ ពិសេសតំបន់ជួរភ្នំក្រវាញ ព្រៃឈើ ទឹកជ្រោះ តំបន់សើម និងតំបន់អេកូទេសចរណ៍សហគមន៍ជាដើម។ ធនាគារពិភពលោក ក៏បានណែនាំឱ្យកម្ពុជាពង្រីកការទាក់ទាញភ្ញៀវឱ្យស្នាក់នៅយូរ និងបង្កើតចំណូលដល់សហគមន៍ជនបទ។ យ៉ាងណា អ្នកជំនាញ ព្រមានថា ការអភិវឌ្ឍឈានទៅកាប់បំផ្លាញធនធានព្រៃឈើ បំផ្លាញព្រៃកោងកាង បូមខ្សាច់លក់ទៅបរទេស ដែលជាទ្រព្យសម្បត្តិស្នូលរបស់ទេសចរណ៍ធម្មជាតិនោះ កម្ពុជាអាចបាត់បង់ទាំងធនធាន និងឱកាសក្លាយជាគោលដៅទេសចរណ៍នៅក្នុងតំបន់ និងពិភពលោកទៅថ្ងៃអនាគតជាក់ជាពុំខាន៕









