អ្នកឃ្លាំ​មើល៖ ការ​​បន្ត​ផ្តន្ទា​ទោស​​អ្ន​ក​​និយាយ​រឿង​CLV នឹង​​​​​​ធ្វើ​​ឱ្យ​កម្ពុជា​​រង​ការ​​រិះ​គន់​​បន្ថែ​ម​​​ពី​អន្តរ​ជាតិ

អ្នក​ឃ្លាំមើ​ល ចាត់​ទុក​ការ​​​ផ្តន្ទា​ទោស​​​ទៅ​លើ​​យុវជន សកម្ម​ជន ​និ​ង​​ពលរដ្ឋ​​​​​​ជា​​បន្ត​បន្ទាប់ ដោយ​​ចោទ​ពី​បទ​ រួម​គំនិត​​ក្បត់ ដោយ​សារ​​​តែ​ភាព​​សកម្ម​​របស់​ពួក​គេ​​ក្នុង​ការ​​សម្តែង​​មតិ​​រឿង​​ព្រំដែន និង​​សង្គម​​នោះ​ ថា​​​ជា​រឿង​​​​អយុត្តិ​ធម៌ មាន​​ភាព​ធ្ងន់​​ធ្ងរ និង​ជា​ការ​​​ប្រើ​​ប្រាស់​​ប្រព័ន្ធ​តុលាការ​ ជា​​ឈ្នាន់​​នយោបាយ​​​​ដាក់​​សម្ពាធ​​​លើ​​អ្នក​​​ដែល​​​ហ៊ាន​​​​រិះ​​គន់ ពី​សំណាក់​​រដ្ឋាភិ​បាល​​លោក ហ៊ុន ម៉ាណែត។ ​

ការ​រិះគន់លើ​ការ​គ្រប់គ្រង​រដ្ឋ និង​ប្រព័ន្ធ​តុលាការ​ជា​ថ្មីនេះ បានធ្វើឡើង​ក្រោយពីសាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៦​ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​យុវជន ធី ថន អាយុ ២៥ ឆ្នាំ និង​ពលរដ្ឋ​ពីរ​នាក់​ផ្សេង​​ទៀត គឺ​អ្នកស្រី ស៊ឹង គន្ធ និង​លោក មាន​ ចាន់​ថន ដាក់ពន្ធនាគារ ៧ឆ្នាំ ​ពីបទ រួម​​គំនិត​​ក្បត់ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​​ការណ៍​​តវ៉ា និង​រិះ​គន់​ជុំវិញ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​នៃ​តំបន់​ត្រីកោណ​​អភិវឌ្ឍន៍​ កម្ពុជា វៀត​ណាម និង​ឡាវ (CLV-DTA) ក្នុង​ឆ្នាំ​២០២៤។ នេះបើតាម​ការ​ចេញផ្សាយ​អត្ថបទខ្លី​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ។

យុវជន ធី ថន ត្រូវបានអាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ខែ​សីហា ឆ្នាំ​២០២៤ អំឡុង​ពេល​ដែល​អាជ្ញាធរ​កំពុង​អនុវត្ត​យុទ្ធ​នា​ការ​បង្ក្រាប​ការ​តវ៉ា​ជា​សាធារណៈ​របស់​ប្រជា​ពលរដ្ឋ ដោយ​ជំទាស់​នឹង​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិ​ការ​នៃ​តំបន់​ត្រីកោណ​​​អភិវឌ្ឍន៍​កម្ពុជា វៀត​ណាម និង​ឡាវ (CLV-DTA) ដែល​ក្រោយ​មក​រដ្ឋសភា និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ។ ចំណែក​ អ្នកស្រី គន្ធា និង​លោក ចាន់ថុន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ក្នុង​​ប្រទេស​​ថៃ និង​​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ជុំវិញ​​ការ​រិះគ​ន់​ពីកិច្ច​ព្រម​ព្រៀង​នេះ​ដូចគ្នា។​

បើតាមលីកាដូ យុវជន ធី ថន អ្នក​ស្រី ស៊ឹង គន្ធា និងលោក មាន ចាន់ថុន ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​អ្នក​ជាប់​ឃុំដោ​យ​ប្រើ​សិទ្ធិ​ចំនួន ១១៧ នាក់ ដែល​ត្រូវ​ជាប់​ឃុំដោ​យ​ការ​ប្រើ​សិទ្ធិ​បញ្ចញ​មតិ​របស់​ពួក​គេ។

លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើ​ងនៅ​ថ្ងៃទី​០៤ ខែកញ្ញា​នេះ​ថា ការ​បន្តចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និង​ផ្តន្ទាទោសជា​បន្តបន្ទាប់​​​ទៅលើ​យុវជន សកម្មជន​ និង​ពលរដ្ឋ​ ដែល​សកម្ម​ ​រឿង​​សង្គម ព្រំដែន និង​បរិស្ថានជា​ដើមនេះ ​​បាន​ឆ្លុះបញ្ចាំង​ថា ប្រព័ន្ធ​ច្បាប់​នៅកម្ពុជា នៅមានភាព​ទន់​ខ្សោយ មិន​​ឯករាជ្យ និង​ស្ថិត​ក្រោមអំណាច​របស់​គណបក្ស​ប្រជាជនកម្ពុជា។

លោក​បន្តថា ករណី​នេះ ក៏ឆ្លុះបញ្ចាំង​ផងដែរថា ការ​ដឹកនាំ​​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នេះក៏មិន​ខុស​ពីការ​ដឹកនាំ​របស់​​លោក ហ៊ុន សែន ដែលជា​ឪពុក​របស់លោក​ផងដែរ ដែលតែង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ជា​ឈ្នាន់នយោបាយ គាប​សង្កត់ទៅលើ​​​អ្នកដែលហ៊ាន​រិះគន់​ ឬអ្នក​​ដែល​មានមតិផ្ទុយ​នឹង​ខ្លួន។​​

លោក​បន្តថា៖ «អ្នករួមគំនិត​ហ្នឹងពិត​ប្រាកដ​ គឺ​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង​ហើយ​​ មិន​មែន​​សកម្ម​​ជន​​បរិស្ថាន ឬក៏សកម្ម​ជន​សង្គម​ដែល​រិះគន់ពីបញ្ហា​ CLV ពី​បញ្ហា​ព្រំដែន​នោះ​ទេ​​ ព្រោះ​យើង​ដឹង​ហើយ​​​ថា លោក ហ៊ុន សែន បានកាត់​ទឹកដីខ្មែរ​យើង​ទៅឱ្យ​វៀតណាមតាមអនុសញ្ញាបំពេញ​បន្ថែម​​ឆ្នាំ​២០០៥ ដែល​យក​អនុសញ្ញា​ព្រំដែន​​ខុស​ច្បាប់ឆ្នាំ​១៩៨៥ សម័យ​វៀតណាមត្រួត​ត្រា​ ហើយ​លោក ហ៊ុន ម៉ាណែត បានធ្វើ​ឱ្យ​បាត់​បង់ទឹកដីខ្មែរ​យើង​ចំនួន ៧៦ទីតាំង​ទៅថៃ ហើយ​មិនព្រម​ប្តឹង​ថៃ​ទៅតុលាការ​អន្តរជាតិ​ទៀត​​​​ ដូច្នេះមានន័យថាត្រកូល​ហ៊ុន​​ហ្នឹងហើយ ​​គឺជា​​​​អ្នក​គប់គិតជាមួយ​បរទេស​ ដើម្បីកាត់​ទឹកដី​ខ្មែរ​យើ​ងហ្នឹ​ងទៅ​ឱ្យ​បរទេស​ជិត​ខាង​ហ្នឹង​​ ឱ្យ​ជួយ​​ការ​ពារ​អំណាច​ផ្តាច់​ការតពូជ​​របស់​ត្រកូលហ៊ុនណា»។

ប្រធាន​អង្គការប្រជាធិបតេយ្យ​ខ្មែរ​ ដែលមានមូលដ្ឋាននៅប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា យល់​​​​​​ឃើញ​​​​ថា​ ការ​​ផ្តន្ទា​ទោស​​ទៅលើ​​យុវជន និង​​ពលរដ្ឋ​​ដែល​​បញ្ចេញ​មតិ​រឿង​​កិច្ច​ព្រម​ព្រៀង​​​ CLV ដែលរដ្ឋាភិបាល​​​បាន​លុប​​ចោល​​ទៅ​ហើយ​​នោះ ដល់​ទៅ​៧ឆ្នាំ​ ដោយចោទពីបទ​ក្បត់ជាតិនេះ ​គឺជា​រឿង​ហួស​ហេតុ និង​មិនស្រប​ទៅតាម​អង្គហេតុ ខណៈ​ដែលរដ្ឋធម្ម​នុញ្ញ បាន​ចែង​យ៉ាង​ច្បាស់ថា ពលរដ្ឋ​គ្រប់​រូប​មានសិទ្ធិ​​ក្នុង​កា​រ​ចូល​រួម​ជីវភាពនយោបាយ សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌ជា​ដើម។

លោកថា ការ​ឈឺឆ្អាល​រឿង​ប្រទេស​ជាតិរបស់យុវជន របស់​​​ប្រជាពលរដ្ឋ គួរណាស់តែ​មានការលើក​ទឹកចិត្ត​ ប៉ុន្តែ​បែរ​ជា​​អ្នក​ទាំង​នោះ​​រង​នូវការ​ចាប់​ខ្លួនដាក់ពន្ធនាគារ​ទៅវិញ ហើយ​អ្នក​ដែលដឹកនាំប្រទេស​ធ្លាក់ទៅក្នុង​គ្រោះថ្នាក់ អសន្តិ​សុខ​​កើត​​មានបទល្មើសឆបោក​តាមអនឡាញ​ និង​បាត់​បង់ទឹកដីជា​ដើមនោះ បែរជា​មិន​មាន​ទោស​ពៃរ៍​។​

លោក ស៊ឹង សែនករុណា ថ្លែង​ថា៖ «ចឹងបើ​​សិន​ជា​​​ការ​ដឹកនាំ​រដ្ឋ អ្នក​ដែលមាន​អំណាច​សម្រេច​ដឹកនាំ​រដ្ឋ គ្រប់គ្រង​រដ្ឋ ដោយអត់បាន​ការ​ពារ​នូវ​ផល​ប្រយោជន៍​ កា​រពារ​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ […] ហើយ​បើសិនជា​​​ដឹកនាំប្រទេស​ជាតិ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​ថ្នាក់​ បំផ្លាញជាតិ បំផ្លាញ​​​ធនធាន​ បាត់​បង់ទឹកដី មិន​គោរព​តាម​ស្មារតីនៃកិច្ចព្រមព្រៀង​ក្រុង​​​ប៉ារីស​ មិនគោរព​តាម​ស្មារតី​នៃរដ្ឋ​ធម្ម​នុញ្ញ ខ្ញុំយល់ថា អ្នក​ដែលមិនគោរព​ទៅវិញទេ ដែល​ប្រព្រឹត្ត​​នូ​​វ​អំពើ​ក្បត់​ជាតិ ពីព្រោះ​ថាមិនបានដឹកនាំ​ឱ្យរីកចម្រើន មិន​បានដឹកនាំឱ្យមានការ​ការ​​ពារ​ជាតិ​​ហើយ​បំផ្លាញជាតិទៅទៀត យក​​ទៅធ្វើ​មានបានជាបុគ្គល​ ជាគ្រួសារ​​ បក្ខពួក​និយមតែមួយក្តាប់តូច​តែ​ប៉ុណ្ណឹង​ ហើយ​​ទុក្ខ​ឱ្យពលរដ្ឋ​រស់​នៅរង​ទុក្ខ​វេទនា»។

ស្របពេលគ្នានេះដែរ សកម្មជន​ចលនាមាតាធម្មជាតិ ក៏បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​សកម្មជនសង្គម លោក ធី ថន និង​បញ្ឈប់​ការ​យក​ពលរដ្ឋ​ខ្មែរ​ជា​សត្រូវ។

ចលនាមាតាធម្មជាតិ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក​ នៅថ្ងៃទី០៣ ខែកញ្ញា​ថា៖ «យើង​សង្ឃឹម​​​​ថា លោក ហ៊ុន ម៉ាណែត នឹង​ពិចារណា​​ចំណុចនេះ គិត​​អំពី​​ប្រជា​ពលរដ្ឋ និង​យុវជន​ជាតិ​យើង​ ហើយ​បញ្ឈប់​ការ​យក​ជាតិ​សាសន៍​​ឯង​​ជា​​សត្រូវ។ សូម​ឱ្យ​រឿង​នេះ​បញ្ចប់​ត្រឹម​ជំនាន់​ដឹក​នាំរ​បស់​លោក»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿង​នេះ ពីអ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​សុក្រនេះ។

ពាក់ព័ន្ធ​នឹង​​​​រឿង​តំបន់​​ត្រីកោណ​​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម CLV-DTA វិញ​​​គឺ​​មាន​មនុស្ស​​​​ប្រហែល ១០០​​នាក់ ត្រូវ​បាន​ចាប់ខ្លួនចាប់តាំងពីចុង​ខែកក្កដា ឆ្នាំ​២០២៤ ហើយជាមួយគ្នា​​​នោះ មាន​ជាង ៦០​​នាក់ ដែល​​​ត្រូវ​បាន​ចោទ​ប្រកាន់ និងដាក់ពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វ​​​ផ្សាយ​​​សង្គម ផែនការប្រមូល​​ផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ក្នុង​នោះមានទាំង​សកម្ម​ជន​ផ្សព្វផ្សាយកិច្ច​ព្រម​ព្រៀង​សន្តិ​ភាពទីក្រុង​ប៉ារីស​២៣តុលា​នេះ​ផងដែរ​​​។

ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបាន​បង្កើត​ព័ត៌មាន​«បំភ្លៃ» និង«ប្រឌិត​» ​ដោយ​​មាន​ចេតនា​​​ទុច្ចរិត ញុះ​ញង់​ឱ្យ​មាន​ការ​ខឹង​សម្បារ​ប្រឆាំង​នឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

តែយ៉ាងណា ក្រោយមក​​រដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាល​ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២៤ បន្ទាប់​ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម។

នាយកទទួលបន្ទុក​កិច្ច​ការ​ទូទៅនៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក​ អំ សំអាត បានកត់​សម្គាល់ថា បើទោះជារដ្ឋាភិ​បាល​​បាន​ប្រកាសដក​ខ្លួន​ចេញពីកិច្ចព្រៀង CLV-DTA នេះជិត​២ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​​ចាប់​ខ្លួនពាក់ព័ន្ធនឹង​​​ព្រឹត្តការណ៍នេះ នៅតែ​បន្តជាប់ឃុំ និងមានការ​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​ ដូចជាបច្ចុប្បន្ន​​មានការ​ផ្តន្ទាទោស​​ទៅលើយុវជន ធី ថន និងពលរដ្ឋ​២នាក់​ទៀត​​នេះ ហើយ​អ្នកជាប់​ឃុំ​មួយ​ចំនួន ក៏ត្រូវ​អនុវត្ត​ទោស​រហូត​ដល់​ចប់ ទើប​មានការ​ដោះលែងពួកគេ​ឱ្យ​មានសេរីភាព​វិញ។​

លោក​បារម្ភ​ថា ការបន្តផ្តន្ទាទោស​ទៅ​សកម្មជនសង្គម ជុំវិញរឿង​ CLV-DTA នឹង​បង្កឱ្យ​កម្ពុជា​រង​ការ​រិះគន់​កាន់តែ​ខ្លាំង​ថែមទៀត ពីសហគមន៍​អន្តរជាតិ ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា។

លោកថា៖ «ចឹង​បើសិនជា​ការ​បន្ត​ការ​ចាប់ខ្លួន ការ​ផ្តន្ទាទោស ហើយ​​ជា​ពិសេស​​អ្នកដែលបានផ្តល់​ទោស ទាក់​​​ទង​នឹង​បញ្ហា​​​ព្រឹត្តិ​ការណ៍​ CLV ហ្នឹង ត្រូវ​បាន​ផ្តន្ទា​ទោសបន្ត​ទៀត​​​ ខ្ញុំយល់ថា មានរឿង​មិនល្អដែរសម្រាប់​​​​កម្ពុជា នឹង​អាច​ទទួល​បានរិះគន់​ច្រើន ហើយ​នៅ​ជា​ការ​កត់​សម្គាល់​ ហើយ​នៅជា​ការលើកឡើង​​ទាក់​ទង​​​នឹងកា​រអនុវត្ត​ទៅលើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សេរីភាព​ជា​មូលដ្ឋាន ហើយ​និង​សេរីភាព​នយោ​បាយ សេរីភាព​សារ​ព័ត៌មានអីជា​ដើមហ្នឹង ​​តទៅ​ទៀត»។

ក្នុងទិដ្ឋភាពនីតិរដ្ឋ របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ​​២០២៥ របស់​គម្រោង​យុត្តិ​ធម៌​ពិភព​លោក​ បាន​​បង្ហាញ​​ភស្តុ​​តាង​​​​​​​ថា ប្រព័ន្ធ​​យុត្តិ​ធម៌​នៅ​កម្ពុជា ត្រូវ​បាន​បាត់​បង់​ឯករាជ្យ​ភាព​ទាំង​ស្រុង ហើយ​​​ត្រូវ​បាន​ជំនួស​មក​វិញ ដោយ​​ការ​ប្រើ​​ប្រាស់​​ច្បាប់ ដើម្បី​​​ការ​ពារ​ផល​ប្រយោជន៍​បក្ខ​ពួក និង​បង្ក្រាប​សំឡេង​រិះ​គន់។ ស្ថាន​ភាព​នេះ បង្កើត​នូវ​បរិយា​​កាស​​អវិជ្ជ​មាន សម្រាប់​វិស័យ​សេដ្ឋ​កិច្ច ព្រោះ​អ្នក​វិនិ​យោគ ដែល​មាន​គុណភា​ព​តែង​តែផ្ត​ល់​អាទិ​ភាព លើ​​ប្រទេស​​ដែល​​​មាន​​ប្រព័ន្ធ​​ច្បាប់​​ច្បាស់​​លាស់។

ទន្ទឹម​នឹងនេះ របាយ​ការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ​​២០២៦ របស់​អង្គ​ការ Freedom House ក៏​បាន​ចាត់​ថ្នាក់​កម្ពុជា ជា​ប្រទេស​​គ្មាន​សេរី​ភាព ដែល​ឆ្លុះប​ញ្ចាំង​ពី​ការ​រឹត​ត្បិត​សិទ្ធិ​នយោ​បាយ​ និង​សេរី​ភាព​ស៊ីវិល​យ៉ាង​ធ្ងន់​ធ្ងរ ក្រោម​​​​​លេ​ស​​នៃកា​រ​រក្សា​សន្តិ​សុខ​ជាតិ និង​ស្ថិរ​ភាព​នយោ​បាយ​របស់​បក្ខ​ពួក​និយម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ