ការបាត់បង់ទឹកដីទៅប្រទេសជិតខាង រួមទាំងវិបត្តិបំណុលពលរដ្ឋ ដែលបានកើតឡើងលើពលរដ្ឋរាប់ពាន់គ្រួសារនាពេលបច្ចុប្បន្ន ត្រូវបានក្រុមអ្នកតាមដានចោទថា ជាកំហុសមេដឹកនាំបក្សកាន់អំណាចទំាងស្រុង ព្រោះបានប្រើប្រព័ន្ធតុលាការបំបែកបំបាក់ជាតិ ដើម្បីសម្រេចផែនការស្នងអំណាចតពូជ ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រពីបក្សប្រឆាំង បាននិយាយថា មូលហេតុចម្បងមួយ ដែលថៃអាចវាយដណ្តើមកាន់កាប់ដីខ្មែរ ៧៦ទីតាំង គឺកត្តាបែកបាក់ជាតិ ក្រោយពីលោក ហ៊ុន សែន ប្រើតុលាការរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយ ចាប់ពីចុងឆ្នាំ២០១៧។ លោកថា មូលហេតុនេះ ធ្វើឱ្យខ្មែរចុះខ្សោយ ជាឱកាសរបស់បរទេសឈ្លានពាន។
លោកថា៖ «លោក ហ៊ុន សែន អត់មានបានពង្រឹងវិស័យយោធាផង ពង្រឹងតែក្រុមអង្គរក្ស និងក្រុមបង្ក្រាបបាតុកម្មដែលបង្ក្រាបខ្មែរ អញ្ចឹងមានអាវុធសព្វាវុធណាដើម្បីទប់ជាមួយគេ? អញ្ចឹងនៅពេលដែលមានសង្គ្រាមហ្នឹង គឺថៃ… វាយយកទឹកដីខ្មែរយើង ហើយ… ក្រោយសង្គ្រាមហ្នឹង ជ្រៀតជ្រែករំលោភយកទឹកដីខ្មែរយើងទៀត រហូតដល់ ៧៦ ទីតាំង ឃើញទេ?»។
លើសពីនេះ លោកបានបង្ហោះសារនៅលើហ្វេសប៊ុកនៅថ្ងៃទី៣ខែកញ្ញានេះថា «កំហុសនៃការបាត់បង់ទឹកដីខ្មែរ ៧៦ទីតាំង គឺលោក ហ៊ុន សែន ទាំងស្រុង ព្រោះគាត់រំលាយគណបក្សសង្រ្គោះជាតិ ដឹកនាំផ្តាច់ការនិងការបង្កជម្លោះបងប្អូនធម៌ជាមួយលោក ថាក់ស៊ីន»។
សម្រាប់លោក អ៊ុំ សំអាន កម្ពុជាគ្មានសង្ឃឹមបានទឹកដីពីថៃចំនួន ៧៦ទីតាំង ពីថៃមកវិញនោះទេ បើលោក ហ៊ុន សែន បន្តចាប់ខ្មែរដាក់គុក ដើម្បីពង្រឹងអំណាច ហើយមិនប្តឹងថៃ ទៅតុលាការអន្តរជាតិឱ្យបានទាន់ពេលទេនោះ។
ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ថៃបានចិញ្ចឹមចិត្តលេបទឹកដីកម្ពុជាច្រើនទសវត្សរ៍មកហើយ មិនមែនជាមូលហេតុចម្បងមកពីការរំលាយសង្គ្រោះជាតិទេ ប៉ុន្តែអ្វីលោកគិតថាថៃអាចឈ្លានពានទឹកដីខ្មែរបាន គឺមកពីការសម្ចាត់ខ្មែរគ្នាឯងដើម្បីក្តោបអំណាចតពូជ ដែលលោកគិតថា ចរន្តនេះធ្វើឱ្យខ្មែរបែកបាក់ ហើយចុះខ្សោយ រហូតភ្លេចគិតពង្រឹងវិស័យការពារជាតិដើម្បីទប់ទល់ទៅនឹងសត្រូវឈ្លានពានទឹកដី។
លោកថា៖ «អ្វីដែលយើងចង់ឆ្លុះបញ្ចាំង គឺដោយសារចិត្តគំនិតរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹងគិតតែពីអំណាចផ្ទាល់ខ្លួន ក្រុមគ្រួសារនិយម និងអំពើពុករលួយ ភ្លេចគិតអំពីការពង្រឹងស្មារតីជាតិ ឯកភាពជាតិ ភ្លេចគិតអំពីការពង្រឹងវិស័យយោធា វិស័យសេដ្ឋកិច្ច វិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជាហ្នឹង។ ចឹងហើយដែលធ្វើឱ្យខ្មែរហ្នឹងវាធ្លាក់ចុះខ្សោយ នាំមកឱ្យប្រទេសជិតខាង ទាំងយួន និងទាំងសៀមហ្នឹង គឺបើកការឈ្លានពានយ៉ាងកគ្រើក»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានអះអាងថា លោកមិនចាប់អារម្មណ៍ឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះទេ។
លោកថា៖ «ព្រោះខ្ញុំមិនចង់ឆ្លើយតបទៅនឹងក្រុមជនជ្រុលនិយមប៉ុន្មាននាក់ហ្នឹងទេ ព្រោះមួយថ្ងៃៗសកម្មភាពរបស់គេ គ្មានអ្វីចំណេញសម្រាប់ប្រទេសជាតិទេ… អញ្ចឹងខ្ញុំមិនចាប់អារម្មណ៍ទេបាទ!»។
យ៉ាងនេះក្តី ប្រធានអង្គការប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យ គណបក្សប្រឆាំងបានដើរតួនាទីសំខាន់ក្នុងការជំរុញតម្លាភាពសង្គម ដើម្បីទប់កុំឱ្យបក្សកាន់អំណាច ធ្វើអ្វីៗស្រេចតែនឹងចិត្ត។
ក្នុងន័យនេះ លោកសំអាងថា នៅពេលដែលមានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានអាសនៈក្នុងសភា គណបក្សកាន់អំណាចមិនហ៊ានដឹកនាំប្រទេសបែបធ្វើអីតាមចិត្ត ដើម្បីតែប្រយោជន៍បក្ខពួកដូចបច្ចុប្បន្ននេះទេ។
សម្រាប់លោក ករុណា ការក្តោបអំណាចបែបបក្ខពួកនិយម ធ្វើអ្វីតាមចិត្ត គ្មានប្រព័ន្ធត្រួតពិនិត្យអំណាចនេះហើយដែលធ្វើឱ្យកម្ពុជាប៉ុន្មានឆ្នាំមកនេះ មានឈ្មោះមិនល្អ ទាំងវិស័យសិទ្ធិមនុសុ្ស ប្រជាធិបតេយ្យ និងការរីករាលដាលនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាដើម។
លោកថា៖ «ចឹងបើសិនជាគណបក្សប្រឆាំងនៅ គឺ… គណបក្សសង្គ្រោះជាតិនៅ គឺមានការប្រកួតប្រជែងដោយមានការភ័យខ្លាច ដោយអត់ហ៊ានសម្រេចចិត្តផ្តេសផ្តាសនោះទេ គឺសភា សមាជិកសភានៅមានសំឡេងទប់ទល់គ្នាបាន ហើយប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ ក៏មានចំនួនច្រើនដែរ។ ចឹងវាអាចមានតុល្យភាពគ្នាក្នុងការប្រកួតប្រជែងអំណាច នៅក្នុងការដឹកនាំប្រទេស ក៏ប៉ុន្តែបច្ចុប្បន្នខ្ញុំមើលមិនឃើញទេបាទ»។
សេចក្តីរាយការណ៍នានា បានរកឃើញថា យុទ្ធការកម្ចាត់សំឡេងឯករាជ្យ ដើម្បីក្តោបអំណាចនៅកម្ពុជា មិនត្រឹមធ្វើឱ្យប្រទេសជិតខាងសម្រេចមហិច្ឆតាលេបទឹកដីខ្មែរប៉ុណ្ណោះទេ ធ្វើឱ្យពលរដ្ឋជាច្រើនម៉ឺនគ្រួសារកំពុងជួបវិបត្តិបំណុលច្រើនឆ្នាំមកនេះ ដោយសារតែរងគ្រោះពីអំពើឆបោក ពីក្រុមឧកញ៉ាខិលខូច ដូចជាជនរងគ្រោះជាង ១ពាន់គ្រួសារ ចាញ់បោកក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង រាប់ពាន់គ្រួសារទៀត ចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ី របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុនឡេង ណាវ៉ាត្រា និងក្រុមហ៊ុនហួយវ័ន ផេ របស់លោក ហ៊ុន តូ ក្មួយលោក ហ៊ុន សែន ជាដើម។
យោងតាមរបាយការណ៍ស៊ើបអង្កេត អាមេរិកបានរកឃើញថា លោក ហ៊ុន តូ និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងលោក មានការជាប់ជំពាក់វាក់វិននៅក្នុងបទឧក្រិដ្ឋលាងលុយកខ្វក់ ក្នុងកម្រិតទឹកប្រាក់រាប់ពាន់លានដុល្លារ។
ក្រសួងសេដ្ឋកិច្ចអាមេរិក បង្ហាញថា បណ្ដាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក (FinCEN) បានរកឃើញថា ក្រុមហ៊ុន Huione ដែលត្រូវបានគេដឹងថា មានការពាក់ព័ន្ធនឹងលោក ហ៊ុន តូ បានលាងលុយកខ្វក់យ៉ាងហោចណាស់ចំនួន ៤ពាន់លានដុល្លារអាមេរិក នៅចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥។
ប្រភពនៃទឹកប្រាក់ ក្នុងចំណោមលុយទាំង ៤ពាន់លានដុល្លារនោះ ត្រូវបានរកឃើញថា យ៉ាងហោចណាស់មានចំនួន ៣៧លានដុល្លារ បានមកពីក្រុមចោរព័ត៌មានវិទ្យា (Hackers) និងសកម្មភាពខុសច្បាប់ផ្សេងទៀត ដូចជា រូបិយប័ណ្ណគ្រីបតូ (Crypto) ជាដើម។
ក្រោយរកឃើញ ក្រសួងសេដ្ឋកិច្ចអាមេរិក បានស្នើឱ្យមានការបង្ខាំងក្រុមហ៊ុន Huione នេះ មិនឱ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុ ឬធ្វើប្រតិបត្តិការនានានោះឡើយ៕









