សន្ទុះនៃការងើបតវ៉ាប្រឆាំងនឹងភាពមិនប្រក្រតីរបស់មន្ត្រីអនុវត្តច្បាប់ ក្រោមការដឹកនាំបែបបក្ខពួក និងគ្រួសារនិយមរបស់គ្រួសាររបស់លោក ហ៊ុន សែន បានកើនឡើងគួរឱ្យកត់សម្គាល់។
ពួកគេអះអាងថា ការហ៊ានចេញមុខប្រឆាំងដោយបើកចំហនេះ ដោយសារកំពុងរងភាពយុត្តិធម៌ ដូចជា ការចាប់ខ្លួនដោយបង្ខំមិនបង្ហាញដីកា និងការឃុំខ្លួនទាំងគ្មានភស្តុតាងដោយខុសច្បាប់ ព្រមទាំងធ្វើឱ្យពលរដ្ឋបាត់បង់ជីវិតជាដើម។
បើយោងតាមហ្វេសប៊ុកអ្នកស្រី ជា ស្រីពេជ្រ សរសេរនិងផ្សាយផ្ទាល់ជាវីដេអូ កាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែកញ្ញា បានឱ្យដឹងថា មានមន្ត្រីចរាចរណ៍ ៣រូប មកវាយខ្នោះប្ដីអ្នកស្រី គឺលោក ស្រស់ ថាវ័ន្ត ដល់មុខផ្ទះ នៅខណ្ឌឫស្សីកែវ បម្រុងរុញចូលរថយន្ត បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការចោទថា នាំខ្លួនតាមដីការបស់តុលាការ។
ក្នុងវីដេអូនោះអ្នកស្រីបានឈ្លោះប្រកែក និងហាមមិនឱ្យសមត្ថកិច្ចនាំខ្លួនស្វាមីឡើយ ដោយអ្នកស្រី និងក្រុមគ្រួសារសួររកដីកានាំខ្លួន តែមន្ត្រីប៉ូលិសគ្មានដីកាបង្ហាញដល់ពួកគេ។ អស់រយៈជិត ២ម៉ោង សមត្ថកិច្ចបាននាំកងកម្លាំងកាន់តែច្រើនមកទីតាំងនោះ ខណៈស្នងការរងផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហេង រតនា ចុះមកអន្តរាគមន៍ទាំងគេអះអាងថាស្រវឹងជោគជាំ។
ទោះយ៉ាងណា ការប៉ុនប៉ងចាប់ពលរដ្ឋរូបនេះ មិនបានសម្រេចទេ ហើយលោក ហេង រតនា បានសម្រេចដោះខ្នោះដៃពីលោក ស្រស់ ថាវ័ន្ត នៅយប់ថ្ងៃដដែលនោះ ក្រោយពលរដ្ឋចោមរោមកាន់តែច្រើន។
វីអូឌី មិនអាចសុំការពន្យល់លម្អិតពីអ្នកស្រី ជា ស្រីពេជ្រ បានទេនៅថ្ងៃទី៧ ខែកញ្ញា ដោយអ្នកស្រីចុចបិទទូរស័ព្ទ។ ស្ត្រីជាប្រពន្ធរូបនេះ បានអះអាងលើការផ្សាយផ្ទាល់ថា អ្នកបើករថយន្តដឹកទំនិញខ្លួន បានប៉ះនារីម្នាក់ជិះម៉ូតូតាមផ្លូវស្របគ្នាបណ្ដាលឱ្យបាក់ដៃ និងឈានទៅប្ដឹងទាមទារសំណង រហូតមានដីកាឱ្យចូលបំភ្លឺនៅមុនថ្ងៃទី២២ ខែកញ្ញានេះ។ អ្នកស្រី ជា ស្រីពៅ ថា ខ្លួនបានចាត់មេធាវីជាតំណាងចូលបំភ្លឺ និងដោះស្រាយ ៣ដងហើយ តែមិនទាន់បញ្ចប់។
កាសែតក្នុងស្រុកចុះផ្សាយនៅថ្ងៃនេះថា អ្នកស្រី ជា ស្រីពេជ្រ និងលោក ស្រស់ ថាវ័ន្ត បានចូលបំភ្លឺនៅមុខស្នងការរងលោក ហេង រតនា ហើយពួកគេបានសម្របសម្រួល និងផ្ដល់សំណងដល់ស្ត្រីជនរងគ្រោះត្រូវរថយន្តលោក ស្រស់ ថាវ័ន្ត បើកបុកនិងរត់គេច ធ្វើឱ្យបាក់កដៃ ដើម្បីបញ្ចប់រឿង។
ករណីនេះមិនមែនជារឿងថ្មីទេ ដែលសមត្ថកិច្ចបានចុះចាប់មនុស្សដោយមិនបង្ហាញដីកា ហើយត្រូវពលរដ្ឋប្រឆាំងនឹងការនាំខ្លួន។ ពេលខ្លះសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ចុះចាប់ពលរដ្ឋតាមដងផ្លូវ ហើយពលរដ្ឋបានជួយតវ៉ា រហូតមានការដោះលែងវិញជាដើម។ ទន្ទឹមនឹងនេះ ក៏មានករណីពលរដ្ឋខេត្តស្ទឹងត្រែង ប្ដឹងរកយុត្តិធម៌ដែលត្រូវតុលាការឃុំខ្លួនជិត១ឆ្នាំ ដោយសារគ្មានភស្តុតាងដាក់បន្ទុក ព្រមទាំងករណីពលរដ្ឋនៅរតនគិរីដុតទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ក្រោយពលរដ្ឋម្នាក់ស្លាប់ពេលរត់គេចពីមន្ត្រីព្រៃឈើប្រដាប់ដោយអាវុធជាដើម។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ជុំវិញករណីចរាចរណ៍ និងករណីនៅលំផាត់បានទេ នៅថ្ងៃទី៧ ខែកញ្ញា នេះ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់វីអូឌីដោយខ្លីជុំវិញករណីពលរដ្ឋដុតទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ថា ការស្លាប់ពលរដ្ឋម្នាក់ដោយសារដួលម៉ូតូ មិនមែនដោយសាររត់គេចពីមន្ត្រីបរិស្ថានផ្ទុះអាវុធដូចការចោទប្រកាន់ឡើយ។
លោកថា៖ «មន្ត្រីយើងអនុវត្តច្បាប់នេះមិនមែននេះ(នាំឱ្យស្លាប់)ទេ គឺគាត់(ពលរដ្ឋ)ត្រឡប់មកវិញហើយទេ គឺមិនមែនដេញទេ យើងមើលតាមនេះ។ អ៊ីចឹងយើងមានសេចក្ដីប្រកាសព័ត៌មាន សូមប្អូនយកតាមហ្នឹងចុះ»។
តាមលិខិតក្រសួងបរិស្ថាន បានអះអាងថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមមន្ត្រីឧទ្យានុរក្សនៃទីស្នាក់ការរងស្រែជ្រៃនៃដែនជម្រកសត្វព្រៃលំផាត់ ចុះល្បាត នៅចំណុចព្រៃមាស ស្ថិតនៅភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដោយចោទពលរដ្ឋប្រមាណ ៨០នាក់ ជាជនប្រព្រឹត្តបទល្មើសបានជីករ៉ែមាសដោយអនាធិបតេយ្យ ហើយក្រុមមន្ត្រីក៏បានអប់រំណែនាំឱ្យពួកគាត់ឱ្យត្រឡប់ទៅផ្ទះវិញ។ លុះនៅរសៀលថ្ងៃដដែល មានប្រជាពលរដ្ឋម្នាក់រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបានដួលម៉ូតូស្លាប់។
ទន្ទឹមនេះ ក្រសួងបរិស្ថាន ក៏បានថ្កោលទោសចំពោះការប្រព្រឹត្តិខុសច្បាប់ និងចាត់ទុកការចោទប្រកាន់មន្ត្រីបរិស្ថានធ្វើឱ្យមនុស្សស្លាប់ថា ជាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងបរិហារកេរ្តិ៍ ញុះញង់ឱ្យមានហិង្សាដុតទីស្នាក់ការនេះឡើង។
ជុំវិញករណីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត គាំទ្រពលរដ្ឋដែលហ៊ានចេញតស៊ូប្រឆាំងនឹងការអនុវត្តច្បាប់មានប្រក្រតីរបស់សមត្ថកិច្ច ដើម្បីទាមទារយុត្តិធម៌។ លើសពីនេះ លោកជំរុញឱ្យពលរដ្ឋត្រូវយល់ពីយន្តការដោះស្រាយតាមច្បាប់នៃរដ្ឋធម្មនុញ្ញ ដែលផ្ដល់ឱ្យពួកគេនូវការប្រើសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីប្រមូលផ្ដុំតវ៉ារាល់សកម្មភាពអយុត្តិធម៌ដែលបានកើតឡើង ដូចករណីតវ៉ារឿងដីធ្លី រឿងអយុត្តិធម៌ និងករណីចាប់មនុស្សដោយគ្មានដីកាជាដើម។ លោកសង្កត់ធ្ងន់ថា ភាពអយុត្តិធម៌សង្គមទាំងមូលដូចរាល់ថ្ងៃ នឹងអាចនាំឱ្យមានចលាចលសង្គមនៅថ្ងៃខាងមុខ ជៀសមិនផុតទេ។
លោក ម៉ែន ណាត ថ្លែងថា៖ «នាំគ្នាទាមទារគ្រប់គ្នាទីកន្លែងមើល! អ៊ីចឹងរដ្ឋាភិបាលត្រូវគិតឡើងវិញរឿងហ្នឹង បើធ្វើអ៊ីចឹងទៀត មិនយូរមិនឆាប់ពលរដ្ឋនឹងទ្រាំលែងបានហើយ។ យើងឱ្យយោបល់នេះ ក្នុងបំណងល្អទេថា កុំឱ្យមានរឿងចលាចលសង្គមកើតឡើង ដោយសារអំពើអនុវត្តរបស់មន្ត្រីអាជ្ញាធរបំពានច្បាប់ និងយកច្បាប់ផ្ដេសផ្ដាសទៅអនុវត្តធ្វើបាបពលរដ្ឋ វាមិនត្រូវណា!»។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា រឿងអយុត្តិធម៌ក្នុងសង្គមរាល់ថ្ងៃនេះកើតឡើងដោយសារភាពមិនទុកចិត្ត និងអស់ជំនឿលើអាជ្ញាធរដែលមិនអាចដោះស្រាយជូនពលរដ្ឋបាន។ យ៉ាងណា លោកគាំទ្ររាល់សកម្មភាពរបស់ពលរដ្ឋ ដូចជា ការបញ្ចេញមតិ ឬប្ដឹងរកភាពយុត្តិធម៌ពីអាជ្ញាធរពាក់ព័ន្ធ ហើយពិសេសត្រូវយល់ដឹងពីច្បាប់ដែលចែងពីសិទ្ធិរបស់ខ្លួន ដើម្បីជៀសផុតពីការចោទប្រកាន់តាមច្បាប់។ លើសពីនេះ លោកបន្តជំរុញឱ្យពលរដ្ឋត្រូវក្លាហានទាមទារសិទ្ធិគ្រប់បែបយ៉ាង ក្នុងនាមជាពលរដ្ឋសកម្ម។
លោក ប៉ោ មករា ថ្លែងថា៖ «បញ្ហានេះខ្ញុំគិតថា វាត្រូវច្បាប់ជាជំហរសំខាន់ណាស់ ពិសេសពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ ពីព្រោះប្រព័ន្ធជានីតិរដ្ឋៗបានផ្ដល់ភាពជឿជាក់គ្នាទៅវិញទៅមករវាងរាស្ត្រនិងរដ្ឋ មានន័យថា វាជាផ្នែកមួយនៃអភិបាលកិច្ចតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើបាទ»។
ជុំវិញករណីទាំងនេះ អ្នកឃ្លាំមើល មើលឃើញថា ការបណ្ដែតបណ្ដោយរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្កឱ្យមានរឿងអយុត្តិធម៌កាន់តែច្រើនក្នុងសង្គម វានឹងបង្កផលលំបាកតែខ្លាំងសម្រាប់ពលរដ្ឋ។ ទន្ទឹមនេះ ពលរដ្ឋនៅលើបណ្ដាញសង្គមកាន់តែច្រើនរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាល និងឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះរបស់ពលរដ្ឋ ក្រោមការដឹកនាំបែបបក្ខពួក និងគ្រួសារនិយមនៃអ្នកកាន់អំណាចតត្រកូល៕









